Menu

ស្វែងយល់អំពីក្រពេញទីរ៉ូអ៊ីត (THYROID GLAND)


ស្វែងយល់អំពីក្រពេញទីរ៉ូអ៊ីត (THYROID GLAND)

ទីរ៉ូអ៊ីត (Thyroid gland) គឺជាឈ្មោះក្រពេញបញ្ចេញមួយដែលមានរូបរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខនៃគល់ករបស់មនុស្សយើង។ ក្រពេញទីរ៉ូអ៊ីតមានតួនាទីបញ្ចេញនូវអ័រម៉ូនដែលមានតួនាទីសំខាន់នៅដំណើរការមេតាបូលីសនៅក្នុងសរីរាង្គយើង។ អ័រម៉ូននេះមានឈ្មោះថាអ័រម៉ូនទីរ៉ូអ៊ីត(Thyroid hormone)ទៅតាមឈ្មោះរបស់ក្រពេញ។

អ័រម៉ូននេះ មានតួនាទីសំខាន់ៗចូលរួមក្នុងដំណើរការដូចជា ៖
-  ការរក្សាកំដៅក្នុងខ្លួន
-  ចង្វាក់បេះដូង
-  ប្រព័ន្ធប្រសាទខួរក្បាល និងប្រព័ន្ធសរសៃប្រសាទតាមផ្នែកផ្សេងៗ
-  ការកន្ត្រាក់នៃសាច់ដុំ
-  កម្រិតជាតិខ្លាញ់
-  ទម្ងន់ខ្លួនមនុស្ស
-  វដ្តរដូវ ។ល។
ប្រសិនបើការបញ្ចេញបរិមាណអ័រម៉ូនទីរ៉ូអ៊ីតខុសពីប្រក្រតី វាអាចបណ្តាលឲ្យកម្រិតនៃអ័រម៉ូននេះក្នុងឈាមខុសប្រក្រតីដែរ ពោលគឺអាចឡើងខ្ពស់ឬចុះទាប ។

អាការៈរោគដែលបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតឡើងខ្ពស់ (Hyperthyroidism) មានដូចជា ៖
-  ភាពថប់បារម្ភ
-  ឆាប់ខឹង ឆេវឆាវ មួម៉ៅ
-  ស្រកទម្ងន់
-  ញ័រដើមទ្រូង មានអារម្មណ៍ថាបេះដូងលោតញាប់ជីពចរដើរញាប់
-  ញ័រចុងដៃ ចុងជើង
-  ងាយបែកញើស និងឆាប់ចាញ់កម្តៅ
-  ជ្រុះសក់
-  រាករូសញឹកញាប់
-  វដ្តរដូវមិនទៀង យឺតយ៉ាវ
-  លៀនគ្រាប់ភ្នែក
 
អាការៈរោគដែលបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតចុះទាប (Hypothyroidism) មានដូចជា ៖
- ហេវហត់អស់កម្លាំង
- ហើមមុខ ត្របកភ្នែក
- ស្បែកស្ងួត សក់ និងក្រចកផុយស្រួយ ជ្រុះសក់
- ឡើងទម្ងន់
- បេះដូងដើរយឺតខុសប្រក្រតី
- ទល់លាមក
- ពិបាកក្នុងការទទួលទានដំណេក
- ឆាប់ចាញ់ត្រជាក់
- ឈឺចាប់តាមសាច់ដុំ និងសន្លាក់
- មានអាការៈហើមខ្លួន
- រដូវមកញឹកញាប់ និងច្រើន

អាការៈរោគនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតមានដូចជា ៖
- មានដុំពកនៅផ្នែកដើមក ផ្នែកខាងមុខ
- សំឡេងស្អក
- ឡើងកូនកណ្តុរនៅបរិវេណក
- ពិបាកក្នុងការលេបអាហារ
- ពិបាកក្នុងការដកដង្ហើម
- ឈឺចាប់នៅខាងក្នុងបំពង់ក និងក
-ក្អកជាប់ជាប្រចាំ ដែលមិនមែនកើតឡើងដោយសារផ្តាសាយ ឬបញ្ហាសួតដទៃ
 
សរុបសេចក្តីមក ក្រពេញទីរ៉ូអ៊ីត និងអ័រម៉ូនទីរ៉ូអ៊ីត ពិតជាមានសារសំខាន់បំផុតនៅក្នុងដំណើរការផ្សេងៗរបស់សរីរាង្គមនុស្សយើង។ រាល់បញ្ហាដែលនាំឲ្យមានការប្រែប្រួលកម្រិតអ័រម៉ូននេះក្នុងឈាមឬមានដុំនៅតំបន់ក្រពេញទីរ៉ូអ៊ីតនេះ គឺពិតជាចាំបាច់នៅក្នុងការពិនិត្យ តាមដាន និងព្យាបាល។ប្រសិនបើមានបញ្ហាទាក់ទងទៅនឹងក្រពេញ ក៏ដូចជាអ័រម៉ូនទីរ៉ូអ៊ីត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញស្វែងរកការពិនិត្យនិងប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការថែទាំដ៏សមស្រប។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែមនៃមន្ទីរពេទ្យព្រះកុសុមៈ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 


Share:

អត្ថបទទាក់ទង