បញ្ហាពុលថ្លើម (HEPATOTOXICITY) អាចបង្កឲ្យមានការខូចខាតអ្វីខ្លះ?
ថ្លើមគឺជាសរីរាង្គដែលមានមុខងារច្រើននិងចាំបាច់យ៉ាងខ្លាំងចំពោះរាងកាយហើយក៏ជាសរីរាង្គចម្បងមួយសម្រាប់
ធ្វើការសម្អាតជាតិពុលនៅក្នុងខ្លួនរបស់យើងផងដែរ។ ជាមួយនឹងមុខងារដ៏សំខាន់ទាំងនេះ តើនឹងមានអ្វីកើត
ឡើងនៅពេលមានការពុលលើសរីរាង្គថ្លើមផ្ទាល់? តើអ្វីខ្លះជាដើមចមនៃការបង្កជាតិពុលទៅលើថ្លើម?
និយមន័យនៃការពុលថ្លើមសរីរាង្គថ្លើមដែលទទួលរងការវាយប្រហារដោយជាតិពុល គឺជាថ្លើមខូច
គុណភាព (Liver damage ឬ Liver injury) ខ្សោយ និងមិនអាចបំពេញមុខងារបានល្អ។
ជាទូទៅ ការពុលថ្លើមសំដៅដល់ការខូចខាតនៃកោសិកា និងជាលិកាថ្លើម (Damage) ដែលអាចបែងចែកជា ២យ៉ាង៖
• ការពុលស្រួចស្រាវ ឬទាន់ហន់ (Acute toxicity)៖ ការពុលដែល
បង្ហាញឡើង និងបំផ្លាញថ្លើមភ្លាមៗ
• ការពុលរ៉ាំរ៉ៃ (Chronic toxicity)៖ ការពុលដែលកើតឡើង
បន្តិចម្តងៗ ធ្វើឲ្យថ្លើមចុះខ្សោយក្នុងរយៈពេលយូរ ដោយមិនធ្វើឲ្យអ្នកជំងឺដឹងខ្លួន។
ដោយឡែក កម្រិតនៃការពុលថ្លើម ត្រូវបានបែងចែកទៅតាមប្រទេស ឬវេជ្ជសាស្ត្រនីមួយៗដោយផ្អែកលើលក្ខខណ្ឌខុសគ្នា តែជាទូទៅវាត្រូវបានបែងចែកជា ៣កម្រិតគឺ កម្រិតស្រាល កម្រិតធ្ងន់ និងចុងក្រោយគឺ កម្រិតដែលសាច់ថ្លើមរលួយដែលហៅថា Fulminant Hepatitis។
ចំពោះការពុលថ្លើមកម្រិត Fulminant Hepatitis ដែលឋិតក្នុងទម្រង់ទាន់ហន់ មានន័យថា អ្នកជំងឺអាចឈានដល់ការស្លាប់បានបើមិនបានទទួលការសង្គ្រោះជាបន្ទាន់ ជាពិសេសបើមានការបន្ថែមនូវកត្តាដែលនាំឲ្យមានគ្រោះថ្នាក់ដល់ថ្លើមបន្ថែមទៀត (ឧទាហរណ៍ដូចជាការពិសាសុរា ឬឱសថនានាដែលប៉ះពាល់ដល់ថ្លើមរាប់បញ្ចូលទាំងឱសថបុរាណខ្មែរ ថ្នាំចិនសែ -ល-នៅពេលថ្លើមកំពុងខូច ឬពុលហើយនោះ)។
មូលហេតុដែលអាចបង្កឲ្យមានការពុលថ្លើមការខូចថ្លើម អាចបង្កមកពីមូលហេតុជាច្រើនរួមមាន ការទទួលទានស្រា ឱសថមួយចំនួន ថ្នាំខ្មែរ ថ្នាំចិនសែ ឫសឈើ សារធាតុគីមី និងការមានសារធាតុពុលរបស់មេរោគ (toxin) ឬសកម្មភាពរបស់មេរោគដែលចូលទៅបំផ្លាញកោសិការបស់ថ្លើមតែម្តង -ល-។
រោគសញ្ញានៃការពុលថ្លើម
ការពុលថ្លើមអាចបង្ហាញជារោគសញ្ញាក្រោមទម្រង់ទាន់ហន់ និងរ៉ាំរ៉ៃបានដូចតែគ្នាទេ៖
ក្នុងករណីរ៉ាំរ៉ៃ៖ ជាធម្មតាពុំមានផ្តល់ជាសញ្ញាណាមួយច្បាស់លាស់ឡើយ ហើយអ្នកជំងឺខ្លះអាចមិនដឹងខ្លួនថាថ្លើមកំពុងមានការវាយប្រហារដោយជាតិពុលទៀតផង (ស្ថិតក្នុងសភាពស្ងាត់ស្ងៀម)។
ក្នុងករណីទាន់ហន់៖ អ្នកជំងឺអាចមានអាការៈមួយចំនួនដែលជាទូទៅទាក់ទងនឹងមុខងារមិនប្រក្រតីរបស់ថ្លើមនោះតែម្តងដូចជា៖
• ប្រព័ន្ធរំលាយអាហារ៖ ការរំលាយអាហារដំណើរការមិនបានល្អ ដែលនាំឲ្យមានសញ្ញាដូចជា មិនឃ្លានបាយ តឹងពោះខ្លាំង និងឆ្អែតជាប្រចាំជាដើម។
• ការចម្រោះទឹកប្រមាត់៖ ថ្លើមមានសភាពខ្សោយមិនអាចចម្រោះទឹកប្រមាត់ចេញពីក្នុងឈាមបាន (Bilirubin Conjugation) នាំឲ្យឡើងលឿងខ្លាំងពេញខ្លួនរួមមានស្បែក ក្រចក គ្រាប់ភ្នែក ទឹកនោមនិងលាមក (ខាន់លឿង)។
• គ្រប់គ្រងជាតិស្ករ៖ ថ្លើមមិនអាចបំពេញមុខងារគ្រប់គ្រងជាតិស្ករឲ្យបាននឹងនរ នាំឲ្យមានវិបត្តិលើជាតិស្ករក្នុងឈាម និងជួនកាលអាចឲ្យខ្វះស្ករក្នុងឈាមខ្លាំង ដែលបណ្តាលឲ្យអស់កម្លាំង បែកញើសស្អិត រហេងរហាងដៃជើង ឬរហូតទៅដល់សន្លប់ បាត់បង់ស្មារតី។
• តួនាទីផលិតប្រូតេអុីន និង Albumin ក្នុងខ្លួន៖ កាលណាថ្លើមខ្សោយ វាមិនអាចផលិត Albumin និងប្រូតេអុីនទៅក្នុងឈាមឲ្យបានគ្រប់គ្រាន់ដែលនាំឲ្យអ្នកជំងឺអាចហើមពេញខ្លួន និងបង្កជាវិបត្តិលើកំណកឈាម (ឈាមមិនងាយកក) ព្រមទាំងអាចមានកន្ទួលលើស្បែកដូចសំបុកពីងពាង (Spider angiomas) និងបណ្តាលឲ្យកើតទាចទឹក
ផងដែរក្នុងករណីខ្វះ Albumin ឬថ្លើមខូចខ្លាំង ដោយសារថ្លើមមិនអាចរុញឈាមទៅកាន់បេះដូងបាន។
ការធ្វើរោគវិនិច្ឆ័យចំពោះពុលថ្លើម
ការធ្វើរោគវិនិច្ឆ័យចំពោះពុលថ្លើមអាចធ្វើតាមរយៈវិធីសាស្ត្រមួយចំនួនរួមមាន៖
តាមរយៈការសាកសួរ៖ ការស្វែងរកមូលហេតុបង្ក (ឧ. អ្នកជំងឺផឹកស្រា) ប្រវត្តិជំងឺ (ឧ. រលាកថ្លើម អា បេ សេ ជាដើម)។
តាមសញ្ញាគ្លីនិក៖ ទាចទឹក លឿងពេញខ្លួន កន្ទួលលើស្បែកឈាមក្រកក អស់កម្លាំង បែកញើសស្អិត មិនរំលាយអាហារជាដើម។ ក្នុងករណីដែលថ្លើមរីកខ្លាំង ឬរលាកខ្លាំង នាំឲ្យមានការឈឺចាប់ត្រង់ពោះខាងលើ ផ្នែកខាងស្តាំ (Right upper quadrant pain)។
តេស្តផ្សេងៗក្នុងមន្ទីរពិសោធន៍ដែលបង្ហាញពីមុខងារខ្សោយរបស់ថ្លើម៖
• Transaminase កើនឡើង
• Gama GT កើនឡើង
• BS ថយចុះ
• AFP (Alpha-fetoprotein) អាចឡើង
• Alkaline Phosphatase កើនឡើង
• កត្តាឈាមកក៖ PTT (Partial thromboplastin time) និង aPTT (Activated partial thromboplastin time) កើនឡើង
• Direct Bilirubin ឬ Total bilirubin កើនឡើង
• Albumin និង Proteins ថយចុះ
• Platelet ថយចុះ។
ការថតអេកូ៖ ជាទូទៅមិនសូវថតឃើញរូបភាពខុសប្រក្រតីច្រើនឡើយចំពោះករណីពុលថ្លើម តែអាចឃើញថ្លើមរីកធំជាងធម្មតា (Hepatomegaly) ឬថ្លើមស្វិតតូច ករណីក្រិនថ្លើម។
ការព្យាបាលបញ្ហាពុលថ្លើម
ការព្យាបាលត្រូវធ្វើឡើងទៅតាមមូលហេតុបង្កឲ្យមានការពុល និងផលវិបាកដែលអាចកើតឡើងក្រោយការពុលដូចជា៖
ការព្យាបាលបំបាត់សភាពរលាក ករណីដែលមានបញ្ហារលាកថ្លើម
ករណីមានមេរោគទៅបំផ្លាញជាលិកាថ្លើម ត្រូវប្រើប្រាស់ថ្នាំ Antibiotics ឬ Antivirals ដែលអាចសម្លាប់មេរោគនោះបាន
ករណីឱសថដែលនាំឲ្យពុលដល់ថ្លើម ជាចាំបាច់ត្រូវផ្អាកការប្រើ-ប្រាស់ឱសថនោះ និងប្រើឱសថបន្សាបឥទ្ធិពលរបស់វាវិញ
ការព្យាបាលក៏ត្រូវធ្វើឡើងយោងតាមលទ្ធផលនៃមន្ទីរពិសោធន៍ផងដែរ
ឧទាហរណ៍ ការបង្គ្រប់សារធាតុ Albumin ករណីខ្វះAlbumin ការ
ប្រើប្រាស់ថ្នាំជំនួយកំណកឈាម ករណីមានវិបត្តិឈាមកកយឺត និងកាលណា Platelet ដែលជាគ្រាប់ឈាមសម្រាប់ឃាត់ឈាម(វាអាចបញ្ជាក់ពីកម្រិតខ្សោយនៃថ្លើមបាន) ធ្លាក់ចុះខ្លាំងពេក ការសង្គ្រោះតម្រូវឲ្យប្រើឈាមដែលមាន Platelet ឬ Platelet តែម្តងបញ្ចូលឲ្យអ្នកជំងឺ។
ក្រៅពីនោះ ដោយសារវីតាមីនបេមួយចំនួនក្នុងខ្លួនភាគច្រើននឹងថយចុះពេលថ្លើមមានការខូចខាត ដូចនេះអ្នកជំងឺនឹងត្រូវបានណែនាំផងដែរឲ្យប្រើប្រាស់វីតាមីន
បេកំផ្លេចដើម្បីបង្គ្រប់មកវិញ។
គួរបញ្ជាក់ថា លទ្ធភាពនៃការប្រសើរឡើងនៃអ្នកជំងឺ គឺអាស្រ័យនឹងភាគរយនៃការខូចខាតរបស់ថ្លើមដោយសារការពុល។ កាលណាអ្នកជំងឺទទួលបានការព្យាបាលត្រឹមត្រូវ និងភ្លាមៗ (ថ្លើមនៅល្អចាប់ពី ២០%) នោះលទ្ធភាពក្នុងការរស់នៅតាមធម្មតានឹងកើនឡើង ។ ផ្ទុយទៅវិញ ករណីពុលថ្លើមនៅកម្រិតធ្ងន់ធ្ងរខ្លាំង (Fulminant hepatitis) អ្នកជំងឺអាចមានឱកាសប្រឈមនឹងការស្លាប់កាន់តែខ្ពស់។
ផលវិបាកបន្ទាប់ពីការពុលថ្លើម
ផលវិបាកមួយចំនួនដែលច្រើនកើតមានចំពោះអ្នកជំងឺពុលថ្លើម ដែលមានថ្លើមខ្សោយខ្លាំងរួមមាន៖
Hepatic Encephalopathy (HE) ដែលបណ្តាលឲ្យអ្នកជំងឺសន្លប់ វង្វេងស្វារតី និងអាចរហូតដល់ស្លាប់ទៀតផង ដោយសារសារធាតុអាម៉ូញាក់នៅក្នុងខ្លួនពុលទៅដល់ខួរក្បាល និងភាពអសមតុល្យនៃប្រភាគរបស់អាស៊ីតអាមីនេ (Amino acid)។Hepatorenal syndrome ច្រើនជួបនៅដំណាក់កាលចុងក្រោយដែលថ្លើមពុលក្នុងកម្រិតធ្ងន់ធ្ងរ នាំឲ្យខូចខាត និងខ្សោយដល់តម្រងនោម ជាលទ្ធផលធ្វើឲ្យមានការកើនឡើងនៃ Urea និង Creatinine ។
ងាយឆ្លងរោគផ្សេងៗ (Infections) បន្ថែមទៀត ដោយសារពោះវៀនដើរមិនល្អ មានទឹកក្នុងពោះច្រើន និងប្រូតេអុីនក្នុងខ្លួនទាប ដែលនាំឲ្យអង្គការពាររាងកាយថយចុះ។
ករណីដែលមានបញ្ហា ឬការសង្ស័យណាមួយទាក់ទងនឹងការពុលថ្លើមឬសុខភាព អ្នកត្រូវចាំបាច់ស្វែងរកជំនួយពីវេជ្ជបណ្ឌិតដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ និងធ្វើការសហការជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាព។
បកស្រាយដោយ ៖ លោកឧកញ៉ាសាស្ត្រាចារ្យវេជ្ជបណ្ឌិត តាន់ គីមមេងវេជ្ជបណ្ឌិតឯកទេសជំងឺថ្លើមនៃមន្ទីរពេទ្យព្រះសីហនុនិងជានាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្រ្ត HOPE
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ