Menu

រលាកថ្លើមប្រភេទ B៖ ប្រឈមមុខខ្ពស់នៅតំបន់អាស៊ី


រលាកថ្លើមប្រភេទ B៖ ប្រឈមមុខខ្ពស់នៅតំបន់អាស៊ី

ជំងឺរលាកថ្លើមប្រភេទ B ត្រូវបានគេរកឃើញ នៅក្នុងឆ្នាំ ១៩៦៥ ដោយជនជាតិអូស្រ្តាលី ហើយវ៉ាក់សាំង ការពារជំងឺនេះ ត្រូវបានគេរកឃើញជាស្ថាពរក្នុងឆ្នាំ១៩៨១។ ក្នុងឆ្នាំ១៩៨៦ វ៉ាក់សាំងនេះ ត្រូវបានគេដាក់ឲ្យប្រើប្រាស់ ទូទាំងពិភពលោក។ ក្នុងឆ្នាំ១៩៩១ អង្គការសុខភាពពិភពលោកបានបញ្ចូលវ៉ាក់សាំងនេះក្នុងកម្មវិធីចាក់ថ្នាំវ៉ាក់សាំងបង្ការលើកុមារ។ យោងតាមសមាគមថ្លើមអាមេរិកាំង ត្រឹមឆ្នាំ២០០៤កុមារដែលមានអាយុពី១៨ខែដល់៣០ខែ លើសពី៩២%បានទទួលវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B។ 

និយមន័យ
ជំងឺរលាកថ្លើមប្រភេទ B ជាជំងឺដែលបង្កឲ្យថ្លើមរលាកតាមរយៈវីរុសរលាកថ្លើមប្រភេទ B។ វីរុសនេះស្ថិតនៅក្នុងក្រុម Hepadnaviruses ដែលជាប្រភេទវីរុសផ្គុំឡើងពីខ្សែ DNA ហើយមានទំហំ៤២ណាណូម៉ែត្រ ប្រហាក់ប្រហែលនឹងមេរោគអេដស៍។

ការចម្លងរោគ
អត្រាឆ្លងមេរោគរលាកថ្លើមប្រភេទ B គឺខ្ពស់ជាងមេរោគអេដស៍ ១០០% ព្រោះមេរោគនេះអាចស្ថិតនៅមជ្ឈដ្ឋានខាងក្រៅ៧ថ្ងៃ ដូចនេះវាអាចឆ្លងទៅមនុស្សដទៃបានយ៉ាងងាយ។ មេរោគនេះ ត្រូវបានចម្លងទៅតាមការប៉ះពាល់ឈាម មានដូចជា៖
•    ឆ្លងពីម្តាយដែលមានមេរោគនេះទៅកូនពេលមានផ្ទៃពោះ និងពេលសម្រាល
•    ឆ្លងតាមការរួមភេទ ជាពិសេសការរួមភេទដូចគ្នា
•    ការប៉ះពាល់ស្បែកមានរបួសទៅនឹងឈាមដែលមានផ្ទុកមេរោគ
•    ការប្រើប្រាស់សឺរ៉ាំងរួមគ្នា (អ្នកប្រើគ្រឿងញៀន) ការបញ្ចូលឈាមដែលមានផ្ទុកមេរោគស្រាប់
•    ការប្តូរសរីរាង្គពីអ្នកផ្ទុកមេរោគថ្លើមប្រភេទ B។

រោគសញ្ញា
ពេលឆ្លងមេរោគនេះដំបូង មិនមានរោគសញ្ញាណាគួរកត់សម្គាល់ទេ។ រោគសញ្ញាដែលគេជួបញឹកញាប់មានដូចជាឈឺក្បាល ឈឺដៃជើង ទ្រោមខ្លួន ដូចនឹងជំងឺផ្តាសាយដែរ ហើយរោគសញ្ញាទាំងនេះ បាត់ទៅវិញក្នុងរយៈពេល២ទៅ៣ថ្ងៃប៉ុណ្ណោះ។

រយៈពេលសម្ងំរបស់វាចន្លោះពី ៣០ទៅ១៨០ថ្ងៃ បើគិតជាមធ្យមគឺ៧០ថ្ងៃ ហើយជាទូទៅ ៩០%នៃអ្នកឆ្លងជំងឺនេះ នឹងជាទៅវិញដោយខ្លួនឯង និងបង្កើតអង់ទីក័រការពារខ្លួនបាន ឯ១០%ទៀតនឹងវិវឌ្ឍទៅជាជំងឺរលាកថ្លើមរ៉ាំរ៉ៃ។ ក្នុងនោះ១%នៃអ្នកវិវឌ្ឍទៅជាជំងឺរលាកថ្លើមរ៉ាំរ៉ៃ អាចវិវឌ្ឍបន្តទៅជាក្រិនថ្លើម។

យ៉ាងណាមិញ ការវិវឌ្ឍនៃជំងឺរលាកថ្លើម គឺមិនមានស្តែងចេញជារោគសញ្ញាទៅតាមដំណាក់កាលនីមួយៗនោះទេ ហើយរោគសញ្ញាដែលទាក់ទងនឹងថ្លើម នឹងលេចចេញនៅពេលដែលថ្លើមបានខូចខាតក្នុងកម្រិតធ្ងន់ធ្ងរទៅហើយ។ រោគសញ្ញាទាំងនោះរួមមាន ការឡើងលឿង ទាចទឹក ថ្លើមរឹងឬក្រិន ទឹកនោមតិចនិងឡើងលឿងចាស់ជាដើម។

ការធ្វើរោគវិនិច្ឆ័យ
ជំងឺរលាកថ្លើមប្រភេទ B ត្រូវបានធ្វើរោគវិនិច្ឆ័យតាមរយៈការធ្វើតេស្តឈាមរកមេរោគនេះនៅក្នុងឈាម។ តេស្តដែលត្រូវធ្វើរួមមាន ការរកអង់ទីហ្សែន HBs អង់ទីក័រ anti-HBs អង់ទីហ្សែន HBe អង់ទីក័រ anti-HBe និងអង់ទីក័រ anti-HBc IgM, anti-HBc IgG៖
•    វត្តមាននៃអង់ទីហ្សែន HBs បានន័យថា អ្នកជំងឺមានវត្តមានរបស់មេរោគនេះនៅក្នុងឈាម។
•    វត្តមាននៃអង់ទីក័រ anti-HBs បានន័យថាអ្នកជំងឺមានប្រព័ន្ធការពារមេរោគថ្លើមប្រភេទ B រួចហើយ។
•    វត្តមាននៃអង់ទីហ្សែន HBe បានន័យថា អ្នកជំងឺកំពុងឆ្លងមេរោគ។
•    វត្តមានអង់ទីក័រ anti-HBe មានន័យថា អ្នកជំងឺអាចកំពុងមានមេរោគនៅក្នុងខ្លួនដែលវត្តមានអង់ទីហ្សែន HBs វិជ្ជមានឬកំពុងវិវឌ្ឍទៅរកភាពជាសះស្បើយបើអង់ទីហ្សែន HBs អវិជ្ជមាន។
•    វត្តមាននៃអង់ទីក័រ anti-HBc IgM បានន័យថាអ្នកជំងឺទើបនឹងឆ្លងមេរោគថ្មីៗ
•    វត្តមាននៃអង់ទីក័រ anti-HBc IgG បានន័យថាអ្នកជំងឺធ្លាប់មានមេរោគឆ្លង។

ក្រៅពីនេះ មានការធ្វើតេស្តរក Transaminase ដើម្បីដឹងពីសភាពខូចខាតរបស់ថ្លើម។ ក្នុងករណីដែលមានវត្តមានមេរោគ ការរាប់ DNA និងសម្បកមេរោគអង់ទីហ្សែន HBs ក៏ត្រូវបានធ្វើបន្ថែម ដើម្បីកំណត់ការព្យាបាល។

ការព្យាបាល
ជំងឺរលាកថ្លើមប្រភេទ B តម្រូវឲ្យព្យាបាលឬមិនចាំបាច់ព្យាបាល គឺអាស្រ័យទៅលើលទ្ធផលនៃការធ្វើតេស្តឈាម៖
•    ករណី Transaminase ធម្មតា និងចំនួនមេរោគមិនឡើងអ្នកជំងឺប្រភេទនេះ ត្រូវបានចាត់ទុកថាជាអ្នកផ្ទុកដែលមិនឈឺ (Inactive carrier)និងមិនតម្រូវឲ្យព្យាបាលទេ
•    ករណី Transaminase កើនឡើង និងចំនួនមេរោគច្រើនអ្នកជំងឺប្រភេទនេះ តម្រូវឲ្យធ្វើការព្យាបាលតែអត្រាជាសះស្បើយមានចំនួនតិចតួច។

គោលបំណងនៃការព្យាបាល គឺ
•    ទប់ស្កាត់ការកើនឡើងខ្លាំងនៃចំនួនមេរោគក្នុងឈាមដែលងាយឆ្លងអ្នកដទៃ
•    បន្ថយចំនួនមេរោគដែលមានក្នុងឈាមស្រាប់ និងមិនឲ្យត្រឡប់ចូលទៅស៊ីសាច់ថ្លើមវិញ
•    រក្សាសាច់ថ្លើមពីក្រិននិងមហារីក។

ឱសថដែលប្រើក្នុងការព្យាបាលមានពពួក Antiviral ដែលត្រូវប្រើជាប់រហូតដល់អ្នកជំងឺអាចបង្កើតប្រព័ន្ធការពារ។ យន្តការនៃការព្យាបាលនេះគឺ Antiviral នឹងសម្លាប់មេរោគក្នុងសរសៃឈាមដែលអាចត្រឡប់ទៅបំផ្លាញកោសិកាថ្លើមបាន។

មួយវិញទៀត ជំងឺនេះក៏អាចព្យាបាលដោយ ប្រើថ្នាំចាក់Peginterferon alfa 2a ប្រើក្នុងរយៈពេល៤៨សប្តាហ៍។ ថ្នាំនេះអាចប្រើបានតែលើអ្នកជំងឺដែលមានសាច់ថ្លើមល្អ អង់ទីហ្សែន HBs តិចជាង 1500UI, DNAមិនមានឬមានតិចតួច។ ការព្យាបាលដោយថ្នាំចាក់ប្រភេទនេះ អាចមានអត្រាជាប្រហែល ៥៨%។
•    ករណីអ្នកជំងឺដែលមានសញ្ញាថ្លើមរឹង ឬក្រិន ការព្យាបាលអ្នកជំងឺប្រភេទនេះ ត្រូវធ្វើឡើងដោយប្រើថ្នាំលេប (Antiviral )យូរអង្វែងច្រើនឆ្នាំ ដើម្បីបន្ថយចំនួនមេរោគក្នុងឈាមនិងកាត់បន្ថយការបំផ្លាញកោសិកាថ្លើមពីមេរោគ។

ការបង្ការ
ចំពោះអ្នកដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ B ៖
•    ត្រូវចៀសវាងការពិសាស្រា ជក់បារី
•    ហាមប្រើប្រាស់ច្រាស់ដុសធ្មេញរួមជាមួយអ្នកដទៃ
•    មិនត្រូវផ្តល់ឈាម
•    ការពារដោយប្រើស្រោមអនាម័យនៅពេលរួមភេទ
•    ត្រូវហាត់ប្រាណឲ្យបានទៀងទាត់ និងរបបហូបចុកគ្រប់គ្រាន់ដើម្បីបង្កើនការពារឲ្យបានរឹងមាំ
•    ត្រូវជួបប្រឹក្សាជាមួយគ្រូពេទ្យចំពោះអ្នកដែលមិនមានវត្តមានមេរោគ និងអង់ទីក័រត្រូវចាក់
វ៉ាក់សាំងការពារ។ ម្យ៉ាងទៀត អ្នកដែលតម្រូវឲ្យចាក់វ៉ាក់សាំងនេះជាចាំបាច់គឺ ក្មេងដែលកើតពីម្តាយមានមេរោគរលាកថ្លើមប្រភេទ B។ ទារកកើតមកភ្លាមត្រូវចាក់ព្រមគ្នានូវប្រព័ន្ធការពារនិងថ្នាំវ៉ាក់សាំង។

ការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម ត្រូវធ្វើឡើង៣ដង និងមាន៣ជម្រើស៖
•    ជម្រើសទី១៖ ០, ១, ២ ខែ
•    ជម្រើសទី២៖ ០, ១, ៦ ខែ
•    ជម្រើសទី៣ សម្រាប់អ្នកដែលប្រឈមខ្លាំង៖ ចាក់៣ដងក្នុង១ខែដំបូង។

ក្រោយការចាក់វ៉ាក់សាំងគ្រប់ចំនួន នឹងមានការចាក់រំលឹកក្រោយរយៈពេល១ឆ្នាំ ហើយ២ទៅ៣ឆ្នាំក្រោយ ត្រូវធ្វើការត្រួតពិនិត្យមើលកម្រិតអង់ទីក័រក្នុងឈាម បើមានគ្រប់គ្រាន់ គឺមិនចាំបាច់ចាក់បន្ថែមទេ តែបើមិនគ្រប់គ្រាន់ គឺចាំបាច់ត្រូវចាក់រំលឹក។

ការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោយក្រសួងសុខាភិបាលបានដាក់បញ្ចូលការចាក់វ៉ាក់សាំងនេះទៅក្នុងកម្មវិធីជាតិចាក់វ៉ាក់សាំងសម្រាប់កុមារនិងទារកតាំងពីឆ្នាំ២០០០ម្ល៉េះ ដើម្បីការពារសុខភាពកុមារ។

ផលវិបាក
ប្រសិនបើគ្មានការព្យាបាលទេ ជំងឺរលាកថ្លើមប្រភេទ B នឹងវិវឌ្ឍទៅរកជំងឺរលាកថ្លើមរ៉ាំរ៉ៃ (Fibrose) ដែលក្នុងនោះ៥០%នឹងវិវឌ្ឍទៅរកក្រិនថ្លើមនិងចុងក្រោយគឺមហារីកថ្លើម តែ៥០%ផ្សេងទៀតនឹងវិវឌ្ឍទៅជំងឺមហារីកថ្លើមតែម្តង។

កត្តាជម្រុញឲ្យទៅជាជំងឺក្រិនថ្លើម និងមហារីកថ្លើមនេះ មានដូចជា៖
•    ហូបចុកមិនបានគ្រប់គ្រាន់
•    សម្រាកមិនបានគ្រប់គ្រាន់
•    ពិសាស្រា ជក់បារីច្រើនពេក។

មួយវិញទៀត ការវិវឌ្ឍនៃជំងឺនេះក៏អាស្រ័យទៅលើចំនួនមេរោគផងដែរ។ បើមេរោគមានចំនួនកាន់តែច្រើន នោះការវិវឌ្ឍនេះក៏កាន់តែលឿនផងដែរ។ ម្យ៉ាងទៀត អត្រាស្លាប់ដោយជំងឺនេះគឺកើនឡើងទៅតាមអាយុរបស់អ្នកជំងឺ៖
•    អ្នកផ្ទុកមេរោគដែលមានអាយុតិចជាង១៩ឆ្នាំ នៅមិនទាន់មានរបាយការណ៍បង្ហាញពីករណីស្លាប់នៅឡើយទេ។
•    អ្នកផ្ទុកមេរោគដែលមានអាយុពី ២០ទៅ២៩ឆ្នាំ មានអត្រាមរណៈតិចតួច
•    អ្នកផ្ទុកមេរោគដែលមានអាយុពី៣០ទៅ៦៤ឆ្នាំ មានអត្រាមរណៈកើនឡើងតាមអាយុ
•    អ្នកផ្ទុកមេរោគដែលមានអាយុច្រើនជាង៦៤ឆ្នាំ មានអត្រាមរណៈខ្ពស់រហូតដល់៦៥%។

បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សុខ ហ៊ាង ឯកទេសក្រពះ ពោះវៀន ថ្លើមនៃមន្ទីរពេទ្យព្រះកុសុមៈ...

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង