អ្វីគួរធ្វើ មុន និងក្រោយពេលហាត់ប្រាណ
ការយកចិត្តទុកដាក់អំឡុងពេលហាត់ប្រាណ ដូចជាការជ្រើសរើសប្រភេទកីឡា ឬកំណត់រយៈពេលនៃការហាត់ប្រាណ ពិតជាសំខាន់តែដើម្បីសម្រេចបំណងក្នុងការសម្រកទម្ងន់ មានរឿងដែលអ្នកត្រូវធ្វើមុន និងក្រោយពេលហាត់ប្រាណកាន់តែសំខាន់ និងមិនគួរមើលរំលងឡើយ ដើម្បីឲ្យប្រសិទ្ធភាពនៃការហាត់ប្រាណ និងលទ្ធផលដែលទទួលបានកាន់តែប្រសើរ។
មុនពេលហាត់ប្រាណ
១.អាហារសម្រន់
បើអ្នកហាត់ប្រាណទាំងពោះទទេរ នោះកោសិកានឹងទាញយកប្រូតេអ៊ីនពីសាច់ដុំមកប្រើប្រាស់ ដែលបង្កឲ្យការធ្វើមេតាបូលីសរបស់អ្នកធ្លាក់ចុះ និងធ្វើឲ្យអ្នកពិបាកក្នុងការសម្រកទម្ងន់។ អ្នកគួរញ៉ាំអាហារដែលមានកាបូអ៊ីដ្រាត និងប្រូតេអ៊ីនយ៉ាងហោចណាស់ឲ្យបាន១៥០កាឡូរីដែរមុនពេលហាត់ប្រាណ ហើយអាហារទាំងនោះអាចមានដូចជា៖ បាយលាយគ្រាប់សណ្តែក ផ្លែឈើ (ផ្លែចេក ផ្លែប៉ោម ឬឪឡឹក) ដំឡូងបារាំង ប្រូកូលីនិង គ្រាប់ធញ្ញជាតិជាដើម។
២.ការគេង
អ្នកគួរតែគេងឲ្យបានគ្រប់គ្រាន់ និងយ៉ាងហោចណាស់បាន៨ម៉ោង ទើបការហាត់ប្រាណរបស់អ្នកមានប្រសិទ្ធភាព។ ការគេងលក់ស្រួល និងស្ងប់មិនត្រឹមតែជួយបង្កើនថាមពលទេ ថែមទាំងអាចជួយឲ្យសាច់ដុំបានសម្រាក និងអ័រម៉ូនដំណើរការល្អទៀតផង។
•ការរក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់
អ្នកគួរញ៉ាំទឹកពី២០០ ទៅ៣០០មីលីលីត្រ ២០នាទីមុនពេលហាត់ប្រាណ ព្រោះពេលហាត់ប្រាណ អ្នកនឹងត្រូវប្រើប្រាស់ជាតិទឹកជាច្រើន។ ខ្លួនរបស់អ្នកប្រៀបដូចជាឡានដែរ បើមិនមានសាំង ឡានក៏មិនអាចរត់បាន ចំណែកខ្លួនអ្នកបើមិនមានទឹកគ្រប់គ្រាន់ ក៏មិនអាចដំណើរការដុតកាឡូរីបានដែរ។
•ការកម្តៅសាច់ដុំ
អត្ថប្រយោជន៍នោះគឺ ជួយឲ្យខ្លួនរបស់អ្នក បង្កើនកម្តៅរបស់សាច់ដុំ ពង្រីកសរសៃឈាម និងរៀបចំទាំងអារម្មណ៍ និងស្មារតីឲ្យបានល្អសម្រាប់ការហាត់ប្រាណ។ លើសពីនេះ អ្នកគួរកម្តៅសាច់ដុំដោយគ្រាន់តែពត់ដៃជើងយ៉ាងហោចណាស់ ៥ នាទីមុនពេលហាត់ប្រាណ ដើម្បីកាត់បន្ថយឱកាសនៃការឈឺចាប់អំឡុងពេលហាត់ប្រាណផងដែរ។
ក្រោយការហាត់ប្រាណ
១.ការបន្ថយកម្តៅសាច់ដុំ
បន្ទាប់ពីហាត់ប្រាណ អ្នកមិនគួរបញ្ចប់វាភ្លាមៗទេ។ ព្យាយាមបន្ថយកម្លាំងរបស់អ្នកបន្តិចម្តងៗ ដោយធ្វើចលនាយោគៈ ឬហែលទឹកក៏បាន។ អ្នកគួរធ្វើឲ្យសាច់ដុំអ្នកសម្រាកបន្តិចម្តងៗ យ៉ាងហោចណាស់ ១០ ទៅ១៥នាទីក្រោយពីការហាត់ប្រាណ។
២. អាហារសម្រន់
ក្រោយពីបានហាត់ប្រាណហើយ ខ្លួនរបស់អ្នកត្រូវការ កាបូអីុដ្រាត និងប្រូតេអីុនកាន់តែខ្លាំងដើម្បីផ្តល់ថាមពលឲ្យសាច់ដុំឡើងវិញ ក៏ដូចជាស្តុកទុកក្រោមទម្រង់ជាគ្លីកូសែន សម្រាប់ប្រើប្រាស់នៅពេលក្រោយ។ ការសិក្សាបង្ហាញឲ្យឃើញថា សមត្ថភាពសាច់ដុំរបស់អ្នកនឹងថយចុះអស់ ៥០ភាគរយ ប្រសិនបើអ្នកញ៉ាំអាហារនៅរយៈពេល ២ម៉ោងក្រោយហាត់ប្រាណ ដូចនេះអ្នកគួរញ៉ាំអាហារឲ្យបានពី៣០ ទៅ៤០នាទីក្រោយពីហាត់ប្រាណហើយ។ អាហារដែលអ្នកគួរញ៉ាំអំឡុងពេលនេះមានដូចជា៖បន្លែស្រស់ (អាចចម្អិនក៏បាននិងសាច់ដែលមិនសូវមានជាតិខ្លាញ់។
•ការញ៉ាំទឹក
ដោយឡែក បន្ទាប់ពីហាត់ប្រាណអ្នកនឹងឃ្លាន និងស្រេកទឹកខ្លាំង ដែលជាកត្តាអាចឲ្យអ្នកញ៉ាំអាហារក្នុងចំនួនច្រើន។ ដូចនេះអ្នកគួរព្យាយាមញ៉ាំទឹកឲ្យបាន២០០មីលីលីត្រ និងមិនឲ្យលើសពី៣០នាទី បន្ទាប់ពីហាត់ប្រាណរួច ដើម្បីកាត់បន្ថយចំណង់អាហារបានមួយចំណែក។
៣.ការងូតទឹកត្រជាក់
បន្ទាប់ពីហាត់ប្រាណ អ្នកប្រាកដជាត្រូវងូតទឹកសម្អាតខ្លួន។ វាជាការប្រសើរបើអ្នកងូតទឹកដែលមានសីតុណ្ហភាពត្រជាក់ជាងធម្មតាបន្តិច ដើម្បីសម្រួលការរលាក ឬឈឺសាច់ដុំក្រោយពីការហាត់ប្រាណ។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ HealthTime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ