កាន់តែច្បាស់ពីជំងឺរលាកស្រោមខួរ
ជំងឺរលាកស្រោមខួរក្បាល ជាការរលាកស្រទាប់ការពារដែលនៅជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង ហើយវាបង្កឡើងដោយមេរោគខុសៗគ្នា ដូចជា ពពួកបាក់តេរី និងវីរុស។ ក្រៅពីនេះ ជំងឺរលាកស្រោមខួរក្បាលក៏អាចបណ្តាលមកពីការចម្លងរោគពីសរីរាង្គផ្សេងទៀតនៃរាងកាយ ដោយមេរោគទាំងនោះបានធ្វើដំណើរតាមចរន្តឈាមទៅកាន់ស្រទាប់ខួរក្បាល។
តើអ្វីជាអ្នកបង្កជំងឺរលាកស្រោមខួរ?
ជាទូទៅ ជំងឺរលាកស្រោមខួរក្បាល ចែកជាពីរប្រភេទដែលអាចជាការបង្ករោគដោយពពួកបាក់តេរី និងវីរុស។
បាក់តេរី៖
មានប្រភេទបាក់តេរីជាច្រើនក្នុងការបង្ករោគដែលវាប្រែប្រួលទៅតាមអាយុរបស់កុមារ៖
• ប្រភេទបាក់តេរីក្រុម B Streptococcus, Escherichia coli នឹង Listeria អាចងាយកើតឡើងចំពោះទារកដែលទើបនឹងកើត។
•កុមារដែលមានអាយុចាប់ពី ១ខែឡើងទៅអាចប្រឈមការបង្ករោគជាញឹកញាប់ដោយពពួកបាក់តេរី Streptococcus pneumoniae, Haemophilus influenza type B (Hib) និង Neisseria meningitidis។ គេសង្កេតឃើញមានការថយចុះនូវជំងឺរលាកស្រោមខួរក្បាលបង្ករោគដោយពពួក Hib ដោយមានការប្រើប្រាស់នូវវ៉ាក់សាំងជាប្រចាំចំពោះកុមារ។
វីរុស៖
វីរុសទូទៅដែលបង្កជាជំងឺរលាកស្រោមខួរក្បាលស្ថិតក្នុងគ្រួសារ Enterovirus។ វាជាប្រភេទវីរុសដែលងាយចម្លងដោយផ្ទាល់តាមរយៈលាមកដូចជាពេលផ្លាស់ប្តូរខោទឹកនោម ឬដោយប្រយោល តាមរយៈទឹកមិនស្អាត ម្ហូបអាហារ និងផ្ទៃខាងក្រោម។ មានប្រភេទវីរុសមួយចំនួនទៀតផងដែរ ដែលអាចបង្ករោគតាមដំណក់ទឹកក្នុងបរិយាកាស ការប៉ះពាល់ផ្ទាល់ កំឡុងពេលសម្រាលកូន ឬតាមការខាំរបស់សត្វ(ឆ្កែដែលមានជំងឺ) ឬសត្វល្អិត (មូស ឬចៃ)។
ការកំណត់ឲ្យច្បាស់ពីប្រភពនៃការចម្លងរោគជាការចាំបាច់ ដោយហេតុថាជំងឺរលាកស្រោមខួរក្បាលដែលបង្កដោយពពួកបាក់តេរី ជាជំងឺធ្ងន់ធ្ងរដែលត្រូវការការព្យាបាលឲ្យទាន់ពេលវេលា បើមិនដូច្នេះទេ វាអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ឬបាត់បង់នូវសមត្ថភាពនៃការស្តាប់ និងការរៀនសូត្ររបស់កុមារ។ ផ្ទុយទៅវិញ ជំងឺដែលបង្កដោយពពួកវីរុស ជាជំងឺស្រាលពុំបណ្តាលឲ្យមានបញ្ហា ឬស្លាប់ឡើយ។
តើអ្វីខ្លះជាកត្តាប្រឈម?
ពពួកបាក់តេរី ជាធម្មតារស់នៅដោយមិនបង្កជារោគសញ្ញានៅក្នុងបំពង់ក ដែលអាចឆ្លងទៅកាន់មនុស្សដទៃទៀតតាមការក្អក កណ្តាស់ និងថើប។
កុមារដែលមានអាយុនៅក្រោម ១៨ខែមានការប្រឈមខ្ពស់ទៅនឹងការកើតជំងឺរលាកស្រោមខួរនេះដោយសារប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់ពួកគេពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយជំងឺនៅឡើយ។
ចំណែកកត្តាប្រឈមផ្សេងទៀតអាចមកពីការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺរលាកស្រោមខួរក្បាល អ្នកមានជំងឺរលាកត្រចៀក ឬច្រមុះ ការធ្វើដំណើរទៅកាន់កន្លែងដែលមានមេរោគ (sub-Saharan Africa) ការប៉ះទង្គិចក្បាល បញ្ហាប្រព័ន្ធភាពស៊ាំ ការកែតម្រូវ cochlear (ផ្នែកក្នុងត្រចៀក) និងបម្រែបម្រួលសរីរាង្គផ្សេងៗ។
តើរោគសញ្ញាកើតមានដូចម្តេច?
ពុំមានលក្ខណៈខុសគ្នារវាងរោគសញ្ញានៃជំងឺបង្កដោយបាក់តេរី ឬវីរុសនោះទេ យ៉ាងណាមិញ រោគសញ្ញាតែមួយផ្នែក គេមិនទាន់អាចបែងចែកថាជាជំងឺបង្កដោយបាក់តេរី ឬវីរុសបានច្បាស់នោះទេ។ រោគសញ្ញាដែលអាចស្តែងចេញជាទូទៅមានដូចជា៖
•ទារកអាចមានអាការៈគ្រុនក្តៅ រួមជាមួយការមិនឃ្លានអាហារ ក្អួត រាក និងស្បែកឡើងកន្ទួល។ ករបស់កុមារអាចប្រែទៅជារឹង ឬលលាដ៍ក្បាលទន់ អស់កម្លាំង ឬល្ហិតល្ហៃ។
•ជង្គង់បត់ឡើងទៅកាន់ដងខ្លួនភ្លាមៗ នៅពេលបត់កទៅខាងមុខ ដែលហៅថា Brudzinski sign។
•មិនអាចពន្លាជើងឆ្វេងឲ្យត្រង់ នៅពេលពត់ចង្កេះ ៩០ដឺក្រេ ហៅថា Kernig sign។
• ប្រកាច់ និងថយចុះការចងចាំ។
•មានកើតកន្ទួលក្រហមនៅលើស្បែកពីរប្រភេទ គឺ Petechiae (រូបភាពទី១) និង Purpura (រូបភាពទី២)។
•ចំណែករោគសញ្ញានៃជំងឺបង្កដោយពពួកវីរុស អាចស្រដៀងទៅនឹងជំងឺគ្រុនផ្តាសាយ ដូចជាក្តៅខ្លួន ឈឺសាច់ដុំ ហៀរសំបោរ និងក្អកជាដើម។
តើរោគវិនិច្ឆ័យធ្វើឡើងយ៉ាងដូចម្តេច?
ការបង្ករោគដោយបាក់តេរី ទាមទារឲ្យមានការព្យាបាលឲ្យបានទាន់ពេលវេលា ហើយត្រូវមានការកំណត់នូវរោគសញ្ញាឲ្យបានច្បាស់ មុនពេលធ្វើរោគវិនិច្ឆ័យ។ ខាងក្រោមនេះជាតេស្តដែលត្រូវបានណែនាំនិងអនុវត្តច្រើននៅក្នុងមន្ទីរពេទ្យផ្នែកសង្គ្រោះបន្ទាន់៖
•ការបណ្តុះមេរោគក្នុងឈាម ៖ ឈាមត្រូវបានយកមកវិភាគដោយប្រើវិធីសាស្រ្តក្នុងការបណ្តុះរកប្រភេទមេរោគដែលអាចមានវត្តមានក្នុងឈាមចំពោះអ្នកជំងឺ (ជាទូទៅ ឈាមមិនត្រូវមានវត្តមានបាក់តេរីនោះទេ)។ លទ្ធផលនេះអាចជម្រុញឲ្យមានការប្រើប្រាស់ថ្នាំផ្សះបានត្រឹមត្រូវ។
•ការបូមយកទឹកខួរឆ្អឹងខ្នង (Lumbar puncture)៖ ទឹកខួរឆ្អឹងខ្នងត្រូវបានបូមយកនៅតាមបណ្តោយឆ្អឹងខ្នងដោយប្រើប្រាស់ម្ជុលម្យ៉ាងសម្រាប់យកមកធ្វើការវិភាគរកវត្តមានមេរោគ មុននឹងសម្រេចចិត្តជ្រើសរើសយកថ្នាំផ្សះក្នុងការព្យាបាល។
•ការថតខួរក្បាល (CT scan)៖ ជាវិធីសាស្រ្តដែលត្រូវបានគេប្រើប្រាស់មុននឹងឈានដល់ការបូមយកទឹកខួរឆ្អឹងខ្នង។ គោលបំណងចម្បងរបស់វិធីសាស្រ្តនេះ គឺដើម្បីធានាបានសុវត្ថិភាពនៅពេលបូមយកទឹកខួរឆ្អឹងខ្នង ពីព្រោះរោគសញ្ញារបស់កុមារខ្លះអាចបណ្តាលមកពីការប៉ះទង្គិច ឬសម្ពាធក្នុងខួរក្បាល។
តើការព្យាបាលមានអ្វីខ្លះ?
ការព្យាបាលគឺអាស្រ័យទៅលើប្រភេទនៃការបង្កជំងឺថាតើជាពពួកបាក់តេរី ឬវីរុស។ យ៉ាងណាមិញ ការបែងចែកនូវប្រភេទការបង្ករោគឲ្យកាន់តែច្បាស់ គឺត្រូវរង់ចាំនូវលទ្ធផលនៃការការធ្វើរោគវិនិច្ឆ័យដែលប្រើប្រាស់រយៈពេល៤៨ ទៅ ៧២ ម៉ោង ដូច្នេះអ្នកជំងឺត្រូវបានព្យាបាលដោយថ្នាំផ្សះជាមុន ទោះបីស្ថិតក្នុងអំឡុងពេលរង់ចាំក៏ដោយ ពីព្រោះការយឺតយ៉ាវក្នុងការទទួលបានការព្យាបាលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។
•ចំពោះជំងឺបណ្តាលមកពីបាក់តេរី៖ ជាប្រភេទធ្ងន់ធ្ងរដែលការព្យាបាលត្រូវធ្វើឡើងក្នុងមន្ទីរពេទ្យដោយប្រើប្រាស់ថ្នាំផ្សះតាមការចាក់បន្ថែមផងដែរនូវជំនួយសម្រាប់ការដកដង្ហើម ការរក្សាស្ថេរភាពនៃសម្ពាធឈាម ការពារការហូរឈាម និងចៀសវាងកុំឲ្យមានការបាត់បង់ជាតិទឹក។
រយៈពេលនៃការប្រើប្រាស់ថ្នាំផ្សះប្រែប្រួលពឹងផ្អែកលើលទ្ធផលនៃការធ្វើរោគវិនិច្ឆ័យ៖
-ប្រសិនបើលទ្ធផលអវិជ្ជមាន ការព្យាបាលដោយថ្នាំផ្សះត្រូវបានបញ្ឈប់បន្ទាប់ពី ៤៨ ទៅ ៧២ម៉ោង។
-ប្រសិនបើលទ្ធផលវិភាគវិជ្ជមាន ត្រូវប្រើប្រាស់ថ្នាំផ្សះដែលត្រូវនឹងប្រភេទមេរោគ ហើយអាចប្រើប្រាស់រយៈពេល ៧ ទៅ ២១ថ្ងៃ ឬលើសពីនេះ។
•ចំពោះជំងឺបណ្តាលមកពីវីរុស៖ កុមារត្រូវសម្រាកឲ្យបានច្រើន ផ្តល់ជាតិទឹកឲ្យបានគ្រប់គ្រាន់ ឬចាក់បញ្ចូលជាតិទឹក និងការព្យាបាលអាការៈក្តៅខ្លួន ឬឈឺក្បាលដោយប្រើប្រាស់Paracetamol ឬ Ibuprofen។
តើមានវិធីសាស្រ្តក្នុងការការពារអ្វីខ្លះ?
•វ៉ាក់សាំង៖ វ៉ាក់សាំងប្រភេទ pneumococcal meningococcal និងHaemophilus influenzae ប្រភេទ B (Hib) ត្រូវបានប្រើប្រាស់ ចំពោះកុមារជាប្រចាំ សម្រាប់បង្ការពីការបង្ករោគដោយពពួកបាក់តេរី មិនតែប៉ុណ្ណោះ វាក៏អាចបង្ការពីជំងឺបង្កដោយវីរុសដូចជា ជំងឺគ្រុនស្វិតដៃជើង ជំងឺផ្តាសាយ ជំងឺអុតស្វាយ ជំងឺកញ្រ្ជឹល និងជំងឺ
ស្រឡទែនផងដែរ។
•ការប្រើថ្នាំផ្សះ៖ វាជាមធ្យោបាយល្អមួយដែលត្រូវបានណែនាំឲ្យប្រើប្រាស់សម្រាប់បុគ្គលដែលមានទំនាក់ទំនងផ្ទាល់ជាមួយកុមារដែលមានជំងឺរលាកស្រោមខួរក្បាល ហើយការប៉ះពាល់ផ្ទាល់នេះ គឺលើសពី ៤ម៉ោង ក្នុងរយៈពេលយ៉ាងតិច៥ ទៅ៧ថ្ងៃមុនពេលកុមារចេញរោគសញ្ញា។
•ការពារការចម្លង៖ ក្រុមគ្រួសាររបស់កុមារដែលមានជំងឺរលាកស្រោមខួរក្បាល គួរតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនកុំឲ្យឆ្លងជំងឺមានដូចជា លាងដៃបន្ទាប់ពីប៉ះពាល់ កុំប្រើប្រាស់របស់របរជាមួយគ្នា ខ្ទប់មាត់កុមារពេលក្អកម្តងៗ។ អ្នកគួរអនុវត្តរបៀបនេះជាប្រចាំ រហូតដល់កុមារបាត់រោគសញ្ញា (ក្តៅខ្លួន រាក កន្ទួលរមាស់)។
តើមានផលវិបាកអ្វីខ្លះចំពោះកុមារ?
•កុមារអាចជាសះស្បើយពីជំងឺដែលបណ្តាលមកពីពពួកបាក់តេរី ប៉ុន្តែពួកគេអាចប្រឈមនឹងការបាត់បង់សមត្ថភាពមួយចំនួនដូចជា វិបត្តិក្នុងការមើល ខ្សោយការស្តាប់ ប្រកាច់ ពិការ និងថយចុះនូវមុខងាររបស់ខួរក្បាល។
•ចំពោះករណីជំងឺរលាកស្រោមខួរបង្កពីវីរុសវិញ ពុំមានចោទជាបញ្ហាគួរឲ្យកត់សម្គាល់នោះទេ ដោយជាធម្មតាពួកគេអាចទទួលបានការព្យាបាលនៅផ្ទះហើយនឹងជាសះស្បើយក្នុងរយៈពេល ២អាទិត្យ។
បកស្រាយដោយលោកវេជ្ជបណ្ឌិត វ៉ាន សុខជា វេជ្ជបណ្ឌិតឯកទេសជំងឺកុមារ នៅផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកុមារជាតិ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ