នរណាខ្លះអាចប្រឈមនឹង ជំងឺខ្លាញ់រុំថ្លើម?
ប្រជាជនកម្ពុជាបច្ចុប្បន្នមួយចំនួនធំ បានផ្លាស់ប្តូររបៀបរស់នៅរបស់ខ្លួនតាមបែបអឺរ៉ុប ជាហេតុធ្វើឲ្យបញ្ហាធាត់ និងការមានជំងឺទឹកនោមផ្អែមកើនឡើង នេះបង្ហាញថា អត្រានៃអ្នកជំងឺខ្លាញ់រុំថ្លើមក៏មានកាន់តែច្រើន។
អ្វីទៅជាជំងឺខ្លាញ់រុំថ្លើម?
ជំងឺខ្លាញ់រុំថ្លើមជាការច្រាល់ ឬលើសនូវកម្រិតជាតិខ្លាញ់ប្រភេទទ្រីគ្លីសេរីត (Triglyceride) ច្រើន ក្នុងកោសិកាថ្លើមខុសពីធម្មតា ធ្វើឲ្យថ្លើមរីកធំ។ ដោយឡែក ជំងឺខ្លាញ់រុំថ្លើមត្រូវបានបែងចែកជា៤កម្រិត៖
•Simple Steatosis៖
ជាខ្លាញ់រុំថ្លើមបណ្តាលមកពីការបរិភោគអាហារមានជាតិខ្លាញ់ច្រើនដែលវាមិនពាក់ព័ន្ធនឹងការពិសាស្រានោះទេ។កម្រិតទីមួយនេះ មិនទាន់ធ្វើឲ្យមានការខូចខាតទៅលើកោសិកាទេ។
•Non alcoholic Steatohepatitis៖
ដំណាក់កាលដែលមានការរលាកទៅលើកោសិកាថ្លើមក្នុងពេលជាមួយគ្នានេះដែរ ការធ្វើវិភាគឈាម នឹងរកឃើញថាអង់ស៊ីមថ្លើមមួយចំនួន ដូចជាTransaminase មានការកើនឡើង។ ករណីនេះបើមិនបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យទាន់ពេលវេលាទេនោះ វាអាចវិវឌ្ឍទៅជាក្រិនថ្លើម។
•Alcoholic Steatohepatitis៖
ជាជំងឺខ្លាញ់រុំថ្លើមដែលបណ្តាលមកពីការពិសាស្រាលើសកម្រិតក្នុងរយៈពេលយូរ ធ្វើឲ្យខ្លាញ់ដែលបំលែងមកពីអាល់កុល ទៅស្តុកទុកក្នុងថ្លើមច្រើន។
•Diffuse Steatohepatitis៖
ដំណាក់កាលដែលមានផលប៉ះពាល់លើសាច់ថ្លើមទាំងមូលបណ្តាលមកពីការពិសាស្រាលើសកម្រិតរយៈពេលយូរធ្វើឲ្យថ្លើមកាន់តែរីកធំប្រសិនបើព្យាបាលមិនទាន់ពេលអាចវិវឌ្ឍទៅជាក្រិនថ្លើមដូចករណីទី២ដែរ។
រោគសញ្ញា
ភាគច្រើនអ្នកជំងឺពុំមានលេចចេញជារោគសញ្ញាអ្វីទាំងអស់ ករណីតិចតួចបំផុតអ្នកជំងឺអាចមានអាការៈឈឺចាប់ ឬមានអារម្មណ៍សៀតក្រោមឆ្អឹងជំនី និងមានក្អួតចង្អោរជាដើម។ ជួនកាលអ្នកជំងឺអាចរកឃើញថាមានសញ្ញាថ្លើមរីកធំ នៅពេលពិនិត្យរាងកាយជាមួយគ្រូពេទ្យ។
មូលហេតុ និងកត្តាហានិភ័យ
ជាទូទៅជំងឺខ្លាញ់រុំថ្លើមមានមូលហេតុនិងកត្តាហានិភ័យជាច្រើនរួមមាន៖
•ការធាត់ជ្រុល
•អ្នកជំងឺទឹកនោមផ្អែម
•ការលើសជាតិខ្លាញ់
•ការពិសាស្រាលើសកម្រិតក្នុងរយៈពេលយូរ
•ការមានផ្ទៃពោះ
•ជំងឺមេតាបូលីស គឺអ្នកជំងឺដែលមានជំងឺ៣រួមគ្នា លើសសម្ពាធឈាម ទឹកនោមផ្អែម និងលើសជាតិខ្លាញ់
•ការប្រើប្រាស់ឱសថមួយចំនួនដូចជា Cor-ticoid(ឱសថប្រឆាំងការរលាក) ARV (ថ្នាំប្រឆាំងនឹងជំងឺអេដស៍)និងប្រភេទថ្នាំផ្សេងៗទៀតដែលធ្វើឲ្យ Triglyceride ស្តុកក្នុងថ្លើមកាន់តែច្រើន
•អ្នកធ្វើការងារផ្នែកកសិកម្ម ដែលប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតស្ថិតក្នុងក្រុម DDT
•អ្នកជំងឺកង្វះប្រូតេអ៊ីន
•ការស្រកទម្ងន់លឿនពេក។
ការធ្វើរោគវិនិច្ឆ័យ
ដើម្បីរកឲ្យឃើញថាអ្នកជំងឺកំពុងប្រឈមជាមួយ ខ្លាញ់រុំថ្លើម ត្រូវធ្វើការត្រួតពិនិត្យរាងកាយជាមួយគ្រូពេទ្យជំនាញ រួមជាមួយការត្រួតពិនិត្យតាមរយៈរូបភាពវេជ្ជសាស្ត្រមួយចំនួន ដូចជា អេកូសាស្ត្រ ដើម្បីមើលសភាពរបស់ថ្លើម និងការពិនិត្យឈាម មើលមុខងាររបស់ថ្លើម ដឹងពីកម្រិតនៃការប៉ះពាល់នៅថ្លើមប៉ុណ្ណា។ករណីការធ្វើអេកូសាស្ត្រពិបាកមើលគ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើCTស្កេនក្នុងគោលបំណងវាស់ពីកម្រិតជាតិខ្លាញ់ក្នុងសាច់ថ្លើម។
ការព្យាបាល
ចំពោះការព្យាបាលជំងឺខ្លាញ់រុំថ្លើម គឺតម្រូវឲ្យព្យាបាលទៅតាមមូលហេតុរបស់អ្នកជំងឺ៖
•ចំពោះអ្នកជំងឺធាត់ ត្រូវប្តូររបបអាហារត្រឹមត្រូវបន្ថយអាហារផ្តល់ថាមពលច្រើន ហាត់ប្រាណឲ្យបានទៀងទាត់
•ចំពោះអ្នកជំងឺមេតាបូលីស ត្រូវព្យាបាលជំងឺទាំង៣នេះជាមុនសិន
•ចំពោះអ្នកជំងឺលើសជាតិខ្លាញ់ ត្រូវប្រើថ្នាំបញ្ចុះជាតិខ្លាញ់តាមប្រភេទខ្លាញ់ដែលលើស
•បន្ថយឬបញ្ឈប់ការពិសាស្រា ចំពោះអ្នកញៀនស្រា
•ចៀសវាងការប្រើថ្នាំប្រភេទ Corticoid
•ការពារខ្លួនពេលប្រើថ្នាំសម្លាប់សត្វល្អិត
•ចំពោះស្ត្រីមានផ្ទៃពោះជំងឺខ្លាញ់រុំថ្លើម នឹងជាវិញដោយខ្លួនឯងពេលសម្រាលរួច។គួរបញ្ជាក់ផងដែរថា ជំងឺខ្លាញ់រុំថ្លើមនឹងអាចព្យាបាលឲ្យជាសះស្បើយ ដរាបណាអ្នកជំងឺលុបបំបាត់នូវមូលហេតុនានាដូចបានរៀបរាប់ខាងលើនិងធ្វើតាមការណែនាំរបស់អ្នកជំនាញបានត្រឹមត្រូវ។
ផលវិបាក
ក្នុងករណីអ្នកជំងឺមិនទទួលការព្យាបាលទាន់ពេលវេលាទេនោះ ពួកគាត់នឹងអាចប្រឈមជាមួយនឹងជំងឺរលាកថ្លើមរ៉ាំរ៉ៃ ក្រិនថ្លើម ទាចទឹក និងមហារីកថ្លើម ទៅថ្ងៃមុខ។
ការការពារ
ការរស់នៅប្រកបដោយអនាម័យ របបអាហារប្រកបដោយតុល្យភាព បន្ថយអាហារខ្លាញ់បញ្ឈប់ការ ពិសាស្រា ហាត់ប្រាណជាប្រចាំ និងចៀសវាងការប្រើថ្នាំ Corticoid ដោយគ្មានវេជ្ជបញ្ជា អាចការពារពីជំងឺខ្លាញ់រុំថ្លើមបាន។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត វង ច័ន្ទលីណា
ឯកទេសក្រពះ-ពោះវៀន-ថ្លើម និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត និងជសាស្ត្រាចារ្យនៃសាកវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។