ឧបករណ៍ហាត់ប្រាណមិនមែនសុទ្ធតែថ្លៃឯណា៎...
ហេលស៍ថាម សូមណែនាំឧបករណ៍ហាត់ប្រាណល្អៗ ហើយមានតម្លៃសមរម្យ តែប្រសិទ្ធភាពល្អ ដែលគួរមាននៅផ្ទះ និងកាន់តែពិសេសគឺការច្នៃសម្ភារៈដែលមានស្រាប់នៅផ្ទះដើម្បីហាត់ប្រាណផងដែរ។ដូចនេះ អ្នកក៏មិនចាំបាច់បារម្ភពីការចំណាយលើឧបករណ៍ហាត់ប្រាណថ្លៃបានហើយ។
ឧបករណ៍ហាត់ប្រាណងាយៗដែលគួរមាននៅផ្ទះ៖
1.កម្រាល Yoga
ចំពោះអ្នកដែលចូលចិត្តធ្វើចលនាយោគៈ អ្នកអាចទិញកម្រាល សម្រាប់ហាត់នៅផ្ទះក៏បាន។ មានកម្រាលនេះនៅផ្ទះ មិនសម្រាប់តែធ្វើចលនាយោគៈតែមួយមុខទេ តែសម្រាប់ធ្វើលំហាត់ប្រាណផ្សេងៗ សម្រាប់អង្គុយលេង ឬគេងលេងពេលអ្នកមានអារម្មណ៍ធុញថប់ក៏បាន ព្រោះកម្រាលនេះមានភាពទន់ និងមិនរអិល។
2.ដុំដែក
វាមានទម្ងន់ចាប់ពីកន្លះគីឡូ ដែលអាចឲ្យអ្នករើសបាន ដោយសារតម្លៃអាចទទួលយកបាន និងជាឧបករណ៍ដែលផ្តល់អត្ថប្រយោជន៍ច្រើនដែរនោះ ទើបអ្នកគួរតែមានវាទុកនៅផ្ទះ។ ចំពោះអ្នកដែលចង់បានសាច់ដុំធំៗ គួរតែយកដុំដែកប្រភេទធ្ងន់ល្មម ចំណែកអ្នកដែលចង់ហាត់ដើម្បីបានស្បែកហាប់ណែន គួរយកស្រាលបន្តិចបានហើយ។
3.កងបង្វិល
វាមានជាប្រភេទឈើផ្តៅ ឬជ័រផ្លាស្ទិច ល្អសម្រាប់អ្នកដែលចង់បានចង្កេះស្អាត។ វាជាឧបករណ៍ដែលមានភាពងាយស្រួលក្នុងការធ្វើសកម្មភាព និងមិនប្រកាន់ថាប្រុស ឬស្រីប្រើទេ។ អ្នកអាចបង្វិលក្នុងផ្ទះ និងអាចហាត់បណ្តើរ មើលទូរទស្សន៍ ឬចុចទូរស័ព្ទលេងបណ្តើរក៏បាន។
4.ខ្សែយឺត (Resistance Bands)
ជាប្រភេទខ្សែដែលមានលក្ខណៈយឺត ហាត់បានទាំងដៃទាំងជើង។ វាជួយពង្រឹងសាច់ដុំឲ្យកាន់តែរឹងមាំ ជាពិសេសសាច់ដុំភ្លៅ ស្មា និងទ្រូង។ ម្យ៉ាងទៀតអ្នកអាច ប្រើខ្សែនេះជាមួយឧបករណ៍ផ្សេងទៀត តាមប្រភេទនៃការហាត់ដែលអ្នកចង់បាន។
5.ខ្សែលោត (Jump Rope)
ការហាត់ប្រាណតាមបែបលោតអាចជួយអ្នកដុតកាឡូរីបានច្រើនហើយអ្នកអាចហាត់ក្នុងបន្ទប់គេងក៏បានព្រោះមិនតម្រូវទីកន្លែងធំទេ។ វាជាឧបករណ៍តូច ស្រាល និងងាយស្រួលទុកដាក់។ ការលោតជួយឲ្យឆ្អឹងរឹងមាំ និងខួរក្បាលដំណើរការបានល្អ។
6.បាល់ (Stability Ball)
វាជាប្រភេទឧបករណ៍មួយកំពុងពេញនិយមដែរ ព្រោះវាមានលក្ខណៈពិសេសលើសពីបាល់ធម្មតា។ ទំហំវាធំ អាចទ្រទម្ងន់ខ្លួនយើងបាន ហើយមានភាពទន់ និងងាយស្រួលប្រើ អ្នកនឹងទទួលបានភាពរីករាយពេលប្រើវាសម្រាប់ហាត់ប្រាណនៅផ្ទះ។ ក្រៅពីនេះ តម្លៃរបស់វាក៏ទទួលយកបាន ហើយមានគុណប្រយោជន៍ជាច្រើនដូចជា ជួយដល់ប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំ។
គួរបញ្ជាក់ផងដែរថា ឧបករណ៍ខាងលើនេះ អ្នកអាចរកទិញបានតាមហាងលក់សម្ភារៈកីឡា ឬបណ្ណាគារជាដើម។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ