Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សំណួរដែលសួរញឹកញាប់អំពីជំងឺមហារីក

សំណួរទី១ ៖ តើជំងឺមហារីកជាជំងឺឆ្លងឬទេ?
ចម្លើយ ៖
ជំងឺមហារីក មិនមែនជាជំងឺឆ្លងទេ ដូចនេះ សូមកុំបារម្ភ ប្រសិនបើសមាជិកគ្រួសាររបស់អ្នក ឬមិត្តភក្តិជិតស្និទ្ធមានកើតជំងឺមហារីក ពីព្រោះអ្នកនឹងមិនអាចឆ្លងជំងឺនេះដោយផ្ទាល់នោះឡើយ។

សំណួរទី២ ៖ តើផ្នែកណាខ្លះនៃរាងកាយរបស់យើងដែលអាចកើតជំងឺមហារីកបាន?
ចម្លើយ ៖
ជាអកុសល ដុំមហារីកអាចកើតមាននៅលើគ្រប់សរីរាង្គ និងជាលិកានៃរាងកាយរបស់យើង។ ចំពោះមនុស្សធំ ដុំមហារីកដែលអាចកើតមានញឹកញាប់ជាងគេបំផុតគឺ មហារីកសួត មហារីកសុដន់ មហារីកពោះវៀនធំនិងបាត មហារីកក្រពេញប្រូស្តាត មហារីកក្រពះ មហារីកថ្លើម មហារីកមាត់ស្បូន និងតួស្បូន មហារីកបំពង់អាហារ មហារីកប្លោកនោម មហារីកលំពែង។

រីឯចំពោះកុមារ (រាប់បញ្ចូលទាំងទារកទើបនឹងកើត និងទារក) ព្រមទាំងក្មេងជំទង់ ក៏អាចប្រឈមនឹងការកើតមានមហារីកផងដែរ ដែលញឹកញាប់បំផុតគឺ៖
- មហារីកគ្រាប់ឈាម (Leukaemias)
- ដុំមហារីកនៅជាលិកា lymphatic (Lymphomas) ដែលរួមមាន ក្រពេញ Lymph (lymph nodes) និងសរីរាង្គអណ្តើក (spleen) ជាដើម
- មហារីកខួរក្បាល
- មហារីកលើជាលិកាទន់ និងឆ្អឹង (Sarcomas)
- មហារីកពីកំណើតដូចជា មហារីកលើកោសិកាបង្កកំណើត (រួមមាន មហារីក Teratoma ដែលជាមហារីករួមផ្សំគ្នាដោយជាលិកាច្រើនប្រភេទ) មហារីកតម្រងនោម មហារីកស្រទាប់រេទីន(បាតភ្នែក) និងមហារីកថ្លើមជាដើម។

គួរបញ្ជាក់ថា គ្រប់ដុំមហារីកទាំងអស់ដែលត្រូវបានរកឃើញ ក្រោយពេលធ្វើរោគវិនិច្ឆ័យហើយសុទ្ធតែទាមទារឲ្យមានការព្យាបាលឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់

ជំងឺបម្រែបម្រួលសម្ពាធក្នុងត្រចៀក ពាក្យបច្ចេកទេសហៅថា Ear barotrauma គឺជាការបម្រែបម្រួលរវាងសម្ពាធមជ្ឈដ្ឋានខាងក្រៅត្រចៀកជាមួយសម្ពាធមជ្ឈដ្ឋានខាងក្នុងត្រចៀក។ ជាក់ស្តែង នាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ជំងឺនេះមានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ចំពោះអ្នកដែលនាំភ្ញៀវទេសចរ កីឡាករហែលទឹក និងអ្នកធ្វើការនៅលើយន្តហោះពិសេសអ្នកដែលធ្វើការនៅកន្លែងខ្ពស់។ មូលហេតុបង្ក និងកត្តាប្រឈម មូលហេតុចម្បងភាគច្រើននៃការឈឺត្រចៀក (Ear barotrauma) គឺបង្កពីការរលាក ឬស្ទះ និងមានបញ្ហាទៅលើបំពង់ Eustachian tube ដែលវាស្ថិតនៅផ្នែកខាងក្រោយក្រអូមមាត់ ពេលណាដែលវារលាកនោះទើបបង្កឲ្យមានជំងឺ Ear barotrauma កើតឡើង។ ដោយឡែក បុគ្គលដែលងាយប្រឈមនឹងបញ្ហាគឺអ្នកជ្រមុជទឹក ឬលិបទឹកដែលមានជម្រៅជ្រៅលើសពី ២ម៉ែត្រ អ្នកជំងឺអាល្លែកហ្ស៊ីច្រមុះ អ្នកជំងឺរីកសាច់ច្រមុះ អ្នកជំងឺដុះសាច់បំពង់ក ឬរលាកបំពង់កផ្នែកខាងក្រោយញឹកញាប់ អ្នកឧស្សាហ៍ផ្តាសាយ និងបុគ្គលដែលធ្វើការនៅកន្លែងខ្ពស់ដូចជាអ្នកបម្រើការលើយន្តហោះជាដើម។ ជំងឺនេះត្រូវបានបែងចែកជា ៥កម្រិតរួមមាន៖ • កម្រិត ១៖ ជុំវិញក្រដាសត្រចៀកចាប់ផ្តើមរលាក និងមានលក្ខណៈក្រហម • កម្រិត ២៖ ក្រដាសត្រចៀកទាំងមូលចាប់ផ្តើមរលាក និងក្រហម • កម្រិត ៣៖ ក្រដាសត្រចៀកចាប់ផ្តើមប៉ោង ឬផតចូលក្នុង • កម្រិត ៤៖ ផ្នែកខាងក្រោយក្រដាសត្រចៀកមានឈាម និងមានការឈឺចាប់ខ្លាំង • កម្រិត ៥៖ ក្រដាសត្រចៀករហែក ឬធ្លាយ  ពិសេសមានការឈឺចាប់ខ្លាំង។ រោគសញ្ញា ជំងឺនេះអាចមានអាការៈឈឺចាប់ខ្លាំងក្នុងត្រចៀកហើយបណ្តាលឲ្យធ្ងន់ត្រចៀក ហ៊ឹងត្រចៀក ហូរឈាមតាមត្រចៀក  និងវិលមុខតែម្តង។ ការធ្វើរោគវិនិច្ឆ័យ ជាដំបូងគ្រូពេទ្យនឹងធ្វើការពិនិត្យលើសញ្ញាគ្លីនិកដោយធ្វើការសាកសួរលម្អិតពីប្រវត្តិការងារ ឬប្រវត្តិជំងឺបន្ទាប់មកអ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដោយប្រើ Otoscope ឆ្លុះចូលក្នុងរន្ធត្រចៀកដើម្បីឲ្យដឹងពីកម្រិតនៃជំងឺ Ear barotrauma និងសភាពក្រដាសត្រចៀក។ វិធីសាស្រ្តព្យាបាល ការព្យាបាលធ្វើឡើងបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ពិសេសការព្យាបាលទៅតាមកម្រិតនៃការប៉ះពាល់នីមួយៗ។ ប្រសិនបើជំងឺនេះស្ថិតនៅកម្រិតទី៥ ក្រដាសត្រចៀកធ្លាយ នោះការព្យាបាលគឺធ្វើដោយផ្ទាល់នៅក្នុងត្រចៀក ករណីនេះផងដែរ អ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើប្រាស់ថ្នាំ រួមផ្សំជាមួយការប្រើថ្នាំបន្តក់អង់ទីប៊ីយ៉ូទិកដើម្បីការពារកុំឲ្យឆ្លងមេរោគ។ ប្រសិនបើអ្នកជំងឺពុំទទួលបានការព្យាបាលទាន់ពេលវេលា ឬព្យាបាលមិនបានត្រឹមត្រូវនោះ ផលប៉ះពាល់ធ្ងន់អាចនឹងកើតមានឡើងដូចជា ធ្លាយក្រដាសត្រចៀក  ការស្តាប់មានការថយចុះ និងហ៊ឹងត្រចៀក។ វិធីសាស្រ្តការពារ • ចំពោះអ្នកធ្វើដំណើរ ឬអ្នកធ្វើការនៅលើយន្តហោះត្រូវចេះរបៀបការពារខ្លួន៖ នៅពេលដែលយន្តហោះកំពុងហោះឡើងត្រូវទំពារស្ករកៅស៊ូ ឬយកម្រាមដៃបិទច្រមុះ រួចលេបទឹកមាត់ និងជាពិសេសនៅពេលយន្តហោះចុះត្រូវប្រើ Valsalva maneuver គឺយកម្រាមដៃបិទច្រមុះឲ្យជិត ហើយបិទមាត់និងផ្លុំខ្យល់ម្តងបន្តិចៗរហូតទាល់តែមានខ្យល់រត់ដល់ត្រចៀក។ អនុវត្តបែបនេះឲ្យបានច្រើនដងពេលយន្តហោះចុះ គឺអាចការពារពីជំងឺ Ear barotrauma បាន។ • ចំពោះអ្នកដែលនាំភ្ញៀវទេសចរងូតទឹក ឬអ្នកកីឡាហែលទឹកត្រូវការពារខ្លួនកុំឲ្យត្រចៀកប៉ះផ្ទាល់ជាមួយទឹក ដោយប្រើឧបករណ៍បិទត្រចៀក ឬយកដៃខ្ទប់ច្រមុះ ហើយលោតបែរខ្នងទៅមុន ឬអ្នកដែលលិបទឹកក្នុងជម្រៅជ្រៅគឺត្រូវប្រើ Valsalva maneuver  ដូចគ្នាដែរ តែធ្វើនៅពេលកំពុងលិបចូលទៅទីជ្រៅ។ ប្រសិនបើអ្នកមាននូវអាការៈដូចដែលបានរៀបរាប់ខាងលើ អ្នកត្រូវមកប្រឹក្សា និងពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញ ត្រចៀក ច្រមុះ និងបំពង់កដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព ចំណាយថវិកាតិច និងជាសះស្បើយ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ ដាលី ឯកទេសត្រចៀក ច្រមុះ និងបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ទម្រង់នៃការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃម៉្យាងត្រូវបានហៅថា Cholesteatoma ត្រចៀក បង្កឡើងពីកោសិកាស្បែកប្រភេទ épithélium pavimenteux ឬ simple squamous epithelium ដែលជ្រៀតចូលទៅក្នុងត្រចៀកកណ្តាល មានដំណើរវិវឌ្ឍយ៉ាងស្ងៀមស្ងាត់ឈានដល់កូនឆ្អឹងតូចៗ (Auditory Ossicle) នៃត្រចៀកកណ្តាល។ Cholesteatoma ត្រចៀកជាបញ្ហាចោទធ្ងន់ធ្ងរបំផុតមួយដែលពិបាកព្យាបាល បើប្រៀបធៀបជាមួយជំងឺកើតលើត្រចៀកផ្សេងទៀត។ បច្ចុប្បន្ន ប្រជាជនកម្ពុជាហាក់មានការប្រឈមច្រើនគួរឲ្យកត់សម្គាល់ ដោយសារពុំមានទម្លាប់ថែរក្សា និងត្រួតពិនិត្យត្រចៀកជាប្រចាំ រហូតទាល់តែមានសញ្ញា ឬឈឺទើបសម្រេចចិត្តមកជួបប្រឹក្សាជាមួយគ្រូពេទ្យ។ ជាក់ស្តែង Cholesteatoma កើតមានជាពិសេសចំពោះបុគ្គលមានបញ្ហារលាកត្រចៀករ៉ាំរ៉ៃ ដែលភាគច្រើននៅចន្លោះអាយុពី៥ឆ្នាំ ទៅ១៥ឆ្នាំ។ មូលហេតុ ការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃដែលជា Cholesteatoma កើតមានឡើងដោយសារមូលហេតុសំខាន់ៗរួមមាន៖ • ជំងឺដក់ទឹកក្នុងត្រចៀកកណ្តាលរ៉ាំរ៉ៃរយៈពេលយូរដែលបង្កឲ្យក្រដាសត្រចៀកកាន់តែស្តើង ប៉ះពាល់ដល់ភាពស្វិតនៃក្រដាសត្រចៀកធ្វើឲ្យក្រដាសត្រចៀកផតចូលក្នុង បន្ទាប់មកស្បែកនៅត្រចៀកខាងក្រៅលូនចូលទៅក្នុងតាមការផតនៃក្រដាសត្រចៀក ប៉ះពាល់ដល់ត្រចៀកកណ្តាល។ • អ្នកជំងឺធ្លាយក្រដាសត្រចៀក មានន័យថាគ្មានរនាំងការពាររយៈពេលយូរ ធ្វើឲ្យស្បែកនៅខាងក្រៅដុះលូនចូលទៅក្នុងត្រចៀកបង្កជា Cholesteatoma។ • មូលហេតុពីកំណើត គឺក្នុងពេលបង្កកំណើតទារកមានដុះនូវកោសិកាស្បែកមួយតូចនៅក្នុងត្រចៀកកណ្តាលតែម្តង ដែលកោសិកានេះលូតលាស់កាន់តែធំតាមវ័យ។ • អ្នកជំងឺមានបញ្ហាហូរសម្បោររ៉ាំរ៉ៃ មានខ្ទុះក្នុងច្រមុះ ឬមានដុះសាច់បំពង់កនៅផ្នែកខាងក្រោយ បង្កឲ្យស្ទះ និងរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ ដោយសារការស្ទះខ្យល់ក្នុងត្រចៀកដែលរ៉ាប់រងដោយ eustachain tube (សរីរាង្គដង្ហើមត្រចៀកមកបំពង់ក)។ • ការធ្លាយក្រដាសត្រចៀក ដោយសារការសម្អាតត្រចៀកខ្លួនឯង និងមិនបានប្រឹក្សាជាមួយគ្រូពេទ្យជំនាញ។ រោគសញ្ញា និងផលវិបាក Cholesteatoma មានដំណើរវិវឌ្ឍយ៉ាងស្ងប់ស្ងាត់ដោយដំបូងពុំធ្វើឲ្យអ្នកជំងឺមានសញ្ញាណាមួយឡើយ ឬមានត្រឹមអាការៈតិចតួចដែលមិនគួរឲ្យចាប់អារម្មណ៍ឬកត់សម្គាល់ឡើយ។ ភាគច្រើន អ្នកជំងឺអាចលេចចេញនូវសញ្ញាសម្គាល់ច្បាស់នៅពេលមានភាពធ្ងន់ធ្ងរទៅហើយរួមមានការឈឺចាប់ក្នុងត្រចៀកមួយចំហៀង ហូរខ្ទុះតាមត្រចៀក ឬហៅថាអំបៅអំបែកដែលមានក្លិនមិនល្អ ថយចុះសមត្ថភាពក្នុងការស្តាប់ឬរហូតបាត់បង់ការស្តាប់ និងវិលមុខ ដែលជាអាការៈបន្ទាប់បន្សំតែងជួបប្រទះ។ បន្ទាប់ពីរោគសញ្ញាកើតមានឡើងយូរខែ ឬយូរឆ្នាំដោយពុំបានទទួលការព្យាបាលត្រឹមត្រូវ នោះអ្នកជំងឺអាចនឹងប្រឈមជាមួយផលវិបាក នៅពេលប៉ះពាល់ដល់សរសៃប្រសាទទី៧ ដែលនាំឲ្យអ្នកជំងឺវៀចមាត់។ ម៉្យាងទៀត បញ្ហានេះអាចបង្កឲ្យរលាកឆ្អឹង mastoid ផ្នែកខាងក្រោយ ដែលបន្តរហូតរលាកត្រចៀកផ្នែកខាងក្នុង ហើយធ្វើឲ្យអ្នកជំងឺថ្លង់។ ប្រសិនបើមានការបង្ករោគដល់ Vestibular អ្នកជំងឺនឹងលេចចេញនូវអាការៈវិលមុខញឹកញាប់។ នៅទីបំផុតមេរោគអាចបង្កឲ្យមានរលាកស្រោមខួរក្បាល ឬរហូត មានខ្យល់ក្នុងខួរក្បាល និងអាប់សែខួរក្បាល ដែលធ្វើឲ្យអ្នកជំងឺស្លាប់បាន។ ការធ្វើរោគវិនិច្ឆ័យ ករណីសង្ស័យ អ្នកជំងឺនឹងតម្រូវឲ្យពិនិត្យដោយឆ្លុះត្រចៀក (Autoscope) ដែលអាចរកឃើញនូវដំបៅនៅផ្នែកខាងលើនៃក្រដាសត្រចៀក និងនៅគែមក្រដាសត្រចៀក ករណីធ្លាយ រួមជាមួយការសម្គាល់ឃើញដុំសៗច្រើន។ បើការពិនិត្យដោយឆ្លុះពុំអាចញែកបានឬរកមិនឃើញនោះអ្នកជំងឺនឹងតម្រូវឲ្យពិនិត្យដោយស៊ីធីស្គែន មើលលើឆ្អឹងត្រចៀក ឬរកមើលទីតាំង Cholesteatoma។ បន្ថែមពីការពិនិត្យទាំង ២ខាងលើ អ្នកជំងឺអាចនឹងត្រូវវាស់កម្រិតនៃការស្តាប់ដោយaudiogram ឬ PTA (Pure Tone audiometry) ព្រោះថាមានតែអ្នកជំងឺ cholesteatoma ប៉ុណ្ណោះដែលប៉ះពាល់ដល់ឆ្អឹងតូចៗនៅត្រចៀកកណ្តាលប្រសិនការស្តាប់ធ្លាក់ចុះខ្លាំង នោះមានន័យថា មានការខូចខាតកូនឆ្អឹង ឬការបញ្ជូនសំឡេងដាច់នៅផ្នែកណាមួយ។ វិធីសាស្ត្រព្យាបាល គួរបញ្ជាក់ថា គ្មានប្រភេទថ្នាំណាមួយដែលអាចព្យាបាល Cholesteatoma បានឡើយក្រៅពីការវះកាត់។ ជាទូទៅ ការវះកាត់នេះ ធ្វើឡើងនៅផ្នែកខាងក្រោយនៃត្រចៀកដើម្បីសម្អាតផ្នែករលាក ឬផ្នែកបង្ករោគ និងឆ្អឹងដែលខូចខាតចេញឲ្យអស់។ ការវះកាត់ Cholesteatoma ត្រចៀក ជាប្រភេទនៃការវះកាត់ពិបាកមួយ ដោយសារសរីរាង្គត្រចៀកមានទំហំតូចដែលមិនអាចមើលឃើញច្បាស់ដោយភ្នែកទទេនិងតម្រូវឲ្យប្រើមីក្រូទស្សន៍ពង្រីកក្នុងការវះកាត់។ ម៉្យាង សរីរាង្គត្រចៀកមានសរសៃច្រើនពិសេសសរសៃប្រសាទទី៧នៅផ្នែកខាងក្រោមបាតត្រចៀកដែលងាយនឹងប៉ះពេលវះកាត់ ក្នុងករណី Cholesteatoma ប៉ះដល់ឆ្អឹងការពារជុំវិញសរសៃប្រសាទនេះ។ វិធីសាស្រ្តការពារ • សម្អាតច្រមុះកុមារជានិច្ច ប្រសិនពួកគេតែងមានអាការៈតឹងច្រមុះ ឬហៀរសម្បោរជាប្រចាំ • ស្វែងរកការប្រឹក្សា និងព្យាបាលប្រសិនមានជំងឺដុះសាច់បំពង់កផ្នែកខាងក្រោយដែលតែងបង្ហាញចេញជាការស្រមុកខ្លាំង។ គួរចៀសវាងការសម្អាតត្រចៀកដោយខ្លួនឯង ដោយហេតុថាវាអាចចម្លងមេរោគផ្សិត ឬបង្កឲ្យធ្លាយក្រដាសត្រចៀក និងត្រូវជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសឲ្យបានឆាប់បំផុតបើមានសញ្ញានៃបញ្ហាត្រចៀកណាមួយកើតឡើង។ បកស្រាយដោយ៖ សាស្រ្តាចារ្យ សុខ គួង អនុប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺអំបៅអំបែកត្រចៀក ជាការរលាករ៉ាំរ៉ៃនៃត្រចៀកកណ្តាល បង្កឡើងដោយសារមេរោគ។ តាមការប៉ាន់ប្រមាណប្រជាជនកម្ពុជាភាគច្រើនបាននិងកំពុងប្រឈមជាមួយបញ្ហានេះ ដែលស្តែងឡើងតាមសណ្ឋាននៃអំបៅអំបែកធម្មតា និងអំបៅអំបែកកម្រិតធ្ងន់ហើយបង្កឲ្យមានគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ បុគ្គលប្រឈមខ្ពស់ ភាគច្រើនជំងឺអំបៅអំបែកត្រចៀកកើតមានលើក្មេងតូចៗអាយុក្រោម ៧ឆ្នាំ ដោយសាររន្ធមួយដែលឆ្លងពីត្រចៀកកណ្តាលមកច្រមុះមានប្រវែងខ្លី ធំហើយផ្តេកដែលជាលក្ខខណ្ឌមួយងាយឲ្យមេរោគឆ្លងចូល។ មួយវិញទៀតអំបៅអំបែកនេះ កើតមានក្នុងកម្រិតគួរឲ្យកត់សម្គាល់ចំពោះកុមារដែលរស់នៅក្នុងតំបន់កង្វះអនាម័យ និងកង្វះអាហារូបត្ថម្ភផងដែរ។ មូលហេតុ ការកកើតនៃជំងឺអំបៅអំបែក ទាក់ទងជាពិសេសទៅនឹងការចម្លងរោគនៅសរីរាង្គផ្លូវដង្ហើមផ្នែកខាងលើ។ មានកត្តារួមផ្សំផ្សេងៗទៀតផងដែរដូចជាការកើតជំងឺផ្តាសាយញឹកញាប់ ជំងឺឆ្លងនៃផ្លូវដង្ហើមខាងលើកញ្ជ្រឹល ក្អកមាន់ ការដុះសាច់បំពង់ក សាច់ដុះពីច្រមុះមកក ការរលាកប្រអប់ឆ្អឹងស៊ីនីសសងខាងច្រមុះ អាល្លែកហ្ស៊ីច្រមុះ ការមានដុំសាច់នៅចន្លោះច្រមុះ និងបំពង់ក ការដាក់ ឬប្រើឧបករណ៍ឃាត់ឈាមនៅច្រមុះណែនពេកនាំឲ្យស្ទះរន្ធដល់ត្រចៀកកណ្តាល និងភាពមិនធម្មតានៃច្រមុះ ឬឆែបមាត់។ រោគសញ្ញា សញ្ញាណដំបូង អ្នកជំងឺអំបៅអំបែកអាចមានការឈឺចាប់ ថយចុះសមត្ថភាពក្នុងការស្តាប់ ឬស្តាប់មិនឮតែម្តង ហ៊ឹងត្រចៀក ក្តៅខ្លួន ក្រដាសត្រចៀកឡើងក្រហម ប៉ោងចេញក្រៅ នៅពេលបែក ឬធ្លាយក្រដាសត្រចៀកនោះនឹងមានហូរទឹកចេញពីត្រចៀកមកក្រៅ។ ការធ្វើរោគវិនិច្ឆ័យ អ្នកជំងឺនឹងតម្រូវឲ្យធ្វើការពិនិត្យត្រចៀក សម្អាតត្រចៀកប្រសិនមានហូរទឹកចេញមកក្រៅ បន្ទាប់មកពិនិត្យដោយអង់ដូស្កុប ឬអូតូស្កុប ដាក់ចូលក្នុងត្រចៀក ហើយវានឹងបង្ហាញនូវរូបភាពដូចជាការរហែកក្រដាសត្រចៀករួមជាមួយខ្ទុះនៅជាប់នឹងក្រដាសត្រចៀកដែលរហែកនោះ មានហូរទឹកចេញពីត្រចៀក ហើម ក្រហម និងអាចមើលឃើញដល់ត្រចៀកកណ្តាល។ ការព្យាបាល ជាទូទៅ អ្នកជំងឺនឹងត្រូវព្យាបាលទៅតាមសណ្ឋាននៃអំបៅអំបែក រួមមាន៖ • អំបៅអំបែកធម្មតា ដែលគ្រាន់តែមានការហូរទឹក ការរហែកក្រដាសត្រចៀកដែលមិនប៉ះពាល់ដល់អាយុជីវិត អ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើថ្នាំសម្ងួតទឹកដែលហូរចេញពីត្រចៀក និងបិតក្រដាសត្រចៀករហែកដែលជួយដល់ការស្តាប់ឲ្យបានប្រហែលនឹងត្រចៀកធម្មជាតិរបស់អ្នកជំងឺហើយលែងមានហូរទឹកតទៅទៀត។ • អំបៅអំបែកកម្រិតធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត ឬអំបៅអំបែកដែលមាន cholesteatoma អ្នកជំងឺនឹងតម្រូវឲ្យធ្វើការព្យាបាលដោយការវះកាត់ធំ ដើម្បីធ្វើការសម្អាតក្នុងប្រអប់ត្រចៀកកណ្តាល ដោយយកចេញនៃ cholesteatoma ធ្វើការកោសនូវឆ្អឹងពុកៗចេញ និងជួយឲ្យអ្នកជំងឺស្តាប់បានវិញតាមកម្រិតសមស្របមួយ។ ផលវិបាក ការពុំទទួលបានការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវជំងឺអំបៅអំបែកអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពនៃការស្តាប់ ទៅជាស្តាប់មិនឮ មានហៀរទឹកពីក្នុងរន្ធត្រចៀក និងប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គម។ លក្ខណៈធ្ងន់ធ្ងរផ្សេងទៀត អាចឲ្យអ្នកជំងឺមានការវិវឌ្ឍទៅជា វៀចមាត់ដោយសារមានការបំផ្លាញសរសៃប្រសាទទី៧ ងាយវិលមុខពេលងាកចុះឡើងបន្តិចបន្តួច មេរោគឆ្លងដល់ខួរក្បាល បង្កឲ្យរលាកស្រោមខួរ អាប់សែក្នុងខួរក្បាល  និងអាចឲ្យអ្នកជំងឺស្លាប់បាន។ វិធីសាស្ត្របង្ការ ការពារពីមូលហេតុ ដោយត្រូវស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលាប្រសិនមានជំងឺឆ្លងនៅប្រព័ន្ធដង្ហើមផ្នែកខាងលើ ករណីមានដុះសាច់បំពង់កអាចនឹងតម្រូវឲ្យកាត់ចេញ បើមានដុះសាច់នៅតំបន់ចន្លោះច្រមុះ-កចំពោះក្មេង ត្រូវកោសចេញ និងកាត់បន្ថយ ឬទប់ស្កាត់បញ្ហាអាល្លែកហ្ស៊ី។ សម្រាប់អ្នកប្រកបវិជ្ជាជីវសុខាភិបាល ប្រសិនជួបអ្នកជំងឺអំបៅអំបែកសូមប្រញាប់បញ្ជូនមកកាន់ផ្នែកត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងកឲ្យបានទាន់ពេលវេលា ព្រោះមួយផ្នែកតូចនៃបញ្ហានេះអាចប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គម និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ចំពោះប្រជាជនគ្រប់រូបបើមានសញ្ញាសង្ស័យណាមួយដូចខាងលើសូមប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីទទួលបានការព្យាបាលសមស្រប និងទាន់ពេលវេលា។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្តី ហេលស៍ថាម ប្រូ លេខ​ ៨៣ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងក មានតួនាទីជាប្រធានបច្ចេកទេសនៃមន្ទីរពេទ្យព្រះអង្គឌួង និងជាអនុប្រធានមន្ទីរសំរាកព្យាបាលលុច្ស 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Mastoiditis ជាពាក្យបច្ចេកទេសសំដៅដល់ការរលាកនៃឆ្អឹង Mastoid ដែលស្ថិតនៅផ្នែកខាងក្រោយនៃត្រចៀក។ ជាក់ស្តែងសម្រាប់ពិភពលោកគេរកឃើញជំងឺនេះកើតមានក្នុងកម្រិត ១/២៥០០០ រីឯនៅកម្ពុជាហាក់មានការកើតឡើងច្រើនជាងនេះ។ Mastoiditis ជាជំងឺប្រឈមខ្ពស់ចំពោះកុមារអាយុតិចជាង ២ឆ្នាំ ដែលគេហៅថាជាការរលាកឆ្អឹង Mastoid ស្រួចស្រាវ និងជាប្រភេទធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិតរបស់កុមារ ឯចំពោះមនុស្សចាស់ ច្រើនជាការរលាករ៉ាំរ៉ៃ។ ការរលាកឆ្អឹង Mastoid នេះអាចនឹងវិវឌ្ឍកាន់តែមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលទាមទារឲ្យអ្នកស្វែងយល់នូវសញ្ញាសំខាន់ៗ ដូចខាងក្រោម៖ មូលហេតុ និងកត្តាជំរុញនៃ Mastoiditis ភាគច្រើននៃការរលាកឆ្អឹង Mastoid បង្កពីបាក់តេរី Pneumococcus ដែលរស់នៅនឹងត្រចៀក-ច្រមុះ-បំពង់ក និងបាក់តេរី Pseudomonas aeruginosa Hemophilus influenzae។ ការរលាកនេះ កើតឡើងបន្ទាប់ពីមានការរលាកត្រចៀកកណ្តាលស្រួចស្រាវចំពោះកុមារដែលមិនបានទទួលការព្យាបាលទាន់ពេល ឬមិនត្រឹមត្រូវ។ សម្រាប់មនុស្សចាស់ ឬអ្នកដែលវ័យចាប់ពី ៣០ឆ្នាំឡើងទៅ Mastoiditis កើតពីការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ ឬហៅថាអំបៅអំបែក។ គួរបញ្ជាក់ថា អ្នកដែលងាយនឹងរងការរលាកត្រចៀកកណ្តាលរួមមាន៖ • អ្នកជំងឺរលាកសាច់បំពង់កផ្នែកខាងក្រោយ ធ្វើឲ្យរលាកត្រចៀកកណ្តាល និងអាចឆ្លងបន្តទៅ Mastoid • អ្នកជំងឺរលាកច្រមុះរ៉ាំរ៉ៃ ងាយធ្វើឲ្យខ្ទុះ ឬសម្បោរហូរធ្លាក់ទៅក្នុងបំពង់ក និងឡើងដល់ត្រចៀក។ សញ្ញាបញ្ជាក់ពី Mastoiditis អ្នកជំងឺអាចមានអាការៈឈឺក្នុងរន្ធត្រចៀក បន្ទាប់មកឈឺផ្នែកខាងក្រោយត្រចៀកអ្នកខ្លះមានហៀរខ្ទុះពីក្នុងត្រចៀក ហើយមានពណ៌ក្រហមនៅតំបន់ Mastoid ខាងក្រោយត្រចៀក ប៉ោងរលោង និងទន់ពេលប៉ះ។ ករណីខ្លះវាឡើងប៉ោងរហូតដល់អាចរុញស្លឹកត្រចៀកមកខាងមុខ និងឲ្យរន្ធត្រចៀករួមតូចផងដែរ។ សញ្ញាធ្ងន់ធ្ងរអាចរហូតហៀរខ្ទុះចេញពីផ្នែកខាងក្រោយត្រចៀកដែលអាចឲ្យអ្នកជំងឺច្រឡំថាជាការកើតបូស។ ក្រៅអំពីសញ្ញាពិសេសៗខាងលើ អ្នកជំងឺក៏អាចមានអាការៈរួមផ្សំផ្សេងទៀតដូចជា ក្តៅខ្លួនញាក់ចំពោះកុមារ ឬក្ដៅស្ទេញៗ ឈឺក្បាលចំពោះមនុស្សចាស់ និងមានការថយចុះនូវកម្រិតនៃការស្តាប់។ ការធ្វើរោគវិនិច្ឆ័យ ជាដំបូងគ្រូពេទ្យនឹងធ្វើការពិនិត្យលើសញ្ញាគ្លីនិកដោយធ្វើការសាកសួរលម្អិតពីប្រវតិ្តជំងឺ បន្ទាប់មកអ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដោយប្រើ Otoscope ឆ្លុះចូលក្នុងរន្ធត្រចៀកដើម្បីរកវត្តមានខ្ទុះក្នុងត្រចៀក និងសភាពក្រដាសត្រចៀក។ ប្រសិនមានខ្ទុះ គ្រូពេទ្យនឹងយកខ្ទុះនោះទៅបណ្ដុះបន្ថែមរកមេរោគបង្ក។ ករណីមិនអាចញែកដាច់ថាជាការរលាក Mastoid អ្នកជំងឺអាចនឹងត្រូវស្នើសុំឲ្យស្កែនមើលឆ្អឹង Mastoid បន្ថែមទៀត។ របៀបព្យាបាល Mastoiditis ការព្យាបាលត្រូវធ្វើឡើងបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងខុសៗគ្នាអាស្រ័យតាមដំណាក់កាលរបស់អ្នកជំងឺ។ សម្រាប់ដំណាក់កាលទី១ ដែលជាការរលាក Mastoid ស្រួចស្រាវ ឬនៅថ្មីៗ និងគ្មាននូវផលវិបាកធ្ងន់ធ្ងរ នោះអ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើថ្នាំ រួមផ្សំជាមួយអង់ទីប៊ីយ៉ូទិកទំនើបសមស្របតាមប្រភេទមេរោគដែលបានរកឃើញ។ អំឡុងពេលនៃការព្យាបាលគ្រូពេទ្យនឹងវាយតម្លៃនៃការព្យាបាលនោះ ប្រសិនអ្នកជំងឺហាក់មិនធូរស្រាលដោយការព្យាបាលដោយថ្នាំទេនោះ ការវះកាត់ជាវិធីសាស្ត្របន្ទាប់។ គួរបញ្ជាក់ផងដែរថា ការវះកាត់នេះធ្វើឡើងនៅតំបន់ Mastoid ខាងក្រោយដើម្បីយកចេញនូវផ្នែកដែលរលាក រួចប្រើប្រាស់ថ្នាំបន្តទើបអាចទទួលបានការជាសះស្បើយ។ ផលវិបាកនៃការព្យាបាលយឺតយ៉ាវ Mastoiditis ត្រូវបានចាត់ទុកជាជំងឺធ្ងន់ធ្ងរដោយផ្អែកលើផលវិបាកដែលធ្វើឲ្យពិបាកក្នុងការព្យាបាលនិងអាចបង្កឱ្យស្លាប់ក្នុងកម្រិតខ្ពស់ដូចខាងក្រោម៖ • ការស្តាប់ត្រូវបានថយចុះខ្លាំង រហូតដល់ខូចប្រព័ន្ធបញ្ជូនសំឡេង និងអាចប៉ះពាល់រហូតដល់ត្រចៀកខាងក្នុងបង្កឲ្យបាត់បង់ការស្តាប់ទាំងស្រុង • មេរោគចេញពី Mastoid ចូលដល់ក្នុងឈាមដែលអាចឲ្យអ្នកជំងឺស្លាប់បានបើសង្គ្រោះមិនទាន់ពេល • មេរោគអាចជ្រៀតចូលទៅភ្នាសខួរក្បាល ធ្វើឲ្យរលាកភ្នាសខួរក្បាល (Meningitis) • មេរោគចូលដល់ក្នុងខួរក្បាលអាចបង្កឲ្យមានអាប់សែខួរក្បាល (Brain abscess) • មេរោគអាចធ្វើឲ្យមានផលប៉ះពាល់ដល់សរសៃឈាមវ៉ែនដែលមាននាទីនាំឈាមពីខួរក្បាលទៅបេះដូងបង្កជាការរលាក (Thrombophlebitis Sinus Sigmoidei) ដែលពិបាកក្នុងការព្យាបាល • បង្កជាការរលាកសរសៃប្រសាទទី៧ ធ្វើឲ្យអ្នកជំងឺវៀចមាត់ (Facial paralysis)។ ការការពារពី Mastoiditis ចៀសវាងនូវមូលហេតុបង្កដូចរៀបរាប់ខាងលើអាចកាត់បន្ថយហានិភ័យនៃការរលាក Mastoid ដោយប្រសិទ្ធភាព ដែលរួមមាន៖ • ចាក់វ៉ាក់សាំងបង្ការមេរោគភ្នឺម៉ូកុក (Pneumocoque) ចំពោះក្មេងតូចៗ ដែលជាមេរោគសម្បូរបំផុតនៅផ្លូវដង្ហើម • ប្រុងប្រយ័ត្នការពារកុំឲ្យក្មេងមានការរលាកត្រចៀកកណ្តាលស្រួចស្រាវដោយកុំឲ្យពួកគេមានអាការៈហូរសម្បោររ៉ាំរ៉ៃ • ចៀសវាងឲ្យក្មេងទទួលទានអាហារដែលអាចប៉ះពាល់ ឬរលាកដល់បំពង់ក ដូចជាទឹកកក ការ៉េម ទឹកក្រូច ឬស្ករគ្រាប់។ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះកុមារអាយុក្រោម២ឆ្នាំ ធ្វើយ៉ាងណាកុំឲ្យពួកគេមានជំងឺផ្តាសាយញឹកញាប់ ពិសេសអំឡុងពេលនៃការផ្លាស់ប្តូរអាកាសធាតុពីក្តៅមកត្រជាក់ ឬនៅរដូវវស្សា ទាំងអាហាររបៀបរស់នៅ និងគួរចេះប្រើប្រាស់សេរ៉ូមប្រៃលាងច្រមុះ។ ករណីក្មេងតូចៗដែលមិនអាចប្រាប់ពីសញ្ញានៃការឈឺត្រចៀករបស់ពួកគេបាន ឪពុកម្តាយត្រូវចំណាំនៅពេលក្មេងយំអំឡុងម៉ោង១២យប់ និងយកដៃខ្ទប់ត្រចៀក ឬមានសញ្ញាមិនប្រក្រតីណាមួយគួរជួបប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់។ ដូចគ្នាផងដែរ ករណីមនុស្សចាស់មានជំងឺអំបៅអំបែក ឬរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ គួរជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលសមស្របឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ៖ សាស្រ្តាចារ្យ សុខ គួង អនុប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សរីរាង្គត្រចៀកត្រូវបានបែងចែកជាបីរួមមានផ្នែកខាងក្រៅ កណ្តាល និងផ្នែកខាងក្នុងដែលមានតួនាទីដោយឡែកៗពីគ្នា។ ជាក់ស្តែង ផ្នែកខាងក្រៅសម្រាប់ស្តាប់ ផ្នែកកណ្តាលសម្រាប់បញ្ជូន និងផ្នែកខាងក្នុងសម្រាប់បញ្ជូនបន្តទៅកាន់ខួរក្បាល។ ចំពោះបញ្ហាមួយនៃត្រចៀកផ្នែកខាងក្រៅ ដែលហាក់ត្រូវបានសម្គាល់ឃើញថាកើតមានច្រើនស្ថិតនៅលំដាប់លេខ ២ ចំពោះប្រជាជនកម្ពុជាបច្ចុប្បន្ន នោះគឺជាការបង្ករោគដោយពពួកផ្សិត ឬភាសាបច្ចេកទេសហៅថា Otomycosis ។ កត្តាបង្កឲ្យមានផ្សិតក្នុងត្រចៀក យោងតាមការសិក្សាទាំងក្នុង និងក្រៅប្រទេសបានបង្ហាញថាបុគ្គលដែលងាយឆ្លងមេរោគផ្សិតនៅត្រចៀករួមមាន៖ • អ្នកស្តាប់មិនឮដែលប្រើប្រាស់ឧបករណ៍ជំនួយការស្តាប់នៅត្រចៀកជាប្រចាំ • អ្នកនិយមពាក់កាសនៅត្រចៀកស្តាប់ចម្រៀង ឬអ្វីផ្សេងៗ • ការហែលទឹក ដូចជាកីឡាករហែលទឹក ឬអ្នកនិយមចូលចិត្តហែលទឹកក្នុងអាងហែលទឹកញឹកញាប់ ឬអ្នកហែលទឹកមិនស្អាតនៅជនបទ តាមស្រះត្រពាំងនិងប្រឡាយ • ការសម្អាតត្រចៀក ដែលប្រើប្រាស់សម្ភារៈសម្អាតបន្តគ្នាពីម្នាក់ទៅម្នាក់ដោយមិនបានសម្លាប់មេរោគផ្សិតត្រឹមត្រូវ ឬគ្រាន់តែជូតនឹងអាល់កុលដែលមិនអាចសម្លាប់ពពួកផ្សិតបាន។ ក្រៅអំពីមូលហេតុខាងលើ ជំងឺផ្សិតនៅត្រចៀកអាចនឹងកើតមានឡើង ឬមានការវិវឌ្ឍលឿនចំពោះអ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺឆ្លងមួយចំនួនដូចជាអ្នកជំងឺអេដស៍ជាដើម។ ដំណាក់កាលនៃរោគសញ្ញាផ្សិតត្រចៀក បន្ទាប់ពីបានឆ្លងចូលនូវពពួកផ្សិតទៅក្នុងត្រចៀកអ្នកជំងឺអាចមានលេចចេញនូវរោគសញ្ញាដូចជា រមាស់ត្រចៀក ឈឺត្រចៀក ហូរទឹករងៃ ឬហូរខ្ទុះពណ៌ប្រផេះឬខ្មៅ ពីក្នុងត្រចៀក បន្ទាប់មកអ្នកជំងឺអាចនឹងមានអាការៈហ៊ឹងត្រចៀក និងស្តាប់មិនសូវឮ។ ការធ្វើរោគវិនិច្ឆ័យបញ្ជាក់ពីវត្តមានផ្សិតត្រចៀក ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់អំពីការបង្ករោគដោយពពួកផ្សិតនៅក្នុងត្រចៀក ឬផ្សិតត្រចៀក គ្រូពេទ្យត្រូវយកអ្នកជំងឺទៅពិនិត្យដោយម៉ាស៊ីន Endoscope ឬ Otoscope លើសពីនេះយើងអាចកៀរ ឬផ្ដិតយកទៅពិនិត្យមើលដោយឧបករណ៍មីក្រូទស្សន៍នៃមន្ទីរពិសោធន៍ (ឧបករណ៍ដែលគេយកទៅកៀរ ឬផ្ដិតនោះគឺឈើ ១ដើម នៅខាងចុងមានសំឡីដាក់ក្នុងទីបមួយបិតជិត ដែលភាសាអង់គ្លេសហៅថា Cotton swabs) ក្នុងគោលបំណងញែកឲ្យដឹងថាជាពពួកផ្សិត ឬបាក់តេរី។ ការព្យាបាលផ្សិតត្រចៀក ក្រោយពីធ្វើរោគវិនិច្ឆ័យបញ្ជាក់ថាជាការបង្ករោគដោយពពួកផ្សិតហើយគ្រូពេទ្យនឹងធ្វើការសម្អាតត្រចៀករបស់អ្នកជំងឺឲ្យស្អាតទើបឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំ។ ប្រភេទថ្នាំទាំងនោះអាចខុសៗគ្នាតាមកម្រិតភាពធ្ងន់ ឬស្រាលរបស់អ្នកជំងឺ ដូចជា ថ្នាំតំណក់សម្រាប់បន្តក់ក្នុងត្រចៀកឈ្មោះ Clotrimazol ១% បន្តក់ម្ដង ២-៣តំណក់ ១ថ្ងៃ ២-៣ដង រយៈពេល ១៤ថ្ងៃ ឬជាថ្នាំ Fluconazol, Econazol ថ្នាំលេប Itraconazol ១០០មិល្លីក្រាម លេប ១គ្រាប់ ១ដង រយៈពេល ២សប្តាហ៍។ ប្រសិនអ្នកជំងឺពុំទទួលបានការព្យាបាលទាន់ពេលវេលា ឬព្យាបាលមិនត្រឹមត្រូវនោះផលប៉ះពាល់ធ្ងន់ធ្ងរអាចនឹងកើតមានឡើងដូចជារលាកត្រចៀក និងរហែកក្រដាសត្រចៀកប៉ះពាល់ដល់ការស្តាប់ជាដើម។ យុទ្ធសាស្ត្រការពារពីផ្សិតនៅត្រចៀក • សម្រាប់អ្នកប្រើឧបករណ៍ជំនួយក្នុងការស្តាប់ត្រូវសម្អាតដៃ និងយកសំឡីអាល់កុលជូតឧបករណ៍មុនពេលពាក់ • ចៀសវាងការពាក់កាស ឬបើពាក់ត្រូវលាងសម្អាតដៃមុនពេលពាក់ • ចៀសវាងការប្រើសម្ភារៈមិនស្អាតលូកចូល ឬត្បារក្នុងត្រចៀក • កាត់បន្ថយ ឬចៀសវាងការកាត់សក់ ហើយសម្អាតត្រចៀកនៅតាមហាងដែលប្រើសម្ភារៈបន្តគ្នា • ចំពោះកីឡាករ ឬអ្នកចូលចិត្តហែលទឹក ត្រូវការពារកុំឲ្យត្រចៀកប៉ះផ្ទាល់ជាមួយទឹក ដោយប្រើឧបករណ៍ពាក់ត្រចៀកពេលហែល ឬពាក់មួកបិតដល់ត្រចៀកជាដើម។ សម្រាប់អ្នកប្រកបវិជ្ជាជីវសុខាភិបាល សូមត្រួតពិនិត្យឲ្យបានម៉ត់ចត់ ឬបញ្ជូនអ្នកជំងឺមកកាន់ផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់កដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ថាបង្កពីផ្សិតឬបាក់តេរី មុនពេលផ្តល់វេជ្ជបញ្ជាដល់អ្នកជំងឺ។ ចំពោះប្រជាជន សូមកុំព្យាយាមយកសម្ភារៈ ឬឧបករណ៍ណាមួយមកត្បារ ឬកេះក្នុងត្រចៀកដាច់ខាត ហើយសូមមកប្រឹក្សាជាមួយគ្រូពេទ្យឯកទេសត្រចៀកច្រមុះ បំពង់ក។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត កៅ សែ នាយផ្នែកត្រចៀក ច្រមុះ បំពង់កនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ឈឺក្បាលយូរ គួរគិតដល់បញ្ហាអ្វីខ្លះទៅ? ឬឲ្យតែឈឺក្បាលយូរ សុទ្ធតែជាជាជំងឺប្រកាំងមែនទេ? ដើម្បីស្រាយចង្ងល់នូវសំណួរទាំងនេះអត្ថបទខាងក្រោម អាចជាចម្លើយសម្រាប់មិត្តអ្នកអានទាំងឡាយបាន… សំណួរ៖ ខ្ញុំបាទអាយុ២៣ឆ្នាំ ភេទប្រុស កម្ពស់១ម៉ែត្រ៦២ ទម្ងន់៥៥គីឡូក្រាម មុខរបរជា និស្សិត។ រយៈពេល២ឆ្នាំកន្លងមកនេះ ខ្ញុំមានអាការៈឈឺក្បាល គេងមិនសូវលក់ និងហេវហត់ ជាខ្លាំង ហើយភាគច្រើនខ្ញុំតែងតែស្វែងរកការ ព្យាបាលដោយការប្រើថ្នាំឈឺក្បាល ឬផ្តាសាយ ប៉ុណ្ណោះ។ ខ្ញុំបាទចង់សួរទៅកាន់លោកវេជ្ជបណ្ឌិតថា ការឈឺក្បាលរយៈពេលយូរបែបនេះនឹងប៉ះពាល់ដល់ខួរក្បាលខ្ញុំដូចម្តេចខ្លះ? តើគួរតែព្យាបាលបែបណា ទើបមានប្រសិទ្ធភាព? តើនេះជា ជំងឺប្រកាំង ឬយ៉ាងណា? ចម្លើយ៖ ទាក់ទងនឹងកត្តាឈឺក្បាល និងការហេវហត់ត្រូវពិនិត្យមើលលើសុខភាពទូទៅ ថាមានខ្វះគ្រាប់ឈាមក្រហម គ្រាប់ឈាមមិនមានមេរោគ បានចាក់ថ្នាំបង្ការគ្រប់ចំនួន។ ទោះជាយ៉ាង ណាក៏ដោយ ប្រសិនបើមិនមានអាការៈជំងឺផ្សេង ទៀតទេ ព្រមទាំងធ្វើតាមបទដ្ឋានត្រឹមត្រូវហើយ នៅតែឈឺក្បាលទៀត ដូចនេះត្រូវចោទសួរថាតើការឈឺក្បាលបណ្តាលមកពីមូលហេតុអ្វី? ការឈឺក្បាលរយៈពេលយូរ មានលក្ខណៈឈឺបាត់ៗ តែមិនមានភាពធ្ងន់ធ្ងរអ្វីទេ ការឈឺនេះអាចទាក់ ទងនឹងអារម្មណ៍ច្រើនជាង។ បើមានជាដុំសាច់ផ្សេងៗក្នុងខួរក្បាល ឬការប៉ះពាល់ដល់ប្រព័ន្ធ ប្រសាទ វាមិនប្រាកដថាមានតែឈឺក្បាលមួយមុខទេ អាចមានលេចចេញជាសញ្ញាផ្សេងៗទៀត ដូចជាមិនអាចកម្រើកដៃ ឬជើងបាន រឹងក ឡើងកម្តៅ ស្ពឹក ប៉ះពាល់លើភ្នែក ឬត្រចៀកជាដើម។ បើសិនជាប្រកាំង ការឈឺត្រូវមានលក្ខណៈពិសេសដូចជាឈឺមួយចំហៀង ឆ្វេង ឬស្តាំ រយៈពេលឈឺតិចជាង ៧២ ម៉ោង ហើយការឈឺមាន ពេលវេលាច្បាស់លាស់ និងមានអាការៈក្អួតចង្អោរ ស្រវាំងភ្នែកជាដើម។ ប៉ុន្តែការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ផ្នែកប្រព័ន្ធសរសៃប្រសាទ ខួរក្បាល និងសរសៃប្រសាទ ដើម្បីធ្វើរោគវិនិច្ឆ័យ ឲ្យបានត្រឹមត្រូវទើបជាការប្រសើរ។ បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល នាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចំពោះអ្នកជំងឺដែលបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីក អាចប្រឈមនឹងអាការៈអស់កម្លាំង បាត់បង់ចំណង់អាហារ ស្រកទម្ងន់ ការផ្លាស់ប្តូររសជាតិ ចង្អោរ ដំបៅមាត់ ឬបំពង់ក និងពិបាកដកដង្ហើមជាដើម។ ជាក់ស្ដែង របបអាហារ និងការរក្សាទម្ងន់នឹងជួយអ្នកជំងឺមហារីកឲ្យរក្សាបាននូវថាមពល និងកម្លាំង ហើយវាថែមទាំងជួយដល់ការព្យាបាលមហារីករបស់ពួកគេឲ្យកាន់តែល្អប្រសើរឡើងផងដែរ។ សំណួរ៖ តើគួរគ្រប់គ្រងបញ្ហាមួយចំនួនដែលកើតមានឡើងអំឡុងពេលព្យាបាលមហារីកដោយរបៀបណា? ចម្លើយ៖ ការគ្រប់គ្រង និងដំណោះស្រាយអាចមានផ្សេងៗគ្នាទៅតាមបញ្ហាដែលកើតមានដូចជា៖ ១. ការថយចុះចំណង់អាហារ • គួរទទួលទានអាហារតិចៗឲ្យបានញឹកញាប់ និងអាហារសម្រន់ដែលសម្បូរដោយកាល់ឡូរី និងប្រូតេអុីនខ្ពស់។ • ធ្វើឲ្យរាល់អាហារដែលអ្នកញ៉ាំអាចរាប់បាន ដោយត្រូវកាត់បន្ថយអាហារមានកាល់ឡូរីទាប និងជាតិទឹក ឧទាហរណ៍ អ្នកអាចញ៉ាំស៊ុបប្រភេទក្រែម ជំនួសប្រភេទស៊ុបជាទឹកធម្មតា។ • ទទួលទាននៅពេលអ្នកឃ្លានខ្លាំង៖ ប្រសិនអ្នកមានថាមពលច្រើន និងឃ្លានខ្លាំងនៅពេលព្រឹកអ្នកគួរញ៉ាំអាហារពេលព្រឹកឲ្យបានច្រើន ហើយអាចទទួលទានអាហារបន្ទាប់បន្សំ និងអាហារសម្រន់បន្តឲ្យបានពេញមួយថ្ងៃ។ ២. អស់កម្លាំង (ចុះខ្សោយ) • ជ្រើសរើសអាហារងាយៗដូចជា អាហារក្លាសេ ឬអាហារស្រាប់ដើម្បីជួយឲ្យការរៀបចំអាហារកាន់តែងាយស្រួល និងធ្វើឲ្យអ្នកមានថាមពលក្នុងការញ៉ាំ។ • ទុកឲ្យគ្រួសារ ឬមិត្តភក្តិជួយធ្វើអាហារដែលអ្នកចូលចិត្ត ឬចេញទៅញ៉ាំនៅខាងក្រៅ និងត្រូវកុម៉្មង់តិច ឬតែពាក់កណ្តាល។ • ជ្រើសរើសប្រភេទអាហារទន់ៗ ឬមានជាតិទឹកដែលតម្រូវឲ្យប្រើកម្លាំងតិចក្នុងការទំពារ ឬលេប។ ៣. ការផ្លាស់ប្តូររសជាតិ • ព្យាយាមលាងសម្អាតមាត់របស់អ្នកជាមួយនឹងម្សៅសូដា និងទឹក (១/៤ស្លាបព្រាក្នុងទឹកមួយពែង) មុនពេលទទួលទានអាហារ។ • សាកល្បងភ្លក់អាហារដែលមានរសជាតិស្រាលៗដូចជា ល្បាយដំឡូងបារាំង (mashed potatoes) នំបុ័ង និងប័រ បង្អែមមានក្រែមច្រើន (pudding) ធញ្ញជាតិប្រភេទក្តៅ (hot cereals) បាយ ផាស្តា ឬគុយទាវ និងទឹកដោះគោ។ • សាកល្បងប្រឡាក់សាច់ជាមួយទឹកស៊ីអុីវ ឬទឹកផ្លែឈើផ្អែម។ • ប្រសិនអ្នកជក់បារី សូមបញ្ឈប់ការជក់ នោះវានឹងធ្វើឲ្យរសជាតិអាហាររបស់អ្នកកាន់តែប្រសើរ និងអាចជួយឲ្យឡើងគីឡូ រួមទាំងអនុគ្រោះដល់ការព្យាបាលឲ្យបានកាន់តែល្អ។ ៤. ពិបាកទំពារ ឬលេប • ចៀសវាងអាហារដែលមានជាតិអាស៊ីត ក្តៅពេក ឬត្រជាក់ពេក ហឹរពេករឹង ឬស្ងួតពេក។ • សម្រាប់អ្នកមានដំបៅមាត់ អាចជ្រើសរើសអាហារទន់ មានជាតិក្រែមដូចជា ស៊ុបប្រភេទក្រែម (cream soups) បង្អែមធ្វើពីទឹកដោះគោ និងស៊ុត (custard) បង្អែមមានក្រែមច្រើន (pudding) បង្អែមតៅហ៊ូ ទឹកដោះគោក្រឡុក និងធញ្ញជាតិប្រភេទក្តៅ (hot cereals)។ • លេបថ្នាំបំបាត់ការឈឺចាប់មុនពេលទទួលទានអាហារ តាមវេជ្ជបញ្ជាគ្រូពេទ្យរបស់អ្នក។ • សម្រាប់អ្នកមាត់ស្ងួត អាចញ៉ាំអាហារទន់ និងមានជាតិទឹកដូចជា សាំងវិចដែលមានសម្បកនំបុ័ង និងគ្រឿងផ្សំទន់ៗ ផាស្តាជាមួយទឹកជ្រលក់សម្ល ស៊ុតចៀន សាឡាដប៉េងប៉ោះ ឈីសពណ៌សធ្វើពីទឹកដោះគោ  សាឡាដផ្លែឈើនិងនំបុ័ងអាំងបែបបារាំង។ • ញ៉ាំទឹកពី ៨-១០ កែវជារៀងរាល់ថ្ងៃ ហើយកាត់បន្ថយការទទួលទានកាហ្វេ តែ និងភេសជ្ជៈកូកាព្រោះវាធ្វើឲ្យកាន់តែស្ងួត។ ៥. ចង្អោរ • ទទួលទានជាតិទឹកតិចៗឲ្យបានញឹកញាប់ជាប្រចាំថ្ងៃ ក្នុងកម្រិត ៨-១០ កែវជារៀងរាល់ថ្ងៃហើយជម្រើសដ៏ល្អគឺ ភេសជ្ជៈដែលមានជាតិខ្ញី ទឹកស៊ុប ឬការ៉េមផ្លែឈើ។ • ញ៉ាំអាហារប្រភេទម្សៅស្ងួតរាល់ ១-២ម៉ោងម្តងតាមដែលអាចទៅរួច ដោយអ្នកអាចសាកល្បងនំស្រួយ នំបុ័ងអាំង នំបុ័ងដុត ធញ្ញជាតិបែបស្ងួត បាយ ឬដូណាត់។ • លេបថ្នាំបំបាត់អាការៈចង្អោរតាមវេជ្ជបញ្ជាគ្រូពេទ្យ។ អនុវត្តតាមការណែនាំខាងលើ នោះអ្នកនឹងមានអារម្មណ៍កាន់តែប្រសើរ! បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកកុមារនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺមហារីកស្បូនស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ទូទាំងពិភពលោក ដែលជាមូលហេតុបណ្តាលឲ្យស្រ្តីស្លាប់ តែចំពោះប្រទេសកម្ពុជាជំងឺមហារីកមាត់ស្បូនជាមូលហេតុនាំមុខគេដែលបណ្តាលឲ្យស្រ្តីស្លាប់ក្នុងចំណោមមហារីកទាំងអស់ដែលកើតលើស្រ្តី។ មូលហេតុបង្ក មូលហេតុចម្បងដែលបង្កឲ្យមានជំងឺមហារីកមាត់ស្បូនគឺ HPV (Human Papilloma Virus)។ របៀបចម្លង ជំងឺមហារីកមាត់ស្បូនអាចឆ្លងតាមរយៈការរួមភេទជាមួយដៃគូដែលមានផ្ទុកមេរោគ HPV ជាច្រើនដងទើបអាចបង្កឲ្យមានដំបៅត្រៀមមហារីកជាច្រើនឆ្នាំមិនមានការតាមដាន និងព្យាបាលទើបឈានទៅដល់មហារីកមាត់ស្បូន។ រោគសញ្ញា ជាទូទៅ ការលេចឡើងនូវរោគសញ្ញានៃមហារីកមាត់ស្បូនរួមមាន៖ • មានធ្លាក់ឈាមចន្លោះឈាមរដូវ • រដូវមិនទៀងទាត់ ឬមកមានលក្ខណៈច្រើន • មានធ្លាក់ឈាមក្រោយពេលរួមភេទ • ធ្លាក់ឈាមមុនពេលមានរដូវ • ធ្លាក់សរញឹកញាប់ • ឈឺណែនលើថ្ងាសញឹកញាប់។ ការស្រាវជ្រាវរកដំបៅត្រៀមមហារីកនៅមាត់ស្បូន និងរោគវិនិច្ឆ័យ (Cervical Cancer Screening and Diagnostic)  • VIA  • HPV DAN Testing  • Colposcopy  • Pap Smear  • Cervical Biopsies ការការពារ ជំងឺមហារីកមាត់ស្បូន ដើម្បីការពារពីដំបៅត្រៀមមហារីកមាត់ស្បូន និងបង្ការជំងឺមហារីកមាត់ស្បូនរួមមាន៖ ១. Primary Prevention៖ HPV Vaccination ២. Secondary Prevention៖ Regular Screening  • VIA  • HPV Test  • Pap Smear  • Vaccination + Regular Screening = You best defence, Early Treatment ជំងឺមហារីកមាត់ស្បូនអាចបង្ការបានដោយ  • ការចាក់វ៉ាក់សាំង  • ពិនិត្យមាត់ស្បូនឲ្យបានទៀងទាត់  • ព្យាបាលឲ្យទាន់ដំណាក់កាលមិនឲ្យវិវឌ្ឍទៅជាមហារីក។ បកស្រាយដោយ៖ លោកស្រីវេជ្ជបណ្ឌិត គ្រួច រ៉ាយ៉ូណែត វេជ្ជបណ្ឌិតជំនាញផ្នែកសម្ភព និងរោគស្រ្តី និងជាប្រធានផ្នែកពិគ្រោះជំងឺក្រៅនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក អត្ថបទ៖ ដកស្រង់ចេញពី ទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺមហារីកឈាម ឬភាសាបច្ចេកទេសហៅថា Leukemia គឺជាមហារីកនៃជាលិកាបង្កើតឈាម រួមបញ្ចូលទាំងខួរឆ្អឹងខ្នង និងប្រព័ន្ធទឹករងៃ។ ជំងឺមហារីកឈាមជាធម្មតាពាក់ព័ន្ធនឹងកោសិកាឈាមស។ ខួរឆ្អឹងខ្នងរបស់អ្នកជំងឺមហារីកឈាម គឺផលិតកោសិកាឈាមសមិនធម្មតាដែលមិនអាចបំពេញមុខងារបានល្អ និងមិនអាចការពាររាងកាយប្រឆាំងនឹងការបង្ករោគ។ ចំពោះការព្យាបាលជំងឺមហារីកឈាមគឺវាអាស្រ័យនឹងប្រភេទនៃមហារីកឈាមនិងកត្តាផ្សេងទៀតជាច្រើន។ មូលហេតុ និងកត្តាហានិភ័យ អ្នកវិទ្យាសាស្ត្រមិនទាន់អាចបញ្ជាក់បានអំពីមូលហេតុពិតប្រាកដដែលបង្កជាជំងឺមហារីកឈាមឡើយ។ វាហាក់ដូចជាវិវឌ្ឍមកពីកត្តារួមគ្នានៃហ្សែន និងបរិស្ថាន (វិទ្យុសកម្ម)។ ម៉្យាងវិញទៀត ជំងឺមហារីកឈាមកើតមានឡើងអាស្រ័យនឹងកត្តារួមផ្សំខាងក្រោម៖ - បញ្ហាហ្សែន៖ ហ្សែនខុសធម្មតាហាក់ដើរតួនាទីក្នុងការវិវឌ្ឍនៃជំងឺមហារីកឈាម ដែលបញ្ហាហ្សែនទាំងនោះមានដូចជា Down syndrome។ - ប្រវត្តិគ្រួសារធ្លាប់មានជំងឺមហារីកឈាម៖ ប្រសិនសមាជិកណាមួយនៃគ្រួសាររបស់អ្នកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកឈាម នោះហានិភ័យរបស់អ្នកអាចត្រូវបានកើនឡើង។ - ការជក់បារី៖ អាចបង្កើនហានិភ័យនៃជំងឺមហារីកឈាមស្រួចស្រាវ (Acute myelogenous leukemia)។ - ការប្រឈមនឹងសារធាតុគីមី៖ ការប៉ះពាល់ជាមួយសារធាតុគីមីមួយចំនួនដូចជា បង់ហ្សែន (Benzene) ដែលត្រូវបានរកឃើញនៅក្នុងប្រេងឥន្ទនៈនិងត្រូវបានប្រើក្នុងរោងចក្រគីមី គឺវាទាក់ទងនឹងហានិភ័យនៃជំងឺមហារីកឈាមប្រភេទខ្លះ។ - ការព្យាបាលមហារីកពីមុន៖ អ្នកដែលធ្លាប់ព្យាបាលដោយថ្នាំគីមី ឬបាញ់កាំរស្មីក្នុងការព្យាបាលជំងឺមហារីក មានការកើនឡើងនូវហានិភ័យនៃការវិវឌ្ឍទៅជាប្រភេទជំងឺមហារីកឈាមមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនដែលមានកត្តាហានិភ័យខាងលើអាចនឹងមិនកើតជំងឺមហារីកឈាមឡើយហើយមនុស្សមួយចំនួនផ្សេងទៀតដែលមានជំងឺមហារីកឈាមអាចនឹងគ្មាននូវហានិភ័យខាងលើ។ ចំណាត់ថ្នាក់នៃជំងឺមហារីកឈាម គ្រូពេទ្យឯកទេសបានបែងចែកចំណាត់ថ្នាក់នៃជំងឺមហារីកឈាមដោយផ្អែកលើ៖ ១. ល្បឿននៃការវិវឌ្ឍ - ជំងឺមហារីកឈាមស្រួចស្រាវ៖ កោសិកាឈាមខុសធម្មតាគឺជាកោសិកាឈាមដែលមិនពេញវ័យ (Blasts)។ កោសិកាឈាមនេះ មិនអាចបំពេញមុខងារធម្មតារបស់ខ្លួនបានទេ ហើយវាបំបែកខ្លួនយ៉ាងលឿន ដូច្នេះស្ថានភាពជំងឺនឹងកាន់តែអាក្រក់ឆាប់រហ័ស។ មហារីកឈាមស្រួចស្រាវទាមទារការព្យាបាលឲ្យទាន់ពេលវេលា។ - ជំងឺមហារីកឈាមរ៉ាំរ៉ៃ៖ មហារីកឈាមរ៉ាំរ៉ៃមានច្រើនប្រភេទ និងកើតមានចំពោះកោសិកាឈាមពេញវ័យភាគច្រើន។ កោសិកាឈាមទាំងនេះចម្លងយឺតៗជាបន្តបន្ទាប់។ ទម្រង់ខ្លះនៃជំងឺមហារីកឈាមរ៉ាំរ៉ៃពុំមានលេចចេញនូវសញ្ញាណាមួយក្នុងដំណាក់កាលដំបូងឡើយ ហើយអាចមិនត្រូវបានសម្គាល់ឃើញ ឬវិនិច្ឆ័យដឹងជាច្រើនឆ្នាំ។ ២. ប្រភេទនៃកោសិកាពាក់ព័ន្ធ - Acute lymphocytic leukemia (ALL)៖ នេះជាប្រភេទជំងឺមហារីកឈាមដែលភាគច្រើនកើតចំពោះក្មេងតូចៗ និងអាចកើតចំពោះមនុស្សពេញវ័យផងដែរ។ - Acute myelogenous leukemia (AML)៖ មហារីកឈាមស្រួចស្រាវនេះជាជំងឺមហារីកឈាមទូទៅមួយ ដែលកើតមានទាំងក្មេងតូចនិងមនុស្សពេញវ័យ តែភាគច្រើនកើតចំពោះមនុស្សពេញវ័យ។ - Chronic lymphocytic leukemia (CLL)៖ មហារីកឈាមរ៉ាំរ៉ៃដែលកើតមានចំពោះមនុស្សពេញវ័យភាគច្រើន។ - Chronic myelogenous leukemia (CML)៖ ប្រភេទមហារីកឈាមនេះមានផលប៉ះពាល់សំខាន់ចំពោះមនុស្សពេញវ័យ។ អ្នកជំងឺមហារីកឈាមរ៉ាំរ៉ៃនេះ (CML) អាចមានសញ្ញាសម្គាល់តិចតួច ឬគ្មានសញ្ញាអ្វីទាំងអស់ក្នុងរយៈពេលជាច្រើនខែ ឬច្រើនឆ្នាំ មុនពេលវាចូលដល់ដំណាក់កាលដែលកោសិកាឈាមលូតលាស់យ៉ាងលឿន។ - ប្រភេទផ្សេងទៀត៖ ប្រភេទជំងឺមហារីកឈាមកម្រផ្សេងទៀតរួមមាន Hairy cell leukemia, Myelodysplastic syndromes និង Myeloproliferative disorders។ រោគសញ្ញានៃជំងឺមហារីកឈាម រោគសញ្ញានៃមហារីកឈាមជាញឹកញាប់គឺមិនច្បាស់លាស់ និងមិនជាក់លាក់។ ជាក់ស្តែង សញ្ញាជាធម្មតាភាគច្រើនរួមមានដូចខាងក្រោម៖ - គ្រុនក្តៅ ឬញាក់ ដែលមិនអាចពិពណ៌នាបាន - ខ្សោយ និងអស់កម្លាំងជាប្រចាំ - ងាយថប់ដង្ហើម ឬពិបាកដកដង្ហើម - មានការឆ្លងមេរោគញឹកញាប់ - ស្រកទម្ងន់ - បាត់បង់ចំណង់អាហារ - ឡើងកូនកណ្តុរ ថ្លើម និង/ឬអណ្តើក រីកធំ - ឈឺចាប់នៅពោះ - ហូរឈាម (ឈាមច្រមុះ ឈាមរដូវ និងឈាមពេលដុសធ្មេញ ញឹកញាប់) - មានស្នាមក្រហមតូច និងធំលើស្បែក - បែកញើសច្រើន ពិសេសពេលយប់ - ឈឺឆ្អឹង និងសន្លាក់ - ករណីកម្រ មហារីកឈាមអាចត្រូវបានរកឃើញដោយការពិនិត្យឈាមក្នុងលក្ខខណ្ឌខ្លះ។ សូមចងចាំថា អ្នកអាចនឹងមើលរំលងសញ្ញាដំបូងនៃជំងឺមហារីកឈាមព្រោះវាមានលក្ខណៈប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយនិងជំងឺមួយចំនួនផ្សេងទៀត។ ដូច្នេះ សូមប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នកប្រសិនអ្នកមាននូវសញ្ញាប្រចាំណាមួយដែលធ្វើឲ្យអ្នកបារម្ភ ឬសង្ស័យ។  បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ប្រធានផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

លំពែង ជាសរីរាង្គមួយក្នុងចំណោមសរីរាង្គជាច្រើនដែលគ្រប់គ្នាស្ទើរតែមិននឹងនាដល់។ ជាទូទៅ មុខងារចម្បងរបស់វាគឺជួយដល់ការរំលាយអាហារ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ប្រជាជនប្រមាណក្រោម ២% នឹងត្រូវបានរកឃើញថាមានជំងឺមហារីកលំពែងក្នុងជីវិតរស់នៅរបស់ពួកគេ។ កត្តាហានិភ័យនៃមហារីកលំពែង • ការរលាកលំពែងរ៉ាំរ៉ៃ • ប្រវត្តិគ្រួសារធ្លាប់មានជំងឺមហារីកលំពែង និងហ្សែនដែលអាចបង្កើនហានិភ័យនៃមហារីក (ដូចជា Lynch syndrome ជាដើម) • មានជំងឺទឹកនោមផ្អែមលើសពី ៥ឆ្នាំ • ទទួលទានអាហារប្រភេទសាច់ពណ៌ក្រហម ឬសាច់កែច្នៃច្រើន • ជក់បារី • លើសទម្ងន់ • ភេទ (កើតលើបុរសច្រើនជាងស្ត្រី) • អាយុ (ភាគច្រើនកើតលើមនុស្សចាស់លើសពី៦០ឆ្នាំ តែក៏មានករណីកើតលើអ្នកដែលមានអាយុ២០-៣០ឆ្នាំដែរ) • ជាតិសាសន៍ (បុគ្គលដែលស្ថិតក្នុងជាតិសាសន៍អាហ្វ្រិច-អាមេរិកមានហានិភ័យខ្ពស់ជាងគេក្នុងការវិវឌ្ឍទៅជាមហារីកលំពែង)។ ការព្យាករមហារីកលំពែង ជាទូទៅស្ទើរតែមិនអាចធ្វើបាន ហើយវាក៏ស្ថិតក្នុងអត្រាការស្លាប់ខ្ពស់បំផុតក្នុងចំណោមមហារីកផ្សេងទៀតផងដែរ។ ជាក់ស្តែងត្រឹម ៨%ប៉ុណ្ណោះនៃអ្នកជំងឺមហារីកលំពែងរស់នៅបាន ៥ឆ្នាំបន្ទាប់ពីធ្វើរោគវិនិច្ឆ័យដោយហេតុថាមហារីកលំពែងពិបាកកំណត់រកនៅដំណាក់កាលដំបូង។ ម៉្យាងលំពែងស្ថិតនៅជ្រៅក្នុងរាងកាយដែលដុំសាច់ដំបូងមិនអាចត្រូវបានមើលឃើញ ឬមានអារម្មណ៍ដឹង និងមិនសូម្បីអាចសម្គាល់បាន រហូតមហារីកបានរាលដាលទៅសរីរាង្គផ្សេងទៀត។ ដូច្នេះ វាពិតជាសំខាន់ណាស់ក្នុងការស្វែងយល់អំពីសញ្ញានៃមហារីកលំពែង។ សញ្ញាទូទៅនៃមហារីកលំពែងដែលអ្នកត្រូវដឹង ១. ភ្នែក និងស្បែកឡើងលឿង៖ មហារីកលំពែងចាប់ផ្តើមនៅផ្នែកក្បាលលំពែងដែលនៅជិតបំពង់ទឹកប្រមាត់។ ដុំសាច់សង្កត់ និងបិតទៅលើបំពង់ទឹកប្រមាត់ដែលនាំទឹកប្រមាត់ពីថ្លើម និងថង់ទឹកប្រមាត់កាត់តាមលំពែងទៅកាត់ពោះវៀនតូច។ តួនាទីរបស់ទឹកប្រមាត់គឺដើម្បីបំផ្លាញប៊ីលីរុយប៊ីន (Bilirubin) ដែលជាកាកសំណល់នៃកោសិកាឈាមក្រហម ដូច្នេះនៅពេលដំណើរការនេះមិនអាចធ្វើបានប៊ីលីរុយប៊ីនលើសបង្កជាសញ្ញាលឿងលើស្បែក និងភ្នែក។ ២. ហើមពោះ៖ នេះគឺជាសញ្ញាដំបូងមួយដែលគ្រប់គ្នាតែងកត់សម្គាល់ឃើញ ប៉ុន្តែវាបែរជាត្រូវបានយល់ថាជាសញ្ញាតូចតាចមិនគួរឲ្យបារម្ភ និងពុំចាំបាច់ទៅជួបគ្រូពេទ្យ។ ៣. បាត់បង់ចំណង់អាហារ និងចង្អោរ៖ មហារីកលំពែងលូតលាស់ក្នុងពោះដែលវាអាចផ្តល់សម្ពាធដល់សរីរាង្គជុំវិញរួមទាំងក្រពះផងដែរ។ ជាលទ្ធផលអ្នកជំងឺមានអាម្មណ៍ចង្អោរ ឬមានអារម្មណ៍ថាឆ្អែតសូម្បីតែមិនបានញ៉ាំអ្វីសោះជាច្រើនម៉ោង។ លើសពីនេះអ្នកជំងឺក៏អាចមានអារម្មណ៍ថាឈឺសូម្បីតែពេលញ៉ាំ។ ៤. ស្រកទម្ងន់៖ ការបាត់បង់ចំណង់នៃការទទួលទានអាហារ អាចងាយនឹងធ្វើឲ្យមានការស្រកចុះនូវទម្ងន់ខ្លួនលឿន ដែលជាធម្មតាកំណត់ដោយការថយចុះលើសពី៥%នៃទម្ងន់ខ្លួន ក្នុងចន្លោះពី៦ខែ ដល់១ឆ្នាំ។ ៥. ឈឺខ្នងចង្កេះ៖ នៅពេលមហារីកលំពែងលូតលាស់ វាសង្កត់ ឬផ្តល់សម្ពាធដល់ឆ្អឹងកងខ្នងផ្នែកខាងក្រោម និងសាច់ដុំខ្នង បង្កឲ្យមានការឈឺចាប់ថេរ។ បើការឈឺចាប់នេះនៅតែបន្តជាដរាប អ្នកត្រូវស្វែងរកការត្រួតពិនិត្យភ្លាម។ ៦. ទឹកនោមពណ៌ស្រអាប់៖ ពណ៌ស្រអាប់នៃទឹកនោមជាញឹកញាប់ត្រូវបានសម្គាល់ថាជាសញ្ញាណដំបូងនៃមហារីកលំពែងដែរ។ ដោយសារតែដុំសាច់បង្កឲ្យទឹកប្រមាត់ចេញតិច និងកម្រិតប៊ីលីរុយប៊ីនក្នុងឈាមកើនឡើង ទឹកនោមក្លាយជាពណ៌ត្នោត។ ប្រសិនអ្នកព្យាយាមបង្កើនការញ៉ាំទឹក ប៉ុន្តែទឹកនោមនៅមិនប្រែពណ៌មកធម្មតាវិញ វាដល់ពេលដែលអ្នកត្រូវត្រួតពិនិត្យរកសញ្ញាដំបូងនៃមហារីកលំពែងហើយ។ ៧. រមាស់ជាប្រចាំ៖ គ្រប់ការរមាស់ស្បែកទាំងអស់គឺជាសញ្ញាព្រមានដំបូងនៃជំងឺមហារីកលំពែង។ ដោយសារប៊ីលីរុយប៊ីនកើនឡើងក្នុងស្បែក ជាមូលហេតុធ្វើឲ្យរមាស់មុនលេចចេញសញ្ញាលឿងស្បែក។ ដូច្នេះបើអ្នកមិនអាចរកឃើញនូវសញ្ញានៃការរមាស់របស់អ្នកដូចជា សត្វខាំ ឬប្រតិកម្មអាល្លែកហ្ស៊ី និងមិនជាបន្ទាប់ពីលាបថ្នាំទេនោះអ្នកត្រូវជួបគ្រូពេទ្យដើម្បីត្រួតពិនិត្យជាបន្ទាន់។ ៨. លាមកពណ៌ស្លេក និងមានក្លិនស្អុយ៖ លាមកពណ៌ប្រផេះ ឬស្លេកជាងធម្មតា និងមានខ្លាញ់ គឺជាសញ្ញាមិនល្អនោះទេ។ វាកើតឡើងដោយសារតែការប្រែប្រួលនៃដំណើរការប៊ីលីរុយប៊ីន ដែលជាធម្មតាវាត្រូវបានបញ្ចេញចោលតាមរយៈពោះវៀនជាលាមក និងមានពណ៌ត្នោតចាស់ ប៉ុន្តែនៅពេលទឹកប្រមាត់មិនមានគ្រប់គ្រាន់ព្រោះដុំសាច់បានទៅរារាំង ទើបធ្វើឲ្យប៊ីលីរុយប៊ីនមិនអាចបញ្ចេញចោលបាន និងបែរជាប្រមូលផ្ដុំនៅក្នុងប្រព័ន្ធរាងកាយទៅវិញ ដែលជាហេតុធ្វើឲ្យពណ៌ និងរូបរាងលាមកមានសភាពប្រែប្រួល។ នេះអាចបញ្ជាក់បានថាជាមូលហេតុនៃមហារីកលំពែង។ ៩. ឈឺពោះ៖ ការឈឺចាប់ដែលមិនមានភាពច្បាស់លាស់អាចជាសញ្ញាដំបូងនៃជំងឺមហារីកលំពែង ដោយសារតែទីតាំងលំពែងនៅក្រោយ ផ្នែកខាងក្រោមពោះ ក្រោយក្រពះ ដុំសាច់នោះអាចធ្វើឲ្យអ្នកឈឺក្រពះផ្នែកខាងក្រោម ដោយមិនគិតលើអ្វីដែលអ្នកបានញ៉ាំ។ ចងចាំថាវាតែងតែល្អបំផុតក្នុងការត្រួតពិនិត្យនូវសញ្ញាសង្ស័យនិងបញ្ជាក់ថាពុំមានបញ្ហា ជាជាងបាត់បង់អ្វីមួយដែលសំខាន់! បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ស្ករជាសារធាតុម៉្យាងដែលសឹងតែអាចមានក្នុងអាហារគ្រប់ប្រភេទ និងទទួលបានការពេញនិយមជាខ្លាំង។ ប៉ុន្តែ តើស្ករដែលយើងតែងបរិភោគរាល់ថ្ងៃពិតជាអាចបង្កឲ្យមានជំងឺមហារីកមែនទេ? ម៉្យាង តើប្រភេទស្ករទាំងអស់សុទ្ធតែអាចបង្កជាជំងឺមហារីក? សំណួរ៖ សំណួរមួយដែលតែងត្រូវបានចោទសួរពីសារធារណជននោះគឺ តើការបរិភោគស្ករមានទំនាក់ទំនងជាមួយជំងឺមហារីកដែរឬទេ? ចម្លើយ៖ ការឆ្លើយតបទៅនឹងសំណួរនេះគឺមិនងាយស្រួលនោះទេ។ ជាក់ស្តែងការសិក្សាបែបវិទ្យាសាស្ត្របានបង្ហាញថា ការបរិភោគស្ករបរិមាណច្រើនលើសលប់ និងរយៈពេលយូរអាចបង្កជាការកកើតខ្លាញ់ក្នុងរាងកាយកាន់តែច្រើនឡើងៗដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកច្រើនប្រភេទ (មហារីកសុដន់ ឬមហារីកពោះវៀនធំ...)។ អាហារដែលសម្បូរស្ករអាចជំនួសតួនាទីសំខាន់ៗរបស់អាហារដែលសម្បូរទៅដោយជីវជាតិ (មានដូចជាវីតាមីន ជាតិរ៉ែ អាហារប្រភេទសរសៃ) ក្នុងការប្រឆាំងនឹងជំងឺមហារីកនៅក្នុងរាងកាយរបស់យើង។ កោសិកាទាំងអស់នៅក្នុងរាងកាយ រួមបញ្ចូលទាំងកោសិកាមហារីក ជាប្រភេទកោសិកាដែលប្រើប្រាស់ស្ករសម្រាប់បង្កើតថាមពលដើម្បីដំណើរការមុខងារប្រចាំថ្ងៃនានា។ រាងកាយរបស់យើងមានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាមដូច្នេះគ្រប់កោសិកាទាំងអស់សុទ្ធតែអាចទទួលបានការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ និងមានស្ថេរភាព។ តើស្ករបានមកពីណា? ស្ករ ឬហៅម៉្យាងទៀតថា កាបូហាយដ្រេត ត្រូវបានរកឃើញក្នុងធម្មជាតិនៅក្នុងប្រភេទអាហារដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សណ្តែក សណ្តែកបាយ និងប្រភេទអាហារដែលមានសារធាតុទឹកដោះគោមួយចំនួនទៀត។ ស្ករក៏ត្រូវបានគេបន្ថែមក្នុងអាហារដូចជា ភេសជ្ជៈផ្អែម គ្រាប់ធញ្ញជាតិកែច្នៃ ស្ករគ្រាប់ នំដុត និងបង្អែមជាដើម ។ តើយើងគួរចៀសវាងការបរិភោគស្ករគ្រប់ប្រភេទឬទេ? វាពិតជាពិបាកណាស់ក្នុងការចៀសវាងការបរិភោគគ្រប់ប្រភេទស្ករនៅក្នុងអាហាររបស់ពួកយើង។ បើទោះបីយើងអាចកាត់ផ្តាច់អាហារដែលមានបរិមាណស្ករទាំងនោះបានពិតមែន ក៏ដំណើរការក្នុងរាងកាយរបស់យើងនឹងបំបែកស្ករស្តុកទុកក្នុងសាច់ដុំ និងការបំបែកខ្លាញ់ស្តុកទុក ដើម្បីបង្កើតស្ករ ដែលកោសិកាផ្សេងៗត្រូវការ។ ប្រសិនបើករណីនេះកើតឡើង យើងអាចបាត់បង់ម៉ាស់សាច់ដុំ ទម្ងន់ កម្លាំង និងថាមពលរបស់រាងកាយទាំងមូល។ ក្នុងអំឡុងពេលព្យាបាលមហារីក ការបាត់បង់ទាំងនេះអាចបណ្តាលឲ្យមានការពន្យារពេលការព្យាបាល និងពន្យារពេលការជាសះស្បើយនៃជំងឺផងដែរ។ ហេតុនេះសម្រាប់អ្នកជំងឺមហារីក គួរតែត្រូវបានផ្តល់អនុសាសន៍ឲ្យ៖ - បរិភោគ បន្លែ ផ្លែឈើ គ្រាប់់ធញ្ញជាតិ សណ្តែកនិងសណ្តែកបាយ ដែលសុទ្ធតែជាប្រភេទអាហារផ្ទុកទៅដោយស្ករធម្មជាតិ និងមានសារធាតុប្រឆាំងជំងឺមហារីក មានដូចជា វីតាមីន ជាតិរ៉ែ និងPhytochemicals ផ្សេងៗទៀត។ - កាត់បន្ថយនូវប្រភេទអាហារដែលបន្ថែមស្ករខាងក្រៅនានា។ តើអ្នកជំងឺមហារីកអាចកាត់បន្ថយការទទួលទានស្ករបន្ថែមតាមរបៀបណា? 1) អានស្លាកព័ត៌មានអាហារដើម្បីកំណត់ពីបរិមាណស្ករបន្ថែម៖ ដោយអ្នកអាចស្វែងរកពាក្យស្ករស (Sugar) ស្ករពណ៌ត្នោត (Brown Sugar) ស្កររាវ ស្ករដុំ (Icing Sugar) ស្ករអំពៅ (Cane Sugar) សេរ៉ូពោតដែលមានបរិមាណខ្ពស់ Fructose (High Fructose Corn Syrup) ទឹកឃ្មុំ ទឹកផ្លែឈើដែលមានកំហាប់ខ្ពស់, Molasses, Agave syrup, Maple syrup, Maltodextrin, Maltsyrup, Demerara។  ឈ្មោះផ្សេងទៀតសម្រាប់សម្គាល់ស្ករ គឺពាក្យទាំងឡាយណាដែលបញ្ចប់ដោយ "ose" ដូចជា Sucrose, Fructose, Glucose, Glucose-fructose, Maltose, Dextrose, និង Galactose។ ប្រសិនបើពាក្យទាំងនេះត្រូវបានបញ្ចូលក្នុងតារាងគ្រឿងផ្សំនៅផ្នែកខាងលើបំផុត នេះមានន័យថាស្ករជាសារធាតុចម្បងដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលដែលអ្នកកំពុងបរិភោគ។ 2) កម្រិតការទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើន៖ ឧទាហរណ៍ ភេសជ្ជៈផ្អែមដែលគ្មានជាតិអាល់កុល កាហ្វេ ឬតែដែលបន្ថែមស្ករ និងភេសជ្ជៈផ្តល់ថាមពលនានា។ សូមជ្រើសរើសភេសជ្ជៈដែលគ្មានផ្ទុកស្ករបន្ថែម (Added Sugar) តាមដែលអាចធ្វើបាន។ កាហ្វេ តែដែលគ្មានស្ករ ទឹកសុទ្ធ និងទឹកដោះគោគឺជាជម្រើសល្អសម្រាប់អ្នក។ ប្រសិនបើអ្នកត្រូវការកាល់ឡូរីបន្ថែម សូមព្យាយាមទទួលទានភេសជ្ជៈដែលផ្តល់កាល់ឡូរីខ្ពស់បែបធម្មជាតិនិងសុខភាពល្អ ដែលរួមមាន ផ្លែឈើទាំងមូល ប្រូតេអីុន និងអាហារប្រភេទសរសៃ។  3) បន្ថយបរិមាណអាហារកែច្នៃ៖ ជាធម្មតា អាហារកែច្នៃតែងមានកម្រិតស្ករច្រើន ដូច្នេះអ្នកគួរជំនួសប្រភេទអាហារទាំងនេះ ដោយអាហារសុខភាពវិញ។ 4) រីករាយជាមួយបង្អែមនៅក្នុងឱកាសពិសេស និងបរិមាណតិច៖ ផ្លែឈើផ្អែមធម្មជាតិគឺជាជម្រើសល្អប្រចាំថ្ងៃ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយ

នាពេលបច្ចុប្បន្នជំងឺមហារីកប្រជ្រុយគេសង្កេតឃើញមិនមានបម្រែបម្រួល ឬកើនឡើងគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែវាកើតឡើងទៅតាមវ័យ និងកត្តាអាយុរបស់មនុស្ស ដោយក្នុងនោះភាគច្រើនកើតទៅលើស្រ្តីច្រើនជាងបុរសពិសេសអ្នកដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ហើយវាពាក់ព័ន្ធនឹងកត្តាតំណពូជផងដែរ។ និយមន័យ ជំងឺមហារីកប្រជ្រុយ ឬពាក្យបច្ចេកទេសហៅថា Melanoma គឺជាជំងឺមួយដែលកើតឡើងពីបណ្តុំនៃកោសិកា Melanocytes (កោសិកាផលិតជាតិពណ៌) ដោយភាគច្រើនកើតនៅតំបន់ដែលត្រូវពន្លឺព្រះអាទិត្យកាំរស្មីយូវី (UV) ពិសេសនៅលើថ្ងាស ខ្ទង់ច្រមុះ បបូរមាត់ផ្នែកខាងលើ ថ្ពាល់សងខាង បាតដៃ ម្រាមដៃ ក្រចក និងបាតជើង ម្រាមជើងជាដើម។ មូលហេតុចម្បង និងកត្តាប្រឈម មានមូលហេតុចម្បងជាច្រើនដែលបង្កឲ្យមានជំងឺមហារីកប្រជ្រុយ តែកត្តាសំខាន់ដែលធ្វើឲ្យមានជំងឺនេះឡើងរួមមាន៖ • កត្តាតំណពូជ • អ្នកវ័យចំណាស់ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ • ការប៉ះពន្លឺកាំរស្មីយូវី (UV) • ប្រជ្រុយដែលប្រឈមនឹងពន្លឺព្រះអាទិត្យ។ ចំណែកបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមចំពោះបញ្ហាជំងឺនេះរួមមាន៖ • បុគ្គលដែលមានប្រវត្តិគ្រួសារកើតជំងឺមហារីកប្រជ្រុយ • បុគ្គលដែលមានប្រជ្រុយប្លែកខុសពីធម្មតា ឬច្រើន • បុគ្គលដែលធ្វើការក្រោមពន្លឺកាំរស្មីយូវី (UV)ញឹកញាប់។ រោគសញ្ញា និងយន្តការ ជាទូទៅ ជំងឺមហារីកប្រជ្រុយកម្រលេចចេញជារោគសញ្ញាសម្គាល់ ឬប្រែប្រួលខ្លាំងនោះទេ ប៉ុន្តែវាតែងវិវឌ្ឍបន្តិចម្តងៗខុសពីធម្មតា ឬក្លាយជាកោសិកាមហារីកតែម្តង។ ជាក់ស្ដែង វាបង្ហាញឲ្យឃើញតាមរយៈការប្រែប្រួលនូវ៖ • ទំហំរបស់ប្រជ្រុយប្រែប្រួលលឿន • ប្រជ្រុយមានលក្ខណៈប្រេះ ឬទ្រុឌខូង • ការប្រែពណ៌របស់ប្រជ្រុយទៅជាក្រហម ឬត្នោត ឬខ្មៅខ្លាំង • គែមរបស់ប្រជ្រុយប្រែប្រួលដោយផ្នែកមិនសមមាត្រនឹងរូបរាងចាស់ជាដើម។ ដោយឡែក ប្រជ្រុយគេសង្កេតឃើញមាន ២ សណ្ឋានគឺ៖ • ប្រភេទទី១៖ ប្រជ្រុយដែលដុះមានលក្ខណៈសើស្បែកជួនកាលវាដុះកប់ជ្រៅចូលទៅក្នុងស្បែក។ • ប្រភេទទី២៖ គឺមានលក្ខណៈដុះពងសាច់ពីលើស្បែក ហើយវិវឌ្ឍក្លាយទៅជាដុំពកពណ៌ខ្មៅ។ ការធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកប្រជ្រុយអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យទៅលើសញ្ញាគ្លីនិក។ ម៉្យាងវិញទៀតយើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការច្រឹបយកសាច់ទៅវិភាគដើម្បីឲ្យដឹងថាវាជាប្រជ្រុយមហារីកមែន ឬអត់។ ការព្យាបាល និងផលវិបាក ឈ្មោះថាមហារីកប្រជ្រុយមិនមានលក្ខណៈធ្ងន់ធ្ងរទេ ព្រោះយើងអាចមើលឃើញវានឹងភ្នែកនៅពេលវាមានការប្រែប្រួលរូបរាង លុះត្រាតែអ្នកមិនមានការចាប់អារម្មណ៍ហើយបណ្តោយឲ្យវាតាមដំណើរ នោះវានឹងក្លាយជាកាចសាហាវដូចមហារីកដទៃទៀតដែរ។ ផ្ទុយទៅវិញបើលោកអ្នកមានប្រជ្រុយនៅលើបាតដៃ បាតជើង ម្រាមដៃម្រាមជើង ក្រចកដៃក្រចកជើង លោកអ្នកចូរប្រុងប្រយ័ត្នព្រោះវាកាចសាហាវខ្លាំងនៅពេលវាចាប់ផ្តើមមានស្នាមប្រេះ ឬបែកមានន័យថាវាបានសាយភាយរួចស្រេចទៅហើយ។ ជាទូទៅប្រសិនបើអ្នកជំងឺត្រូវបានរកឃើញថាមានជំងឺមហារីកប្រជ្រុយនោះការព្យាបាលនឹងធ្វើតាមវិធីសាស្រ្ត ២យ៉ាងសំខាន់ៗគឺ៖ • ការចាក់ថ្នាំគីមី ឬបាញ់កាំរស្មីឡាស៊ែរដើម្បីបំផ្លាញកោសិកាមហារីក។ • ការវះកាត់យកសាច់ដុះ ឬប្រជ្រុយមហារីកចេញ។ ប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលានោះអ្នកជំងឺអាចមានគ្រោះថ្នាក់ដោយសារតែកោសិកាបានរីករាលដាលនៅក្នុងរាងកាយដូចជំងឺមហារីកដទៃទៀត។ វិធីសាស្រ្តការពារ ដោយហេតុថានាពេលបច្ចុប្បន្ន បញ្ហានេះកម្រជួបប្រទះ ប៉ុន្តែអ្នកគួរតែការពារខ្លួនពីជំងឺនេះដោយ៖ • ស្លៀកសម្លៀកបំពាក់ឲ្យជិត • ចៀសវាងការត្រូវពន្លឺព្រះអាទិត្យ ប្រសិនបើអ្នកមានបញ្ហា ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក ដើម្បីធ្វើការពិនិត្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ព្រមទាំងទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ឯកទេសសើស្បែក ឡាស៊ែ និងកាមរោគ និងជាប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Top