ស្នៀតសារភាពស្នេហ៍ដែលមិនទ្រលាន់
ស្នេហានរណាក៏ចៀសមិនផុតដែរ គ្រាន់តែអ្នកខ្លះឆាប់បានជួប ហើយអ្នកខ្លះក៏រាងយឺតបន្តិច ហើយទោះចង់ ឬមិនចង់ បើស្រលាញ៉គេហើយ ត្រូវហ៊ានសារភាពប្រាប់គេ...ហើយបើជ្រុលជាសារភាពហើយ កុំប្រើស្ទាយចាស់គំរិលពេក...យើងខ្ញុំក៏សូមណែនាំតែវិធីប្លែកសម្រាប់បើកបង្ហាញនូវចិត្តស្នេហាដែលមានចំពោះមនុស្សម្នាក់ទៀត (ដោយផ្តោតតែលើស្នេហារវាងភេទផ្ទុយតែប៉ុណ្ណោះ)
ជឿជាក់ថាធ្លាប់ឃើញឡើងស៊ាំហើយ ការជូនផ្កាមួយបាច់ ឬតុក្កតា ឬការនាំគ្នាទៅញ៉ាំអីនៅកន្លែងរ៉ូមែនទិកនោះ ហើយនិយាយពីថា អ្នកខ្លះវិញប្រហែលជាលែងមានអារម្មណ៍រំភើបនឹងសកម្មភាពបែបនេះហើយ…ទើបខំប្រឹងរកនឹកវិធីណារាងប្លែកៗ តែអាចធ្វើបាន ហើយបង្ហាញពីចិត្តស្មោះពិតប្រាកដទៀត…
ប៉ុន្តែ…មិនប្រាកដថាប្រើការបាន១០០% ឬមានប្រសិទ្ធិភាពបានកម្រិតណា តែគ្រាន់តែចង់ចែករំលែកខ្លះ ដើម្បីកាត់បន្ថយនូវភាពទ្រលាន់ និងស្តាលច្រំដែល…ជួនកាល គេមិនសូវចាប់អារម្មណ៍យើងប៉ុន្មានទេពីមុនមក តែដល់ពេលឃើញពីភាពច្នៃប្រឌិត និងការខិតខំរបស់យើង គេក៏អាចនឹងដាក់ចិត្តពិចារណាឡើងវិញអីចឹងហ្នឹងហា៎…
ចង់ដឹងថាមានស្នៀតអ្វីខ្លះ តោះ!!! អានតទៅក្រោមទៀត…
បទចម្រៀង
មានពាក្យពេចន៍ខ្លះសឹងតែមិនបាច់និយាយចេញ តែក៏មានរ៉ាយរ៉ាប់ស្រាប់នៅក្នុងបទចម្រៀង អាចជាភាសាជាតិ ឬអន្តរជាតិ (តែបើអាចធ្វើបាន គួរតែបទខ្មែរយើងទៅ…គាំទ្រស្នាដៃកូនខ្មែរយើង)រួចទៅហើយ។ ជាមួយនឹងបទចម្រៀងនេះដែរ ក៏មានស្នៀតមួយចំនួនអាចប្រើប្រាស់បាន
ស្នៀតទី១ ៖ ផ្ញើlink បទចម្រៀងតាមឆាតឬ បើក្លាហានគ្រាន់ដែរ អាចpostលើtimelineគេតែម្តងក៏បាន។ បើបាននៅក្បែរគ្នា ក៏អាចដាក់កាសឲ្យគេស្តាប់តែម្តងក៏បាន....
ស្នៀតទី២ ៖ រាងចាស់គំរឹលបន្តិច តែមានអីមិនល្អ…ផ្ញើចិត្តនឹកតាមវិទ្យុ…ត្រៀមរកមើលកម្មវិធីសំណូមពរបទចម្រៀង ហើយcallទៅចូលរួម ហើយផ្ញើជូនគេស្តាប់ជាពិសេស។ បើសិនគេមិនបានស្តាប់ផ្ទាល់ទេ ក៏អាចrecordវាទុក ហើយផ្ញើឲ្យគេស្តាប់តាមក្រោយទៀតក៏បាន…
ស្នៀតទី៣ ៖ ចំណុចនេះដូចរាងលើសខ្លាំងតិច តែបើអាចធ្វើបាន ក៏ធ្វើឲ្យគេរំភើបមិនតិចដែរ…សាកតែងចម្រៀង (បើមិនបានមួយបទ ក៏ប៉ុន្មានឃ្លា) បញ្ជាក់ពីអារម្មណ៍ដែលមានចំពោះគេទៅ ហើយមិនចាំបាច់តែមានសាច់ភ្លេងថ្មីក៏បានដែរ។ ម្យ៉ាង ក៏កុំបារម្ភរឿងថតសំឡេងក្នុងស្ទូឌីយោអី ត្រឹមតែថតដាក់soundcloud ឬផ្ញើសារជាសំឡេងទៅគេទៅក៏បានហើយ…
ទូរស័ព្ទ
សម័យប្រើប្រាស់ស្មាតហ្វូន ប្រាកដណាស់ គឺមានមុនងារជាច្រើនដែលយើងអាចប្រើប្រាស់បាន…តែពេលនេះ នឹងមិនប្រកាន់ថាទូរស័ព្ទថាច់ ឬចុចប៊ូតុងទេ ឲ្យតែមានលុយក្នុងទូរស័ព្ទ គឺអាចអនុវត្តបាន…
ស្នៀតទី១ ៖ ដើរតួជាបុគ្គលិកផ្នែកលក់…ចុចcallទៅគេ ហើយក្រោយពេលគេលើកទទួល អាចចាប់ផ្តើមនិយាយប្រៀបដូចជាការផ្សព្វផ្សាយពីសេវាកម្ម ឬផលិតផលអ្វីមួយ (ដោយគ្រាន់តែប្តូរខ្លឹមសារជាអារម្មណ៍របស់អ្នក) ឧទាហរណ៍៖«សូមជម្រាបសួរ…អត់ទោស តើបងឈ្មោះ…មែនទេ៎? ក្នុងខណៈនេះ សូមកញ្ញា/លោករង់ចាំស្តាប់សិន មុននឹងធ្វើការឆ្លើយតប…»
ស្នៀតទី២ ៖ ប្រហែលជាធ្លាប់ឃើញសារវែងៗ ដែលគេតែងផ្ញើតគ្នាហើយ…ស្រដៀងគ្នាដែរ អាចរៀបចំនូវសារជាអក្សរ២-៣ទំព័រ (កុំវែងពេក…មិនមែនវគ្គប្រកួតសំណេរទេ៎) ដោយដាក់លាយឡំនូវពាក្យពេចន៍ រូបEmoji ផ្សេងៗ…ត្រង់ហ្នឹង គឺអាស្រ័យលើការច្នៃប្រឌិតរបស់អ្នកហើយ…អ្វីត្រូវចងចាំ គឺត្រូវបង្កើតថ្មីដោយខ្លួនឯង មិនមែនទៅcopyពីgoogleអីម៉ោនោះទេ។
ថតសំឡេង
មិនមែនជាន់គ្នានឹចំណុចទីមួយទេ…ចំណុចនេះ គឺសំដៅដល់ការថតសំឡេងនិយាយផ្ទាល់តែម្តង…
ស្នៀតទី ៤ ៖ ផ្ញើសារជាសំឡេងទៅកាន់គេ តាមឆាត ឬឧបករណ៍ផ្សេងៗ
ស្នៀតទី ៥ ៖ មានតុក្កតាខ្លះ វាអាចនិយាយថា«I love you» ហើយខ្លះទៀត ក៏អាចថតសំឡេងយើងទុកបានទៀត។ ហេតុនេះហើយ បើសិនជាអាចទិញវាជាកាដូជូនគេ ហើយប្រាប់ថា ចាំស្តាប់សម្តីរបស់តុក្កតាផងណា៎…
ម្ហូបអាហារ
ត្រង់នេះ គឺមិននិយាយពីម្ហូបនៅហាង ដែលឆ្អិនស្រាប់នោះទេ…
ស្នៀតទី៦ ៖ ទោះឆ្ងាញ់ ឬមិនឆ្ងាញ់…គេមិនសូវប្រកាន់ទេ សំខាន់ទឹកចិត្ត និងការប្រឹងប្រែងរបស់យើង។ វារឹតតែធ្វើឲ្យមានអារម្មណ៍ពិសេស ប្រសិនបើអ្នកជាមនុស្សដែលមិនធ្លាប់ ឬមិនងាយចម្អិនម្ហូបទៀតនោះ។ រៀបចំនូវអាហារមួយមុខណាក៏បាន ហើយដាក់ក្នុងប្រអប់យ៉ាងស្អាតមួយ អមនឹងសំបុត្រ ឬសារនៅលើក្រដាសខ្លីៗ តែមានន័យជ្រៅ រួចផ្ញើជូនទៅគេ…
កាដូធ្វើដោយដៃ (D.I.Y)
អាចត្រឹមតែជាវត្ថុតូចមួយ តែវាជាអ្វីដែលធ្វើដោយដៃផ្ទាល់ បើទោះជាវាមិនមែនជាគំនិតថ្មីស្រឡាងក៏ដោយ ឲ្យតែអ្នកដាក់ចិត្តក្នុងការរៀបចំវាឡើង ធានាថាគេនឹងយល់ពីសណ្តានចិត្តស្មោះស្ម័គ្ររបស់អ្នកមិនខាន។
ស្នៀតទី៧ ៖ ស្វែងរកគំនិត និងរបៀបធ្វើដែលមានច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រព័ន្ធអ៊ីនធឺណែត…ហើយជ្រើសរើសមួយណាដែលគិតថាអាចធ្វើបាន ហើយអ្វីដែលសំខាន់ជាងគេ គឺវាត្រូវតែជាអ្វីដែលគេចូលចិត្ត។ បើសិនជាអាច គួរតែបង្កប់នូវឈ្មោះរបស់គេនៅត្រង់ចំណុចណាមួយ ដើម្បីឲ្យវាកាន់តែពិសេស។
ស្នៀតទី៨ ៖ អាចជាការបង្ហាញនូវជំនាញថ្មីអ្វីមួយដែលអ្នកខំរៀនសម្រាប់គេ ដូចជា ការគូររូប ការលេងឧបករណ៍តន្រ្តី ការថតរូប ការកាត់តវីដេអូ ជាដើម។ ធម្មតា នរណាក៏សរសើរអ្នកមានជំនាញអ្វីមួយស្ទាត់ដែរ តែគេនឹងរំភើបបើអ្នកទើបតែរៀនជំនាញនោះដោយការប្រឹងប្រែង…
ហ្វេសប៊ុក
ជាអ្វីដែលប្រើប្រាស់រាល់ថ្ងៃហ្នឹងឯង ហើយធ្លាប់គិតអត់ថាហ្វេសប៊ុកក៏អាចជួយអ្នកដែរ?
ស្នៀតទី៩ ៖ វាដូចជាងាយពេក…ដោយគ្រាន់តែចុចRelationship requestទៅគេ តែស្នៀតនេះ គួរតែប្រើជាវិធីទី២អមនឹងស្នៀតណាមួយវិញទើបប្រសើរជាង ព្រោះវាដូចជាមិនបានបង្ហាញពីការប្រឹងប្រែងអីច្រើនសោះ
ស្នៀតទី១០ ៖ ស្គាល់មុខងារLife eventsទេ៎? ចំណាយពេលខ្លះក្នុងការសរសេរជាសាច់រឿងរបស់អ្នក ដោយមិនភ្លេចបង្កប់នូវអារម្មណ៍ដែលមាន ហើយបញ្ចប់ដោយឃ្លាបែបនេះ«ហើយក្នុងថ្ងៃនេះផងដែរ ខ្ញុំក៏បានសម្រេចចិត្តបង្ហាញពីចិត្តស្រលាញ់ដែលខំលាក់ទុកទៅកាន់មនុស្សម្នាក់ ហើយចម្លើយយ៉ាងណា ខ្ញុំនឹងបន្តសរសេរនៅថ្ងៃស្អែកទៀត…» រួចtagគេចូលទៅ…
កំណត់ហេតុស្នេហ៍
កុំបារម្ភថាអក្សរស្អាត ឬមិនស្អាតអីចឹង…ចេះរៀបពាក្យ ឬមិនចេះអី…ឲ្យតែសរសេរចេញនូវវាចាបេះដូងខ្លួនឯងទៅបានហើយ។
ស្នៀតទី១១ ៖ កត់ចំណាំនូវរឿងរ៉ាវដែលបានកើតឡើងរវាងអ្នក និងគេ (មិនចាំបាច់តែចាប់ពីពេលជួបដំបូងទេ)អមជាមួយនឹងរូបថតខ្លះៗ (បើជារូបដែលលួចថតដោយមិនដឹងខ្លួនទៀត នឹងកាន់តែអ៊ែម)…បើអាចធ្វើបាន វានឹងបង្ហាញពីទឹកចិត្ដស្មោះស្ម័គ្រពិតៗរបស់អ្នក ព្រោះពេលដែលអ្នកយកជូនគេ គេនឹងភ្ញាក់ផ្អើល និងរំភើប ដែលបានដឹងថាវត្តមានរបស់គេក្នុងជីវិតរបស់គេពិតជាមានន័យ ហើយត្រូវបានចងចាំដោយការកត់ត្រាយ៉ាងម៉ត់ចត់បែបនេះ…
ស្នៀតទី១២ ៖ បើមិនពូកែសរសេរដោយដៃទេ អាចវាយចូលជាឯកសារចូលកុំព្យូទ័រ ឬដាក់ក្នុងGoogle Docs ហើយshareទៅគេក៏បាន…ហើយក៏មិនប្រាកដថាត្រូវតែជាអត្ថបទសរសេរទេ អ្នកក៏អាចច្នៃជាវីដេអូ ឬទម្រង់ផ្សេងៗណាក៏បាន។
សំបុត្រស្នេហ៍
លឺពាក្យហ្នឹង បែបគិតថាចាស់គំរឹលម៉េះទេ៎…តែកុំភ្លេចណាថា របស់ទាន់សម័យខ្លះធ្វើឲ្យគេរំភើបចាញ់ស្តាលស្តាលពីសង្គមទេណា៎…
ស្នៀតទី១៣ ៖ សាកនូវអ្វីដែលគេលែងសូវធ្វើវិញម្តង ជំនួសឲ្យការសរសេរឆាត ឬវាយឯកសារ ហើយព្រីនចេញ អ្នកគួរចំណាយពេលខ្លះសរសេរដោយដៃផ្ទាល់។ តម្លៃនៃទឹកចិត្តរបស់អ្នកក៏រឹតតែខ្ពស់ ព្រោះវាត្រូវបានបង្ហាញដោយវិធីមួយដែលមានមនុស្សតិចតួចដែលធ្វើ…
មិនដឹងថាមានប៉ុន្មានស្នៀតដែលអ្នកចាប់អារម្មណ៍…ហើយក៏មិនសង្ឃឹមថាមអ្នកនឹងយកវាទៅប្រើដែរ…តែក៏សង្ឃឹមថា ការសារភាពស្នេហ៍លើកនេះបានទទួលជោគជ័យទៅចុះ…ស៊ូស៊ូណា៎!!!
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ