ជំងឺទឹកនោមផ្អែមអាចបង្កឲ្យអន់ត្រចៀកមែន ឬទេ?
សំណួរ៖ ខ្ញុំបាទអាយុ ៤០ឆ្នាំមកពីខេត្តព្រះសីហនុ។ បន្ទាប់ពីខ្ញុំបានកើតជំងឺទឹកនោមផ្អែម និងលើសឈាមអស់រយៈពេល៣ឆ្នាំមក រូបខ្ញុំផ្ទាល់សង្កេតឃើញថា ត្រចៀករបស់ខ្ញុំចាប់ផ្តើមអន់ថយជាងមុន ពេលខ្លះទាមទារនូវសំឡេងខ្លាំងៗទើបអាចស្តាប់បាន ប៉ុន្តែពេលខ្លះវិញស្រាប់តែស្តាប់ឮដូចធម្មតា។ តើបញ្ហាជំងឺរបស់ខ្ញុំសព្វថ្ងៃអាចមានឥទ្ធិពលដល់ត្រចៀករបស់ខ្ញុំពិតមែនទេ?
ចម្លើយ៖ ជាការពិតណាស់ជំងឺទឹកនោមផ្អែមអាចផ្តល់ផលវិបាកជាច្រើនស្រាប់ទៅហើយហើយក្នុងនោះជំងឺលើសឈាមរបស់ប្អូន ក៏អាចជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែមដែរ។ ការ
ប៉ះពាល់ទៅលើសរសៃប្រសាទ ជាផលវិបាកមួយកើតមានជាញឹកញាប់សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ក្នុងនោះ ការប៉ះពាល់លើសរសៃវិញ្ញាណភ្នែកនឹងបង្កឲ្យព្រិលភ្នែក ឬអាចឲ្យខូចភ្នែក ការប៉ះលើសរសៃវិញ្ញាណត្រចៀកនាំឲ្យខូចត្រចៀក(ហឹងឬស្តាប់លែងឮ)។ ក្រៅពីនេះ ផលវិបាកនៃជំងឺទឹកនោមផ្អែមក៏អាចឈានដល់ការខូចស្បែក និងប៉ះពាល់ដល់សរីរាង្គជាច្រើនទៀតជាបន្តបន្ទាប់ផងដែរ។ សរុបមកវិញ ជំងឺទឹកនោមផ្អែមរបស់ប្អូនប្រុសពិតជាទាក់ទងនឹងអាការៈហុឹងត្រចៀករបស់ប្អូនពិតប្រាកដមែន ដូចនេះដើម្បីឲ្យចៀសផុត ឬក៏អាចកាត់បន្ថយនូវផលវិបាកផ្សេងៗទៀត សូមប្អូនទៅជួបជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ ចៀសវាងការទិញថ្នាំលេបតាមឱសថស្ថានដោយគ្មានវេជ្ជបញ្ជាដែលបណ្តាលឲ្យមានការប៉ះពាល់ដល់សុខភាព។ សូមរំលឹកថា បើជំងឺទឹកនោមផ្អែមរបស់ប្អូនបានទទួល ការព្យាបាលទាន់ពេលវេលា និងគ្រប់គ្រងជាតិស្ករបានល្អដោយអនុវត្តតាមគ្រូពេទ្យឲ្យបានត្រឹមត្រូវនោះ ប្អូនក៏អាចកាត់បន្ថយផលវិបាកផ្សេងទៀត។
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ខាងត្រចៀក ច្រមុះនិងបំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។