Menu

គន្លឹះជួយឲ្យកូនៗរបស់អ្នក ចូលចិត្តរៀនគណិតវិទ្យា


គន្លឹះជួយឲ្យកូនៗរបស់អ្នក ចូលចិត្តរៀនគណិតវិទ្យា

នៅពេលកូនៗរបស់អ្នកចាប់ផ្តើមចូលសាលា វាមិនមែនជារឿងធម្មតាទេដែលពួកគេ មានការលំបាក ក្នុងការសិក្សាមុខវិជ្ជាគណិតវិទ្យា ហើយពួកគេក៏មិនចូលចិត្តមុខវិជ្ជានេះដែរ។ ប៉ុន្តែ មាតាបិតាទាំងអស់អាចជួយឲ្យពួកគេស្រឡាញ់មុខវិជ្ជានេះ តាមរយៈគន្លឹះខាងក្រោមនេះ ៖

និយាយពីគណិតវិទ្យារាល់ថ្ងៃជាមួយកូនៗរបស់អ្នក
ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង តែងតែប្រើប្រាស់គណិតវិទ្យាសម្រាប់ការងារជាច្រើន។ អ្នកអាចចាប់ផ្តើមដោយ និយាយទៅកាន់កូនៗរបស់អ្នកពីសារសំខាន់របស់គណិតវិទ្យា សម្រាប់ការរស់នៅដែលអាចឲ្យពួកគេវាស់វែងបាន និងភាពពិតជាក់ស្តែង។ ឧទាហរណ៍ ៖ ការគណនាពីរង្វាស់រង្វាល់ ឬចំណុះតាមរយៈការចម្អិនចំណីអាហារឬការកំណត់រយៈពេលចម្អិនជាដើម។ ម្យ៉ាងទៀត ការយល់ដឹងពីរូបរាង ទំហំ ឬមាឌរបស់វត្ថុ ក៏មានសារសំខាន់ដែរ ដោយអ្នកអាចប្រាប់ពួកគេពីរបស់របរប្រើប្រាស់ ឬបន្លែផ្លែឈើជាដើម។

ជួយពួកគេដោះស្រាយកិច្ចការសាលា
តាមដានរាល់ការធ្វើកិច្ចការសាលា និងពិន្ទុរបស់ពួកគេថានៅមានការខ្វះខាតត្រង់ចំណុចណានៃគណិតវិទ្យាដើម្បីជួយពួកគេបន្ថែម។ អ្នកអាចជួយពួកគេដោះស្រាយលំហាត់គណិតវិទ្យាបានដោយមិនផ្ទាល់ តាមរយៈការបង្កើតឧទាហរណ៍សាមញ្ញៗដែលស្រដៀងនឹងលំហាត់របស់ពួកគេ ចៀសវាងការជួយដោះស្រាយលំហាត់ដោយផ្ទាល់ឲ្យពួកគេ។ ម៉្យាងទៀត អ្នកគួរតែជួបគ្រូបង្រៀនផ្ទាល់របស់កូនអ្នក ដើម្បីតាមដានបន្ថែមពីការសិក្សារបស់ពួកគេ។

បង្កើតតារាងពេលវេលា សម្រាប់ការសិក្សា
កូនៗរបស់អ្នកអាចនៅចូលចិត្តលេងច្រើនជាងការសិក្សា តែមាតាបិតាក៏មិនអាចឃុំឃាំងពួកគេពីការលេងច្រើនបានដែរ។ ហេតុនេះហើយ អ្នកគួរតែបង្រៀនពួកគេឲ្យចេះគោរពពេលវេលា ជាពិសេសការរៀនគណិតវិទ្យា ដែលទាមទារឲ្យមានការអត់ធ្មត់ និងអនុវត្តជាប្រចាំ។ ការជួយពួកគេឲ្យមានទម្លាប់ល្អក្នុងការសិក្សា និងមិនធ្វើឲ្យពួកគេធុញនឹងការសិក្សា ព្រមទាំងទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការសិក្សា។  

លេងហ្គេម ដែលបង្កើនចំណាប់អារម្មណ៍លើគណិតវិទ្យា
ការលេងហ្គេម ដូចជាកូនឡុកឡាក់ អាចបង្ហាញប្រាប់ពួកគេ ពីតម្លៃរបស់គណិតវិទ្យាថាពិតជាមានគុណប្រយោជន៍សម្រាប់ពួកគេ ដោយអ្នកអាចសួរពួកគេ ឲ្យប្រាប់ពីចំនួនគ្រាប់ឡុកឡាក់ពេលដែលអ្នកទម្លាក់នៅពេលលេង។ កូនៗរបស់អ្នកនឹងមានសមត្ថភាពប្រាប់ពីចំនួនដោយមិនបាច់រាប់។ សកម្មភាពទាំងនេះ អាចបង្កើតជាបែបបទមូលដ្ឋានដោះស្រាយបញ្ហារបស់ពួកគេ ហើយនឹងជួយពួកគេឲ្យយល់ពីគណិតវិទ្យាកាន់តែស៊ីជម្រៅ។

កុំធ្វើឲ្យពួកគេមានភាពភ័យខ្លាច ចំពោះមុខវិជ្ជានេះ
មានឪពុកម្តាយខ្លះ គិតថាពួកគេមិនពូកែមុខវិជ្ជាគណិតវិទ្យា ហើយវាជារឿងដែលមិនគួរឲ្យកូនរបស់អ្នកដឹងរឿងនេះទេ។ ឪពុកម្តាយជាជនគំរូដែលពួកគេយកតម្រាប់តាម ហេតុនេះ ប្រសិនបើអ្នកប្រាប់កូនៗរបស់អ្នកថាអ្នកមិនពូកែគណិតវិទ្យានោះ អាចចាត់ជាសារដល់ពួកគេថា វាមិនមានបញ្ហាអ្វីទេ ប្រសិនបើមិនពូកែគណិតវិទ្យា ហើយពួកគេនឹងមិនមានភាពភ័យខ្លាចនោះដែរ។

គន្លឹះខ្លីៗខាងលើនេះ គួបផ្សំនឹងការខិតខំជួយពីសំណាក់អ្នកជាមាតាបិតានឹងធ្វើឲ្យកូនៗ មិនគេចវេសពីការរៀនគណិតវិទ្យា តែចាប់ផ្តើមចូលចិត្តរៀន និងស្វែងយល់បន្ថែម។ សំខាន់ជាងនេះទៀត ការជួយពួកគេឆ្លងផុតពីការលំបាក នៅពេលពួកគេនៅតូច នឹងជួយពួកគេនៅពេលធំឡើងព្រោះមុខវិជ្ជានេះ សំខាន់ក្នុងចំណោមមុខវិជ្ជាដទៃ និងចូលរួមយ៉ាងសំខាន់ សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែរ។  

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង