Menu

វិធីសាស្ត្រ ៥យ៉ាងធ្វើឲ្យកូនលូតកម្ពស់លឿនតាមបែបធម្មជាតិ


វិធីសាស្ត្រ ៥យ៉ាងធ្វើឲ្យកូនលូតកម្ពស់លឿនតាមបែបធម្មជាតិ

ឪពុកម្តាយគ្រប់រូបតែងប្រាថ្នាចង់ឲ្យកូនរបស់ពួកគេលូតលាស់ធំធាត់ប្រកបដោយសុខភាពល្អ ទាំងផ្នែករាងកាយ និងបញ្ញាស្មារតី។ ក្នុងចំណោមការលូតលាស់ផ្នែកកាយសម្បទា កម្ពស់របស់កុមារក៏ជាចំណុចមួយដែលលោកអ្នកគួរយកចិត្តទុកដាក់ដោយការលូតលាស់នេះមានទំនាក់ទំនងមួយផ្នែកធំទៅនឹងហ្សែន រួមទាំងទម្លាប់ក្នុងការបរិភោគ និងការរស់នៅប្រចាំថ្ងៃរបស់កុមារផងដែរ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលលោកអ្នកអាចអនុវត្តដើម្បីឲ្យកូនលូតកម្ពស់លឿនតាមបែបធម្មជាតិ៖

១. ទម្លាប់ញ៉ាំអាហារដែលល្អសម្រាប់សុខភាព
ការញ៉ាំអាហារដែលផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាផ្នែកមួយសំខាន់ដែលកុមារគួរតែទទួលបានជាប្រចាំដើម្បីការលូតកម្ពស់របស់ពួកគេ។ សារពាង្គកាយរបស់កុមារ ជាពិសេសឆ្អឹង ត្រូវការសារធាតុចិញ្ចឹមចាំបាច់ដើម្បីធានាដល់ការលូតលាស់។ ក្នុងចំណោមសារធាតុជាច្រើន ប្រូតេអុីនជាចំណែកមួយដែលចូលរួមក្នុងការធ្វើឲ្យឆ្អឹងលូតលាស់បានល្អ ដោយលោកអ្នកអាចផ្តល់ឲ្យកូនបានតាមរយ:ការឲ្យពួកគេបរិភោគអាហារមួយចំនួនដូចជា ស៊ុត និងសណ្តែកសៀង។ល។ លើសពីនេះទៅទៀត អ្នកត្រូវធានាថា កូនអ្នកទទួលបាននូវវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់ ពីអាហារដែលពួកគេបរិភោគប្រចាំថ្ងៃដូចជា មើមការ៉ុត ផ្លែស្វាយ និងស្ពៃ Spinach។

២. ធ្វើលំហាត់ប្រាណ
ក្រៅពីជួយការពារកុមារពីជំងឺធាត់ ការធ្វើលំហាត់ប្រាណទៀងទាត់ក៏ជាផ្នែកមួយដែលអាចជួយឲ្យឆ្អឹង និងសាច់ដុំលូតលាស់បានល្អផងដែរ។ ប្រភេទកីឡាមួយចំនួនដែលអាចជួយដល់ការលូតលាស់ឆ្អឹងរួមមានការហែលទឹក យូហ្គា និងការហាត់ពត់ពេនខ្លួនជាដើម។

៣. សម្រាកឲ្យបានគ្រប់គ្រាន់
នៅពេលកុមារគេង  សារពាង្គកាយរបស់គេផលិតនូវអ័រម៉ូនដែលមានតួនាទីជួយក្នុងការលូតលាស់ (Growth Hormone) ដែលជាមូលហេតុក្មេងគួរតែគេងឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ តាមការសិក្សា កុមារតូចៗ (អាយុចន្លោះ ១ទៅ៣ឆ្នាំ) ត្រូវការគេងចំនួន ១២ទៅ១៤ម៉ោងក្នុងមួយថ្ងៃ រីឯកុមារអាយុចន្លោះ ៥ទៅ១២ឆ្នាំ ត្រូវការគេងពី ១០ទៅ១១ម៉ោងក្នុងមួយថ្ងៃ។

៤. ឥរិយាបថឈរ ឬអង្គុយត្រឹមត្រូវ
លោកអ្នកគួរតែព្យាយាមបង្រៀន និងលើកទឹកចិត្តឲ្យកូនៗមានទម្លាប់ក្នុងការឈរ ឬអង្គុយឲ្យបានត្រឹមត្រូវចៀសវាងក្នុងការអង្គុយ ឬឈរកោងខ្នងដែលជាប្រការមួយផ្តល់ផលប៉ះពាល់ដល់ការលូតលាស់របស់ឆ្អឹងកងខ្នង។ ក្រៅពីអាចជួយដល់ការលូតលាស់របស់ឆ្អឹង ទម្លាប់ទាំងនេះជាឥរិយាបថមួយដែលល្អសម្រាប់កុមារ និងអាចបង្កើននូវទំនុកចិត្តឲ្យពួកគេផងដែរ។

៥. ញ៉ាំទឹកដោះគោដែលមានផ្ទុកជាតិកាល់ស្យូម
កាល់ស្យូមដើរតួនាទីសំខាន់ក្នុងការធ្វើឲ្យឆ្អឹងលូតលាស់បានល្អ និងមានទម្រង់ត្រឹមត្រូវ។ បន្ថែមពីលើចំណីអាហារ ទឹកដោះគោជាប្រភពកាល់ស្យូមមួយសំខាន់ ហេតុនេះហើយលោកអ្នកគួរបង្កើតទម្លាប់ឲ្យកូនញ៉ាំទឹកដោះគោជាប្រចាំ ដើម្បីធានាបាននូវបរិមាណកាល់ស្យូមគ្រប់គ្រាន់ដែលចាំបាច់សម្រាប់ការលូតលាស់ឆ្អឹងរបស់ពួកគេ។

ដើម្បីឲ្យកូនលូតកម្ពស់បានល្អ លោកអ្នកគួរតែចាប់ផ្តើមសាកល្បងអនុវត្តតាមការណែនាំដែលយើងបានរៀបរាប់ខាងលើជាប្រចាំបន្តិចម្តងៗ នោះវានឹងក្លាយជាទម្លាប់ ដែលអាចផ្តល់ឲ្យកូនអ្នកនូវសុខភាពល្អ និងការលូតលាស់ឆ្អឹងប្រកបដោយភាពត្រឹមត្រូវផងដែរ៕

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share:

អត្ថបទទាក់ទង