នរណាថារៀនពេទ្យរវល់ ដល់ថ្នាក់ពិបាកចូលរួមការងារសង្គម? សំខាន់ គឺឆន្ទៈ
និស្សិតថ្នាក់វេជ្ជបណ្ឌិតឆ្នាំទី៦នៃសាកលវិទ្យាល័យអន្តរជាតិ(IU) មួយរូប គឺកញ្ញា លី ហ្សូកា តែងតែស្រលាញ់ការងារសង្គម ហើយក៏ជាហេតុផលមួយដែលគាត់រៀនពេទ្យផងដែរ។ តែក៏មិនមែនមានន័យថា មិនរៀនពេទ្យ ជួយសង្គមមិនបាននោះទេ គ្រាន់តែចង់បញ្ជាក់ថា ការងារសង្គមដែលគាត់ចង់បម្រើប្រជាជននោះ គឺសំដៅលើផ្នែកសុខភាព ហើយកញ្ញាតែងឃើញថា សេវាកម្មផ្នែកសុខភាពនៅតាមតំបន់ដាច់ស្រយាលនៅមានភាពខ្វះខាត ទាំងការអប់រំផ្នែកសុខភាព និងការថែទាំព្យាបាល ទើបតែងតែគាំទ្រឲ្យនិស្សិតពេទ្យចូលរួមការងារសង្គមឲ្យបានច្រើន ។ គួរបញ្ជាក់ផងដែរថា ហ្សូកា ជាអតីតសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរថ្នាក់ខេត្តប្រចាំបាត់ដំបង ដែលទទួលបាននិទ្ទេសB (លំដាប់ពិន្ទុ99.766)ប្រចាំវិទ្យាល័យព្រះមុនីវង្សនៃថ្នាក់ទុតិយភូមិ។
ជាមួយនឹងឆន្ទៈយ៉ាងមុតមាំ និងបទពិសោធន៍ក្នុងការងារសង្គមជាច្រើន កញ្ញាក៏បានចូលរួមចែករំលែកនូវគន្លឹះខ្លឹមៗជាច្រើន ជូនដល់និស្សិតពេទ្យដទៃ ក៏ដូចជាដើម្បីផ្លាស់ប្តូរផ្នត់គំនិតដែលយល់ថា«និស្សិតពេទ្យរវល់ មិនងាយចូលរួមការងារសង្គមនោះទេ…»
តើការចូលរួមក្នុង«ការងារសង្គម»នឹងផ្តល់អត្ថប្រយោជន៍បែបណាខ្លះដល់និស្សិតពេទ្យ? តាមរយៈរូបភាពបែបណាខ្លះ?
•ទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែម ៖ ការសិក្សានៅសាលាបានត្រឹមតែទ្រឹស្តីប៉ុណ្ណោះ តែការអនុវត្តជាមួយអ្នកជំងឺ ឬអ្នកភូមិ នឹងធ្វើឲ្យយើងកើនចំណេះបានមួយកម្រិតទៀត ដែលមានន័យថា «រៀន+អនុវត្ត»
•ទទួលនូវអ្វីដែលថ្មីពីគ្រូពេទ្យ ឬសិស្សច្បង ៖ ជាក់ស្តែង នៅពេលយើងធ្វើការងារជាក្រុម យើងតែងតែចែករំលែកនូវអ្វីៗដែលថ្មីដែលយើងបានជួបដូចជា ពិនិត្យមើលជំងឺ ហើយយកមកប្រជុំពិភាក្សាគ្នា ដែលក្រុមគ្រូពេទ្យនឹងបង្រៀននិសិ្សតយ៉ាងច្បាស់ទាក់ទងនឹងករណីនីមួយៗ
•រៀនបណ្ដុះគំនិត ៖ ដុសខាត់ឲ្យចេះស្រឡាញ់សុខភាពសហគមន៍ឲ្យបានកាន់តែច្រើន។ កាលណាយើងបានឃើញទុកលំបាកជាក់ស្ដែងរបស់ប្រជាជន យើងកាន់តែខិតខំបន្ថែមទៀតក្នុងវិស័យនេះ ដើម្បីប្រជាជនយើង
•បន្ថែមនូវជំនាញទន់ ៖ បង្រៀនឲ្យយើងចេះទទួលខុសត្រូវនូវការងារដែលយើងធ្វើ ទុកចិត្តគ្នា ចេះស្រឡាញ់គ្នា យកចិត្តទុកដាក់ ឲ្យតម្លៃគ្នា គោរពគ្នា មានភាពសុចរិត មានទំនាក់ទំនងល្អរវាងនិសិ្សត និងនិស្សិត ឬ និស្សិត និងគ្រូពេទ្យ។ ហើយអ្វីដែលសំខាន់ គឺសាមគ្គីភាពក្នុងពេលធ្វើការងារក្រុម។
•រៀនជំនាញផ្សេងៗ ៖ រួមមានដូចជា ការរៀបចំអង្កេត(Survey)តាមសហគមន៍ ការស្រាវជ្រាវ(Research) ឬរបៀបធ្វើគម្រោង(Project) ជាដើម។
តើនិស្សិតពេទ្យគួរចូលរួមក្នុងការងារទាំងនេះពេលរៀនឆ្នាំទីប៉ុន្មានទើបល្អ? ឬមិនប្រកាន់ឆ្នាំសិក្សាទេ?
សម្រាប់គំនិតខ្ញុំ និសិ្សតគួរចូលរួមក្នុងពេលរៀនឆ្នាំទី៤ឡើងទៅទើបល្អ ព្រោះចាប់ពីកម្រិតឆ្នាំប៉ុណ្ណឹង និស្សិតបានសិក្សារួចហើយទាក់ទងនឹងHuman Physiology ហើយក៏បានស្គាល់ខ្លះៗអំពីជំងឺផ្សេងៗដែលហៅថា«Pathophysiology» ដែលបង្កភាពងាយស្រួលដល់និស្សិតក្នុងការអនុវត្តជាក់ស្ដែង និងការសិក្សាបន្ថែម ជាពិសេសមានភាពងាយស្រួលក្នុងការអប់រំអ្នកភូមិទាក់ទងនឹងបញ្ហាសុខភាព ព្រោះយើងបានយល់ច្បាស់ថាអ្វីជាជំងឺ។
យ៉ាងណាមិញ ការងារសង្គមមិនប្រកាន់ឆ្នាំទេ គ្រាន់តែប្អូនៗឆ្នាំទាបៗគួរតែចំណាយពេលអានសៀវភៅ និងសិក្សាបន្ថែមឲ្យបានច្រើនក្នុងវិស័យនេះឲ្យច្បាស់សិន ចាំយើងទៅអនុវត្តទើបងាយស្រួល និងចំណេញសម្រាប់ខ្លួន។
តើនិស្សិតពេទ្យអាចទទួលបានព័ត៌មានទាក់ទិននឹងការងារសង្គមទាំងក្នុង និងក្រៅប្រទេស តាមរយៈមធ្យោបាយអ្វីខ្លះដែរ?
តាមបទពិសោធន៍របស់ខ្ញុំ មានមធ្យោបាយជាច្រើនក្នុងសម័យនេះ ដូចជា ប្រព័ន្ធបណ្តាញសង្គម ( ហ្វេសប៊ុក គេហទំព័រ ជាដើម) ការប្រកាសតាមសាកលវិទ្យាល័យ និងតាមរយ:សិស្សច្បង សិស្សប្អូន ឬមិត្តភក្តិ។ អ្វីដែលសំខាន់ត្រូវរក្សាទំនាក់ទំនងល្អរវាងគ្នា និងគ្នា (កុំរស់នៅដាច់ពីគេ) ដើម្បីទទួលបានការចែករំលែក និងព័ត៍មានថ្មីៗពីគ្នាទៅវិញទៅមក។
នរណាៗក៏ដឹងថា «រៀនពេទ្យរវល់ខ្លាំង»ដែរ ហើយក៏បានធ្វើឲ្យអ្នកខ្លះខកខានពេលក្នុងការចូលរួមការងារសង្គម តែហ្សូកាក៏អាចធ្វើបានច្រើនកន្លងមក តើមានគន្លឹះអ្វីចែករំលែកដែរឬទេ?
សម្រាប់ខ្ញុំ បើយើងមានឆន្ទ:ចង់ធ្វើអ្វីមួយ យើងគួរឆ្លៀតពេលធ្វើការងារនោះ និងកាត់បន្ថយពេលវេលាសប្បាយៗបែរមកចូលរួមការងារសង្គម ព្រោះនរណាក៏រវល់ដែរ តែសំខាន់យើងចេះលៃលកពេល ហើយជាងនេះទៅទៀតយើងត្រូវបែងចែកឲ្យច្បាស់រវាងការរៀនសូត្រនៅសាលា និងការងារសង្គមធ្វើយ៉ាងណាឲ្យមានតុល្យភាពគ្នាទើបល្អ ជាពិសេស ត្រូវរៀបចំកាលវិភាគសិក្សាឲ្យបានត្រឹមត្រូវ។
ក្នុងចំណោមការងារសង្គមកន្លងមក តើមានការងារមួយណាដែលពេញចិត្តជាងគេ?ហេតុអ្វី?
មានការងារស្មគ្រ័ចិត្តមួយដែលដក់ក្នុងបេះដូងខ្ញុំ គឺ Project Battambang ដែលជាគម្រោងមួយធ្វើឡើងដោយបេះដូង និងទឹកចិត្តសុទ្ធសាធរបស់ក្រុមនិសិ្សតពេទ្យនៅ Yong Loo Lin School of Medicine (NUS) និងដឹកនាំដោយគ្រួពេទ្យជនជាតិសិង្ហបុរី ហើយមានការសហការពីក្រុមនិស្សិតវេជ្ជសាស្រ្តនៅកម្ពុជា។
Projectនេះបានបង្កើតឡើងតាំងពីឆ្នាំ២០១០ ដោយជួយប្រជាជនទាក់ទងនឹងបញ្ហាសុខភាព ការអប់រំ ការព្យាបាល ការលើកស្ទួយជីវភាពនៅតំបន់នោះ ទាក់ទងនឹងទឹកប្រើប្រាស់ទឹកស្អាត ការផ្ដល់អាហារូបករណ៍ដល់សិស្ស ការជួយជាសម្ភារ:សិក្សា និងថវិកាបន្ថែមដល់លោកគ្រូអ្នកគ្រូនៅតាមសាលារៀន នៅតំបន់ជាយដែនកម្ពុជា-ថៃ(ស្រុកចំនួន៤នៅទីក្រុងប៉ោយប៉ែត)។
ខ្ញុំបានចូលរួមកាលពីរៀនឆ្នាំទី៤ Dr Ong និង Dr ផ្សេងៗទៀតបានបង្រៀនពួកខ្ញុំច្រើនទាក់ទងនឹងចំណេះដឹងខាងវេជ្ជសាស្រ្ត ការអនុវត្ត បទពិសោធន៍ថ្មីៗ បង្ហាញពីអំពើល្អនៃមនុស្សធម៌ ឆន្ទ: ការស្រឡាញ់ មើលថែទាំអ្នកប្រជាជន ឬអ្នកជំងឺឲ្យអស់ពីចិត្ត។ សម្រាប់គម្រោងនេះ មិនថានិស្សិតខ្មែរ ឬនិស្សិតសិង្ហបុរីទេ គឺតែងតែចាត់ទុកគ្នាដូចគ្រួសារ និងបងប្អូនគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក គោរពគ្នា ស្មោះត្រង់ ហើយរក្សាទំនាក់ទំនងនឹងគ្នារហូតមិនថានៅទីណា។ ជាពិសេស ពួកយើងបានជួបផ្ទាល់នឹងជីវភាពរស់នៅផ្ទាល់ ហើយរៀនធ្វើគម្រោងតាមសហគមន៍តាមការណែនាំរបស់ពួកគាត់។
តើមានកម្មវិធី ឬការងារណាដែលហ្សូកាចង់ណែនាំដល់និស្សិតពេទ្យដទៃទៀតដែរឬទេ?
ខ្ញុំចង់ណែនាំដល់និស្សិតពេទ្យដទៃទៀតឲ្យចូលរួមក្នុងProject Battambang ដែលមាននៅរៀងរាល់ខែធ្នូ ។ យើងគ្រប់គ្នាគួរសាកចូលរួមក្នុងProjectនេះយ៉ាងហោចណាស់ឲ្យបានម្ដង ដើម្បីទទួលបានអ្វីដែលថ្មី។
សម្រាប់ព័ត៍មានបន្ថែម អាចចូលទៅក្នុងគេហទំព័ររបស់Project Battambang ឬតាមទំព័រហ្វេសប៊ុក ដើម្បីទទួលបានLinkចុះឈ្មោះធ្វើជាអ្នកស្ម័គ្រចិត្តរៀងរាល់ខែតុលា ឬ វិច្ឆិកា ហើយពួកយើងនឹងធ្វើការជ្រើសរើស។
តើមានចំណុចអ្វីខ្លះដែលនិស្សិតម្នាក់ៗគួរគិតដល់ ដើម្បីធ្វើការបែងចែកពេលវេលារបស់ខ្លួនឲ្យមានប្រយោជន៍ និងតុល្យភាពរវាងការសិក្សា និងការងារសង្គម?
•បែងចែកឲ្យបានច្បាស់នូវពេលវេលា ដោយរៀបចំកាលវេលាឲ្យបានត្រឹមត្រូវរវាងការសិក្សា និងការងារសង្គម
•ចូលរួមការងារសង្គមនៅពេលទំនេរពីការសិក្សាតែប៉ុណ្ណោះ មិនត្រូវផ្តោតលើការងារសង្គមច្រើនជ្រុលទេ
•ឆ្លៀតឱកាសចូលរួមការងារសង្គមផងដែរ និយាយទៅចេះឆ្លៀតពេល ដោយកាត់បន្ថយពេលកម្សាន្តខ្លះទៅចូលរួម (ព្រោះអ្នកណាក៏រវល់ដែរ)
•សិក្សាឲ្យបានច្បាស់លាស់សិន ព្រោះយើងអាចទាញប្រយោជន៍បានទាំង២ បានចំណេញទាំងចំណេះមានន័យថាបានរៀនរួចហើយយកទៅអនុវត្តជាក់ស្ដែង ជាពិសេស យើងក៏មានទំនុកចិត្តខ្លាំងចំពោះខ្លួន ថាអាចបម្រើប្រជាជនផ្នែកសុខាភិបាលប្រកបដោយប្រសិទ្ធភាព។
តើហ្សូកាមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់និស្សិតពេទ្យ ជាពិសេសនឹងការងារសង្គម?
•មុខវិជ្ជាពេទ្យជាមុខវិជ្ជាសំខាន់ដែលទាក់ទងនឹងជីវិតមនុស្ស អ្វីដែលយើងត្រូវធ្វើ គឺត្រូវសិក្សាឲ្យបានចំណេះច្បាស់លាស់ ជាពិសេសត្រូវប្រកាន់ខ្ជាប់សីលធម៌ជាគ្រូពេទ្យ មានទាំងក្ដីស្រឡាញ់ និងការមើលថែអ្នកជំងឺឲ្យអស់ពីចិត្ត
•ឆន្ទ: និងកម្លាំងចិត្តជារឿងសំខាន់ កាលណាយើងមានទឹកចិត្តនឹងធ្វើអ្វីមួយ យើងច្បាស់ជារីករាយ និងមិនហត់នឿយនឹងការងារមួយនេះទេ
•ព្យាយាមប្រលូកចូលទៅក្នុងពិភពខាងក្រៅ ទទួលយកបទពិសោធន៍ថ្មីៗពីខាងក្រៅ ដើម្បីUpdateចំណេះដឹងខ្លួនឲ្យកាន់តែពូកែ
•ពេលទំនេរ គួរតែឆ្លៀតចូលរួមការងារសង្គមឲ្យបានច្រើន ( Just want to make the world more better !) ជាពិសេស យើងជាគំរូដល់កូនចៅជំនាន់ក្រោយដ៏ល្អ សម្រាប់ឲ្យពួកគេដើរតាមគន្លងដ៏ល្អមួយនេះក្នុងការងារមនុស្សធម៌
•សង្ឃឹមថានឹងយល់ និងចងចាំឃ្លាមួយនេះ “We owe it to the patients we serve to be both kind and skilled. The kind need to be more skilled, and the skilled need to be more kind.” (June Callwood)
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ