Menu

តោះ! រៀនស្រឡាញ់ការហាត់ប្រាណនៅក្លឹបហាត់ប្រាណជាមួយគ្នា…


តោះ! រៀនស្រឡាញ់ការហាត់ប្រាណនៅក្លឹបហាត់ប្រាណជាមួយគ្នា…

បើនិយាយអំពីការហាត់ប្រាណ អ្នកខ្លះក៏រីករាយនឹងការហាត់ប្រាណនៅខាងក្រៅ ដោយសារតែហេតុផលមួយចំនួន គេក៏មិនអាចធ្វើវាជាប្រចាំបាន ជាពិសេសរឿងអាកាសធាតុ ក៏ដូចជាមិនសូវមានកត្តាជំរុញ។ រីឯអ្នកហាត់ប្រាណនៅក្នុងក្លឹបហាត់ប្រាណវិញ ជាទូទៅ ក៏អាចធ្វើបានជាប្រចាំក្រោយពីបណ្តុះទម្លាប់ល្អបានហើយ…

មានផលវិជ្ជមានមួយចំនួនដែលអ្នកអាចទទួលបានពីការហាត់ប្រាណនៅក្នុងក្លឹប ហើយធ្វើឲ្យអ្នកស្រឡាញ់ និងចូលចិត្តវាជាង ដែលរួមមានដូចខាងក្រោមនេះ…

បង្កើតទំនាក់ទំនងជាមួយអ្នកមានគោលដៅដូចគ្នា
វាជាអារម្មណ៍មួយស្រស់ថ្លា និងវិជ្ជមានក្នុងចិត្តនៅពេលដែលអាចនៅក្បែរ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកដែលមានចំណាប់អារម្មណ៍និងគោលដៅដូចនឹងអ្នក ព្រោះថាអ្នកនៅក្លឹបហាត់ប្រាណភាគច្រើនសុទ្ធតែជាអ្នកស្រឡាញ់សុខភាព និងចង់ចំណាយពេលធ្វើអ្វីខ្លះ ដើម្បីសុខភាពរាងកាយ និងចិត្តរបស់ខ្លួន។

មិនបាច់បារម្ភអំពីកត្តាអាកាសធាតុ
បើហាត់ប្រាណនៅខាងក្រៅ ឲ្យតែមេឃខ្មៅ ឬស្រទុំ ហាក់ដូចជាមានចិត្តមួយគិតថា «ហាត់មិនកើតទេ» បើទោះជាចង់ហាត់យ៉ាងណាក៏ដោយហើយបើហាត់នៅផ្ទះវិញ ក៏មិនសូវមានអារម្មណ៍ស្រស់ស្រាយ និងមិនមានឧបករណ៍ ឬទីធ្លាគ្រប់គ្រាន់។ រីឯការហាត់នៅក្នុងក្លឹបវិញ ពិបាកតែរឿងធ្វើដំណើរបន្តិច តែកន្លែងហាត់នៅតែរង់ចាំអ្នកទៅហាត់ជានិច្ច។

ទទួលបានដំបូន្មាន និងការណែនាំពីអ្នកជំនាញ ឬអ្នកហាត់ដទៃ
មិនថាអំពីគន្លឹះនៃការហាត់ឲ្យបានតាមគោលដៅដែលប្រាថ្នា ឬវិធីសាស្រ្តក្នុងការប្រើប្រាស់ឧបករណ៍ហាត់ឲ្យបានត្រឹមត្រូវនោះទេ គ្រូបង្វឹកតែងតែនៅទីនោះប្រចាំការ ដើម្បីណែនាំដល់អ្នក ក៏ដូចជាស្រាយនូវចម្ងល់ផ្សេងៗរបស់អ្នក។ ជួនកាល អ្នកដែលហាត់ក្បែរអ្នក អាចជាអ្នកមានបទពិសោធន៍ហើយក៏អាចចែករំលែក និងណែនាំដល់អ្នកផងដែរ។

មានជម្រើសច្រើនសម្រាប់លំហាត់ប្រាណ
វាអាស្រ័យទៅលើទំហំនៃក្លឹបហាត់ប្រាណដែរតែជាទូទៅ យ៉ាងហោចណាស់ ក៏ក្លឹបនោះមានឧបករណ៍ផ្សេងៗសម្រាប់ហាត់ ហើយកន្លែងខ្លះទៀត ក៏មានប្រភេទលំហាត់ប្រាណច្រើនយ៉ាងដែលអ្នកអាចធ្វើការផ្លាស់ប្តូរបាន ដើម្បីកុំឲ្យមានអារម្មណ៍ថាធុញទ្រាន់។

ជំរុញឲ្យអ្នកពេញចិត្តនឹងអ្វីដែលខ្លួនមាន ជាពិសេសរូបរាង
អ្នកទៅហាត់ទាំងអស់សុទ្ធតែមានរូបរាងខុសៗគ្នាអ្នកខ្លះក៏មានរាងស្អាតជាងអ្នក ហើយអ្នកខ្លះទៀតក៏មានរាងមិនសូវជាស្អាត ប៉ុន្តែម្នាក់ៗសុទ្ធតែមានគោលដៅក្នុងការហាត់ខុសៗគ្នា។ មិនថាអ្នកមានរូបរាងធាត់ ឬសាច់ច្រើនយ៉ាងណា ត្រូវតែមានមោទនភាពជាមួយនឹងខ្លួនឯងជានិច្ចថា យ៉ាងហោចណាស់ អ្នកកំពុងតែធ្វើរឿងល្អមួយជាប្រចាំដើម្បីកែប្រែវាហើយ ហើយក៏មិនមានហេតុផលអ្វីដែលត្រូវអង្គុយតូចចិត្តនឹងរាងខ្លួនឯងដោយមិនធ្វើអ្វីសោះដែរ។

បណ្តុះទមា្លប់ហាត់ប្រាណទៅជាសកម្មភាពដែលផ្តល់នូវភាពរីករាយ
មិនថាស្ថិតនៅក្នុងវ័យណានោះទេ នៅពេលដែលបរិយាកាសជុំវិញអ្នក ជាកត្តាជំរុញឲ្យអ្នកធ្វើរឿងអ្វីមួយហើយនោះ អ្នកនឹងមិនមានសម្ពាធក្នុងការធ្វើវានោះទេ ហើយក៏មិនធ្វើឲ្យរួចតែពីដៃ ឬមានឈ្មោះថាធ្វើដែរ។ បើអ្នកយល់ស្របនឹងហេតុផលខាងលើនេះហើយ អ្នកប្រាកដជាគិតថា វាជាសកម្មភាពដែលអ្នករីករាយនឹងធ្វើជាមិនខាន។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   


Share:

អត្ថបទទាក់ទង