Menu

អ្នកកំពុងតែរាកដោយសារការព្យាបាល ឬយ៉ាងណា?


អ្នកកំពុងតែរាកដោយសារការព្យាបាល ឬយ៉ាងណា?

ជំងឺរាករូសត្រូវបានបែងចែកចេញជាពីរប្រភេទធំៗ អាស្រ័យតាមរយៈពេល រួមមាន ជំងឺរាកស្រួចស្រាវ (តិចជាង២១ថ្ងៃ) និងជំងឺរាករ៉ាំរ៉ៃ (លើសពី២១ថ្ងៃ)។ អ្នកខ្លះ រាកដោយសារជំងឺឆ្លងដោយបាក់តេរី វីរុស ឬប៉ារ៉ាស៊ីត រីឯខ្លះទៀត គ្មានការចម្លងរោគអ្វីនោះទេ ដូចជា អ្នកជំងឺពក ក ដែលបណ្តាលមកពីអ័រម៉ូនរបស់ក្រពេញទីរ៉ូអីុតឡើងច្រើនពេក ធ្វើឲ្យគាត់មានបញ្ហារាករូសរ៉ាំរ៉ៃ និងមួយប្រភេទទៀត រាកដោយសារតែការព្យាបាល។

តើអ្វីជាការរាកដោយសារការព្យាបាល?
ជំងឺរាកក្រោយការព្យាបាលត្រូវបានចែកចេញជា ២ប្រភេទ៖
• ក្រុមទី១ ៖ អ្នកជំងឺមានបញ្ហារាករូសក្រោយពេលពួកគាត់ទទួលការព្យាបាល មានការជ្រៀតចូលដោយមេរោគម៉្យាងឈ្មោះថា Clostridium difficile ដែលបង្កជាជំងឺ Pseudomembranous colitis។
• ក្រុមទី២ ៖ អ្នកជំងឺមិនមានការចម្លងរោគនោះទេ  គឺ ក្រោយការព្យាបាលពួកគាត់មានជំងឺរាករូសដោយសារឥទ្ធិពលបន្ទាប់បន្សំនៃថ្នាំ ដូចជាពពួកថ្នាំទឹកនោមផ្អែម ប្រភេទថ្នាំរលាកសន្លាក់ សម្រាប់អ្នកជំងឺឡើងជាតិអាស៊ីតជាដើម។
 
អ្វីជាមូលហេតុនៃការរាកក្រោយការព្យាបាល?
ការប្រើថ្នាំផ្សះរយៈពេលយូរ (លើសពី១៤ថ្ងៃ) និងថ្នាំផ្សះដែលមានសកម្មភាពធំមានន័យថាអាចសម្លាប់មេរោគបានច្រើនប្រភេទ នាំឲ្យមានការប៉ះពាល់ ឬការបំផ្លាញបាក់តេរីល្អនៅក្នុងពោះវៀនរបស់អ្នកជំងឺ ហើយអាចបង្កឲ្យទៅជា Pseudomembranous colitis។ ក្រៅពីនេះក៏មានមូលហេតុដទៃទៀត  ដូចជា   ការប្រើថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ថ្នាំប្រឆាំងការរលាក និងថ្នាំទាំងឡាយណាដែលសម្បូរទៅដោយវីតាមីនសេច្រើនពេក ព្រោះវាអាចធ្វើឲ្យមានវិបត្តិក្នុងការរំលាយអាហារ និងវិបត្តិពោះវៀនធំ។
 
សញ្ញាណាខ្លះជាការរាកក្រោយការព្យាបាល?
ជាទូទៅ រោគសញ្ញាដែលបញ្ជាក់ថាមានជំងឺរាកក្រោយការព្យាបាលរួមមាន៖
• សភាពលាមកខុសប្រក្រតី មានលក្ខណៈរាវជាទឹក ឬខាប់ៗ និងច្រើនជាងបីដងក្នុងមួយថ្ងៃ
• អស់កម្លាំង ល្ហិតល្ហៃ
• សញ្ញាបាត់បង់ជាតិទឹកដូចជា ស្ងួតមាត់ ស្ងួតស្បែក ស្បែកជ្រួញ បាត់បង់ភាពតឹងណែន (Increase skin turgor) និងស្រេកទឹកខ្លាំង
• សញ្ញាបាត់បង់អីុយ៉ុង (Electrolyte)
• ក្ដៅខ្លួន (ដែលជាសញ្ញាស្ដែងថាមានមេរោគឆ្លង)
• ឈឺចុកចាប់ក្នុងពោះ (ដែលជាសញ្ញាស្ដែងថាមានការរលាកនៃភ្នាសពោះវៀន)។
    
ការធ្វើរោគវិនិច្ឆ័យណាខ្លះត្រឹមត្រូវ ក្នុងករណីរាកនេះ?
ដោយហេតុតែរោគសញ្ញានៃជំងឺនេះមិនមានភាពខុសគ្នាទៅនឹងរោគសញ្ញានៃជំងឺរាកធម្មតា នោះការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកទៅលើការសាកសួរលម្អិតអំពីប្រវត្តិអ្នកជំងឺ ពិសេសពិនិត្យមើលប្រភេទថ្នាំដែលគាត់បានប្រើប្រាស់ មុនពេលមានការរាករូស។ លើសពីនេះ វេជ្ជបណ្ឌិតអាចសាកល្បងធ្វើការព្យាបាលតាជំងឺរាកធម្មតាសិន  ហើយប្រសិនបើគ្មានការឆ្លើយតប ឬសង្ស័យថាជាជំងឺរលាកភ្នាសពោះវៀន អ្នកជំងឺអាចឈានទៅដល់ការស្នើសុំពិនិត្យលាមក ដើម្បីរកមើលអង់ទីហ្សែនរបស់ Clostridium difficile ឬអាចរហូតដល់យកលាមកទៅបណ្ដុះរកមេរោគដែលធ្វើឲ្យរលាកក្នុងពោះវៀន។
 
វិធីសាស្ត្រព្យាបាលសមស្របមានអ្វីខ្លះ?
ការព្យាបាលត្រូវធ្វើឡើងតាមដើមចមនៃមូលហេតុបង្ក តួយ៉ាងក្នុងករណីជំងឺរាកដែលបង្កឡើងដោយសារការប្រើប្រាស់ឱសថណាមួយ អ្នកជំងឺនឹងតម្រូវឲ្យធ្វើការផ្លាស់ប្ដូរនូវឱសថទាំងនោះចេញរួចយកក្រុមផ្សេងដែលមានប្រសិទ្ធភាពដូចគ្នាមកជំនួសវិញ។ ក្នុងករណីអ្នកជំងឺរាកដោយសារតែការប្រើប្រាស់ថ្នាំផ្សះច្រើនពេក   រហូតដល់រលាកភ្នាសពោះវៀន (Pseudomembranous colitis)អ្នកជំងឺត្រូវទទួលការព្យាបាលពិសេសជាមួយគ្រូពេទ្យឯកទេស (ក្រោយការបណ្តុះមេរោគ មើលតេស្តលាមក តេស្តឈាម) និងធ្វើការព្យាបាលដោយប្រើប្រាស់ថ្នាំផ្សះ ដែលអាចសម្លាប់បានតែមេរោគមួយប្រភេទដូចជា Vencomycine ឬ Metronidazole ជាដើម។
 
ផលវិបាកណាខ្លះដែលអាចកើតមាន?
បើទោះបីជាមានការរាករូសដោយសារការព្យាបាល ឬដោយមូលហេតុអ្វីផ្សេងក្ដី ផលវិបាកអាចមានប្រហាក់ប្រហែលគ្នាដូចខាងក្រោម៖
• បាត់បង់ជាតិរ៉ែ ដូចជា សូដ្យូម ប៉ូតាស្យូម និងកាល់ស្យូម ធ្វើឲ្យបាត់បង់តុល្យភាពរបស់អីុយ៉ុង
• បាត់បង់ជាតិទឹក
• បង្កឲ្យរលាក ឬដំបៅលើភ្នាសពោះវៀន
• មានការសាយភាយមេរោគចូលទៅពាសពេញចរន្តឈាម (Septicemia) ធ្វើឲ្យអ្នកជំងឺធ្លាក់សម្ពាធឈាម ឬរហូតដល់សន្លប់ ដែលត្រូវការសង្គ្រោះបន្ទាន់ភ្លាមៗ។
 
ធ្វើបែបណាដើម្បីការពារពីការរាកនេះ?
ការបង្ការជំងឺរាកដោយសារការព្យាបាលត្រូវពឹងផ្អែកលើក្រុមគ្រូពេទ្យ ឬឱសថការី មានន័យថាមុនពេលផ្ដល់ថ្នាំជូនអ្នកជំងឺប្រើប្រាស់ ត្រូវធ្វើការថ្លឹងថ្លែងឲ្យបានច្បាស់លាស់ពីឥទ្ធិពលថ្នាំដើម្បីបញ្ចៀសនូវផលវិបាកក្រោយការព្យាបាលឧទាហរណ៍ ក្នុងការប្រើប្រាស់ថ្នាំផ្សះ គឺត្រូវផ្តល់ជូនតាមរយៈពេល និងកម្រិតទៅតាមស្ដង់ដាបច្ចេកទេស។ ក្នុងករណីមួយចំនួន អាចឲ្យអ្នកជំងឺប្រើប្រាស់ប្រភេទថ្នាំទប់ចលនាពោះវៀនកុំឲ្យដំណើរការលឿនពេក គួបផ្សំជាមួយនឹងឱសថជំនួយពោះវៀន (Probiotic) ដែលអាចជួយការពារភ្នាសពោះវៀន ឬកាត់បន្ថយកម្រិតថ្នាំបើចាំបាច់។
 
ដោយហេតុថាការព្យាបាល ឬការប្រើប្រាស់ថ្នាំ គឺជាអាវុធមុខ២ នោះរាល់ពេលមានបញ្ហាសុខភាពលោកអ្នកត្រូវតែប្រឹក្សាជាមួយវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់  ឬឱសថការីដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីទទួលយកការព្យាបាលមួយសមស្រប។ម៉្យាងវិញទៀត ចំពោះគ្រូពេទ្យ ឬឱសថការី មុននឹងធ្វើការព្យាបាល ត្រូវថ្លឹងថ្លែងឲ្យបានច្បាស់លាស់ ពិសេសគឺការប្រើប្រាស់ថ្នាំផ្សះ។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឈាង ស៊ីដេត ឯកទេស ក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យកាល់ម៉ែត

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   


Share:

អត្ថបទទាក់ទង