Menu

សកម្មភាពងាយៗ បង្កើនការចងចាំកុមារ


សកម្មភាពងាយៗ បង្កើនការចងចាំកុមារ

តើអ្នកគិតថាកូនរបស់អ្នកមានការពិបាកក្នុងការចងចាំព័ត៌មានផ្សេងៗ ឬងាយភ្លេច ប្រសិនបើមានសកម្មភាពណាមួយមកកាត់ផ្តាច់មិនថាជាសកម្មភាពប្រចាំថ្ងៃ ឬការសិក្សារៀនសូត្ររបស់ពួកគេដែរឬទេ? ប្រសិនបើអ្នកជួបបញ្ហាទាំងនេះកើតឡើងលើកូនៗរបស់អ្នក ឬដើម្បីការពារកុំឲ្យបញ្ហាទាំងនេះកើតឡើង សកម្មភាពទាំង៥ខាងក្រោមនេះ ប្រហែលជានឹងអាចជួយបាន៖

ពង្រឹងលើការស្រមើស្រមៃជារូបភាព
លើកទឹកចិត្តដល់កូនរបស់អ្នក ឲ្យចេះបង្កើតរូបភាពក្នុងការគិតរបស់គេនៅពេលពួកគេអាន ឬឮអ្វីមួយ។ ចាប់ផ្តើមដោយឲ្យកូនៗរបស់អ្នកស្រមៃមើល ប្រសិនបើយើងចង់រៀបតុញ៉ាំអាហារសម្រាប់ក្រុមមនុស្ស ៥នាក់ តើតុ និងកៅអីគួរមានរូបរាងយ៉ាងណា? បន្ទាប់មក អាចឲ្យពួកគេគូររូបដែលពួកគេបានគិតនោះចូលក្នុងក្រដាស។ នៅពេលកូនរបស់អ្នកមានការស្រមើស្រមៃបានប្រសើរហើយ អ្នកអាចចាប់ផ្តើមឲ្យពួកគេពិពណ៌នារូបភាពក្នុងក្តីស្រមៃរបស់ពួកគេដោយមិនចាំបាច់មានការគូរទៀតទេ។

លើកទឹកចិត្តឲ្យពួកគេចេះសួរសំណួរ
ដើម្បីជំនួយដល់ការគិតត្រិះរិះរបស់កុមារ មាតាបិតាគ្រប់រូបគួរតែលើកទឹកចិត្តដល់ពួកគេឲ្យសួរជាសំណួរ និងបញ្ចេញមតិយោបល់លើប្រធានបទណាមួយ។ ការធ្វើបែបនេះ អាចឲ្យអ្នកដឹងពីកម្រិតនៃការយល់លើប្រធានបទ និងការចងចាំរបស់កុមារ ថែមទាំងអាចជួយពួកគេបង្កើនការគិតឲ្យបានល្អ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់ពួកគេ។

ច្នៃមេរៀន ឬព័ត៌មាន ជាចង្វាក់ភ្លេង ឬចម្រៀង
ការជួយកូនៗរបស់អ្នក បង្កើតជាចង្វាក់ភ្លេង កំណាព្យ ឬចម្រៀង ពីមេរៀនដែលពួកគេពិបាកក្នុងការចងចាំ អាចជួយពួកគេឲ្យងាយស្រួលទន្ទេញ និងចាំបានរយៈពេលយូរ។ ដោយហេតុថា ខួរក្បាលរបស់មនុស្សម្នាក់ៗមានលក្ខណៈពិសេស អាចចងចាំបានល្អ ចំពោះចង្វាក់ភ្លេង ឬចម្រៀង ដូចនេះ ការច្នៃមេរៀនតាមចង្វាក់ភ្លេង ឬជាចម្រៀងអាចជួយកូនៗរបស់អ្នកឲ្យចងចាំមេរៀនបានល្អ និង ងាយស្រួលក្នុងការរំឭកឡើងវិញ។

ឲ្យពួកគេបង្រៀនអ្នកវិញ
អ្នកអាចលើកទឹកចិត្តឲ្យកូនៗរបស់អ្នកពន្យល់ ឬបង្រៀនអ្វីដែលពួកគេបានសិក្សាពីសាលា ឬព័ត៌មានផ្សេងៗ ដែលពួកគេបានដឹងពីមិត្តភក្តិជាដើម។ អនុញ្ញាតឲ្យពួកគេ បង្កើតជាឧទាហរណ៍ ដោយខ្លួនឯង ឬអាចមានជាសម្ភារៈជាក់ស្តែងជាផ្នែកនៃការបង្រៀន ដើម្បីសម្រួលដល់ការចងចាំ និងការច្នៃប្រឌិតរបស់ពួកគេ។

លេងល្បែងពង្រឹងលើការមើល
ដើម្បីឲ្យការមើល គួបផ្សំនឹងការចងចាំរបស់កុមារមានភាពរហ័សរហួន លោកអ្នកអាចឲ្យកុមារស្វែងរកពាក្យនៅក្នុងអត្ថបទ ដោយមានការកំណត់រយៈពេលការលេងផ្គុំរូបភាព ឬការស្វែងរករូបភាពក្នុងទស្សនាវដ្តីជាដើម។ ម្យ៉ាងទៀត ល្បែងមួយចំនួនក៏ជួយដល់ការចងចាំកុមារដែរ ដូចជាការលេងបៀរក្រដាស (Uno) អាចឲ្យកុមារព្យាយាមចាំច្បាប់នៃការលេង និងសន្លឹកបៀរ របស់ពួកគេ។

មាតាបិតាគ្រប់រូបអាចធ្វើសកម្មភាពទាំងនេះជាមួយកូនៗនៅផ្ទះ ព្រោះក្រៅពីជំនួយដល់ការចងចាំ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់ពួកគេហើយ វាក៏រួមចំណែកបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសាររបស់អ្នក ព្រមទាំងអាចស្វែងយល់ពីតម្រូវការបន្ថែមរបស់កុមារទាំងក្នុងការរៀនសូត្រ និង ការរស់នៅប្រចាំថ្ងៃ។

​©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង