Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ហាត់ប្រាណប​ន្ទាប់ពីធ្វើការហត់មិនមែនជាបន្ទុកឡើយ !

ក្រោយពីត្រឡប់ពីធ្វើការ ឬមកពីរៀនវិញ តែងតែអស់កម្លាំង មិនចង់ធ្វើអ្វីក្រៅអំពីទម្រេតខ្លួនឲ្យបានបន្តិច ក៏អស់ចិត្តដែរ។ ប្រាកដទេថាការធ្វើបែបនេះ ជួយឲ្យអ្នកមានថាមពលឡើងវិញ?បន្ទាប់ពីបំពេញការងារ ឬសិក្សាពេញមួយថ្ងៃហើយក៏ដោយ អ្នកនៅមានកិច្ចការផ្សេងទៀតជាច្រើនដែលត្រូវធ្វើបន្ថែមដូចជា ធ្វើកិច្ចការសាលា បង្ហើយការងារមួយចំនួន ឬរៀបគម្រោងនានាសម្រាប់ថ្ងៃស្អែក។ ហេតុនេះ អ្នកត្រូវប្រាកដថាអ្នកមានថាមពលគ្រប់គ្រាន់ ក្នុងការបំពេញការងារទាំងនោះ។      មិនត្រឹមតែអាហារទេដែលផ្តល់ឲ្យអ្នកនូវថាមពល លំហាត់ប្រាណក៏ជួយអ្នកបានដូចគ្នា  បើចង់ដឹងច្បាស់ពីហេតុផល និងប្រភេទលំហាត់ប្រាណនានា សូមធ្វើការតាមដានជាមួយ ហេលស៍ថាម ដូចខាងក្រោម៖

ហេតុអ្វីបានជាការហាត់ប្រាណអាចផ្តល់ថាមពលដល់រាងកាយ?
មនុស្សភាគច្រើនតែងគិតថាឲ្យតែហាត់ប្រាណរួច ដឹងតែអស់កម្លាំង បើមិនតិចក៏ច្រើនដែរ ហើយអ្នកអាចជាម្នាក់ដែលគិតបែបនេះ។ ពិសេសគឺបន្ទាប់ពីត្រឡប់មកពីធ្វើការ ឬពីសាលា ដោយយល់ថាខ្លួនឯងអស់កម្លាំងស្រាប់ទៅហើយ បើទៅហាត់ប្រាណទៀតរឹតតែហត់។ ហេតុផល២យ៉ាង អាចប្តូរការគិតរបស់អ្នកបាន ដែលបង្ហាញយ៉ាងជាក់លាក់ថាលំហាត់ប្រាណអាចផ្តល់ថាមពលដោយផ្ទាល់រួមមាន៖

• បង្កើនកម្រិត Endorphins ដែលជាអ័រម៉ូនធម្មជាតិ ត្រូវបានបញ្ចេញនៅរាល់ពេលអ្នកធ្វើលំហាត់ប្រាណ ផ្តល់ឲ្យអ្នកមានអារម្មណ៍មានថាមពល និងស្វាហាប់ជាងមុន បង្កើនការផ្តោតអារម្មណ៍ក្នុងការធ្វើអ្វីផ្សេងៗ និងផ្តល់ឲ្យអ្នកនូវការត្រៀមខ្លួនជាមួយនឹងដំណោះស្រាយបញ្ហានានា បន្ទាប់ពីការហាត់ប្រាណសមស្រប ព្រោះ Endorphinsជួយជំរុញថាមពលរាងកាយអ្នកប្រកបដោយប្រសិទ្ធភាព។

• បង្កើនសុខភាពបេះដូងសរសៃឈាមឲ្យដំណើរការបានល្អ ផ្តល់ឲ្យអ្នកនូវការធ្វើកិច្ចការបានច្រើនជាងមុន និងប្រសើរបំផុតជារៀងរាល់ថ្ងៃ។ នៅពេលដែលអ្នកហាត់ប្រាណជាប្រចាំ ពិសេសនៅពេលល្ងាចបន្ទាប់ពីអ្នកមកដល់ផ្ទះត្រឹមតែ១៥នាទីឬ៣០នាទីនោះ អ្នកនឹងអាចបញ្ចប់កិច្ចការនៅពេលយប់តាមគម្រោងរបស់អ្នកដោយជោគជ័យ។ ហើយអ្នកនឹងគេងលក់ស្រួល ស្ងប់ហើយមានអារម្មណ៍ថាគេងឆ្អែត  ផ្ទុយពីការគេងច្រើនតែនៅតែអស់កម្លាំង។

ហេតុផលនៃការហាត់ប្រាណជាប្រចាំ ទោះជានៅពេលព្រឹក ឬល្ងាចគឺ អ្នកនឹងមានថាមពលច្រើនជាងធម្មតា ហើយមិនឆាប់អស់កម្លាំងទោះជាអ្នកធ្វើការ ឬសិក្សាពេញមួយថ្ងៃក៏ដោយ។

ប្រភេទកីឡាដែលមានប្រសិទ្ធភាពបំផុត? ការហាត់ប្រាណជាប្រចាំពិតជាសំខាន់ ប៉ុន្តែការជ្រើសរើសប្រភេទកីឡាសមស្រប និងរយៈពេលហាត់ គឺកាន់តែសំខាន់ដើម្បីឲ្យអ្នកទទួលបានអត្ថប្រយោជន៍តាមការរំពឹងទុក។

ភាគច្រើននៃប្រភេទលំហាត់ប្រាណដែលផ្តល់ថាមពលដល់អ្នកបាន ជាលំហាត់ប្រាណដែលប្រើដង្ហើម(aerobic) មានន័យថាប្រើប្រាស់អុកស៊ីហ្សែនដើម្បីភ្ញោចទៅបេះដូង និងប្រព័ន្ធដំណកដង្ហើមដូចជា ការរត់ត្រឹកៗ ដើរ ធាក់កង់ ឬហែលទឹក។

ប៉ុន្តែត្រូវចាំថា គ្រប់សកម្មភាពរបស់អ្នកសុទ្ធតែអាចជាការហាត់ប្រាណ តួយ៉ាង  ក្រោយត្រឡប់មកដល់ផ្ទះល្ងាច  អ្នកអាចធ្វើសកម្មភាពនានា ដែលតម្រូវឲ្យអ្នកដើរទៅមកៗនៅក្នុងផ្ទះ  ឬជុំវិញផ្ទះ ដូចជាការស្រោចទឹកផ្កាឬដំណាំផ្សេងៗ នេះវាក៏ជាឱកាសក្នុងការផ្តល់ថាមពលពីធម្មជាតិបៃតងនៃផ្ទះអ្នកបានផងដែរ។ ម៉្យាង អ្នកអាចហាត់ប្រាណជាលក្ខណៈការធ្វើចលនាដៃជើង ការលើកដៃជើង ឬពត់ខ្លួនអមជាមួយបទភ្លេងដែលអ្នកចូលចិត្តវាពិតជាឱសថទិព្វផ្តល់ថាមពលដ៏អស្ចារ្យដល់អ្នក បន្ទាប់ពីហត់នឿយនឹងកាងារដ៏មមាញឹករបស់អ្នក។ ចំពោះរយៈពេលនៃការចាប់ផ្តើមដ៏ល្អបំផុតគឺ ត្រឹម១០នាទីឡើងទៅ១៥នាទីឬ៣០នាទី និងយ៉ាងហោចណាស់ក៏៣ដងក្នុងមួយសប្តាហ៍ដែរ។

វាគឺជាការសម្រេចចិត្តរបស់អ្នក ថាតើអ្នកនៅបន្តគេងមើលទូរទស្សន៍ ឬទូរស័ព្ទបន្ទាប់ពីអ្នកទៅដល់ផ្ទះទៀត ឬយ៉ាងណា? បើអ្នកក៏ដឹងខ្លួនឯងហើយថា ធ្វើបែបនេះ អ្នកមិនមានអារម្មណ៍ទៅធ្វើកិច្ចសាលា បង្ហើយការងារ ឬធ្វើគម្រោងសម្រាប់ស្អែក ដែលអ្នកតែងតែប្រាប់ខ្លួនឯងរាល់ថ្ងៃថានឹងធ្វើ។ ផ្លាស់ប្តូររបៀបរបបរស់នៅរបស់អ្នក គឺជាការផ្លាស់ប្តូរជីវិតរបស់អ្នកដូច្នោះដែរ…

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             


អត្ថបទទាក់ទង

មើលទាំងអស់

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពី អាហារក្រឡុកជំនួសអាហារ និងការបន្ថែមប្រូតេអ៊ីន៖ ពេលណាត្រូវញុំាមួយណាមុន និង មួយណាក្រោយ?   ជាធាតុផ្សំដ៏សំខាន់នៃរបបអាហាររបស់យើង ប្រូតេអ៊ីនផ្តល់អត្ថប្រយោជន៍ជាច្រើន មិនថាសម្រាប់ការលូតលាស់សាច់ដុំ សុខភាពកាន់តែប្រសើរ ឬការគ្រប់គ្រងទម្ងន់នោះទេ។ អ្នកប្រហែលជាធ្លាប់ឃើញនរណាម្នាក់ទទួលទានអាហារក្រឡុកប្រូតេអ៊ីនបន្ទាប់ពីការហាត់ប្រាណ ឬលឺថានរណាម្នាក់ជំនួសអាហារដោយអាហារក្រឡុក។ មនុស្សជាច្រើនប្រើប្រាស់ផលិតផលទាំងនេះ ដោយសារតែវាមានភាពងាយស្រួល និងអាចជួយអ្នកប្រើប្រាស់បំពេញតម្រូវការអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ពួកគេ។ ប៉ុន្តែតើពួកគេដូចគ្នាទេ? បើមិនអញ្ចឹង តើពេលណាគួរប្រើមួយណា? នៅក្នុងការណែនាំនេះ យើងនឹងជួយអ្នកឱ្យយល់ពីភាពខុសគ្នា ដូច្នេះអ្នកអាចធ្វើការជ្រើសរើសដ៏ល្អបំផុតដើម្បីសម្រេចគោលដៅរបស់អ្នក។ តើអ្វីជាអាហារក្រឡុកជំនួសអាហារ? អាហារក្រឡុកជំនួសអាហារ គឺជាអាហារក្រឡុកប្រូតេអ៊ីនពេញលេញដែលប្រើដើម្បីជំនួសអាហារ។ ពួកវាផ្គត់ផ្គង់រាងកាយជាមួយនឹងសារធាតុចិញ្ចឹមគ្រប់គ្រាន់ - ប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់ - ហើយជាទូទៅពួកគេត្រូវបានពង្រឹងដោយវីតាមីន និងសារធាតុរ៉ែ។ ការបន្ថែមជាតិសរសៃក៏ជួយដល់ការឆ្អែតបានដែរ ហើយការរួមផ្សំនៃជាតិសរសៃ និងប្រូតេអ៊ីនជួយឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ឆ្អែតបានយូរ ទោះបីជាមានកាឡូរីថយចុះក៏ដោយ។ នៅសហរដ្ឋអាមេរិក មិនមាននិយមន័យពិតប្រាកដថាការជំនួសអាហារជាអ្វីទេ ប៉ុន្តែវាត្រូវបានគេយល់ថាជាការផ្តល់កាឡូរីគ្រប់គ្រាន់ ដើម្បីទ្រទ្រង់កម្រិតថាមពល ខណៈពេលដែលជួយដល់ការគ្រប់គ្រងរាងកាយ។ ពួកវាអាចមានប្រសិទ្ធិភាពនៅពេលប្រើក្នុងរបបអាហារដែលមានកម្រិតកាឡូរី និងផែនការសម្រកទម្ងន់។ អាហារក្រឡុកជំនួសអាហារ (ជាម្សៅលាយ ឬភេសជ្ជៈដបដែលត្រូវបានលាយជាមុន) គឺជាទម្រង់ធម្មតាបំផុតនៃការជំនួសអាហារ ប៉ុន្តែក្រុមហ៊ុនមួយចំនួនក៏លក់ផលិតផលជំនួសអាហារក្នុងទម្រង់ជាស៊ុបផងដែរ។​ អ្វីដែលត្រូវរកមើលនៅក្នុងអាហារក្រឡុកជំនួសអាហារ?​ អាហារក្រឡុកជំនួសអាហារអាចប្រែប្រួលយ៉ាងទូលំទូលាយ ចាប់ពីគ្រឿងផ្សំដែលបានប្រើ រហូតដល់តម្លៃអាហារូបត្ថម្ភដែលពួកគេផ្តល់។ វាមានសារៈសំខាន់ណាស់ក្នុងការអានស្លាកសញ្ញាអាហារូបត្ថម្ភដើម្បីធានាថាផលិតផលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាការជំនួសអាហារ និងមិនមែនគ្រាន់តែជាអាហារសម្រន់នោះទេ។   អាហារក្រឡុកជំនួសអាហារល្អគួរតែមានយ៉ាងហោចណាស់៖ - 170 កាឡូរី -​ ប្រូតេអ៊ីន ១៧ ក្រាម - 25 ភាគរយនៃកម្រិតវីតាមីន និងសារធាតុរ៉ែប្រចាំថ្ងៃរបស់អ្នក (ដូចដែលបានប្រើប្រាស់) - ជាតិសរសៃ 3 ក្រាម តើ​អ្វី​ទៅ​ជា​ការ​ក្រឡុក​បន្ថែម​ប្រូតេអ៊ីន? តាមនិយមន័យ អាហារូបត្ថម្ភប្រូតេអ៊ីនជួយបង្កើនការទទួលទានប្រូតេអ៊ីនរបស់អ្នក។ មិនដូចការជំនួសអាហារទេ កាឡូរីអប្បបរមានៅក្នុងអាហារូបត្ថម្ភប្រូតេអ៊ីនអាចប្រែប្រួលអាស្រ័យលើក្រុមហ៊ុនផលិត ហើយផលិតផលទាំងនេះច្រើនតែមិនត្រូវបានពង្រឹងដោយវីតាមីន សារធាតុរ៉ែ ឬជាតិសរសៃនោះទេ។ អាហារក្រឡុកអាហារូបត្ថម្ភប្រូតេអ៊ីនក៏បម្រើគោលបំណងផ្សេងគ្នាផងដែរ ដោយសារពួកវាត្រូវបានប្រើប្រាស់ជាញឹកញាប់ជាអាហារសម្រន់ ឬភេសជ្ជៈក្រោយការហាត់ប្រាណ – មិនចាំបាច់ជំនួសអាហារនោះទេ។ នៅពេលដែលមនុស្សសកម្មប្រើប្រាស់វា ប្រូតេអ៊ីនដែលពួកគេមានជួយឱ្យរាងកាយងើបឡើងវិញ និងបង្កើតសាច់ដុំឡើងវិញ។ ស្រដៀងគ្នានេះដែរ អ្នកដែលចង់សម្រកទម្ងន់ក៏អាចចង់បានអាហារសម្រន់ដែលសំបូរទៅដោយប្រូតេអ៊ីន ដើម្បីផ្តល់ភាពឆ្អែតរវាងអាហារ។ ឥឡូវនេះ យើងបានរៀបរាប់ពីភាពស្រដៀងគ្នា និងភាពខុសគ្នារវាងអាហារក្រឡុកជំនួសអាហារនិង ការបន្ថែមប្រូតេអ៊ីន។ ការសង្ខេបនូវអ្វីដែលយើងបានពិភាក្សា៖ - អាហារក្រឡុកជំនួសអាហារអាចជួយអ្នកស្រក ឬរក្សាទម្ងន់ ព្រោះវាផ្តល់អាហារូបត្ថម្ភប្រកបដោយតុល្យភាព និងការគ្រប់គ្រងអាហារ។ - អាហារជំនួសអាហារជួយដកការស្មានចេញពីការរាប់កាឡូរី។ - អាហារក្រឡុកអាហារូបត្ថម្ភប្រូតេអ៊ីនល្អក្នុងការទទួលទានប្រូតេអ៊ីនរបស់អ្នកពេញមួយថ្ងៃ។ ពួកវាមានភាពងាយស្រួល ជាពិសេសនៅពេលដែលប្រភពប្រូតេអ៊ីនផ្សេងទៀតមិនមាន។ - អាហារក្រឡុកប្រូតេអ៊ីនគឺល្អសម្រាប់ជំរុញការហាត់ប្រាណខ្លាំង។ នៅពេលដែលអ្នកកំពុងជួសជុលជាលិកាសាច់ដុំ រាងកាយរបស់អ្នកត្រូវការប្រូតេអ៊ីនបន្ថែមទៀត។ - ដោយសារតែប្រូតេអ៊ីនលើកកម្ពស់ការឆ្អែត អាហារូបត្ថម្ភប្រូតេអ៊ីនអាចបម្រើជាអាហារសម្រន់ ដើម្បីជួយគ្រប់គ្រងភាពអត់ឃ្លាន និងការគ្រប់គ្រងទម្ងន់។ សរុបមក អាហារូបត្ថម្ភប្រូតេអ៊ីន និងអាហារក្រឡុកជំនួសអាហារអាចជួយអ្នកសម្រេចបាននូវគោលដៅសុខភាព និងការគ្រប់គ្រងទម្ងន់របស់អ្នក។ ឥឡូវ​នេះ​អ្នក​ដឹង​ពី​ភាព​ខុស​គ្នា​ដែល​មិន​សូវ​សំខាន់ ប៉ុន្តែ​អ្នក​អាច​ប្រើ​ការ​វិនិច្ឆ័យ​ឱ្យ​បាន​ល្អ​បំផុត​របស់​អ្នក​អំពី​របៀប ពេលណា និង​កន្លែង​ដែល​ត្រូវ​ប្រើ​មួយ ឬ​ផ្សេង​ទៀត។ អ្នកអាចបញ្ចូលផលិតផលទាំងពីរទៅក្នុងរបៀបរស់នៅរបស់អ្នក មិនថាអ្នកកំពុងបង្កើតផែនការអាហារកាត់បន្ថយកាឡូរី ឬផែនការលំហាត់ប្រាណនោះទេ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman, នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពី កាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម។   អាហារូបត្ថម្ភមានតុល្យភាពមានសារៈសំខាន់សម្រាប់ការធ្វើលំហាត់ប្រាណ ប៉ុន្តែកាបូអ៊ីដ្រាតគឺជាគន្លឹះពិសេសសម្រាប់រក្សាបាននូវប្រសិទ្ធិភាពខ្ពស់បំផុតអំឡុងពេលហាត់ប្រាណ។ តាមពិតកាបូអ៊ីដ្រាតគឺជាប្រភពសំខាន់នៅក្នុងរបបអាហាររបស់អត្តពលិក! ទោះជាយ៉ាងណាក៏ដោយ នៅតែមានការយល់ខុសជាទូទៅថា កាបូអ៊ីដ្រាតទាំងអស់មិនល្អ ទោះបីជាមានកាបូអ៊ីដ្រាតដែលមានសុខភាពល្អជាច្រើនដែលត្រូវជ្រើសរើសក៏ដោយ។ នេះជាហេតុផលទាំងបួនដែលអ្នកមិនគួរកាត់បន្ថយកាបូអ៊ីដ្រាត។ 1. កាបូអ៊ីដ្រាត ជំរុញខួរក្បាល និងសាច់ដុំ កាបូអ៊ីដ្រាតគឺជាប្រភពថាមពលដ៏សំខាន់សម្រាប់ខួរក្បាល និងរាងកាយរបស់យើងឱ្យដំណើរការបានត្រឹមត្រូវ។ ពួកវាជំរុញប្រព័ន្ធសរសៃប្រសាទកណ្តាល និងសាច់ដុំរបស់យើង។ រាងកាយរបស់យើងផ្ទុកកាបូអ៊ីដ្រាតនៅក្នុងសាច់ដុំដូចជា glycogen ដែលបន្ទាប់មកត្រូវបានបំលែងទៅជាគ្លុយកូសនៅពេលដែលអ្នកត្រូវការវា។ នេះជារបៀបដែលកាបូអ៊ីដ្រាតជួយពន្យារភាពនឿយហត់ ទ្រទ្រង់អ្នកតាមរយៈការហាត់ប្រាណយូរ ឬកីឡាដែលមានការប្រកួតប្រជែង។ 2. កាបូអ៊ីដ្រាតការពារការបំបែកសាច់ដុំ ការទទួលទានកាបូអ៊ីដ្រាតគ្រប់គ្រាន់អាចការពារការបំបែកសាច់ដុំពីការថយចុះ glycogen ដោយការបញ្ចេញប្រូតេអ៊ីនដើម្បីធ្វើការងារចម្បងរបស់វា៖ ជួសជុល និងបង្កើតជាលិកាសាច់ដុំឡើងវិញ។ ប្រសិនបើយើងកំណត់កាបូអ៊ីដ្រាត ប្រូតេអ៊ីននឹងត្រូវបានប្រើសម្រាប់ថាមពល ជាជាងការកសាងសាច់ដុំគ្មានខ្លាញ់។ នៅក្នុងការងាររបស់ខ្ញុំជាមួយអត្តពលិកអាជីព ខ្ញុំតែងតែណែនាំរបបអាហារដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់សម្រាប់អ្នកដែលត្រូវការការស៊ូទ្រាំ និងកម្លាំងច្រើន ដើម្បីទ្រទ្រង់តម្រូវការប្រចាំថ្ងៃនៃការហ្វឹកហាត់ និងការហាត់ប្រាណ។ ជាការពិតណាស់ តម្រូវការប្រែប្រួលអាស្រ័យលើបុគ្គល និងប្រភេទនៃការហាត់ប្រាណ ឬកីឡាដែលពួកគេចូលរួម។ បុគ្គលដែលចូលរួមក្នុងកម្មវិធីសម្បទាទូទៅជាធម្មតាអាចបំពេញតម្រូវការរបស់ពួកគេ ដោយទទួលទានរបបអាហារដែលមានតុល្យភាពពី 45%-55% នៃកាឡូរីពីកាបូអ៊ីដ្រាត។ នោះគឺប្រហែល 3-5 ក្រាមនៃកាបូអ៊ីដ្រាតក្នុងមួយគីឡូក្រាមនៃទំងន់រាងកាយក្នុងមួយថ្ងៃ។ 3. កាបូអ៊ីដ្រាតមុនពេលហាត់ប្រាណនឹងបង្កើនប្រសិទ្ធិភាពរបស់អ្នក ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍យឺត ឬថាមពលតិចអំឡុងពេលហាត់ប្រាណ អ្នកប្រហែលជាមិនបានបង្កើនថាមពលជាមួយនឹងកាបូអ៊ីដ្រាតគ្រប់គ្រាន់នោះទេ។ ការជ្រើសរើសអាហារសម្រន់ដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់ និងងាយស្រួលក្នុងការរំលាយ ដូចជាចេកជាដើម មុនពេលហាត់ប្រាណជួយរក្សាកម្រិតជាតិស្ករក្នុងឈាមបានល្អបំផុតសម្រាប់សាច់ដុំរបស់យើង។ អាហារសម្បូរជាតិសរសៃ និងខ្លាញ់អាចបង្កបញ្ហាដល់ក្រពះពោះវៀន ហើយគួរចៀសវាងការហាត់ប្រាណ។ 4. កាបូអ៊ីដ្រាតបង្កើនល្បឿននៃការស្តារឡើងវិញ ការទទួលទានកាបូអ៊ីដ្រាតបន្ទាប់ពីការហាត់ប្រាណជួយបំពេញថាមពលដែលត្រូវបានប្រើអំឡុងពេលហាត់ប្រាណខ្លាំង។ នេះជាការពិត ជាពិសេសសម្រាប់សកម្មភាពយូរជាងមួយម៉ោង ហើយទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមចំពោះការទទួលទានកាបូអ៊ីដ្រាត។ សាច់ដុំត្រូវការប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ដើម្បីស្តារឡើងវិញបានត្រឹមត្រូវ និងកាន់តែរឹងមាំ។ បន្ទាប់ពីការធ្វើលំហាត់ប្រាណជាមួយនឹងសមាមាត្រ 3 ភាគ 1 នៃកាបូអ៊ីដ្រាតទៅនឹងប្រូតេអ៊ីនគឺជាវិធីដ៏ល្អឥតខ្ចោះក្នុងការស្តារឡើងវិញ – សាកល្បងលាយ Herbalife24® Rebuild Strength វិញជាមួយនឹងផ្លែចេក និងទឹកដោះគោ 230ml ដើម្បីបង្កើនប្រសិទ្ធិភាពការជាសះស្បើយរបស់អ្នក!* មិនថាអ្នកជាអត្តពលិក អ្នកចូលចិត្តកាយសម្បទា ឬគ្រាន់តែជាអ្នកដែលកំពុងព្យាយាមសម្រកមួយឬពីរគីឡូនោះទេ កាបូអ៊ីដ្រាតគឺជាផ្នែកសំខាន់នៃរបបអាហារដ៏ប្រសើរសម្រាប់ការអនុវត្តជាប្រចាំ និងការស្តារឡើងវិញ។ ជំនួសឱ្យការកាត់កាបូអ៊ីដ្រាតទាំងស្រុង ចូរជ្រើសរើសកាបូអ៊ីដ្រាតត្រឹមត្រូវមុន និងក្រោយពេលហាត់ប្រាណរបស់អ្នក។ អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដែល​នៅ​ពេល​ដែល​អ្នក​ផ្លាស់​ប្តូ​រ​ទំនាក់​ទំនង​របស់​អ្នក​ជាមួយកាបូអ៊ីដ្រាត នោះ​អ្នក​នឹង​មានការហ្វឹកហាត់ ​និង​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជាង​មុន! *សេចក្តីថ្លែងការណ៍ទាំងនេះមិនត្រូវបានវាយតម្លៃដោយរដ្ឋបាលចំណីអាហារ និងឱសថទេ។ ផលិត​ផល​នេះ​មិន​មាន​គោល​បំណង​ធ្វើ​រោគវិភាគ ព្យាបាល ឬ​ការពារ​ជំងឺ​ណា​មួយ​ឡើយ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការ​បណ្តុះ​បណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពី​ ប្រេងល្អបំផុតដែលត្រូវមាននៅក្នុងផ្ទះបាយរបស់អ្នក៖ ការយល់ដឹងអំពីខ្លាញ់ដែលមានសុខភាពល្អសម្រាប់បេះដូង។   បើអ្នកកំពុងតាមដានកូឡេស្តេរ៉ុល ឬសំពាធឈាម ឬធ្វើការឆ្ពោះទៅរកគោលដៅសម្រកទម្ងន់ អ្នកមិនចាំបាច់ដកប្រេងទាំងអស់ចេញពីផ្ទះបាយនោះទេ។ យើង​ត្រូវ​ការ​ជាតិ​ខ្លាញ់​ក្នុង​របប​អាហារ​មួយ​ចំនួន ដើម្បី​រក្សា​កម្រិត​ថាមពល​របស់​យើង​ឡើង ​ដើម្បី​ស្រូប​យក​វីតាមីន​មួយ​ចំនួន និង​សម្រាប់​ស្បែក​ និង​សក់ទន់ តែត្រូវប្រាកដថាជ្រើសរើសប្រេងដែលត្រឹមត្រូវ។ ការកំណត់ប្រភេទខ្លាញ់ ខ្លាញ់ឆ្អែតបង្កើនកូលេស្តេរ៉ុលអាក្រក់ (LDL) ប្រភេទអាហារដែលមានជាតិខ្លាញ់ឆ្អែតមានដូចជា ប៊ឺ សាច់ខ្លាញ់ ផលិតផលទឹកដោះគោមានជាតិខ្លាញ់ពេញ និងអាហារដែលចម្អិនក្នុងខ្លាញ់ជ្រូក។ ខ្លាញ់ Trans ទោះបីត្រូវបានហាមឃាត់សម្រាប់ប្រើប្រាស់ក្នុងអាហារដោយ FDA ក្នុងឆ្នាំ 2020 ក៏ដោយ ក៏នៅតែអាចរកឃើញក្នុងបរិមាណតិចតួចនៅក្នុងអាហារវេចខ្ចប់មួយចំនួនដូចជា នំដុត និងអាហារចៀន។ ខ្លាញ់ Trans បង្កើនកូឡេស្តេរ៉ុល LDL បន្ថយកូឡេស្តេរ៉ុល HDL (ល្អ) និងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង ដែលជាហេតុផលមួយទៀត ដើម្បីនៅឱ្យឆ្ងាយពីនំកញ្ចប់ នំឃុកឃី និងនំដូណាត់។ យោងតាមការណែនាំបច្ចុប្បន្ន សូមរក្សាជាតិខ្លាញ់ឆ្អែតនៅត្រឹម 7 ភាគរយ ឬតិចជាងនៃបរិមាណកាឡូរីប្រចាំថ្ងៃរបស់អ្នក។ ប្រសិនបើអ្នកកំពុងមើលសម្ពាធឈាម ឬកូលេស្តេរ៉ុលរបស់អ្នក សូមទម្លាក់លេខនោះមកត្រឹមប្រាំ ឬប្រាំមួយភាគរយ។ សមាគមន៍បេះដូងនៅសហរដ្ឋអាមេរិកណែ​នាំ​ថា ជាតិខ្លាញ់សរុបស្ថិតនៅក្នុងចន្លោះពី 25 ទៅ 35 ភាគរយនៃកាឡូរីសរុបសម្រាប់មនុស្សពេញវ័យទាំងអស់។ សម្រាប់របបអាហារដែលមានកាឡូរី 2,000 ស្មើនឹង 55 ទៅ 77 ក្រាមនៃជាតិខ្លាញ់សរុប ជាមួយនឹងជាតិខ្លាញ់ឆ្អែតមិនលើសពី 11 ទៅ 15 ក្រាម។ ដើម្បីទទួលបានបរិមាណគ្រប់គ្រាន់នៃជាតិខ្លាញ់ "ល្អ" ដែលមានសុខភាពល្អសម្រាប់បេះដូង (ខ្លាញ់ monounsaturated និង polyunsaturated) សូមបរិភោគគ្រាប់ និងគ្រាប់ធញ្ញជាតិក្នុងបរិមាណល្មម ហើយប្រើប្រេងមួយ ឬច្រើនដូចខាងក្រោម៖ ប្រេង​ជំនួយ​សុខភាព​បេះដូង​ទាំង ៥ ដើម្បី​បន្ថែម​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ប្រេងអូលីវ បន្ថែមពីលើខ្លាញ់ល្អភាគច្រើន ប្រេងអូលីវមានផ្ទុកនូវវីតាមីន A, E, D និង K ក្នុងបរិមាណតិចតួច។ វាប្រឆាំងនឹងការរលាក និងជាអាហារចម្បងនៃរបបអាហារមេឌីទែរ៉ាណេ។ ដោយសារតែវាមានស្ថេរភាពកំដៅ និងមានចំណុចផ្សែងខ្ពស់ ប្រេងអូលីវមានប្រសិទ្ធិភាពក្នុងការចម្អិនអាហារ ប្រើវាដើម្បីឆាបន្លែ ឬលាយជាមួយទឹកខ្មេះ ។ មួយស្លាបព្រាស្មើនឹង 119 កាឡូរី និង 13.1 ក្រាមនៃជាតិខ្លាញ់ (9.8 ម៉ូណូ, 1.4 ប៉ូលី, 1.9 ខ្លាញ់ឆ្អែត) ។ ប្រេង flaxseed អ្វីៗដែលប្រើប្រាស់ជាម្សៅ ឬប្រេង flaxseed គឺជាប្រភពដែលមានអូមេហ្គា-3 ខ្ពស់ និងជួយប្រឆាំងនឹងការរលាក។​ វាមានក្លិនស្អុយនៅពេលប៉ះនឹងពន្លឺ កំដៅ និងខ្យល់ ដូច្នេះសូមទុកប្រេង flaxseed ក្នុងទូរទឹកកក និងជៀសវាងការឡើងកំដៅព្រោះវាមានផ្សែងតិចបំផុត។ រសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វា គឺអស្ចារ្យក្នុងការដាក់ជាមួយសាឡាដ ទឹកជ្រលក់ ឬ marinades ឬវាអាចត្រូវបានបន្ថែមទៅក្នុងទឹកក្រឡុកប្រូតេអ៊ីន ឬទឹកក្រឡុក។ ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុនពេលប្រើប្រេង flaxseed ព្រោះវាអាចមានប្រតិកម្មជាមួយនឹងថ្នាំបញ្ចុះឈាម ថ្នាំ Statins ដែលបន្ថយកូឡេស្តេរ៉ុល និងថ្នាំដទៃទៀត។ មួយស្លាបព្រាស្មើនឹង 119 កាឡូរី និង 12.9 ក្រាមនៃជាតិខ្លាញ់ (2.7 ម៉ូណូ, 8.9 ប៉ូលី, 1.3 ខ្លាញ់ឆ្អែត) ។​ ប្រេងសណ្តែក ប្រេងសណ្តែក មានក្លិនឈ្ងុយឆ្ងាញ់ ដែលធ្វើឱ្យវាពេញនិយមសម្រាប់ចម្អិនអាហារ។ វាមានផ្ទុកវីតាមីន E និង phytosterols ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង។ ប្រេងសណ្តែកសុទ្ធ មានអាយុកាលប្រើប្រាស់បានយូរ និងជាចំណុចផ្សែងខ្ពស់បំផុត ដែលធ្វើឱ្យវាក្លាយជាអាហារបំពងដែលគេចូលចិត្ត។ ចាក់​បន្លែ​ច្របល់​ជាច្រើន​ប្រភេទ ខ្ទឹម​ស ទឹកស៊ីអ៊ីវ​សូដ្យូម​ទាប និង​សាច់​គ្មាន​ខ្លាញ់ ឬ​តៅហ៊ូ​ចូល​ក្នុង​ចាន​មួយ! អាហារពេលល្ងាចដែលងាយស្រួល និងមានសុខភាពល្អ។ មួយស្លាបព្រាស្មើនឹង 119 កាឡូរី និង 12.6 ក្រាមនៃជាតិខ្លាញ់ (6 ម៉ូណូ, 4.3 ប៉ូលី, 2.3 ខ្លាញ់ឆ្អែត) ។ ប្រេងផ្លែបឺរ ផ្លែបឺរបង្កើតបាន guacamole ដ៏អស្ចារ្យ ហើយក៏ជាប្រភពនៃប្រេងចម្អិនអាហារដែលមានសុខភាពល្អផងដែរ។ ប្រេង​ផ្លែបឺរ​មាន​ចំណុច​ផ្សែង​ខ្លាំង ដែល​មាន​ន័យ​ថា​អ្នក​អាច​ប្រើ​វា​សម្រាប់​ធ្វើ​ឲ្យ​មាន​ពណ៌​ត្នោត និង​ចៀន ព្រម​ទាំង​ប្រេង​សាឡាដ។ ប្រេងផ្លែបឺរមានផ្ទុកអាស៊ីត oleic ភាគច្រើនជាអាស៊ីតខ្លាញ់ monounsaturated អូមេហ្គា 9 ដែលមានសុខភាពល្អដល់បេះដូង។ វាក៏ប្រឆាំងនឹងការរលាក និងមានសារជាតិ lutein ខ្ពស់ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អសម្រាប់ភ្នែក។ មួយស្លាបព្រាស្មើនឹង 124 កាឡូរី និង 14 ក្រាមនៃជាតិខ្លាញ់ (10 ម៉ូណូ, 2 ប៉ូលី, 2 ខ្លាញ់ឆ្អែត) ។ ប្រេង Walnut ប្រេង Walnut មានរសជាតិជូរអែម សាកសមសម្រាប់ សាឡាដ ជ្រលក់ម៉ាយាណេស ។ វាគឺជាប្រភពដ៏សម្បូរបែបនៃអាស៊ីត ellagic ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានលក្ខណៈសម្បត្តិប្រឆាំងមេរោគ និងបាក់តេរី ហើយវាមានផ្ទុកម៉ង់ហ្គាណែស ទង់ដែង និងមេឡាតូនីន ជាអរម៉ូនដែលគ្រប់គ្រងម៉ោងក្នុងខ្លួនអ្នក។ វាក៏មានអាស៊ីតអាល់ហ្វាលីណូឡេនិចខ្ពស់ (ALA) ដែលជាអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលមានអត្ថប្រយោជន៍ការពារបេះដូង។ ដោយសារតែចំណុចផ្សែងរបស់វាទាប ប្រេង Walnut មិនល្អសម្រាប់ចម្អិនអាហារទេ។ មួយស្លាបព្រាស្មើនឹង 130 កាឡូរី និង 14 ក្រាមនៃជាតិខ្លាញ់ (3 ម៉ូណូ, 10 ប៉ូលី, 1 ខ្លាញ់ឆ្អែត) ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុន​​​​ផ្តល់​ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការ​បណ្តុះ​បណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman, នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពី ការតមអាហារបណ្តោះអាសន្នសម្រាប់អ្នកចាប់ផ្តើមដំបូង និងរបៀបជ្រើសរើសវិធីតមអាហារដែលល្អបំផុត។   ការតមអាហារ គឺជារបបអាហារដ៏ពេញនិយមមួយដែលអ្នកប្រហែលជាធ្លាប់ឮ។ ជារឿយៗ អ្នកតស៊ូមតិនឹងចែករំលែករឿងរ៉ាវអំពីការសម្រកទម្ងន់ សុខភាពប្រសើរជាងមុន និងថាមពលកាន់តែច្រើន ប៉ុន្តែវាជារឿងសំខាន់ដែលត្រូវដឹងពីមូលដ្ឋានមុននឹងសាកល្បងអ្វីថ្មី។   ការតមអាហារ ឬ IF គឺជាគំរូរបបអាហារដែលរយៈពេលនៃការញ៉ាំត្រូវបានជំនួសជាមួយនឹងរយៈពេលនៃការតមអាហារ។ តាមការពិត យើងភាគច្រើនធ្វើបែបនេះជារៀងរាល់ថ្ងៃ - យើងញ៉ាំក្នុងអំឡុងពេលភ្ញាក់ពីគេង ហើយយើងតមពេលយើងកំពុងគេង ប៉ុន្តែបច្ចុប្បន្ននៃ IF ពាក់ព័ន្ធនឹងការអូសបន្លាយពេលយូរដោយមិនញ៉ាំអាហារ ឬការទទួលទានបរិមាណកាឡូរីដែលមានកម្រិតអំឡុងពេលតមអាហារ។    អត្ថប្រយោជន៍នៃការតមអាហារបណ្តោះអាសន្ន អត្ថបទពិនិត្យឡើងវិញពីសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ Johns Hopkins អះអាងថា ការតមអាហារមិនទៀងទាត់អាចផ្តល់អត្ថប្រយោជន៍មួយចំនួន រួមទាំង៖ • បង្កើនការចងចាំ • ធ្វើអោយសម្ពាធឈាម និងចង្វាក់បេះដូងប្រសើរឡើង  • លើកកម្ពស់ការបាត់បង់ជាតិខ្លាញ់ក្នុងខ្លួន ជាពិសេសខ្លាញ់ក្បាលពោះ ដូច្នេះជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺធាត់ • កាត់បន្ថយការរលាករ៉ាំរ៉ៃក្នុងរាងកាយ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការវិវត្តនៃជំងឺរ៉ាំរ៉ៃទូទៅជាច្រើន។ ដោយសារយើងភាគច្រើនចំណាយពេលច្រើនម៉ោងនៅក្នុងស្ថានភាពអាហារ (ជាធម្មតា 12 ម៉ោងឬច្រើនជាងនេះ) អ្នកស្រាវជ្រាវខ្លះជឿថាការតមអាហារ អាចបង្កើនអាយុ ដែលសំដៅទៅលើរយៈពេលនៃជីវិតដែលអ្នកមានសុខភាពល្អ។   របៀបចាប់ផ្តើមការតមអាហារបណ្តោះអាសន្ន   ជាទូទៅ មានវិធីសាស្រ្តសំខាន់ពីរក្នុងការតមអាហារ ៖ ការតមអាហារដោយកំណត់ពេលវេលា និងការតមអាហារតាមកាលកំណត់។ ដោយមិនគិតពីវិធីសាស្រ្ត, គុណភាពទាំងមូលនៃរបបអាហារគឺជា គន្លឹះចាំបាច់។ មាន​ន័យ​ថា​រាល់​កាឡូរីទាំងអស់ គឺត្រូវតែមាន​សារធាតុ​ចិញ្ចឹម។ ការបរិភោគដោយកំណត់​ពេល​វេលា (TRE) ចំពោះការបរិភោគដោយកំណត់ពេលវេលា (TRE) ការបរិភោគរបស់អ្នកទាំងអស់ត្រូវបានបង្រួមទៅក្នុងចន្លោះពេលខ្លី ដែលជាធម្មតាប្រហែល 8 ម៉ោង ប៉ុន្តែអ្នកបរិភោគជារៀងរាល់ថ្ងៃ។ ឧទាហរណ៍ ក្នុងរយៈពេល 24 ម៉ោង ការទទួលទានអាហាររបស់អ្នកនឹងប្រព្រឹត្តទៅនៅចន្លោះម៉ោង 10 ព្រឹកដល់ម៉ោង 6 ល្ងាច។ ការតមអាហារតាមកាលកំណត់ណាមួយ ជាមួយនឹងវិធីសាស្រ្តនៃការតមអាហារតាមកាលកំណត់ណាមួយ ទម្រង់នៃការតមអាហារមួយចំនួនកើតឡើងយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ មនុស្សមួយចំនួនតមអាហារទាំងស្រុងម្តង ឬពីរដងក្នុងមួយសប្តាហ៍; អ្នកផ្សេងទៀតអាចតមជារៀងរាល់ថ្ងៃ។  វិធីសាស្រ្តមួយផ្សេងទៀត គឺរបបអាហារដែលមានកាឡូរីទាប ពីរដងក្នុងមួយសប្តាហ៍ជាមួយនឹងការញ៉ាំធម្មតាក្នុងអំឡុងពេលប្រាំថ្ងៃផ្សេងទៀត (តមអាហារ 5:2)។ ជាទូទៅ ចំពោះ 2 ថ្ងៃដែលមានកាឡូរីទាបនោះ មានប្រហែល 500 ទៅ 600 កាឡូរី។ ភាពខុសគ្នាសំខាន់រវាងវិធីសាស្រ្តទាំងពីរនេះគឺភាពទៀងទាត់ដែលអ្នកទទួលទាន។ ជាមួយនឹងការទទួលទានអាហារដោយកំណត់ពេលវេលា អ្នកទទួលទានជាធម្មតា ប៉ុន្តែក្នុងរយៈពេលខ្លីជាង 24 ម៉ោង ហើយអ្នកមិនតមអាហារនៅថ្ងៃណាមួយឡើយ។  ជាមួយនឹងការតមអាហារតាមកាលកំណត់ណាមួយ មានថ្ងៃដែលអ្នកទទួលទានអាហារតិចគួរឱ្យកត់សម្គាល់ (ត្រឹមតែប្រហែល 500 កាឡូរី) សម្រាប់ពីរបីថ្ងៃក្នុងមួយសប្តាហ៍ ឬអាចមានរហូតដល់បីថ្ងៃក្នុងមួយសប្តាហ៍ដែលអ្នករំលងការបរិភោគទាំងស្រុង។   តើមានវិធីតមអាហារមួយប្រសើរជាងវិធីផ្សេងទៀតទេ? មនុស្សភាគច្រើនយល់ឃើញថា TRE ងាយស្រួលក្នុងការធ្វើតាម ដោយសារវាមិនតម្រូវឱ្យមានថ្ងៃនៃការទទួលទានកាឡូរីទាបពេក ឬគ្មានការទទួលទានទាល់តែសោះ។ អត្ថប្រយោជន៍មួយរបស់ TRE គឺថា ជាទូទៅវានាំទៅរកការគ្រប់គ្រងកាឡូរីតិចតួច ដោយមិនចាំបាច់រាប់កាឡូរីទេ ព្រោះមានអ្នកមានពេលតិចសម្រាប់ការបរិភោគ ឧទាហរណ៍ ទាំងនេះនឹងកាត់បន្ថយ អាហារសម្រន់ពេលយប់សម្រាប់មនុស្សជាច្រើន - ដែលអាចបណ្តាលឱ្យមានការសន្សំកាឡូរីយ៉ាងសំខាន់។ ម្យ៉ាងវិញទៀត មនុស្សមួយចំនួនប្រកាន់យកការតមអាហារតាមកាលកំណត់ណាមួយ ពីព្រោះពួកគេយល់ថាវាងាយស្រួលជាងក្នុងការរំលងអាហារទាំងស្រុងពីរបីដងក្នុងមួយសប្តាហ៍។​   ដំបូន្មានសម្រាប់អ្នកចាប់ផ្តើមដំបូង នេះគឺជាគន្លឹះទូទៅដែលមានប្រយោជន៍មួយចំនួន ប្រសិនបើអ្នកកំពុងស្វែងរកសាកល្បង IF ជាលើកដំបូង៖ • កុំកំណត់ថា ដោយសារតែអ្នកកំពុងតមអាហារ អ្នកអាចញ៉ាំអ្វីដែលអ្នកចង់បាន (ក្នុងបរិមាណណាក៏ដោយ) នៅពេលវេលាដែលនៅសល់។ វា​ជា​កំហុស​ធម្មតា ហើយ​វា​នឹង​មិន​ជួយ​អ្នក​ទទួល​បាន​លទ្ធផល​ដែល​អ្នក​បាន​ធ្វើ​នោះ​ទេ។ • មិនថាវិធីសាស្ត្រណាដែលអ្នកជ្រើសរើស ឬអនុវត្តន៍ក៏ដោយ គុណភាពនៃកាឡូរីរបស់អ្នកពិតជាសំខាន់ណាស់។ អ្នក​ត្រូវការបរិភោគសារធាតុចិញ្ចឹម​ទាំងអស់​ដែល​រាងកាយ​អ្នក​ត្រូវការ ប៉ុន្តែ​អ្នកនឹង​មាន​កាឡូរី​តិច​ជាងមុន។ • ជ្រើសរើសអាហារសម្បូរសារធាតុចិញ្ចឹម ដើម្បីប្រាកដថាអ្នកទទួលបានសារធាតុចិញ្ចឹមសំខាន់ៗក្នុងមួយកាឡូរី។ នេះរួមបញ្ចូលទាំងប្រូតេអ៊ីនគ្មានខ្លាញ់ អាហារទឹកដោះគោមានជាតិខ្លាញ់ទាប បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសណ្តែក។ ម្សៅប្រូតេអ៊ីនអាចមានប្រយោជន៍ក្នុងការបំពេញតម្រូវការប្រូតេអ៊ីន នៅពេលអ្នកទទួលទានកាឡូរីតិចជាងមុន ហើយអាចត្រូវបានបន្ថែមទៅក្នុងទឹកក្រឡុក ទឹកដោះគោយ៉ាអួ និងស៊ុប។ • នៅថ្ងៃដែលអ្នកដាក់កម្រិតកាឡូរីយ៉ាងខ្លាំង – ឬរំលងការទទួលទានអាហារទាំងមូល – អ្នកអាចមានថាមពលខ្សោយ ឈឺក្បាល ឬ មិនស្រួលក្នុងការរំលាយអាហារមួយចំនួន។ ប្រសិនបើអ្នកជ្រើសរើសរំលងអាហារពេញមួយថ្ងៃ ត្រូវប្រាកដថាអ្នកទទួលទានជាតិទឹកឱ្យបានច្រើន។   • បន្ទាប់ពីការតមអាហារពេញលេញ សូមចាប់ផ្តើមនៅថ្ងៃបន្ទាប់ជាមួយនឹងអាហារ ដែលមានសុខភាពល្អ ប៉ុន្តែងាយរំលាយ (ដូចជា ទឹកដោះគោជូរ ទឹកក្រឡុក ឬស៊ុត) ហើយបន្ទាប់មកសម្រួលតាមវិធីទទួលទានរបបអាហារធម្មតារបស់អ្នកវិញ ហើយត្រូវប្រាកដថាអ្នករក្សាជាតិទឹកបានល្អ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman, នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពី មូលហេតុដែលអ្នកត្រូវការប្រូតេអ៊ីន និង របៀបដែលអាស៊ីតអាមីណូដើរតួនាទីក្នុងរាងកាយរបស់អ្នក។ អ្នកដឹងហើយថា វាសំខាន់ក្នុងការបរិភោគប្រូតេអ៊ីនជារៀងរាល់ថ្ងៃ ប៉ុន្តែតើអ្នកពិតជាដឹងថាហេតុអ្វីទេ? តើប្រូតេអ៊ីនជាអ្វី ហើយវាដើរតួនាទីអ្វីសម្រាប់រាងកាយរបស់អ្នក? យើងនឹងពន្យល់នៅខាងក្រោម ៖   ប្រូតេអ៊ីនគឺជាសារជាតិចម្បងក្នុងអាហារមួយដែលសំខាន់ខ្លាំងសម្រាប់អាហារដែលមានសុខភាពល្អ។ តាំងពីកុមារ អ្នកប្រហែលជាស្គាល់ថា ប្រូតេអ៊ីនអាចធ្វើឱ្យអ្នក “រឹងមាំ និងមានកម្លាំង”។ ទោះបីមានការលំបាកក្នុងការស្វែងរក ថាតើនរណាជាអ្នកបង្កើតពាក្យ “protein” (ពាក្យនេះបានបង្ហាញនៅក្នុងឯកសារវិទ្យាសាស្ត្រជាលើកដំបូងនៅឆ្នាំ 1838) ក៏ដោយ មិនមានការជំទាស់នោះទេថា ពាក្យនេះបានចេញពីពាក្យក្រិច "protos" ដែលមានន័យថា “លេខមួយ” ដើម្បីទទួលស្គាល់អំពីសារៈសំខាន់នៃប្រតេអ៊ីនក្នុងជីវិត។   អាស៊ីតអាមីណូគឺជាអ្វី? ហើយវាមានចំនួនប៉ុន្មាន?   ប្រូតេអ៊ីនដែលអ្នកបរិភោគ (និងប្រូតេអ៊ីនដែលមាននៅក្នុងរាងកាយរបស់អ្នក) ទាំងអស់ត្រូវបានបង្កើតឡើងពីអង្គធាតុតូចៗដែលមានឈ្មោះថា អាស៊ីតអាមីណូ។ អ្នកនឹងបានស្គាល់ថា អាស៊ីតអាមីណូត្រូវបានស្គាល់ជារឿយៗថាជា “បណ្តុំដើម្បីសាងសង់” ព្រោះអង្គធាតុតូចៗទាំងនេះត្រូវបានតម្រៀបគ្នាឡើង ដើម្បីបង្កើតប្រូតេអ៊ីន។    អាស៊ីតអាមីណូចំនួន 20 អាចត្រូវបានប្រើដើម្បីបង្កើតប្រូតេអ៊ីន – ទាំងប្រូតេអ៊ីនដែលអ្នកបរិភោគ និងប្រូតេអ៊ីនដែលរាងកាយរបស់អ្នកផលិត។ ហើយដូចជាពាក្យណាមួយមិនប្រាកដថា ប្រើតួអក្សរទាំង 26 ទាំងអស់ដើម្បីបង្កើតពាក្យនីមួយៗទេ ភាគច្រើននៃជាតិសរីរាង្គក៏មិនមានអាស៊ីតអាមីណូទាំង 20 គ្រប់គ្រាន់ដែរ។   ប៉ុន្តែអាស៊ីតអាមីណូក៏អាចត្រូវបានរៀបចំក្នុងលំដាប់ និងប្រវែងផ្សេងៗគ្នា ដើម្បីបង្កើតប្រូតេអ៊ីនផ្សេងៗ។ លំដាប់នៃអាស៊ីតអាមីណូនីមួយៗបញ្ជាក់ន័យនៃប្រូតេអ៊ីននោះ ព្រោះរចនាសម្ព័ន្ធចុងក្រោយនៃសង្វាក់អាស៊ីតអាមីណូកំណត់ថាប្រូតេអ៊ីននោះជាអ្វី ហើយវាដើរតួនាទីអ្វី។   តើមានប្រភេទនៃប្រូតេអ៊ីនអ្វីខ្លះនៅក្នុងអាហារ?   ប្រហែលជាអ្នកមិនដែលគិតអំពីរឿងនេះទេ ប៉ុន្តែមិនមែនប្រូតេអ៊ីននៅក្នុងអាហារទាំងអស់ស្មើគ្នាទេ។ លំដាប់អាស៊ីតអាមីណូដែលបង្កើតផ្នែកសនៃស៊ុត គឺខុសប្លែកពីការរៀបចំអាមីណូអាស៊ីតដែលបង្កើតប្រូតេអ៊ីននៅក្នុងទឹកដោះគោ។   នៅពេលអ្នកបរិភោគអាហារដែលផ្តល់ប្រូតេអ៊ីន វាគួរតែមានន័យថា អាហារខុសៗគ្នាមានប្រូតេអ៊ីនខុសៗគ្នា (និងភាគច្រើនមានច្រើនជាងមួយ) – ទោះបីវាត្រូវបានបង្កើតឡើងពីអាមីណូអាស៊ីតដូចគ្នាក៏ដោយ។   ឧទាហរណ៍៖ · នៅពេលអ្នកផឹកទឹកដោះគោ ឬយ៉ាអួរ អ្នកកំពុងទទួលបានប្រូតេអ៊ីនដែលមានឈ្មោះថា casein និង whey · នៅពេលអ្នកបរិភោគសាច់ ត្រីឬមាន់ អ្នកទទួលបានប្រូតេអ៊ីនដែលមានឈ្មោះថា collagen និង myosin · សណ្តែកមានជាតិសរីរាង្គដែលមានឈ្មោះថា legumins · ស៊ុតមានប្រូតេអ៊ីនច្រើន រួមទាំង avidin និង ovalbumin   ប្រូតេអ៊ីនទាំងនេះមានតែមួយគត់ ព្រោះវាត្រូវបានបង្កើតឡើងពីលំដាប់អាមីណូអាស៊ីតដែលគ្មាននរណាមានដូចពេលដែលប្រូតេអ៊ីនទាំងនេះត្រូវបានរំលាយ និងទទួលបានអាមីណូអាស៊ីត វាអាចត្រូវបានប្រើសម្រាប់ប្រូតេអ៊ីនក្នុងរាងកាយរបស់អ្នក។   ហេតុអ្វីបានជាអ្នកត្រូវការប្រូតេអ៊ីនប្រចាំថ្ងៃ? ការទទួលទានបរិមាណត្រឹមត្រូវ និងប្រភេទប្រូតេអ៊ីនប្រចាំថ្ងៃគឺមានសារៈសំខាន់ ព្រោះប្រសិនបើអ្នកមានការខ្វះខាតប្រូតេអ៊ីនជាប្រចាំនៅក្នុងរបបអាហាររបស់អ្នក រាងកាយរបស់អ្នកនឹងគ្មានជម្រើសអ្វីក្រៅពីចាប់ផ្តើមបំបែកប្រូតេអ៊ីននៅក្នុងខ្លួនរបស់អ្នក ដើម្បីផ្តល់អាស៊ីតអាមីណូដែលត្រូវការសម្រាប់ផលិតប្រូតេអ៊ីនសំខាន់ៗសម្រាប់រាងកាយ។ ខណៈពេលដែលដំណើរការនៃការបង្កើត និងបំបែកនេះកើតឡើងនៅក្នុងរាងកាយរបស់អ្នកគ្រប់ពេលវេលា ប្រព័ន្ធនេះដំណើរការបាន ដរាបណាមានអាស៊ីតអាមីណូគ្រប់គ្រាន់ដែលបានមកពីរបបអាហារ ដើម្បីរក្សាដំណើរការទាំងពីរឱ្យមានតុល្យភាព។   ប្រូតេអ៊ីនពេញលេញ និងមិនពេញលេញ ប្រភេទប្រូតេអ៊ីនដែលអ្នកញ៉ាំក៏សំខាន់ដែរ ក្នុងចំណោមអាស៊ីតអាមីណូទាំង 20 ដែលរាងកាយរបស់អ្នកប្រើដើម្បីផលិតប្រូតេអ៊ីនរាងកាយ 9 ក្នុងចំណោមពួកវាត្រូវបានគេហៅថា "ចាំបាច់" - ពួកគេត្រូវតែមកពីរបបអាហាររបស់អ្នកព្រោះរាងកាយរបស់អ្នកមិនអាចបង្កើតវាបាន (ទោះបីជាវាអាចផលិតអាស៊ីតអាមីណូ 11 ដែលនៅសល់ក៏ដោយ) ។   ប្រូតេអ៊ីនពេញលេញ ប្រូតេអ៊ីនពីប្រភពសត្វមានអាស៊ីតអាមីណូសំខាន់ៗទាំងអស់ ដូច្នេះពួកវាត្រូវបានគេហៅថា "ពេញលេញ" ។ ទាំងនេះរួមមាន: · សាច់ · ត្រី · ស៊ុត · ផលិតផលទឹកដោះគោ និងទឹកដោះគោ   សណ្តែកសៀង និងអាហារប្រូតេអ៊ីនដែលទទួលបានពីសណ្តែកសៀង ដូចជាតៅហ៊ូ ទឹកដោះគោ សណ្តែកសៀង ឬម្សៅប្រូតេអ៊ីនសណ្តែកសៀង ក៏ត្រូវបានចាត់ទុកថាជាប្រូតេអ៊ីនពេញលេញផងដែរ។ ប្រូតេអ៊ីនមិនពេញលេញ លើកលែងតែសណ្តែកសៀង ប្រូតេអ៊ីនរុក្ខជាតិខ្វះអាស៊ីតអាមីណូសំខាន់មួយ ឬច្រើន ដូច្នេះពួកវាត្រូវបានចាត់ទុកថា "មិនពេញលេញ" ទាំងនេះរួមមាន៖ · សណ្តែក · គ្រាប់ · គ្រាប់ធញ្ញជាតិ   អ្នកហូបបួសធ្វើការជុំវិញបញ្ហានេះដោយការទទួលទានអាហារជាច្រើនប្រភេទ ដើម្បីធានាថាពួកគេទទួលបានសារធាតុចិញ្ចឹមពេញលេញនៃអាស៊ីតអាមីណូសំខាន់ៗនៅក្នុងរបបអាហាររបស់ពួកគេ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។​   

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានចែករំលែកពីគន្លឹះរបៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន។ សម្រាប់អ្នកខ្លះ ការធ្វើលំហាត់ប្រាណ 30នាទីគឺ ល្អឥតខ្ចោះ រីឯសម្រាប់អ្នកខ្លះទៀត ការហាត់ប្រាណយូរជាងនេះគឺជាការចាំបាច់ ដើម្បីសម្រេចបានគោលដៅធ្វើលំហាត់ប្រាណ។ ដូច្នេះតើអ្នកដឹងថា តើអ្នកពិតជាត្រូវការចំណាយពេលធ្វើលំហាត់ប្រាណប៉ុន្មាន? សូមអានបន្ត ដើម្បីស្វែងយល់ពីរបៀបដែលអ្នកអាចបង្កើតផែនការហាត់ប្រាណផ្ទាល់ខ្លួន។ ទំហំមួយមិនអាចតម្រូវបានគ្រប់គ្នាទេ ចំពោះការហាត់ប្រាណ។ យើងទាំងអស់គ្នាសុទ្ធតែជាបុគ្គលដែលមានចំណូលចិត្តផ្ទាល់ខ្លួន ជាពិសេសនៅពេលនិយាយអំពីរាងកាយសមសួន។ យើងម្នាក់ៗមានប្រភេទរាងកាយតែមួយគត់របស់យើង (លុះត្រាតែអ្នកជាកូនភ្លោះដូចគ្នា) ហើយយើងម្នាក់ៗមានតម្រូវការ និងគោលដៅខុសៗគ្នា។ តើអ្នកត្រូវការលំហាត់ប្រាណប៉ុន្មាន អាស្រ័យលើគោលដៅរួមរបស់អ្នក។ អ្វីដែលអាចជាផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ដ៏ល្អសម្រាប់អ្នកប្រហែលជាមិនល្អបំផុតសម្រាប់អ្នកផ្សេងនោះទេ។ អ្នកនឹងត្រូវការផែនការអាហារូបត្ថម្ភ និងការធ្វើលំហាត់ប្រាណដែលដំណើរការល្អបំផុតសម្រាប់កាលវិភាគផ្ទាល់ខ្លួនរបស់អ្នក និងកម្រិតកាយសម្បទាបច្ចុប្បន្ន។ តើយើងត្រូវការធ្វើលំហាត់ប្រាណរយៈពេលប៉ុន្មាន? មានប្រភពជាច្រើនដែលណែនាំការធ្វើលំហាត់ប្រាណប្រចាំសប្តាហ៍ 150នាទី (ប្រហែល 30 នាទី 5 ដងក្នុងមួយសប្តាហ៍) សម្រាប់ការសម្រកទម្ងន់ និងសុខភាពទូទៅ។ នេះត្រូវបានចាត់ថ្នាក់ដោយសកម្មភាពរាងកាយកម្រិតមធ្យមទៅខ្លាំង។ ទោះយ៉ាងណាក៏ដោយ ចូរនិយាយថាគោលដៅរបស់អ្នកដូចជាការរត់ម៉ារ៉ាតុង។ ក្នុងករណីនេះ អ្នកនឹងត្រូវហ្វឹកហាត់យូរជាង 30នាទីក្នុងពេលតែមួយ។ ប្រសិនបើគោលដៅរបស់អ្នកគឺសម្រកទម្ងន់ ឬកែលម្អកម្រិតសម្បទាទាំងមូលរបស់អ្នក 30 នាទីអាចជាអ្វីដែលអ្នកត្រូវការ។ ចំណាយពេលវេលាបន្ថែមទៀត ដើម្បីកំណត់ការហាត់ប្រាណរបស់អ្នក ការខិតខំ ដើម្បីសម្រេចបាននូវចំនួនអប្បបរមានៃសកម្មភាពដែលបានណែនាំ គឺមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា។ នៅពេលអ្នកគិតអំពីវា 30 នាទីគឺជាការប្តេជ្ញាចិត្តក្នុងរយៈពេលខ្លី ហើយវាជាគោលដៅដែលអាចសម្រេចបាន។ ទោះបីជាពេលវេលាហាត់ប្រាណ 30 នាទីគឺគ្រប់គ្រាន់សម្រាប់ការសម្រេចបាននូវអត្ថប្រយោជន៍សុខភាពដែលទាក់ទងនឹងការហាត់ប្រាណក៏ដោយ អ្នកគួរតែព្យាយាមកំណត់ពេលហាត់ប្រាណឱ្យបានយូរ។ នេះជាមូលហេតុ៖ • ប្រហែល 50 ទៅ 60 នាទីក្នុងមួយថ្ងៃនឹងអនុញ្ញាតឱ្យអ្នកមានការផ្តោតអារម្មណ៍បន្ថែមលើខ្លួនអ្នក • ពេលវេលាបន្ថែមនេះអាចត្រូវបានប្រើសម្រាប់ការកម្តៅសាច់ដុំ និងហាត់ប្រាណ • អ្នកនឹងមិនចាំបាច់ពន្លឿនការហាត់ប្រាណរបស់អ្នកទេ។ ដកដង្ហើម រក្សាជាតិទឹក និងបញ្ចូលអាហារូបត្ថម្ភ ទៅក្នុងផែនការលំហាត់ប្រាណរបស់អ្នកតាមតម្រូវការ • អ្នកអាចបង្កើតទម្លាប់នៃការសរសេរនៅក្នុងសៀវភៅលំហាត់ប្រាណ • អ្នកនឹងមានពេលច្រើន ដើម្បីរៀបចំអាហារសម្រន់សុខភាព ក្រោយពេលធ្វើលំហាត់ប្រាណ។ ផែនការលំហាត់ប្រាណប្រចាំសប្តាហ៍របស់អ្នក មិនគួរជាអ្វីដែលធ្វើឱ្យអ្នកតានតឹងនោះទេ។ វាជាការប្រឆាំងដែលអ្នកត្រូវប្រញាប់ប្រញាល់ភ្លាមៗបន្ទាប់ពីទម្លាប់ហាត់ប្រាណរបស់អ្នក ហើយវាធ្វើឱ្យអារម្មណ៍មិនល្អនៅពេលការធ្វើសកម្មភាពលើរាងកាយរបស់អ្នក។ ដឹងពីដែនកំណត់របស់អ្នក៖ ហេតុអ្វីការធ្វើលំហាត់ប្រាណលើស អាចផ្តល់ផលប៉ះពាល់ត្រលប់ទៅវិញនៅពេលហាត់ប្រាណហួសកម្រិត អាចធ្វើឲ្យប៉ះពាល់បាន។ ការធ្វើលំហាត់ប្រាណរបស់អ្នកខ្លាំងពេកអាចមានគ្រោះថ្នាក់ដូចការមិនធ្វើអ្វីទាំងអស់។ នេះជាហេតុផលមួយចំនួនដែលធ្វើលំហាត់ប្រាណច្រើនពេក តែមិនបានផល៖ ការធ្វើលំហាត់ប្រាណច្រើនពេកអាចប៉ះពាល់គោលដៅសម្រកទម្ងន់របស់អ្នក ការធ្វើលំហាត់ប្រាណរបស់អ្នកឱ្យខ្លាំងបំផុតពិតជាអាចបន្ថយការរំលាយអាហាររបស់អ្នក ហើយនោះក៏ដោយសារតែរាងកាយរបស់អ្នកព្យាយាមរក្សាថាមពល ដែលបណ្តាលឱ្យអ្នកដុតកាឡូរីតិចជាងមុន។ លើសពីនេះ ការបង្កើនកម្រិតអាំងតង់ស៊ីតេរបស់អ្នកដោយគ្មានការសម្រាកគ្រប់គ្រាន់អាចជំរុញការបញ្ចេញអរម៉ូន cortisol ដែលជាអរម៉ូនស្ត្រេសដែលភ្ជាប់ទៅនឹងការឡើងទម្ងន់។ សាច់ដុំរបស់អ្នកត្រូវការស្តារឡើងវិញ លំហាត់ប្រាណជួយជំរុញឱ្យមានទឹកភ្នែកតូចៗនៅក្នុងសរសៃសាច់ដុំរបស់អ្នក​ហើយនៅពេលដែលជាសះស្បើយ សាច់ដុំរបស់អ្នកនឹងកើនឡើង។ បើគ្មានរយៈពេលព្យាបាលគ្រប់គ្រាន់ និងអាហារូបត្ថម្ភគ្រប់គ្រាន់ទេ សាច់ដុំរបស់អ្នកនឹងមិនអាចបង្កើតឡើងវិញបានត្រឹមត្រូវនោះទេ។ ជំនួសមកវិញ អ្នកគួរមានពេលវេលាសម្រាក និងបំពេញថាមពលវិញ ដូច្នេះអ្នកគួរតែកំណត់ពេលសម្រាក និងបំពេញកម្លាំងឡើងវិញ ដើម្បីឲ្យសាច់ដុំរបស់អ្នកអាចងើបឡើងវិញបានលឿន។ ការធ្វើលំហាត់ប្រាណច្រើនពេកអាចមិនល្អសម្រាប់សុខភាពទូទៅរបស់អ្នក ករណីធ្ងន់ធ្ងរនៃការធ្វើលំហាត់ប្រាណខ្លាំងពេកអាចនាំឱ្យអស់កម្លាំង ខ្សោះជាតិទឹក របួសធ្ងន់ធ្ងរ និងសូម្បីតែ rhabdomyolysis - ស្ថានភាពដែលកើតឡើងនៅពេលដែលជាលិកាសាច់ដុំបំបែក និងសរសៃសាច់ដុំចូលទៅក្នុងចរន្តឈាមរបស់អ្នក ដែលអាចបំផ្លាញថ្លើមរបស់អ្នក។   តើគួរធ្វើលំហាត់ប្រាណច្រើនប៉ុណ្ណា? ការដាក់កំហិតនៃការធ្វើលំហាត់ប្រាណដ៏លំបាករបស់អ្នកត្រឹម 3 ទៅ 4 ថ្ងៃក្នុងមួយសប្តាហ៍ ហើយអនុញ្ញាតឱ្យមានការសម្រាកមួយថ្ងៃ ឬពីរថ្ងៃគឺជាគំនិតដ៏ល្អ។ អ្នកត្រូវប្រាកដថាបានបញ្ចូលគ្នានូវការធ្វើលំហាត់ប្រាណដ៏ខ្លាំងក្លាជាមួយនឹងអាហារូបត្ថម្ភដ៏អស្ចារ្យផងដែរ។ ស្វែងយល់ពីរបៀបដែលប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់មានឥទ្ធិពលលើសកម្មភាពកីឡា។ មានតែអ្នកទេដែលដឹងថារាងកាយរបស់អ្នកល្អបំផុត ដូច្នេះដំបូន្មានដូចរាល់ដង គឺត្រូវយកចិត្តទុកដាក់លើអារម្មណ៍របស់អ្នក ជម្រុញ​ខ្លួន​ឯង​ឲ្យ​បាន​គ្រប់​គ្រាន់ ប៉ុន្តែ​មិន​ដល់​ចំណុច​ហត់​ទេ។   បង្កើតផែនការលំហាត់ប្រាណជាប់លាប់រៀងរាល់សប្តាហ៍ លំហាត់ប្រាណផ្តល់លទ្ធផលល្អបំផុតនៅពេលអ្នកធ្វើតាមទម្លាប់របស់អ្នក។ វាគ្រាន់តែជាផ្នែកនៃយុទ្ធសាស្ត្រសុខភាពទូទៅ ដើម្បីកែលម្អជីវិតរបស់អ្នក។ អ្នកគួរមានភាពសកម្ម កត់ត្រាតាមដានលទ្ធផលរបស់អ្នក យ៉ាងហោចណាស់ មានភាពសកម្មជាអប្បបរមាដែលមានសុខភាពល្អរៀងរាល់សប្តាហ៍។ ប្រសិនបើអ្នកជាអ្នកហាត់ប្រាណខ្លាំង ត្រូវប្រាកដថាអ្នកចំណាយពេលសម្រាកឱ្យបានគ្រប់គ្រាន់។ នេះជាកាលវិភាគហាត់ប្រាណ/សម្រាក ដើម្បីផ្តល់ឱ្យអ្នកនូវគំនិតអំពីរបៀបដែលរៀបចំផែនការប្រចាំសប្តាហ៍៖ • ថ្ងៃច័ន្ទ៖ ការរត់ និងហាត់ប្រាណ កម្រិតអាំងតង់ស៊ីតេខ្ពស់ • ថ្ងៃអង្គារ៖ ជិះកង់ និងយូហ្គា កម្រិតអាំងតង់ស៊ីតេកម្រិតមធ្យម • ថ្ងៃពុធ៖ ការហ្វឹកហាត់ចន្លោះពេលទម្ងន់ខ្លួន កម្រិតអាំងតង់ស៊ីតេខ្ពស់ • ថ្ងៃព្រហស្បត្តិ៍៖ ជាថ្ងៃសម្រាកសកម្មសម្រាប់ការដើរកម្សាន្ត ឬឡើងភ្នំ កម្រិតអាំងតង់ស៊ីតេទាប • ថ្ងៃសុក្រ៖ ជិះកង់ និងរត់ កម្រិតអាំងតង់ស៊ីតេមធ្យម ប៉ុន្តែរយៈពេលវែង • ថ្ងៃសៅរ៍៖ សម្រាកយ៉ាងសកម្មសម្រាប់ការហែលទឹកសប្បាយជាលក្ខណៈគ្រួសារ ជិះទូកលេង កម្រិតអាំងតង់ស៊ីតេទាប • ថ្ងៃអាទិត្យ៖ សម្រាក   ជាធម្មតាអ្នកគួរកែសម្រួលកម្រិតអាំងតង់ស៊ីតេ និងរយៈពេលនៃការហាត់ប្រាណរបស់អ្នក ដើម្បីធានាថាការហាត់ប្រាណរបស់អ្នកមិនមានភាពតានតឹង និងរីករាយ។     ##### អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម

យូហ្គា មើលទៅមានភាពសាមញ្ញណាស់ដែលមិនតម្រូវឲ្យមានឧបករណ៍ច្រើននោះទេ ដោយគ្រាន់តែមានកម្រាលមួយនិងរាងកាយអ្នកប៉ុណ្ណោះក៏អាចហាត់បានដែរ។ ជាក់ស្ដែង លំហាត់ប្រាណបែបនេះមានភាពពេញនិយម និងទាក់ទាញដោយសារលក្ខណៈពិសេសជាច្រើនថែមទាំងអាចហាត់បានពេញមួយតួខ្លួនទៀតផង។ ដោយឡែក បើក្រឡេកមើលកម្រាលយូហ្គាវិញក៏ត្រូវបានផលិតឡើងជាច្រើនប្រភេទទៅតាមតម្រូវការដែរ។ តោះ! មកមើលទាំងអស់គ្នាថាតើមានប្រភេទអ្វីខ្លះ? បើទោះមិនបានដឹងគ្រប់សព្វ ក៏បានដឹងខ្លះដែរ៖ កម្រាលយូហ្គាស្អិត (Basic Sticky Yoga Mats) ជាប្រភេទកម្រាលដែលមានច្រើនក្នុងចំណាមកម្រាលទាំងអស់។ លក្ខណៈស្អិតរបស់វាអាចជួយទប់លំនឹងដងខ្លួនកុំឲ្យដួលនៅពេលហាត់យូហ្គាម្ដងៗ។ បើនិយាយពីទំហំវិញ អ្នកក៏អាចជ្រើសរើសកម្រាស់ពី ១/៨ ទៅ១/៤អុីង ទៅតាមសភាពដែលអ្នកចង់បាន និងធ្វើឲ្យការហាត់កាន់តែបានរលូន។ កម្រាលយូហ្គាប្រភេទនេះមានតម្លៃធូរថ្លៃជាងប្រភេទផ្សេងទៀត ដែលអ្នកអាចទិញបានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅក្នុងផ្ទះ។ កម្រាលយូហ្គាកៅស៊ូធម្មជាតិ (Natural Rubber Yoga Mats) ដើម្បីកាន់តែជិតស្និទ្ធជាមួយនឹងធម្មជាតិ អ្នកអាចធ្វើការជ្រើសរើសប្រភេទយូហ្គាដែលធ្វើឡើងពីកៅស៊ូធម្មជាតិ។ វាជាប្រភេទកម្រាលយូហ្គាដែលគ្មានជាតិពុល និងផ្ដល់ផលវិជ្ជមានដល់បរិស្ថានដោយហេតុថាកាកសំណល់នៃកៅស៊ូប្រភេទនេះអាចបំបែក និងយកមកកែច្នៃបាន។  កម្រាលបែបនេះស័ក្តិសមបំផុតសម្រាប់កាយវិការយូហ្គាដែលផ្ដោតសំខាន់ទៅលើសាច់ដុំ និងត្រូវការថាមពលខ្លាំង។ កម្រាលយូហ្គាប្លាស្ទិកយឺត (Plastic Elastomer Yoga Mats) ដោយហេតុថាការផលិតកម្រាលយូហ្គាកាន់តែមានជម្រើសច្រើនដែលមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់បរិស្ថានមួយមុខនោះទេ វាក៏មានឥទ្ធិពលវិជ្ជមានទៅលើសុខភាពផងដែរ។ ជាក់ស្ដែងកម្រាលបង្កើតដោយប្លាស្ទិកម៉្យាងឈ្មោះថា Plastic Elastomer មិនមែនជាប្រភេទប្លាស្ទិកដែលធ្វើឲ្យពុលដល់សុខភាពដូចទៅនឹងពពួក PVC ឬសារធាតុពុលដទៃទៀតឡើយ។ ជាពិសេសប្រភេទកម្រាលយូហ្គានេះ អាចប្រើបានសម្រាប់អ្នកដែលមានស្បែកឆាប់ប្រតិកម្ម មានភាពធន់ និងងាយស្រួលក្នុងការសម្អាតដោយសារភាពមិនស្រូបទឹករបស់វា។ កម្រាលយូហ្គាក្រណាត់ (Cotton Yoga Mats) លក្ខណៈទន់ និងជក់ទឹករបស់យូហ្គាប្រភេទក្រណាត់នេះ អាចធ្វើឲ្យកាយវិការហាត់របស់អ្នកកាន់តែមានភាពស្និទ្ធស្នាល។ អ្នកអាចធ្វើការសម្អាតភាពកង្វក់ភ្លាមៗបន្ទាប់ពីប្រើប្រាស់រួច ប៉ុន្តែដោយសារតែវាធ្វើឡើងពីក្រណាត់ នោះវាអាចប្រឈមខ្ពស់ទៅនឹងការដាច់រហែកបាន។ កម្រាលយូហ្គាសរសៃអំបោះរឹង (Jute Yoga Mats) សរសៃអំបោះដែលចម្រាញ់ចេញពីដើមរុក្ខជាតិមួយចំនួន ក៏ត្រូវបានប្រើប្រាស់សម្រាប់ផលិតជាកម្រាលយូហ្គាផងដែរនាពេលបច្ចុប្បន្ននេះ។ ភាគច្រើនសរសៃអំបោះបែបនេះគេអាចរកបាននៅតំបន់អាស៊ីអាគ្នេយ៍ និងមានលក្ខណៈធម្មជាតិដែលអំណោយផលដល់បរិស្ថាន។ អ្នកអាចជ្រើសរើសកម្រាលប្រភេទនេះសម្រាប់ការហាត់យូហ្គាគ្រប់កាយវិការ ដោយសារសភាពធន់ និងស្អិតរបស់វា។ ត្រូវចាំថា វាជាការល្អដែលអ្នកគួរស្វែងយល់ និងជ្រើសរើសប្រភេទកម្រាលយូហ្គាណាមួយដែលមិនត្រឹមតែឲ្យការហាត់ប្រព្រឹត្តទៅដោយរលូននោះទេ ថែមទាំងជាចំណែកផ្ដល់នូវអនាម័យ និងផាសុកភាពសម្រាប់អ្នកក៏ដូចជាបរិស្ថានផងដែរ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៦ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តរាំ និងមានបំណងចង់ហាត់ប្រាណដើម្បីទទួលបានសុខភាពល្អ ព្រមទាំងមានរូបរាងកាយសមសួន បានមកដល់ហើយ នោះគឺក្បាច់រាំហាត់ប្រាណដែលមានឈ្មោះថា ហ្សូមបា។ ហ្សូមបា គឺជាប្រភេទលំហាត់ប្រាណមួយបែប ចម្រុះទៅដោយក្បាច់រាំប្លែកៗរវាងក្បាច់រាំឡាទីន និងអាមេរិក ដែលនាពេលបច្ចុប្បន្នវាបានក្លាយជាលំហាត់ប្រាណដ៏ពេញនិយម និងទាន់សម័យនៅលើពិភពលោកតាមរយៈអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលដូចខាងក្រោម៖ ១. អាចធ្វើចលនាបានពេញមួយតួខ្លួន ក្បាច់រាំនេះត្រូវបានបញ្ចូលគ្នារវាងក្បាច់រាំសែលសា(Salsa) និងក្បាច់រាំដែលប្រើប្រាស់ថាមពលច្រើន (Aerobic) ជាហេតុធ្វើឲ្យអ្នកអាចធ្វើចលនាបានគ្រប់ផ្នែកទាំងអស់នៃរាងកាយ ដោយរាប់បញ្ចូលទាំងម្រាមដៃ ស្មា ដងខ្លួននិងជើង។ ម៉្យាង រាល់ពេលអ្នករាំចង្វាក់នេះ អ្នកមិនចាំបាច់បារម្ភថាអ្នករាំត្រូវ ឬខុសនោះទេ ដរាបណាអ្នកអាចធ្វើចលនាតាមចង្វាក់ភ្លេង នោះមានន័យថា អ្នកបានកំពុងចូលរួមធ្វើលំហាត់ប្រាណហើយ។ ២. ជួយសម្រកទម្ងន់បានល្អ ការសិក្សាមួយនៅឆ្នាំ២០១២ បានបង្ហាញថាការរាំហ្សូមបារយៈពេល៣៩នាទីបានដុតបំផ្លាញថាមពលប្រហែល ៣៦៩កាល់ឡូរី ហើយអាចដុតបំផ្លាញបាន ៩.៥កាល់ឡូរីក្នុងមួយនាទី។ ក្រុមប្រឹក្សាសហរដ្ឋអាមេរិកទាក់ទងនឹងការធ្វើលំហាត់ប្រាណ បានផ្តល់អនុសាសន៍ថា បុគ្គលម្នាក់ៗគួរដុតបំផ្លាញថាមពលយ៉ាងតិច៣០០កាល់ឡូរី រាល់ពេលធ្វើលំហាត់ប្រាណដើម្បីជួយក្នុងការសម្រកទម្ងន់ និងរក្សាទម្ងន់។ ដូច្នេះ ក្បាច់រាំហ្សូមបាអាចបំពេញគ្រប់លក្ខខណ្ឌសម្រកទម្ងន់នេះបានយ៉ាងល្អ។ ៣. ពង្រឹងសាច់ដុំរាងកាយទាំងមូល អ្នកនឹងមានអារម្មណ៍ថាឈឺពេញទាំងខ្លួន ឬអាចឈឺត្រង់តំបន់ដែលអ្នកមិននឹកស្មានទៀតផង ដោយសារក្បាច់រាំហ្សូមបាបានផ្តោតទៅលើការធ្វើលំហាត់ប្រាណសាច់ដុំប្រភេទផ្សេងៗគ្នាគ្រប់ផ្នែកទាំងអស់នៃរាងកាយ ជាពិសេសសន្លាក់ផងដែរ។ ៤. សម្រួលចង្វាក់បេះដូង និងសរសៃឈាម ដូចដែលបានបញ្ជាក់ខាងលើ ក្បាច់រាំនេះបានរួមបញ្ចូលទាំងការរាំបែបសប្បាយៗ និងក្បាច់ប្រើប្រាស់ថាមពលច្រើន (Aerobic) ដែលជាប្រភេទលំហាត់ប្រាណជួយដល់ដំណើរការរបស់បេះដូង និងសរសៃឈាមបានល្អ។ ជាក់ស្តែង ការសិក្សាមួយបានបង្ហាញថា បន្ទាប់ពីរយៈពេល ១២សប្តាហ៍ក្រោយកម្មវិធីលំហាត់ប្រាណ ហ្សូមបា អត្រាលោតរបស់ចង្វាក់បេះដូង និង សម្ពាធឈាមរបស់អ្នកចូលរួមបានថយចុះគួរឲ្យកត់សម្គាល់។ ៥. បង្កើនភាពរីករាយ និងបន្ថយស្ត្រេស ពីព្រោះ ហ្សូមបា ជាប្រភេទលំហាត់ប្រាណជាក្រុមដែលមានមូលដ្ឋានគ្រឹះជាការរាំ និងតន្ត្រី ហេតុនេះវាហាក់បីដូចជាភាសាសកលមួយដែលមនុស្សគ្រប់គ្នាងាយស្ដាប់យល់ និងងាយធ្វើត្រាប់តាម។ តាមរយៈការបង្វែរចំណាប់អារម្មណ៍របស់អ្នកមកកាន់តន្ត្រីហើយបោះចោលនូវភាពតានតឹងទាំងឡាយដែលមានជារៀងរាល់ថ្ងៃ គឺជាវិធីមួយដ៏ល្អបំផុតដើម្បីជួយបន្ធូរបន្ថយភាពតានតឹងទាំងនោះ។ ការសិក្សាបានបង្ហាញការធ្វើលំហាត់ប្រាណអាចផ្តល់ប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយភាពនឿយហត់ បង្កើនការប្រុងប្រយ័ត្ននិងមានស្មារតីផ្ចង់អារម្មណ៍ខ្ពស់ ព្រមទាំងជំរុញឲ្យញាណដឹងមានដំណើរបានល្អប្រសើរទៀតផង។ ៦. សមស្របគ្រប់វ័យ និងគ្រប់កម្រិត ហ្សូមបា គឺជាប្រភេទលំហាត់ប្រាណចំណាយថាមពលច្រើន និងសមស្របសម្រាប់ហ្វឹកហាត់បេះដូង ហេតុនេះមនុស្សគ្រប់គ្នាអាចសាកល្បងជាមួយក្បាច់រាំប្រភេទនេះបានដោយមិនប្រកាន់អាយុ និងសមត្ថភាពនៃការចេះរាំ ឬមិនចេះរាំនោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកមានបញ្ហាសុខភាពប្រចាំកាយអ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នកជាមុនសិន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

តើអ្នកធ្លាប់គិតដែរទេថា អ្នកក៏អាចហាត់ប្រាណនៅខាងក្រៅ ហើយទទួលបានលទ្ធផលល្អប្រសើរដែរ បើទោះជាអ្នកមិនមានឧបករណ៍អ្វីសោះក៏ដោយ?មិនមែនត្រឹមជាការរត់ត្រឹកៗ ធម្មតានោះទេ អ្នកអាចអនុវត្តនូវចលនាងាយៗមួយចំនួនខាងក្រោមនេះ ដែលអាចជួយដល់សុខភាពផ្លូវកាយរបស់អ្នកឲ្យកាន់តែរឹងមាំផងដែរ...      ការតោងបង្គោល ឬរបារ ក្រឡេកមើលជុំវិញខ្លួនអ្នក ថាតើមានបង្គោលផ្តេកឬរបារ (អាចជាមែកឈើដែលមាំក៏បាន) ដែលមានកម្ពស់ខ្ពស់ជាងក្បាលរបស់អ្នកឬទេ? ហើយធ្វើ ការហក់លោតដើម្បីតោងចាប់វា ដោយប្រើកម្លាំងដៃទប់ទម្ងន់ខ្លួន ហើយប្រឹងងើបក្បាលឲ្យខ្ពស់ជាងបង្គោល ឬរបារនោះ ហើយទម្លាក់ខ្លួនចុះក្រោមវិញ (ដោយមិនដាក់ជើងដល់ដី) ហើយងើបឡើងលើទៀត។ ធ្វើបែបនេះប្រមាណ ៦០វិនាទី ជាមួយនឹងល្បឿនដែលអ្នកគិតថាល្មមសម្រាប់កម្លាំងរបស់អ្នក។ អាវ៉ង់ (​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Push-up) អ្វីដែលត្រូវការពេលនេះ គឺកៅអីបង់ ដែលជឿជាក់ថាមិនពិបាកស្វែងរកនោះទេនៅសួនច្បារសាធារណៈនោះ។ អ្នកត្រូវអាវ៉ង់ចំនួន ៣ចលនាខុសៗគ្នាដំបូងអាវ៉ង់ដោយដាក់ជើងទៅលើកៅអីបង់ និងដៃនៅលើដី (ធ្វើឲ្យបាន ១០ដង)។បន្ទាប់មក ផ្លាស់ប្តូរទិសដៅវិញ ដោយដាក់ដៃនៅលើកៅអីបង់ និងជើងនៅលើដីវិញ (ធ្វើឲ្យបាន ១០ដង) រួចសឹមធ្វើការអាវ៉ង់ធម្មតានៅលើដីរាបស្មើវិញចំនួន១០ដងដូចគ្នា។ ការហក់លោតប៉ះទីខ្ពស់ អាចរកដើមឈើ ឬទីតាំងណាមួយដែលមាន​កម្ពស់ខ្ពស់ជាងក្បាលរបស់អ្នកឆ្ងាយ ហើយ​លើកដៃទាំងពីរឡើងលើឲ្យផុតពីក្បាល រួចធ្វើការលោតប៉ះដើមឈើ ឬទីខ្ពស់នោះឲ្យដល់ទីខ្ពស់បំផុតដែលអ្នកអាចធ្វើបានដោយត្រូវប្រាកដថាអ្នកលោត និងឈរដោយប្រមូលផ្តុំកម្លាំងនៅចុងជើង។ ធ្វើបែបនេះប្រមាណ ១នាទីជាការស្រេច។ ការអង្គុយលើអាកាស អង្គុយលើកៅអីបង់ដោយលើកដៃទាំងពីរក្តាប់នៅពីមុខខ្លួនអ្នក (ដាក់នៅកម្ពស់ប្រហែលនឹងករបស់អ្នក) ហើយសាកងើបអង្គុយលើអាកាសឲ្យខ្ពស់តាមដែលអាចធ្វើបាន ហើយអង្គុយចុះផ្ទាល់លើកៅអីវិញពេលដែលមានអារម្មណ៍ថាទ្រទម្ងន់លែងបាន។ អ្នកគួរធ្វើបែបនេះប្រមាណ១នាទីទើបប្រសើរ។ ការរត់នៅមួយកន្លែង ឈរនៅឆ្ងាយពីកៅអីបង់បន្តិច ដោយបែរមុខទៅរកកៅអី ហើយដាក់ដៃទប់លំនឹងខ្លួននៅលើកៅអី ជើងនៅលើដីធម្មតា (ស្រដៀងនឹងពេលអាវ៉ង់ដែរ) រួចធ្វើចលនាជើងរត់ដោយមិនផ្លាស់ទី ដោយប្រឹងធ្វើចលនាជង្គង់អបៗនឹងដើមទ្រូង ប្រៀបដូចជាកំពុងរត់ឡើងភ្នំដែរ។ ធ្វើបែបនេះប្រមាណ ៣០វិនាទីហើយផ្លាស់ប្តូរដោយដាក់ដៃ និងជើងនៅដីផ្ទាល់វិញ ជាមួយនឹងចលនាដូចគ្នាប្រមាណ៣០វិនាទីទៀត។ ការឈរទប់លំនឹងលើកៅអីបង់ ឡើងឈរលើកៅអីដោយដាក់ជើងស្តាំនៅលើកៅអីហើយបោះជំហានឡើងចុះកៅអីជាមួយនឹងជើងឆ្វេង រួចធ្វើការឆ្លាស់ជើងវិញម្តង ដោយដាក់ជើងឆ្វេងលើកៅអី ហើយបោះជើងឆ្វេងឡើងចុះកៅអីដោយធ្វើបែបនេះទៅមកឲ្យបាន២០ដង។ ការបង្វែរខ្លួនទៅទាំងសងខាង បន្ទន់ជង្គង់ និងឱនខ្នងប្រៀបដូចជាពេលដែលអ្នកកំពុងប្រឹងលើកបាវខ្សាច់ ឬស្ពាយអ្វីដែលធ្ងន់នៅលើខ្នង ដោយដាក់ដៃទាំងសងខាងផ្អោបចូលគ្នា ហើយដាក់ព័ទ្ធទៅផ្នែកខាងក្រោយនៃក្បាល ដើម្បីទប់លំនឹងខ្លួន។ បង្វែរខ្លួនទៅ​ឆ្វេងម្តង ទៅស្តាំម្តងដោយរក្សាជំហរដដែល ឲ្យបានប្រមាណ១នាទី។ អ្នកអាចជ្រើសរើសចលនាណាមួយដែលអ្នកគិតថាងាយស្រួលសម្រាប់អ្នកហើយអនុវត្តឲ្យបានជាប្រចាំ។ វានឹងមានការប្រសើរ ប្រសិនបើអ្នកធ្វើចលនានីមួយៗឲ្យបាន៣ដង ដោយធ្វើការរត់ត្រឹកៗប្រមាណជា៥នាទីរៀងរាល់ពេលបញ្ចប់ចលនាទាំងនោះបានម្តង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ហាត់ប្រាណ និងដំណើរកម្សាន្ត ហាក់ដូចជារឿង២ដែលដាច់ដោយឡែកពីគ្នា ប៉ុន្តែវាហាក់ផ្តល់គុណប្រយោជន៍រហូតអ្នកមិនអាចស្មានដល់។ សំខាន់នៅត្រង់ថា អ្នកគួរធ្វើវានៅពេលណា ហើយលំហាត់ប្រាណបែបណាដែលអ្នកអាចធ្វើបាននៅពេលនេះប៉ុណ្ណោះ… ល្មមអំឡុងចុងឆ្នាំ ដែលម្នាក់ៗហាក់កំពុងរៀបចំគម្រោងដើរកម្សាន្ត ជាមួយមិត្តភក្តិ ក្រុមការងារ គ្រួសារ ហើយអ្នកខ្លះក៏ប្រហែលចង់ទៅម្នាក់ឯង ដូចនេះ លោកអ្នកអាចសាកល្បងគន្លឹះហាត់ប្រាណមួយចំនួន ដូចខាងក្រោម៖ ខណៈពេលរង់ចាំ ឬអង្គុយយូរ បើសិនជាអ្នកនឹងត្រូវដើរលេងកម្សាន្តដោយការធ្វើដំណើរដោយយន្តហោះ ឬរថយន្តរយៈពេលយូរ ហេតុអ្វីបានជាអ្នកមិនព្រមធ្វើលំហាត់ប្រាណខ្លះខណៈពេលដែលកំពុងតែអង្គុយ ដូចជា ការលើកជើងសណ្តូកទៅមុខ អង្គុយចោងហោងដោយបន្ទន់ជង្គង់យឺតៗ និងការបង្វិលកជើងឲ្យស្របទ្រនិចនាឡិកាផង។ លំហាត់ប្រាណតិចតួចនេះនឹងជួយរក្សារបត់ឈាមរត់សំខាន់ៗ និងធ្វើឲ្យអ្នកមានសុខភាពល្អបានថែមទៀតផង។   អំឡុងពេលនៃដំណើរកម្សាន្ត ក្នុងរយៈពេលនៃដំណើរកម្សាន្តដ៏រីករាយនេះលោកអ្នកអាចឆ្លៀតឱកាសហាត់ប្រាណបន្ថែមបែបងាយៗដែលរួមមាន៖ ១. ដើរ៖ ជ្រុលជាអ្នកត្រូវមកដើរកម្សាន្ត ហើយមកដល់ទីតាំងត្រូវឈប់ល្មម ដែលអ្នកអាចនឹងមានអារម្មណ៍ល្ហិតល្ហៃ តែសូមព្យាយាមដើរឲ្យបានច្រើន ព្រោះថាទេសភាពនឹងអមដំណើរអ្នកនឹងមិនធ្វើឲ្យអ្នកនឿយហត់ក្នុងការដើរឡើយ។ អ្នកអាចចំណាយត្រឹមតែពីរ ទៅបីនាទី នោះអ្នកនឹងដឹងដោយអារម្មណ៍នូវភាពស្រស់ស្រាយ បង្កប់ទាំងផ្លូវចិត្ត និងកាយ។ ត្បិតការដើរក្នុងដំណើរកម្សាន្តរបស់អ្នកពេលនេះ អាចជួយកាត់បន្ថយស្រេ្តស  បន្ថយសម្ពាធឈាម សម្រួលលំហូរឈាមនៅក្នុងរាងកាយយ៉ាងល្អទៀតផង។ ២. រត់ត្រឹកៗ៖ ពេលព្រឹកព្រលឹម ឬពេលល្ងាចពិតជាអំណោយផលយ៉ាងល្អដែលអ្នកគួរព្រលែងបាតជើងរបស់អ្នកឲ្យប៉ះជាមួយគ្រាប់ខ្សាច់ដ៏ល្អិត និងត្រជាក់ បូករួមជាមួយទេសភាពមាត់សមុទ្រ ឬព្រៃឈើបៃតងខ្ចីនៃទីតាំងកម្សាន្តរបស់អ្នក។ មិនចាំបាច់ចំណាយពេលយូរតែ១០ ទៅ ២០នាទីអាចមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយនូវភាពតានតឹង បញ្ចេញជាតិពុល សម្រកជាតិខ្លាញ់ និងពង្រឹងប្រព័ន្ធការពាររាងកាយលើពីការរត់ធម្មតានៅផ្ទះ។ ៣. ជិះកង់៖ អ្នកអាចធ្វើដំណើរកម្សាន្តទៅទីតាំងមួយដែលមានទំហំធំ ដូច្នេះការជិះកង់គឺជាជម្រើសមួយល្អបំផុតជំនួសឲ្យការប្រើប្រាស់យាន្តជំនិះផ្សេង។ អ្នកអាចបញ្ចេញកម្លាំងពីគ្រប់កន្លែងនៃរាងកាយរបស់អ្នកបានយ៉ាងស្មើគ្នា ពិសេសសាច់ដុំជើង ហើយអ្នកនឹងកាន់តែរីករាយជាមួយនឹងមិត្តភក្តិរបស់អ្នក ជាមួយការរំឭកដល់អនុស្សាវរីយ៍កាលវ័យជិះកង់ទៅរៀនជាមួយគ្នា។ ទេសភាពស្រស់ស្អាត មាត់សមុទ្រធំល្វឹងល្វើយ សួនច្បារគួរជាទីទាក់ទាញ គួបផ្សំជាមួយនឹងតន្រ្តីយ៉ាងពិរោះថែមទាំងបានហាត់ប្រាណទៀត។ ៤. លោតអន្ទាក់៖ ខ្សែលោតអន្ទាក់ ងាយស្រួលក្នុងការទុកដាក់តាមខ្លួន ហើយលោកអ្នកអាចអនុវត្ត ការហាត់ប្រាណដោយការលោតអន្ទាក់នេះ បាននៅគ្រប់ទីកន្លែង។ អ្នកអាចហាត់ជាមួយក្រុមមិត្តភក្តិដែលមកជាមួយគ្នា ដោយធ្វើការប្រកួតប្រជែងបានយ៉ាងសប្បាយរីករាយ នោះសេចក្តីរីករាយចេញពីចិត្តត្រូវបានជំរុញ តាមរយៈសំឡេងសើចក្អាកក្អាយ ដែលនាំដោយសោតវិញ្ញាណរបស់អ្នក។ ការចងចាំដ៏មានអត្ថន័យ ហើយក៏អាចធ្វើឲ្យអ្នកមានរាងស្រឡូនស្អាត និងមានសុខភាពល្អ។ បទពិសោធន៍ថ្មីដែលទទួលបានពេលនេះលោកអ្នកអាចយកទៅសាកល្បងនៅពេលអ្នកធ្វើដំណើរកម្សាន្តលើកក្រោយៗ ដើម្បីទទួលបាននូវអារម្មណ៍ស្រស់ថ្លា សុខភាពល្អ និងជីវិតពោរពេញដោយភាពមានន័យ… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

នរណាៗក៏ដឹងដែរថាការធ្វើលំហាត់ប្រាណមានប្រយោជន៍សម្រាប់សុខភាព និងរូបរាងកាយទាំងមូលកម្រិតណា ប៉ុន្តែ ដោយសារការងារប្រចាំថ្ងៃដ៏មមាញឹកបានធ្វើឲ្យមនុស្សជាច្រើនមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីទៅក្លឹបហាត់ប្រាណ ឬធ្វើការរត់ចម្ងាយច្រើនគីឡូម៉ែត្រ។ សូមកុំបារម្ភណា ការមិនមានពេលគ្រប់គ្រាន់ ឬការមិនចូលចិត្តហាត់ប្រាណបែបនេះ អាចនឹងត្រូវដោះស្រាយតាមរយៈ ការប្រែក្លាយសកម្មភាពខាងក្រៅ ប្រចាំថ្ងៃរបស់អ្នក ឲ្យក្លាយជាលំហាត់ប្រាណ គ្រាន់តែអ្នកមិនចាប់អារម្មណ៍ប៉ុណ្ណោះ។ ខាងក្រោមនេះ ជាសកម្មភាពដែលអាចជួយអ្នកសម្រេចបាននូវការធ្វើលំហាត់ប្រាណ៖ ចតយាន្តជំនិះអ្នកឲ្យឆ្ងាយ៖ សូមកុំយល់ថាជាការ​ខ្ជះខ្ជាយពេលវេលា និងសាំងរបស់អ្នកអី ប៉ុន្តែ សូមចាត់ទុកថាវាជាផ្នែកមួយនៃលំហាត់ប្រាណរបស់អ្នកទៅវិញ ព្រោះថាវាបានផ្តល់ឱកាសឲ្យអ្នកបានដើរ និងឲ្យរាងកាយធ្វើចលនាខ្លះៗ ខណៈពេលដែលការងារប្រចាំថ្ងែរបស់អ្នកត្រូវអង្គុយមុខកុំព្យូទ័ររហូតដល់៨ម៉ោងឯណោះ។ ការឡើងជណ្តើរ៖ អ្នកដឹងទេថាគ្រាន់តែ២នាទីអ្នកអាចដុតបំផ្លាញថាមពលអស់ប្រមាណ២០កាល់ឡូរី ជាមួយនឹងលំហាត់ប្រាណសាច់ដុំជើងបានល្អទៀតផង។ ដូច្នេះ សូមប្រើជណ្តើរជើងឲ្យ​បានច្រើនជាងការប្រើជណ្តើរយន្ត តាមដែលអ្នកអាចធ្វើទៅបាន។ ការដើរទិញទំនិញ៖ គ្រប់ពេលដែលអ្នកដើរទិញ​ម្ហូបអាហារ ទិញខោអាវ  ឬទិញរបស់របរប្រើប្រាស់ បានធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ ហើយថែមទាំងជួយអ្នកឲ្យធ្វើចលនារាងកាយ និងចំណាយថាមពលបានយ៉ាងច្រើន តាមរយៈការដើរ ការលើក ឬយួរទំនិញ ការនិយាយ និងសើចជាដើម។ ដំណើរកំសាន្ត៖ ទោះបីជាអ្នកមិនស្ថិតក្នុងពេលវិស្សមកាលក៏ដោយ តែអ្នកអាចដើរលេងនៅក្នុងស្រុកកំណើតរបស់អ្នក ឬនៅតំបន់ជិតៗក៏បាន។ ការធ្វើបែបនេះមិនត្រឹមតែផ្តល់ឲ្យអ្នកនូវការហ្វឹកហ្វឺនរាងកាយនោះទេ តែវាធ្វើឲ្យអ្នកគេងលក់ស្រួលនៅពេលយប់ទៀតផង។ ម៉្យាង អ្នកអាចដុតបំផ្លាញប្រហែល ១០០កាល់ឡូរី​ ក្នុងរយៈចម្ងាយប្រមាណ១.៥ម៉ែត្រ។ ធ្វើកិច្ចការជុំវិញផ្ទះ៖ ការចំណាយពេលប្រចាំថ្ងៃ ឬចុងសប្តាហ៍របស់អ្នកថែទាំដំណាំ និងបោសសម្អាតទីធ្លាជុំវិញផ្ទះក៏អាចជាការធ្វើលំហាត់ប្រាណបានដែរ។ ថ្វីត្បិតការងារនេះមើលទៅតិចតួច មិនសូវចំណាយកម្លាំងខ្លាំងក៏ដោយ តែរាងកាយអ្នកអាចបញ្ចេញជាតិពុលតាមរយៈញើសបានយ៉ាងច្រើន។ ពិសេសនោះគឺ វាជួយដុតបំផ្លាញថាមពលបានប្រមាណ២០០កាល់ឡូរីក្នុង១ម៉ោងទៀតផង។ លេងជាមួយក្មេងៗ៖ មានសកម្មភាពជាច្រើន ដែលអាចកើតឡើងនៅពេលអ្នកលេងជាមួយពួកគាត់ ពេលខ្លះក៏រត់ ដើរ លើក គ្រវែង ជាដើម។ គ្រាន់តែ៣០នាទី អ្នកអាចដុតថាមពលបានប្រហែល១៥០កាល់ឡូរី។ ជាក់ស្តែង សកម្មភាពនេះអាចជួយកាត់បន្ថយស្រេ្តស បង្កើនក្តីស្រឡាញ់ និងភាពកក់ក្តៅជាមួយពួកគាត់បានថែមទៀត។ លោតនៅលើ​ trampoline៖ អ្នកធ្លាប់សាកល្បងលេងលោតបែបនេះហើយឬនៅ? វាពិតជាសប្បាយណាស់ ហើយថែមទាំងជួយឲ្យរាងកាយអ្នកដុតបំផ្លាញថាមពលបានច្រើនទៀតផង រហូតដល់ ១០០០កាល់ឡូរី ក្នុងរយៈពេល១ម៉ោង។ ការលោតនៅលើ trampoline អាចជំនួសការរត់ចម្ងាយបាន ប្រសិនបើអ្នកមិនចូលចិត្តការរត់ចម្ងាយទេនោះ។ ការឡើងភ្នំ៖ មានទាំងទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ដែលអាចជួយអ្នកជម្រុះចោលភាពតានតឹងទាំងឡាយបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចដុតបំផ្លាញកាល់ឡូរីប្រមាណ ៤០០កាល់ឡូរី ក្នុងរយៈចម្ងាយ ១៥០០ម៉ែត្រ។ ការជិះស្គី៖ អ្នកអាចគិតថា ការជិះស្គីគ្រាន់តែជាការកម្សាន្តម្តងម្កាលដើម្បីជួយកាត់បន្ថយស្រេ្តស ឬបញ្ចៀសការស្ទះចរាចរ។ ប៉ុន្តែ អ្នកដឹងទេ អ្នកអាចធ្វើចលនារាងកាយបានយ៉ាងល្អ ព្រមទាំងអាចដុតថាមពលបានប្រហែល ៤០០កាល់ឡូរីក្នុង១ម៉ោង។ ការជិះកង់៖ ថ្វីត្បិតការជិះកង់មិនសូវចំណាយថាមពលបានច្រើនដូចការដើរ តែការធ្វើចលនា​សាច់ដុំមិនចាញ់គ្នាឡើយ។ ស្របពេលបច្ចុប្បន្ន​ចរាចរណ៍កំពុងមមាញឹកទៀតនោះ ការជិះកង់អាចជាជម្រើសដ៏ប្រសើរសម្រាប់សុខភាពអ្នក ហើយថែមទាំងចំណេញពេលវេលា និងជួយការពារបរិស្ថានបានទៀតផង។ ការរាំ៖ គ្រប់ពេលអ្នករាំ អ្នកអាចធ្វើចលនាសឹង តែគ្រប់ផ្នែកនៃរាងកាយរបស់អ្នក  ហើយក៏ទទួលបាននូវភាពរីករាយដោយអ្នកបានជួបជាមួយមិត្តភក្តិថ្មីៗ និងចង្វាក់ភ្លេងពិរោះៗផងដែរ។ ការរាំ អាចដុតបំផ្លាញប្រមាណ ៣០០កាល់ឡូរី ក្នុងរយៈពេល១ម៉ោង។ គួរកត់សម្គាល់ដែរថា ការប្រើប្រាស់ថាមពល​ដើម្បីដុតបំផ្លាញកាល់ឡូរីមានការប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ទៀត ជាក់ស្តែងបុគ្គលដែលមានទម្ងន់ធ្ងន់ ប្រើប្រាស់ថាមពលច្រើនជាងបុគ្គលដែលមាន​ទម្ងន់ស្រាល… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជារៀងរាល់ថ្ងៃ មានអ្នកណាខ្លះដែលចាប់ផ្តើមហាត់ប្រាណដោយមិនធ្វើការកម្តៅសាច់ដុំជាមុន? ហើយអ្នកណាខ្លះដែលធ្វើការកម្តៅសាច់ដុំដែរ ប៉ុន្តែ នៅមិនទាន់ឃើញថាវាមានប្រយោជន៍អ្វីពិសេស? ចំពោះអ្នកហាត់ប្រាណដោយមិនចង់ចំណាយពេលកម្តៅសាច់ដុំជាមុន ជាទូទៅច្រើនតែបញ្ចប់ជាមួយនឹងការឈឺចុកចាប់ ឬរងរបួសនៅផ្នែកណាមួយ ហើយបន្ទាប់មក ក៏ចំណាយពេលជាច្រើនសម្រាកពីការហាត់ប្រាណ។ ដោយឡែក ចំពោះអ្នកដែលកម្តៅសាច់ដុំដែរតែមិនត្រឹមត្រូវ ឬស័ក្តិសមនឹងខ្លួនទេនោះ ក៏មិនមានអ្វីខុសប្លែកដែរ ដែលចុងក្រោយគឺមានតែទន្ទឹងចាំហើយចាំទៀត មើលលទ្ធផលលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯង។ ហេតុអ្វីអ្នកត្រូវកម្តៅសាច់ដុំមុនពេលហាត់ប្រាណ? ជាទូទៅ សាច់ដុំដែលមិនសូវបានធ្វើចលនា អាចមានលក្ខណៈតឹង និងពិបាកក្នុងការទាញយឺត ដូចនេះ កាលណាអ្នកធ្វើចលនាសាច់ដុំធ្ងន់ ឬលឿនភ្លាមៗ នោះវាអាចប្រឈមនឹងការដាច់រហែក ដែលបង្កជាផលវិបាកពីស្រាលទៅធ្ងន់ធ្ងរ អាស្រ័យនឹងកម្រិតនៃសម្ពាធ។ អ្នកឯកទេសបង្ហាញថា ការកម្តៅសាច់ដុំ អាចផ្តល់កម្តៅ បន្ធូរសាច់ដុំ និងរៀបចំចិត្តត្រៀមសម្រាប់ការហាត់ប្រាណដ៏ល្អ។ ដូចនេះ ប្រសិនបើអ្នកគ្រាន់តែចំណាយពេលត្រឹម៥ ទៅ ១០នាទី (និងលើសពីនេះ ប្រសិនបើលំហាត់ប្រាណមានលក្ខណៈខ្លាំងក្លា) ក្នុងការកម្តៅសាច់ដុំឲ្យបានត្រឹមត្រូវជាមុន អ្នកអាចទទួលបានអត្ថប្រយោជន៍ពិសេសជាច្រើន បន្ថែមពីការខិតខំហាត់ប្រាណដូចជា៖ • ជំរុញចលនាឈាមរត់ ដែលធ្វើឲ្យការបញ្ចេញសកម្មភាពបានយ៉ាងស័ក្តិសម • សាច់ដុំអាចបត់បែនដល់កម្រិតអតិបរមាស្របពេលកាត់បន្ថយការរងរបួសដល់កម្រិតអប្បបរមា • បង្កើននូវចង្វាក់បេះដូងតាមលំដាប់ • ជួយឲ្យមានការដកដង្ហើមតាំងពីចាប់ផ្តើមសកម្មភាព។ កម្តៅសាច់ដុំបែបណាទើបចាត់ទុកថាត្រឹមត្រូវ? ប្រភេទនៃការកម្តៅសាច់ដុំ៖ រាល់ការកម្តៅសាច់ដុំអាចមានលក្ខណៈខុសៗគ្នាអាស្រ័យលើកម្រិត និងគោលបំណងនៃការហាត់ ដែលក្នុងនោះ ការកម្តៅសាច់ដុំដោយប្រើចលនាប្រកបដោយថាមពលត្រូវបានណែនាំដោយវាអាចជួយភ្ញោចដល់ប្រព័ន្ធប្រសាទ និងសាច់ដុំ ដែលជួយឲ្យសកម្មភាពរបស់អ្នក ប្រព្រឹត្តទៅយ៉ាងល្អបំផុត។ វាជាការកម្តៅសាច់ដុំ ដោយធ្វើការបំលាស់ប្តូរចលនារាងកាយដោយគ្មានការពត់ បត់បែនខ្លួន ឬទ្រទម្ងន់នោះទេ តែជាការធ្វើឲ្យចរន្តឈាមផ្លាស់ប្តូរទៅគ្រប់សាច់ដុំនៃរាងកាយ។ អ្នកអាចជ្រើសរើសយ៉ាងតិច៣ ក្នុងចំណោមវិធីសាស្រ្តខាងក្រោម៖ • លោតខ្សែ ២ ទៅ៣នាទី ឬសម្រាប់អ្នកដំបូងអាចធ្វើត្រឹម ៣០វិនាទីសិន • លោតដោយសន្ធឹងដៃចុះឡើង និងជើងចេញចូល ៥០ដង ឬដំបូងអាចធ្វើត្រឹម ២០ដង (jumping jacks) • ឈរលាតជើង និងបន្ទន់ជង្គង់ចុះឡើង ២០ដង ឬដំបូងអាចធ្វើត្រឹម ១០ដង (Squats) • លោតដោយលើកជង្គង់ទាំង២ ឲ្យផុត ឬម្តងម្ខាង ១០ ទៅ ១៥ដង ( Knee High Jump) • ការដើរ៖ អ្នកអាចធ្វើការដើរ ដោយការលាតសន្ធឹងដៃបណ្តើរៗដើម្បីឲ្យចរន្តឈាមរត់បានល្អមុននឹងចាប់ផ្តើមការរត់ចម្ងាយរយៈពេលយូរ។ ក្នុងនោះ ក៏មានវិធីជាច្រើនទៀត ដែលអ្នកអាចជ្រើសរើសបាន និងតម្រូវតាមកម្រិតនៃការហាត់ប្រាណ និងសមត្ថភាពរបស់អ្នកជាសន្សឹមៗ។ គន្លឹះខ្លះៗដើម្បីធ្វើការកម្តៅសាច់ដុំឲ្យបានត្រឹមត្រូវ ១.  ចាប់ផ្តើមសន្សឹមៗ៖ ដំបូងត្រូវកម្តៅសាច់ដុំយឺតៗ និងងាយៗ រួចបញ្ចប់ដោយចលនាពិបាក ប្រើកម្លាំង និងរហ័ស ដើម្បីធ្វើឲ្យរាងកាយកើនកម្តៅតាមលំដាប់។ ២. ធ្វើចលនារាងកាយជំនួសការពត់ខ្លួន៖ ការពត់ខ្លួនមិនគ្រប់គ្រាន់ឡើយ ហើយផ្ទុយទៅវិញមានតែធ្វើឲ្យសាច់ដុំលាតសន្ធឹងខ្លាំងជ្រុល និងធ្វើឲ្យសាច់ដុំអស់កម្លាំង នៅពេលហាត់ប្រាណប៉ុណ្ណោះ (តែវាមានប្រយោជន៍ក្នុងការធ្វើក្រោយពេលហាត់ប្រាណ)។ ៣. រមៀលចុះឡើងនៅផ្នែកផ្សេងៗនៃរាងកាយ៖ អាចប្រើជាកូនបាល់ធឺនីស ឬខ្នើយបំពង់ទន់ៗដែលអាចជួយការពារការរងបួស និងធ្វើឲ្យសាច់ដុំធូរ ក៏ដូចជា បង្កើនចរន្តឈាមរត់ផងដែរ។ ៤. កម្តៅសាច់ដុំគ្រប់ផ្នែក៖ ទោះបីជាអ្នកនឹងហាត់ទៅលើតែផ្នែកណាមួយនៃរាងកាយក៏ដោយ អ្នកគួរតែហ្វឹកហាត់គ្រប់ផ្នែកនៃរាងកាយ ពីព្រោះភាពជាប់នៃសន្លាក់ ផ្នែកណាមួយ ក៏អាចមានឥទ្ធិពល លើរាងកាយទាំងមូលបានដែរ។ ៥. ចាប់ផ្តើមសកម្មភាពហាត់ប្រាណដោយយឺតៗដូចគ្នា រួចបន្តទៅចលនារហ័ស និងខ្លាំងក្លា។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top