Menu

រារែកនឹងទៅក្លឹបហាត់ប្រាណម្នាក់ឯង លើកដំបូងមែនទេ?


រារែកនឹងទៅក្លឹបហាត់ប្រាណម្នាក់ឯង លើកដំបូងមែនទេ?

តើអ្នកមានគម្រោងទៅហាត់ប្រាណនៅក្លឹបជាលើកទី១ តែម្នាក់ឯងមែនទេ? បើសិនអ្នកមានការបារម្ភច្រើននឹងបទពិសោធន៍ថ្មីនេះ គន្លឹះខាងក្រោម គឺសម្រាប់អ្នក!

នៅពេលអ្នកបានរៀបគម្រោងទៅក្លឹបហាត់ប្រាណរួចហើយ ទោះបីជាម្នាក់ឯងក៏ដោយ មានន័យថាអ្នកបានស្ថិតនៅកៀកនឹងភាពជោគជ័យទៅហើយ។ ប៉ុន្តែ នឹកឃើញដល់ភាពទើសទាល់ និងអៀនខ្មាស់នៅពេលឈានជើងចូលក្លឹបហាត់ប្រាណជាលើកទី១ ដោយមិនស្គាល់គេ មិនចេះប្រើម៉ាស៊ីន មិនដឹងធ្វើអ្វីមុន និងថែមទាំងគិតដល់ភ្នែកដែលសម្លឹងមកអ្នកយ៉ាងចម្លែក មិនបានធ្វើឲ្យអ្នករំភើបទៀតទេមែនទេ? បើដូច្នេះនេះជាអ្វីដែលគួរធ្វើដើម្បីជំនះភាពភ័យខ្លាចដែលធ្វើឲ្យអ្នកស្ត្រេស និងរារែកលែងចង់ដើរទៅរកភាពជោគជ័យលើខ្លួនឯង៖

មុនពេលទៅក្លឹបហាត់ប្រាណ
1.    រៀបចំឈុតហាត់ប្រាណ៖  ការសិក្សាផ្នែកចិត្តសាស្ត្របានបង្ហាញថា សម្លៀកបំពាក់នៅលើខ្លួនអ្នកពិតជាមានឥទ្ធិពលលើកម្រិតនៃភាពជឿជាក់ និងអាកប្បកិរិយាតបតរបស់អ្នក។ ដូចនេះ អ្នកត្រូវប្រាកដថា អ្នកបានជ្រើសរើសសម្លៀកបំពាក់ដែលស័ក្តិសមនឹងអ្នក បរិយាកាស និងផ្តល់ផាសុកភាពគ្រប់គ្រាន់ ដោយក្នុងនោះសូមកុំភ្លេចភ្ជាប់ទៅជាមួយសម្ភារៈសំខាន់ៗដូចជា កន្សែងជូតញើស ដបទឹកសមល្មម និងឧបករណ៍ស្តាប់តន្ត្រីជាមួយកាសផងដែរ។ 
2.    មានផែនការហាត់ប្រាណច្បាស់លាស់៖  ផែនការ ខុសពីគោលដៅរបស់អ្នក។ អ្នកមិនអាចត្រឹមតែដឹងថាខ្លួនឯងហាត់ដើម្បីអ្វីនោះទេ តែត្រូវតែច្បាស់ថា ហាត់ដូចម្តេច? ដោយប្រើអ្វី ប៉ុន្មានដងជាដើម ឬយ៉ាងហោចណាស់ ត្រូវដឹងថាអ្នកនឹងធ្វើអ្វីមុនគេ (ដោយធ្វើការស្រាវជ្រាវខ្លះៗតាមអុីនធឺណែត ឬសួរមិត្តភក្តិ)។ ការគ្មានផែនការអាចធ្វើឲ្យអ្នកកាន់តែទើសទាល់ និងធ្វើឲ្យអ្នកបែកអារម្មណ៍នៅពេលអ្នកមិនដឹងធ្វើអ្វី ហើយចេះតែដើរសាកហាត់ម៉ាស៊ីននេះម៉ាស៊ីននោះ នាំឲ្យអ្នកជុំវិញកាន់តែចាប់អារម្មណ៍អ្នកទៅវិញ។
3.    ដើរមើលជុំវិញក្លឹបហាត់ប្រាណ៖  ជាទូទៅ នៅមុនពេលចុះឈ្មោះហាត់ប្រាណ បុគ្គលិកនៅទីនោះតែងតែរីករាយនឹងជូនអ្នកដើរមើល និងពន្យល់ ឬផ្តល់ដំបូន្មានដល់អ្នក ដែលធ្វើឲ្យអ្នកបានស្គាល់ទីតាំង និងបន្ទប់ផ្សេងៗនៃក្លឹប ក៏ដូចជាឆ្លើយតបនឹងសំណួរផ្សេងៗរបស់អ្នកប្រសិនបើអ្នកចង់។ ដូចនេះ នៅថ្ងៃហាត់ យ៉ាងហោចណាស់អ្នកបានដឹងថាអ្នកកំពុងនៅទីណា និងគួរទៅណាបន្ទាប់ដោយមិនរារែក។ 

ពេលទៅដល់ក្លឹបហាត់ប្រាណ
1.    ចុះឈ្មោះក្នុងថ្នាក់ហាត់ជាក់លាក់ណាមួយ (Yoga, Aerobic, Zumba, Body step, Boot Camp, Core & Abdominal, Dance class  ជាដើម)៖ នេះជាវិធីស្រួលក្នុងការបន្សាំអ្នកទៅនឹងកន្លែងហាត់ប្រាណ ដោយអ្នកមិនចាំបាច់ត្រូវគិតច្រើនឡើយ ព្រោះគ្រូបង្វឹកប្រចាំថ្នាក់នឹងទទួលខុសត្រូវលើអ្វីដែលអ្នកគួរធ្វើ។ ទាំងនេះ ក៏ជាឱកាសដែលអ្នកអាចបង្កើតមិត្តថ្មីៗក្នុងថ្នាក់ ដែលភាគច្រើនអាចជាអ្នកថ្មីដូចអ្នកដែរ ហើយអ្នកនឹងមិនបាច់ខ្មាស់ទោះហាត់មិនទាន់ទំនង ថែមទាំងអាចមានគ្នាហាត់នៅពេលក្រោយក្រៅពីថ្នាក់ហាត់ផងដែរ។  
2.    ស្វែងរកជំនួយពីបុគ្គលិក ឬគ្រូបង្វឹក៖ បើអ្នកមិនទាន់មានគ្រឹះសោះ ឬមិនមានការណែនាំពីមិត្តភក្តិ ហើយអ្នកចង់ហាត់ឲ្យបានត្រឹមត្រូវ ចំគោលដៅ បន្ថយគ្រោះថ្នាក់ដែលនាំឲ្យអ្នកខាតពេលនោះ អ្នកមិនគួរគិតច្រើនក្នុងការសុំជំនួយពីបុគ្គលិក ឬគ្រូបង្វឹកនៅក្លឹបនោះទេ។ ជាទូទៅ គ្រូបង្វឹករីករាយនឹងផ្តល់ការណែនាំដល់អ្នកនៅពេលដំបូងៗ តែប្រសិនបើអ្នកមានសមត្ថភាពក្នុងការចំណាយ និងចង់បានលទ្ធផលកាន់តែប្រសើរ អ្នកក៏អាចចំណាយលើការហ្វឹកហាត់ផ្ទាល់ខ្លួននៅពេលក្រោយផងដែរ។ 
3.    រកជំនួយពីសមាជិកហាត់ប្រាណនៅក្លឹប៖ តាមការចែករំលែកបទពិសោធន៍ជាច្រើន ការសុំជំនួយពីអ្នកហាត់ប្រាណចាស់ៗនៅទីនោះ គឺជាយោបល់ល្អបំផុត។ ទោះបីជាមិនមែនគ្រប់គ្នានឹងជួយអ្នក តែអ្នកនឹងភ្ញាក់ផ្អើលនៅពេលដឹងថាភាគច្រើនគេពេញចិត្តនឹងជួយអ្នក (ព្រោះគេក៏ធ្លាប់ជាអ្នកថ្មីដូចគ្នា)។ ទោះយ៉ាងណា ត្រូវចៀសវាងការទៅសួរកាត់សង្វាក់គេនៅពេលគេកំពុងហាត់ ឬនាំគេជជែកច្រើនពេក។
4.    ដឹងពីរបៀបរបបនៅក្លឹបហាត់ប្រាណ៖  អ្នកត្រូវស្វែងយល់ពីវប្បធម៌ផ្សេងៗនៅក្លឹបហាត់ប្រាណ ទោះវាមិនបានចែងចេញជាច្បាប់ច្បាស់លាស់ក៏ដោយ ចៀសវាងការទាក់ទាញចំណាប់អារម្មណ៍ និងក្រសែភ្នែកមិនប្រក្រតីពីអ្នកហាត់ផ្សេងទៀត។ នេះជារបៀបរបបខ្លះៗ ដែលអ្នកគួរដឹង៖
-    មានទំនួលខុសត្រូវលើឧបករណ៍ដែលអ្នកប្រើហើយ៖  ត្រូវប្រាកដថាបានយកសម្ភារៈទៅទុកកន្លែងដើម និងបានសម្អាត (ញើស) ក្រោយពីប្រើ ឬហាត់ហើយ។
-    កំណត់ពេលហាត់លើសម្ភារៈ៖ មានឧបករណ៍មួយចំនួន នឹងមានអ្នករង់ចាំហាត់បន្តពីអ្នកជាច្រើន ដូចនេះ ចៀសវាងការប្រើប្រាស់វារយៈពេលយូរពេក ពិសេសពេលមានអ្នកឈរចាំនៅជិតៗនោះ។
-    ចៀសវាងនិយាយទូរស័ព្ទ៖  ប្រសិនមិនចាំបាច់អ្នកមិនគួរនិយាយទូរស័ព្ទទេនៅពេលហាត់ប្រាណ ដែលនាំឲ្យរំខានអ្នកហាត់ផ្សេងទៀត តែបើចាំបាច់ អ្នកអាចទៅនិយាយក្រៅបន្ទប់ហាត់។

គន្លឹះបន្ថែម ដើម្បីផាសុកភាពនៅថ្ងៃដំបូងនៃការហាត់នៅក្លឹប៖
-    ទៅម៉ោងដែលមិនសូវមានអ្នកហាត់ច្រើន៖ ជាទូទៅ នៅព្រឹកព្រលឹម ឬក្រោយសម្រាកអាហារថ្ងៃ ជាម៉ោងដែលមិនសូវមានអ្នកទៅហាត់នោះទេ(អ្នកអាចសួរបន្ថែមពីបុគ្គលិក) ដែលជាពេលល្អសម្រាប់ការចាប់ផ្តើមទម្លាប់នឹងកន្លែងថ្មី ឧបករណ៍ថ្មី និងសកម្មភាពថ្មីរបស់អ្នក។
-    ភ្ជាប់សម្ភារៈស្តាប់តន្ត្រី៖ បើអ្នកទៅចំពេលមមាញឹក អ្នកអាចចៀសមិនផុតពីការត្រូវរង់ចាំហាត់ម៉ាស៊ីនដែលអ្នកត្រូវហាត់នោះទេ។ អំឡុងពេលនេះ អ្នកអាចស្តាប់តន្ត្រីលេង ស្របពេលសង្កេតមើលជុំវិញបន្ថែម ចៀសវាងការអង្គុយឆ្មក់ដោយមិនដឹងធ្វើអ្វី ឬដើរទៅមកដោយមិនមានទិសដៅ។
-    ផ្តោតលើការហាត់របស់អ្នកទៅតាមផែនការ៖ នៅពេលអ្នកផ្តោតលើការសម្រេចការហាត់ជាបន្តបន្ទាប់ អ្នកនឹងមិនមានពេលបែកអារម្មណ៍ និងប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃឡើយ ហើយអ្នកប្រហែលមិនចាប់អារម្មណ៍ផងថា អ្នកហាត់ជិតអ្នកកំពុងធ្វើអ្វី ឬអ្នកណាមើលអ្នកឡើយ។
-    កុំរំពឹងទុកខ្ពស់៖ ការហាត់លើកដំបូងអាចមិនសម្រេចតាមផែនការទាំងស្រុង អ្នកអាចបង្កើតកំហុសខ្លះៗឈឺចាប់ខ្លះ និងមានអារម្មណ៍មិនទាន់ស្រណុកចិត្ត តែត្រូវចាំថាអ្នកណាក៏មានថ្ងៃដំបូងដែរ ហើយគោលដៅរបស់អ្នកនៅពេលនេះ គឺអ្នកនឹងត្រឡប់មកហាត់វិញនៅថ្ងៃបន្ទាប់។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង