មានគភ៌ដំបូងនៅអាយុច្រើន សុទ្ធតែផ្តល់ហានិភ័យ ឬយ៉ាងណា?
ស្ត្រីមួយចំនួនហាក់មិនសូវចាប់អារម្មណ៍ចំពោះការមានគ្រួសារ ដោយសារកត្តាការសិក្សា កត្តាសង្គម និងការងារ ដែលជាហេតុធ្វើឲ្យពួកគេ ច្រើនតែមានកូនដំបូងនៅអាយុច្រើន។ បើយោងទៅតាមឯកសារជាច្រើនបង្ហាញថាស្ត្រីដែលត្រូវបានចាត់ទុកថាគាត់មានផ្ទៃពោះដំបូងនៅអាយុច្រើនគឺគិតចាប់ពីអាយុ ៣៥ឆ្នាំឡើងទៅ។ ប៉ុន្តែថា តើការមានគត៌ដំបូងនៅអាយុច្រើន មានគុណវិបត្តិ និងគុណសម្បត្តិបែបណាខ្លះ? ហើយអ្នកគួរត្រៀមខ្លួនបែបណា? សូមតាមដានអត្ថបទខាងក្រោម៖
បញ្ហាប្រឈម
វ័យកាន់តែជ្រេ រាងកាយកាន់តែវិវឌ្ឍទៅមុខ មិនច្រើនក៏តិចដែរ ទាំងបុរសទាំងស្ត្រី ដោយឡែកការមានកូនដំបូងនៅអាយុច្រើនអាចមានការប្រឈមដូចជា៖
ចំពោះស្ត្រីខ្លួនឯងផ្ទាល់៖
• ថយលទ្ធភាពបង្កកំណើត៖ ស្ត្រីកាលណាមានអាយុច្រើន នោះលទ្ធភាពនៃការមានគភ៌ត្រូវបានថយចុះទៅតាមអាយុ មានន័យថាគាត់ពិបាកក្នុងការមានផ្ទៃពោះ។
• មានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម៖ ជំងឺទាំង ២ប្រភេទនេះត្រូវបានរកឃើញថាកើតមានញឹកញាប់ចំពោះស្ត្រីមានគភ៌ដំបូងនៅអាយុច្រើន គាត់អាចនឹងប្រឈមជាមួយនឹងជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមដែលដំបូងមានភាពស្ងៀមស្ងាត់ពេលស្ត្រីមិនមានគភ៌ ផ្ទុយមកវិញវាត្រូវបានរកឃើញនៅពេលស្ត្រីចាប់មានផ្ទៃពោះ។ ម៉្យាងជាធម្មតាអាយុកាន់តែច្រើន ជំងឺប្រចាំកាយកាន់តែមានគឺថាគាត់អាចនឹងមានជំងឺលើសឈាម ឬទឹកនោមផ្អែម មុនពេលគាត់មានផ្ទៃពោះ ដែលទាំងនេះរឹតតែបង្កហានិភ័យខ្ពស់ពេលគាត់មានគភ៌។
• ជំងឺលើសរីរាង្គបន្តពូជ៖ ស្ត្រីមានគភ៌នៅអាយុច្រើន អាចប្រឈមជាមួយនឹងជំងឺដែលកើតនៅលើសរីរាង្គបន្តពូជដូចជាដុំស្បូន និងដុំដៃស្បូនជាដើម។
ចំពោះទារកក្នុងផ្ទៃ៖
មិនខុសគ្នានោះទេ ការថយចុះលទ្ធភាពក្នុងការមានគភ៌ នោះមានន័យថាក្រពេញដៃស្បូនធ្វើការមិនបានល្អ ជាហេតុធ្វើឲ្យការផលិតមេជីវិតមកក៏មិនបានល្អដែរ។ នៅពេលការបង្កកំណើតមិនល្អ ធ្វើឲ្យកូនកើតមកក៏មិនល្អ ដែលទាំងនេះអាចឈានដល់ការរលូតកូន។ លទ្ធភាពក្នុងការរលូតកូនកើនឡើងទៅតាមអាយុ ដូចនេះការរងពីការគំរាមនៃទារកក្នុងផ្ទៃមិនវិវឌ្ឍមានច្រើន។ ចំពោះករណីខ្លះ កូនមិនរលូត តែគាត់អាចនឹងប្រឈមជាមួយកត្តាមិនធម្មតាទៅលើក្រូម៉ូសូម (trisomy កើនឡើងតាមវ័យដែលជាទូទៅភាពមិនធម្មតាទៅលើក្រូម៉ូសូមអាចមាន ១/១១១ចំពោះស្ត្រីមានផ្ទៃពោះចាប់ពី ៣៥ឆ្នាំឡើងទៅ តែវាអាចមានត្រឹមតែ ១/១៥០០បើស្ត្រីមានគភ៌នៅអាយុទាបជាង ៣៥ឆ្នាំ។
បញ្ហាពេលសម្រាល៖
អត្រានៃការវះកាត់កើនឡើងរហូតដល់៤៦% ប្រសិនបើគាត់មានគភ៌នៅអាយុច្រើន ផ្ទុយមកវិញការសម្រាលតាមបែបធម្មជាតិមានត្រឹមតែ ៥៣% ទៅ៥៤%ប៉ុណ្ណោះ។ ចំពោះការសម្រាលតាមបែបធម្មជាតិនេះផងដែរ ស្ត្រីអាចនឹងប្រឈមខ្ពស់ជាមួយនឹងការធ្លាក់ឈាមច្រើន រួមនឹងរយៈពេលនៃការឈឺពោះសម្រាលយូរជាងធម្មតា។
ក្រោយការសម្រាល៖ បន្ទាប់ពីសម្រាលបានជោគជ័យ គាត់អាចនឹងប្រឈមជាមួយការព្យាបាលជំងឺគាត់ស្របពេលមានផ្ទៃពោះ។
ការតាមដានការពិនិត្យនិងតាមដានផ្ទៃពោះមិនមានអ្វីដែលខុសប្លែកពីស្ត្រីទូទៅទេ គឺត្រូវអេកូពោះ ៣ដងដូចគ្នា និងតាមដានផ្ទៃពោះរៀងរាល់ 1ខែម្តង។ នៅក្នុងប្រទេសអភិវឌ្ឍមួយចំនួន មានបន្ថែមនូវការធ្វើតេស្តរកក្រូម៉ូសូមមិនធម្មតា (Chromosomal Anomaly ) តាមរយៈការវិភាគតាមបែប systematic screening និងធ្វើការតាមដានពីជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ (gestational diabetes) ដោយប្រើ systematic test។
ការត្រៀមខ្លួន
វាពិតជាសំខាន់ខ្លាំងណាស់ដោយសារគាត់មានអាយុច្រើន ជាចាំបាច់គាត់ប្រហែលជាមានជំងឺប្រចាំកាយអ្វីមួយរួចទៅហើយ ដូចនេះមុនពេលមានផ្ទៃពោះគាត់ត្រូវទៅជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យមើលថារាងកាយរបស់គាត់អាចទទួលយកការមានគភ៌បានដែរឬទេ។ ចំពោះកំឡុងពេលមានផ្ទៃពោះវិញ គាត់ចាំបាច់ត្រូវធ្វើការតាមដាន តាមការណែនាំរបស់គ្រូពេទ្យ ដូចគ្នាផងដែរចំពោះក្នុងពេលសម្រាលនិងក្រោយពេលសម្រាល។
គុណសម្បត្តិ
ទោះជាការមានផ្ទៃពោះនៅអាយុច្រើនអាចនឹងបង្កហានិភ័យយ៉ាងណាក៏ដោយ វាក៏ផ្តល់នូវគុណសម្បត្តិផងដែរ។ ដោយហេតុថាគាត់មានភាពគ្រប់គ្រាន់ ទាំងចំណេះដឹង ទាំងការងារ និងសមត្ថភាពរាងកាយពេញលេញ ហេតុនេះធ្វើឲ្យការមានផ្ទៃពោះរបស់គាត់ក្លាយជារឿងសំខាន់មួយ និងមានតម្លៃ។ មិនតែប៉ុណ្ណោះ ម្តាយដែលមានអាយុច្រើន អាចចាស់ទុំបន្តិច ប្រាកដប្រជា ព្រមទាំងឆ្លងកាត់ការពិចារណាបានត្រឹមត្រូវ ហើយត្រៀមខ្លួនជានិច្ចចំពោះបញ្ហាប្រឈមដែលនឹងកើតមានក្នុងពេលខាងមុខ។
លោកវេជ្ជបណ្ឌិត ហួត សេងឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។