ករណីសិក្សាលើជំងឺរលាកថ្លើម
១. នាងខ្ញុំឈ្មោះ ស.ស.ណ អាយុ៤៥ឆ្នាំ ទម្ងន់៧៦គីឡូក្រាម កម្ពស់១ម៉ែត្រ៤៨។ សព្វថ្ងៃ ខ្ញុំជាកសិករ។ ខ្ញុំធ្លាប់មានបញ្ហាភ្នែកឡើងលឿង ហើមជើង ទឹកនោមពណ៌លឿង និងក្តៅខ្លួនស្ទីងៗ។ សញ្ញាទាំងនេះបានបាត់ទៅវិញ ក្រោយពេលខ្ញុំប្រើប្រាស់ថ្នាំលេប។ ខ្ញុំចង់ដឹងថា ប្រសិនប្រើខ្ញុំប្រើថ្នាំពេទ្យបានជាង១ឆ្នាំ ហើយប្តូរទៅប្រើថ្នាំខ្មែរវិញបានទេ?
វេជ្ជបណ្ឌិត សុខ ហ៊ាង៖ ការប្រើប្រាស់ថ្នាំបុរាណជំនួសឲ្យថ្នាំពេទ្យ គឺមិនត្រូវបានណែនាំទេតាមបែបវិទ្យាសាស្ត្រ។ ម្យ៉ាងទៀត ការព្យាបាលដោយថ្នាំពេទ្យនេះទៀតសោត គឺត្រូវបន្តរហូតដល់អ្នកជំងឺមានប្រព័ន្ធការពារខ្លួនពីជំងឺនេះទើបអាចឈប់បាន។
២. ខ្ញុំបាទឈ្មោះ ង.ស.ស អាយុ៦០ឆ្នាំ ទម្ងន់៤៩គីឡូក្រាម កម្ពស់១ម៉ែត្រ៦៥ ហើយខ្ញុំជាគ្រូបង្រៀន។ ខ្ញុំមានរោគសញ្ញាស្បែកលឿង ភ្នែកលឿង កន្ទួលរមាស់ខ្មៅ ហត់ បត់ជើងតូចតិច និង ហើមខ្លួន។ ខ្ញុំចង់ដឹងថាតើរោគសញ្ញានេះទាក់ទងនឹងបញ្ហាថ្លើមទេ? ហើយក្មួយស្រីរបស់ខ្ញុំឥលូវ ពោះរីកធំ និងស្រកទម្ងន់រហូត តើអាចទាក់ទងនឹងបញ្ហាថ្លើមនេះដែរឬទេ?
លោកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា៖ តាមរយៈរោគសញ្ញាស្បែកលឿង ភ្នែកលឿង ដែលបានរៀបរាប់ខាងលើ គឺអាចសន្និដ្ឋានថាជាជំងឺទាក់ទងនឹងបញ្ហាថ្លើម រលាកថ្លើម បញ្ហាក្រិនថ្លើម ក្នុងនោះក៏អាចទាក់ទងនឹងក្រួសក្នុងថង់ទឹកប្រមាត់ កាលណាវាស្ទះផ្លូវទឹកប្រមាត់ ធ្វើឲ្យទឹកប្រមាត់ហូរចេញមិនបាន។ ម៉្យាងទៀត លោកជាមនុស្សចាស់ អញ្ចឹងវាក៏អាចជាមហារីកលំពែង ឬមហារីកនៅផ្លូវទឹកប្រមាត់ ព្រោះជាមូលហេតុមួយនៃបញ្ហាស្ទះថង់ទឹកប្រមាត់ដែរ។ មួយវិញទៀត អាការៈក្តៅខ្លួនអាចបង្ហាញថាជាបញ្ហានៃបង្ករោគនៅក្នុងឈាម។
ចំពោះក្មួយស្រីរបស់លោកដែលមានពោះរីកធំនោះហើយស្រកទម្ងន់ទៀត កាលណាពោះតឹងធំត្រូវរកឲ្យឃើញថាតើធំដោយសារខ្យល់ ឬដោយសារទឹក។ ដំណោះស្រាយដ៏ល្អបំផុត គួរទៅជួបគ្រូពេទ្យ ដើម្បីឲ្យប្រាកដថាជាជំងឺណាមួយ ព្រោះថាករណីគាត់មានអាយុក្រោម៤០ឆ្នាំ ហើយពោះចេះតែធំទៅៗ វាក៏អាចមានបញ្ហាលើការស្ទះពោះវៀន និង បញ្ហាស្បូនដែរ។
៣. ខ្ញុំបាទឈ្មោះ ភ.ឃ អាយុ៥២ឆ្នាំ ទម្ងន់៦៥គីឡូក្រាម កម្ពស់១ម៉ែត្រ៦៥។ ខ្ញុំជាអ្នកលក់ដូរ។ ខ្ញុំធ្លាប់ពិនិត្យឃើញថាមានមេរោគថ្លើមប្រភេទB ហើយក៏បានរាប់មេរោគដែរ។ គ្រូពេទ្យបានឲ្យខ្ញុំប្រើថ្នាំសម្លាប់មេរោគ ក្រោយមកក៏ពិនិត្យម្តងទៀត គាត់ថាមេរោគខ្ញុំថយអស់ហើយ តែឲ្យខ្ញុំបន្តប្រើថ្នាំនោះរយៈពេល១ឆ្នាំទៀត។ ខ្ញុំបានបញ្ឈប់ការប្រើប្រាស់ថ្នាំប្រហែល២ឆ្នាំហើយ។ ខ្ញុំចង់ដឹងថា តើមេរោគខ្ញុំអាចកើនឡើងទៀតទេ? ហើយខ្ញុំត្រូវធ្វើអ្វីផ្សេងទៀតទេ?
លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ៖ មុននឹងសម្រេចចិត្តព្យាបាលជំងឺរលាកថ្លើមប្រភេទB ត្រូវដឹងថាថ្លើមខូចខាតដល់កម្រិតណា។បើថ្លើមខូចខាត លើសកម្រិតទីមួយ ដែលមានមេរោគយ៉ាងតិចលើសពី១០០០០copies ហើយលើសពី កម្រិតទីពីរ គឺមានការរលាកលើសពីមួយដង ដែលរលាកជាងធម្មតា( ឬហៅថាជាតិពុលឡើង)។
បើលោកចូលដល់កម្រិតនេះហើយ គឺលោកត្រូវលេបថ្នាំមួយជីវិត។ ករណីខ្លះ ក្រោយពេលឈប់ប្រើថ្នាំ ក្នុងចំណោមអ្នកជំងឺ១០០នាក់ មាន៦០ ទៅ៦៥នាក់ ជំងឺនេះអាចរើឡើងវិញ។ ដូចនេះ លោកគួរតែត្រឡប់ទៅរកគ្រូពេទ្យវិញ ព្រោះក្នុងករណីនេះ បើថ្លើមរបស់លោកមិនទាន់ក្រិន ឬក្រិនដំបូងៗ ថ្លើមរបស់គាត់អាចមានសំណាងនៅល្អ។ ផ្ទុយមកវិញ ក្នុងករណីថ្លើមបានក្រិនដំបូងដោយគ្មានរោគសញ្ញា ហើយលោកឈប់រយៈពេលពីរឆ្នាំ ដូចនេះ ជំងឺរបស់លោកអាចរើមកវិញ ហើយអ្វីដែលគួរឲ្យភ័យបារម្ភនោះគឺវាអាចឈានទៅដល់មហារីកថ្លើមបាន។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ