យុទ្ធសាស្ត្រទំនាក់ទំនងផ្ទាល់ជាមួយនឹងអតិថិជនដោយភាពឆ្លាតវៃ
បើនិយាយពីការងារផ្នែកអ្នកទីផ្សារ ឬអ្នកទំនាក់ទំនងសាធារណៈចៀសមិនផុតពីការសហការផ្ទាល់ជាមួយអតិថិជន ដែលតម្រូវឲ្យពួកគេមានគន្លឹះពិសេសក្នុងការធ្វើឲ្យទំនាក់ទំនងជោគជ័យទៅតាមគម្រោងដែលបានកំណត់។ យល់ច្បាស់ឬនៅ ថាធ្វើដូចម្តេចទើបអាចយកឈ្នះចិត្តរបស់អតិថិជន? បើមិនទាន់ច្បាស់អាចស្វែងយល់អត្ថបទខាងក្រោមដោយ Konexgens បានធ្វើបទសម្ភាសន៍ជាមួយ លោក ង៉ោ ម៉េងហ៊ួង ដែលជាអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈនៅក្រុមហ៊ុន Hauwei ពីយុទ្ធសាស្រ្តមួយចំនួនពីការទំនាក់ទំនងជាមួយអតិថិជន គួរបញ្ជាក់ផងដែរលោកជាអតីតសិស្សគំរូខាងផ្នែកសារព័ត៌មាននៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍រួមជាមួយបទពិសោធន៍ការងារជាច្រើនឆ្នាំនៅតាមបណ្តា ក្រុមហ៊ុននានាជាច្រើន។
ការរៀបចំមុនពេលការណាត់ជួប
• ជាចម្បងគួរមានការសិក្សាពីព័ត៌មានឬសេវាកម្មរបស់ក្រុមហ៊ុនដែលចង់ណាត់ជួបជាមុនដែលវាជាជំនួយក្នុងការពិភាក្សា។
• ការរៀបចំខ្លួនក៏ជាចំណុចទាក់ទាញផងដែរ ដូចជាការស្លៀកពាក់ឲ្យបានសមរម្យជាដើម។
• កំណត់ពីទីតាំងនៃការណាត់ជួប ដែលអាចមានការប្រែប្រួលទៅតាមស្ថានភាព តួយ៉ាង សម្រាប់ការណាត់ជួបជាលក្ខណៈផ្លូវការអាចធ្វើឡើងក្នុងការិយាល័យរបស់ក្រុមហ៊ុន ឬទីតាំងរបស់អតិថិជនផ្ទាល់ចំណែកឯការណាត់ជួបមិនផ្លូវការ សម្រាប់បង្កើនចំណងមិត្តភាពវិញ អាចធ្វើឡើងក្នុងទីតាំងសាធារណៈមួយចំនួនដូចជា ហាងកាហ្វេ ឬការរៀបចំជា អាហារសាមគ្គី។
វិធីសាស្រ្តក្នុងការយកឈ្នះចិត្តអតិថិជន
• ជំនួបដំបូង៖ ផ្លាស់ប្តូរទំនាក់ទំនងចំពោះអ្នក និងអតិថិជនដែលអាចធ្វើឡើងតាមរយៈការដោះដូរនូវប័ណ្ឌសម្គាល់ខ្លួននិងការណែនាំខ្លួនដើម្បីបង្កើននូវភាពស្និទ្ធស្នាលរវាងគ្នាទៅវិញទៅមកមុននឹងឈានចូលទៅការចចារពីគម្រោងរបស់អ្នក។
• ការចចារ៖ វាស្តែងចេញឡើងតាមរយៈការរៀបរាប់ពីគោលបំណងរបស់អ្នកចំពោះ អតិថិជន ដោយធ្វើយ៉ាងណានិយាយចាក់ឲ្យចំបេះដូង និងផ្តល់ព័ត៌មានពិតពីសេវាកម្មឬផលិតផលរបស់អ្នកដោយគួរមានជាការរៀបចំឯកសារសម្រាប់ធ្វើ បទបង្ហាញ ឲ្យបានកាន់តែក្បោះក្បាញ និងទាក់ទាញ ចៀសវាងការបង្ហាញនិយាយតែមាត់ដោយគ្មានភ័ស្តុតាងជាក់លាក់។
• ការបិទបញ្ចប់៖ ការសម្រេចចិត្តទទួលយក ឬយ៉ាងណារបស់អតិថិជនជាចំណុចសខាន់នៃការណាត់ជួប ប៉ុន្តែអ្នកត្រូវមានការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឲ្យបាននឹងនរចៀសវាងបង្ហាញការមិនពេញចិត្ត ក្នុងករណីអតិថិជនមិនយល់ព្រមពី ព្រោះថាយើងនៅតែមានឱកាសធ្វើការជាមួយគ្នានៅថ្ងៃខាងមុខទៀត។
អ្វីដែលគួរប្រកាន់ខ្ជាប់ និងចៀសវាង
អ្វីគួរប្រកាន់ខ្ជាប់៖
• គោរពពេលវេលាឲ្យបានត្រឹមត្រូវ យកល្អត្រូវរង់ចាំយ៉ាងតិចមួយម៉ោងនៃការណាត់ជួប
• និយាយឲ្យមានប្រយោជន៍ រួមជាមួួយស្នាមញញឹម និងការយកចិត្តទុកដាក់
• ប្រើវិធីសាស្រ្តពន្យល់ឲ្យបានច្រើន។
អ្វីគួរចៀសវាង៖
• ចៀសវាងប្រើពាក្យសម្តី និងអាកប្បកិរិយាដែលមិនសមរម្យ
• មិនគួរបញ្ចេញអត្តចរិកគាបសង្កត់
• មិនត្រូវបង្ហាញអាការៈខឹងនៅពេលមានការរិះគន់។
អនុសាសន៍សម្រាប់អ្នកអាន
ជាការពិតពិភពការងារតែងចៀសមិនផុតពីបញ្ហា ការបាក់ទឹកចិត្ត ឬភាពនឿយហត់ ប៉ុន្តែវាគ្រាន់តែជាឧបសគ្គមួយគ្រា មិនមែនជាការបរាជ័យមួយជីវិត។ គួរតែបណ្តុះភាពរឹុងបឹុង ជំុរុញខ្លួនឯងទៅមុខឲ្យកាន់តែរីកចម្រើននាពេលខាងមុខ។