ចង់បើកគ្លីនិកធ្មេញមួយ...ត្រូវយល់ដឹងពីអ្វីខ្លះ?
មាននិស្សិតទន្តសាស្រ្តមិនតិចទេ ដែលមានបំណងបើកនូវគ្លីនិកធ្មេញផ្ទាល់ខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សារួច ដោយសារតែយល់ដឹងពីក្តីប្រាថ្នានេះហើយ ទើបហេលស៍ថាមនាំមកជូនលោកអ្នកនូវគន្លឹះសំខាន់ៗក្នុងការបើកដំណើរការគ្លីនិកធ្មេញ ជាពិសេសក្នុងពេលចាប់ផ្តើមដំបូង តាមរយៈបទសម្ភាសន៍ជាមួយនឹងទន្តបណ្ឌិតវ័យក្មេងរូបសង្ហា គឺលោក ស៊ឹង គីមសាន ដែលជាស្ថាបនិកនៃ«គ្លីនិកធ្មេញ គីមសាន» ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែឧសភាឆ្នាំ២០១៦។
ហេលស៍ថាម៖ តើប្រតិបត្តិការអាជីវកម្មរបស់ «គ្លីនិកធ្មេញ គីមសាន» មានទស្សនវិស័យបែបណាខ្លះ?
ចម្លើយ៖ ក្នុងប្រតិបត្តិការអាជីវកម្មនេះ គ្លីនិករបស់ខ្ញុំមានទស្សនវិស័យដូចជា៖
• បម្រើសេវាកម្មល្អបំផុតដល់អតិថិជន ទាំងគុណភាព និងអនាម័យ
• ផ្តល់នូវការពេញចិត្ត និងទំនុកចិត្តខ្ពស់ដល់អតិថិជន
• ថែរក្សាសុខភាពមាត់ធ្មេញរបស់អតិថិជនទាំងអស់ឲ្យបានល្អបំផុត
• ផ្តល់ការព្យាបាលដ៏ត្រឹមត្រូវតាមបច្ចេកទេសទន្តសាស្រ្តទំនើប
• ផ្តល់ភាពស្មោះត្រង់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ
• មានទំនួលខុសត្រូវខ្ពស់ក្នុងការងារ។
ហេលស៍ថាម៖ តើការបើកគ្លីនិកធ្មេញមួយចាំបាច់ត្រូវមានការត្រៀមនូវអ្វីខ្លះដែរ?
ចម្លើយ៖ ជាការពិតណាស់ មានកត្តាជាច្រើនដែលត្រូវធ្វើការពិចារណាដែលរួមមានដូចជា៖
• ដើមទុន និងធនធានមនុស្ស
• គំនិតច្នៃប្រឌិតក្នុងការរៀបចំគ្លីនិកផ្ទាល់
• សិល្បៈក្នុងការទំនាក់ទំនង ទាំងការរាប់អានមិត្តភក្តិ បងប្អូន ទាំងបណ្តាញសង្គម និងការផ្សព្វផ្សាយពាណិជ្ជកម្ម
• ការពង្រឹងសមត្ថភាពខ្លួនឯង ជាពិសេសត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការក្រោកឈរ និងទប់ទល់នៅពេលដែលមានកត្តាប្រឈមទាំងឡាយដែលអាចកើតឡើង។
ហេលស៍ថាម៖ ការបើកដំណើរការដំបូងបែបនេះ ប្រាកដណាស់ គឺត្រូវជួបប្រទះនឹងការលំបាកក្នុងការស្វែងរក និងទាក់ទាញអតិថិជន តើលោកមានវិធីសាស្រ្តបែបណាខ្លះដើម្បីចែករំលែកដែរឬទេ?
ចម្លើយ៖ ឧបសគ្គដែលចម្បងនោះគឺ មិនទាន់មានអ្នកស្គាល់គ្លីនិករបស់ខ្ញុំច្រើន។ អ្វីដែលខ្ញុំគួរតែធ្វើនោះគឺ ការផ្សព្វផ្សាយព័ត៌មានអំពីគ្លីនិករបស់ខ្ញុំតាមរយៈបណ្តាញសង្គមជាដើម។
ហេលស៍ថាម៖ គ្លីនិកធ្មេញមួយដែលទទួលបានទំនុកចិត្តពីសំណាក់អតិថិជនគួរមានលក្ខណៈសម្បត្តិបែបណាខ្លះ?
ចម្លើយ៖ លក្ខណៈសម្បត្តិដែលគួរមានរួមមានដូចជា ៖
• គ្រូពេទ្យដែលមានចំណេះដឹងច្បាស់លាស់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន
• មានទំនួលខុសត្រូវខ្ពស់លើការងារ
• បុគ្គលិកទាំងអស់ត្រូវមានភាពរួសរាយរាក់ទាក់ សេវាកម្មល្អ មានការយោគយល់ទៅលើអ្នកជំងឺ
• គោរពពេលវេលារបស់អ្នកជំងឺ ព្រមទាំងមានភាពស្មោះត្រង់ចំពោះអ្នកជំងឺមិនភូតភរ មិនកុហក
• ឲ្យតម្លៃទៅលើអ្នកជំងឺស្មើៗគ្នា ជាពិសេសកន្លែង និងសម្ភារៈប្រើប្រាស់ត្រូវប្រកបដោយអនាម័យខ្ពស់។
ហេលស៍ថាម៖ សម្រាប់និស្សិតទន្តសាស្រ្តដែលមានបំណងបើកគ្លីនិកធ្មេញ នាពេលអនាគត តើពួកគេគួរតែត្រៀមខ្លួនបែបណាខ្លះ?
ចម្លើយ៖ និស្សិតទន្តសាស្រ្តគួរតែបម្រើការក្នុងគ្លីនិករបស់អ្នកដទៃឲ្យបានរយៈពេលពី ២ទៅ៣ឆ្នាំយ៉ាងតិច មុននឹងចាប់ផ្តើមគ្លីនិកខ្លួនឯង ដើម្បីទទួលបានឱកាសក្នុងការរៀនអំពី៖
• ការងារគ្លីនិកបានមួយកម្រិតទៀត
• វិធីដោះស្រាយបញ្ហាបានច្រើន និងរហ័សជាងមុន នៅពេលការងាររបស់គាត់ជួបបញ្ហា
• របៀបធ្វើការងារជាក្រុម ការយោគយល់ ការពិភាក្សា និងស្វែងរកដំណោះស្រាយ
• របៀបធ្វើអាជីវកម្ម និងការទំនាក់ទំនងជាមួយអតិថិជន
• ការគ្រប់គ្រងគ្លីនិកនិងបុគ្គលិក។
ទោះបីជាយើងចាប់ផ្តើមអាជីវកម្មដំបូង ដោយគ្មានបុគ្គលិកក៏ដោយ ប៉ុន្តែអ្នកធ្វើជំនួញទាំងអស់គឺសុទ្ធតែមានទស្សនវិស័យវែងឆ្ងាយ។ ដូច្នេះចំណុចទាំងអស់នេះដើរតួយ៉ាងសំខាន់ នៅពេលដែលយើងធ្វើអាជីវកម្មដោយខ្លួនឯង។
ហេលស៍ថាម៖ ជាចុងក្រោយ តើលោកមានពាក្យពេចន៍អ្វីខ្លះចែកជូនដល់មិត្តអ្នកអាន ជាពិសេសអនាគតម្ចាស់គ្លីនិកធ្មេញជំនាន់ក្រោយឬទេ?
ចម្លើយ៖ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់មិត្តអ្នកអានទាំងអស់ដែលបានចំណាយពេលអានអត្ថបទរបស់ខ្ញុំ និងសូមដាស់តឿនដល់ប្អូនៗទន្តនិស្សិតទាំងអស់ ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួន ទាំងជំនាញ និងភាសា ហើយកុំចំណាយពេលវេលាទៅលើអ្វីដែលអត់ប្រយោជន៍។ ក្នុងពេលទំនេរ ត្រូវចំណាយពេលអានសៀវភៅ ស្វែងយល់ពីការងារគ្លីនិកតាមរយៈ You Tube និងការចុះកម្មសិក្សាផ្ទាល់ឲ្យបានច្រើន។
ប្រសិនបើចង់បើកគ្លីនិកខ្លួនឯង ត្រូវតែប្រឹងប្រែងអនុវត្តជំនាញគ្លីនិកឲ្យបានច្រើន ដើម្បីជាទុនក្នុងការដោះស្រាយបញ្ហាដែលកើតឡើង ព្រមទាំងធ្វើការ រៀនសូត្រពីគ្លីនិកដទៃទៀត ដើម្បីបានជាបទពិសោធន៍សម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួន។
ប្រសិនបើអាច គួរតែចូលឲ្យជិតជាមួយនឹងមិត្តភក្តិ និងបងប្អូនដែលជាអ្នកជំនួញឬអាជីវករ ដើម្បីរៀនសូត្រពីល្បិច និងគន្លឹះ ដើម្បីធ្វើអាជីវកម្មឲ្យបានជោគជ័យ ហើយព្យាយាមបង្កើនទំនាក់ទំនងជាមួយមិត្តភក្តិ និងអ្នកនៅជុំវិញខ្លួនឲ្យបានកាន់តែច្រើន និងប្រសើរជាងមុន។ និយាយរួម គឺត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហា ដែលប្រឈមទាំងឡាយក្នុងការបើកគ្លីនិកធ្មេញ ក៏ដូចជាការប្រកួតប្រជែង។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ