គន្លឹះពីរៀមច្បងពិសេសសម្រាប់អ្នកត្រៀមប្រលងថ្នាក់ជាតិក្នុងវិស័យសុខាភិបាល
សេង រស្មី និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ដើម្បីបានសិក្សាក្នុងវិស័យសុខាភិបាល គឺបេក្ខជនទាំងអស់ត្រូវចូលរួមប្រលងប្រជែងថ្នាក់ជាតិជាមុនសិន។ សំរាប់ការត្រៀមខ្លួនប្រលងវិញ ខ្ញុំបានឡើងមកភ្នំពេញ ហើយចាប់ផ្តើមរៀនត្រៀមចាប់តាំងពីពេលដែលខ្ញុំបានប្រលងបាក់ឌុបចប់ភ្លាម ហើយពេលនោះដែរ ខ្ញុំបានរៀនគួរបន្ថែមនៅឯសាលាជ័យថាវីលើមុខវិជ្ជាចំនួន 3 ស្របតាមការប្រកាសណែនាំរបស់ក្រសួងសុខាភិបាល គឺ គណិតវិទ្យា គីមីវិទ្យា និងជីវវីទ្យា ដែលវិញ្ញាសាចេញប្រលង គឺ ស្របតាមកម្មវិធីសិក្សាទុតិយភូមិថ្នាក់ទី១២។ ដូច្នេះ ក្រៅពីការរៀនគួរបន្ថែម ខ្ញុំបានចំណាយពេលដែលនៅសល់ខិតខំធ្វើលំហាត់ដែលមាននៅក្នុងសៀវភៅពុម្ព ព្រមទាំងខំទន្ទេញមេរៀនអោយស្ទាត់មាត់។
ដើម្បីទទួលបានការជោគជ័យក្នុងការប្រលងចូលវិញ គឺយើងត្រូវគោរពធ្វើតាមការណែនាំរបស់គណកម្មាធិការប្រលង ចំណាយពេលវេលាផ្តោតសំខាន់តែលើការប្រលង រៀនធ្វើលំហាត់ដែលធ្លាប់ចេញប្រលងពីឆ្នាំមុនៗដើម្បីវាស់សម្ថតភាពរបស់ខ្លួន និងអ្វីដែលសំខាន់នោះ គឺត្រូវជឿជាក់លើសម្ថភាពខ្លួនឯង។ ម្យ៉ាងវិញទៀត សុខភាពក៏ជាកត្តាសំខាន់ដែរ ដូចនេះ គឺត្រូវសម្រាក និងញុំាឲ្យបានគ្រប់គ្រាន់។ ក្នុងពេលប្រលង គឺតាំងចិត្តកុំឲ្យភ័យ អានប្រធានឲ្យយល់ច្បាស់មុននឹងចាប់ផ្ដើមឆ្លើយ មិនត្រូវចំណាយពេលច្រើនលើសំណួរដែលយើងមិនចេះនោះទេ ត្រូវធ្វើសំណួរណាដែលយើងចេះមុន រួចចាំមកបំពេញកន្លែងដែលខ្វះចន្លោះតាមក្រោយ។
លីម ចាន់បូរ៉ាម៉ី ឱសថការីឧត្តមដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ IU នៅខែមេសា ឆ្នាំ ២០១៧ថ្មីៗនេះ
នៅពេលរៀនថ្នាក់ទី១១ និង ទី១២ ក្រៅពីការសិក្សាក្រៅម៉ោងសម្រាប់ប្រឡងបាក់ឌុប នាងខ្ញុំបានផ្តោតទៅលើមុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា និង ជីវវិទ្យាដែលជាគ្រឹះសំខាន់សម្រាប់ចូលសាលាពេទ្យ។ លើសពីនេះទៀត ខ្ញុំបានយកវិញ្ញាសាប្រឡងមុនៗមកសិក្សាបន្ថែម និង ព្យាយាមធ្វើលំហាត់ក្នុងនោះឲ្យបានច្រើន។ ក្រោយពេលបញ្ចប់ប្រឡងបាក់ឌុប ខ្ញុំក៏បានចូលរៀនថ្នាក់ត្រៀមប្រឡងខ្លះៗដែរ ដើម្បីត្រៀមចូលសាលាពេទ្យ។ សម្រាប់នាងខ្ញុំ ខ្ញុំគិតថាគួរចាប់ផ្តើមត្រៀមពីថ្នាក់ទី១១ ទៅ ព្រោះពេលនោះ គឺពេលដែលយើងទើបចាប់ផ្តើមរៀនពីខ្លឹមសារដែលជាគ្រឹះសម្រាប់អនាគតពេលចូលរៀនពេទ្យ ដូច្នេះ គួរតែបុកគ្រឹះឲ្យមាំពីពេលនោះមក ដើម្បីទទួលបានការជោគជ័យទៅពេលដែលចូលរៀនមុខវិជ្ជាពេទ្យខាងមុខនេះ។
ការសិក្សាបន្ថែមលើភាសា ក៏ជាកត្តាចាំបាច់សម្រាប់ភាពជោគជ័យក្នុងការរៀនសូត្រមុខវិជ្ជាពេទ្យ ព្រោះមុខវិជ្ជានេះមានការប្រើប្រាស់ពាក្យបច្ចេកទេសជាច្រើនដែលជាភាសាបរទេសដូចអង់គ្លេស ឬ បារាំង។ ការពង្រឹងសមត្ថភាពភាសាបរទេសផ្តល់ភាពងាយស្រួលដល់ពេលដែលត្រូវស្រាវជ្រាវឯកសារទាក់ទងមុខវិជ្ជាពេទ្យដែលយើងកំពុងសិក្សា ។
នាងខ្ញុំជឿថា «Practice makes you perfect» ដូច្នេះ គន្លឹះ គឺធ្វើលំហាត់ឲ្យបានច្រើន មិនថាក្នុងសៀវភៅ ឬ វិញ្ញាសាប្រឡងឆ្នាំមុនៗ ។ ការរៀនជាក្រុមក៏អាចមានផលប្រយោជន៍ជាច្រើនដូចជាមានការចែករំលែកព័ត៌មាន និង លំហាត់ថ្មី ហើយស្វែងរកដំណោះស្រាយជាមួយគ្នា។ ការប្រកួតប្រជែងក្នុងក្រុមអាចជួយជំរុញឲ្យទាំងខិតខំប្រឹងប្រែងទាំងអស់គ្នា ។ ក្រៅពីការសិក្សា ត្រូវបែងចែកពេលវេលាសម្រាកជារៀងរាល់ថ្ងៃ ដូចជាជួបជុំគ្រួសារ ឬ ហាត់កីឡាជាមួយមិត្តភក្តិ ដើម្បីធ្វើឲ្យយើងមានអារម្មណ៍ស្រលះក្នុងខួរក្បាល់ហើយបន្តទៅមុខទៀត។
ហេង សុវណ្ណឫទ្ធិ និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
បើនិយាយពីការរៀនត្រៀមចូលមហាវិទ្យាល័យវេជ្ជសាស្ត្រវិញ ចំពោះរូបខ្ញុំផ្ទាល់ បានត្រៀមខ្លួនតាំងពីពេលនៅរៀនវិទ្យាល័យឯណោះ ពោល គឺខិតខំរៀនត្រៀមលើមុខវិជ្ជាដែលសំខាន់សម្រាប់ប្រលងចូលសាលាពេទ្យដែលមានដូចជាមុខវិជ្ជាគណិតវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ បន្ថែមពីការរៀនគួរត្រៀមពេទ្យ បេក្ខភាពគួរតែរៀនធ្វើលំហាត់ និងទន្ទេញសំណួរ-ចម្លើយដែលមាននៅខាងចុងបញ្ចប់នៃមេរៀននីមួយៗឲ្យចេះឲ្យចាំស្ទាត់។ រីឯការប្រលងចូលវិញ គន្លឹះសំខាន់ ដើម្បីឲ្យប្រលងជាប់ ឬក៏ធ្លាក់នោះ គឺអាស្រ័យលើមុខវិជ្ជាដ៏សំខាន់មួយ គឺគណិតវិទ្យា ព្រោះថាវាមានលំហាត់ច្រើន និងពិបាក ដូច្នេះ វាទាមទារឲ្យបេក្ខភាពគ្រប់រូបត្រូវសរសេរយ៉ាងណាឲ្យបានលឿនតាមដែលអាចធ្វើបាន ហើយមិនចាំបាច់ស្អាតពេកទេ ឲ្យតែអាចមើលយល់ទៅ គឺគ្រប់គ្រាន់ហើយ បើកាន់តែល្អជាងនេះ អ្នកគួរតែមាននាឡិកាដៃមួយសម្រាប់ផ្ទៀងម៉ោង ហើយចំពោះលំហាត់ដែលយើងមិនទាន់ច្បាស់ ត្រូវទុកធ្វើក្រោយគេ និងធ្វើនូវលំហាត់ណាដែលយើងចេះមុនសិន ដើម្បីចំណេញពេញវេលា។
តាំង រ៉ូស្សាទេវី អតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧ ហើយសព្វថ្ងៃនេះកំពុងបម្រើការងារនៅមណ្ឌលវេជ្ជសាស្ត្រសហគមន៍ (Comunity medical center)
ដើម្បីត្រៀមប្រលងចូលសាលាពេទ្យឲ្យបានដូចបំណងនោះ អ្នកទាំងអស់គ្នាត្រូវត្រៀមមុខវិជ្ចាដែលពាក់ព័ន្ធនឹង គណិតវិទ្យា គីមីវិទ្យា ជីវៈវិទ្យា តែបើអ្នកទាំងអស់គ្នាចង់បាននិទ្ទេសរួមល្អគួរតែត្រៀមគ្រប់មុខវិជ្ចាទាំងអស់ ទើបជាការគួរ ។
បន្ទាប់ពីការធ្វើការពង្រឹងមូលដ្ឋានគ្រឹះខាងលើរួចមក គួរតែសិក្សាបន្ថែមទៅលើមុខវិទ្យាភាសាដទៃរួមមាន ៖ ភាសាបារាំង អង់គ្លេស។
គន្លឹះសម្រាប់ចែកជូនមុនពេលចូលប្រលងឲ្យទទួលបានពិន្ទុខ្ពស់រួមមាន៖
-វិញ្ញាសាដែលមានចេញប្រលងថ្នាក់ជាតិ
-ត្រូវសរសេរឲ្យបានលឿន
-ត្រូវប្រាកដថាចម្លើយដែលយើងឆ្លើយ គឺជាចម្លើយត្រឹមត្រួវ។
លឹម ប៉ោហ្វុង និស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
ដើម្បីត្រៀមខ្លួនសម្រាប់ការប្រលងថ្នាក់ជាតិនេះ អ្នកគួរតែចាប់ផ្តើមពីថ្នាក់ទី១២ទៅដែលជាឆ្នាំមួយតម្រូវឲ្យអ្នកជ្រើសរើសមុខវិជ្ជាសម្រាប់ការសិក្សានាពេលអនាគត ហើយអ្វីដែលសំខាន់នោះ គឺមុខវិជ្ជាដែលត្រូវប្រឡងក៏ពាក់ព័ន្ធនឹងកម្មវិធីសិក្សាថ្នាក់ទី១២ផងដែរ។ ម្យ៉ាងទៀត លទ្ធផលសិក្សាថ្នាក់វិទ្យាល័យក៏ពាក់ព័ន្ធនឹងជោគវាសនាក្នុងកម្រិតឧត្តមសិក្សារបស់អ្នកផងដែរ ប្រសិនបើលទ្ធផលកាន់តែប្រសើរ ឱកាសក្នុងការទទួលបានអាហារូបករណ៍ក៏ខ្ពស់តាមហ្នឹងដែរ។
ទន្ទឹមនឹងគ្នានេះដែរ ការខំប្រឹងសិក្សាភាសាបរទេសក៏ជាកត្តាចាំបាច់ផងដែរ ជាពិសេសភាសាអង់គ្លេសសម្រាប់ការសិក្សា ទំនាក់ទំនងជាមួយនឹងនិស្សិតអន្តរជាតិ ក៏ដូចជាចូលរួមក្នុងកម្មវិធីអន្តរជាតិផ្សេងៗផងដែរ។ រីឯមេរៀនភាគច្រើនក៏បង្រៀនជាភាសាអង់គ្លេស ដែលសម្រួលដល់ការយល់នូវមេរៀន និងការស្រាវជ្រាវឯកសារបន្ថែមលើអ៊ីនធើណែត។
ខ្ញុំមិនមានគន្លឹះអ្វីជាពិសេសនោះទេ ក្រៅពីខិតខំប្រឹងរៀន និងយល់នូវមេរៀន ព្រោះថាការយល់នឹងបន្សល់នូវការចងចាំរយៈពេលយូរ ស្របពេលដែលការប្រឹងទន្ទេញនឹងបន្សល់នូវការចងចាំរយៈពេលខ្លីតែប៉ុណ្ណោះ។
សំ សុវត្ថឌី និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់មាត់-ធ្មេញ (Master of Oral and Maxillofacial Surgery) នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសាកលវិទ្យាល័យមហិដុល ទីក្រុងបាងកក ប្រទេសថៃ
ដើម្បីចូលរៀនក្នុងវិស័យសុខាភិបាល គឺតម្រូវឲ្យយើងមានគោលដៅច្បាស់លាស់ ដូច្នេះ ការត្រៀមខ្លួនជារឿងចាំបាច់។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ គឺគ្មានអ្វីដែលត្រូវត្រៀមច្រើននោះទេ ក្រៅពីត្រូវតាំងចិត្ត នឹងមានជំនឿចិត្តលើខ្លួនឯងថាខ្ញុំនឹងអាចទទួលបានជោគជ័យ ហើយដើម្បីទទួលបានជោគជ័យនឹងធើ្វឲ្យខ្លួនឯងមានទំនុកចិត្តនោះ គឺយើងត្រូវតៀមចំពោះមុខវិជ្ជាដែលត្រូវប្រលងចូល ៖ រួមមាន គណិតវិទ្យា ជីវវិទ្យា និងគីមីវិទ្យា ភាពខ្លាំងនៅក្នុងមុខវិជ្ជាទាំង 3 គឺធ្វើឲ្យយើងមានអាទិភាពខ្ពស់ក្នុងការប្រលងជាប់។ ការរៀនមុខវិជ្ជាទាំង3 គួរតែចាប់ផ្តើមតាំងតែពីដើមឆ្នាំនៃឆ្នាំសិក្សាថា្នក់ទី 12។
បន្ថែមពីនេះទៀតការធ្វើលំហាត់ផ្សេងៗ នៅក្នុងសៀវភៅមុខវិជ្ជាទាំង 3 គឺពិតជាជំនួយដល់ប្អូនៗនិស្សិត ពីព្រោះវិញ្ញាសាប្រលង គឺសុទ្ធតែជាលំនាំដែលមាននៅក្នុងមេរៀន និងលំហាត់ដែលមានក្នុងសៀវភៅស្រាប់។
ចំពោះការប្រលង ខ្ញុំក៏មិនមានគន្លឹអ្វីពិសេសទេ ក្រៅពីតាំងចិត្តកុំឲ្យមានការភិតភ័យ ការតាំងអារម្មណ៍ឲ្យមូលក្នុងការប្រលង និងកុំដាក់សម្ពាធលើខ្លួនឯង ប្រសិនបើយើងបានត្រៀមខ្លួនរួចរាល់សសម្រាប់ការប្រលង និងត្រូវជឿជាក់លើខ្លួនឯងថាយើងនឹងអាចធ្វើបាន។
វ៉ាន់ គឹមរួន បព្ចាប់ការសិក្សាផ្នែកឱសថសាស្រ្តនាខែមេសា ឆ្នាំ២០១៦នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital)
ត្រូវដឹងពីមុខវិជ្ជាគោល ហើយពង្រឹងសមត្ថភាពទាក់ទងនឹងមុខវិជ្ជា គីមីវិទ្យា ជីវវិទ្យា គណិតវិទ្យា និងមុខវិជ្ជាដទៃទៀត ហើយតែងតែស្តាប់ដំបូន្មានល្អៗរបស់បងបងរបស់នាងខ្ញុំ ក្នុងគោលបំណងទទួលបានអាហារូបករណ៍ ពីព្រោះនៅជំនាន់របស់នាងខ្ញុំអាចដាក់ពាក្យសុំអាហារូបករណ៍បានដោយមិនបាច់ឆ្លងកាតការប្រលងជ្រើសទ្បើយ ដូច្នេះហើយបានត្រៀមខ្លួនតាំងពីនៅវិទ្យាល័យម្ល៉េះ។
បន្ថែមពីការរៀនត្រៀម យើងក៏ត្រូវ ៖
-រៀបចំកាលវិភាគសម្រាប់រំលឹកមេរៀននៅផ្ទះ
-បរិភោគ និង សម្រាកឲ្យបានគ្រប់គ្រាន់
ដើម្បីប្រលងឲ្យទទួលបានជោគជ័យ យើងត្រូវ ៖
-មើលប្រធានឲ្យបានច្បាស់ មុនចាប់ផ្តើមធ្វើ
-ប្រសិនបើជិតដល់ម៉ោងហើយ ធ្វើមិនទាន់ចប់ ត្រូវធ្វើសំណួរណាដែលទទួលបានពិន្ទុច្រើនមុន
-បើមានសំណួរណាដែលអត់ចេះ យើងគួរតែរំលងទៅធ្វើសំណួរបន្ទាប់ដោយមិនចាំបាច់អង្គុយរកនឹកឲ្យខាតពេលនោះទេ
-បន្ទាប់ពីធ្វើរួចរាល់ហើយ ត្រូវផ្ទៀងផ្ទាត់គ្រប់សំណួរទ្បើងវិញ ដើម្បីជៀសវាងការខុស ឬច្រទ្បំដោយយថាហេតុ
-ត្រូវព្យាយាមសរសេរឲ្យបានច្បាស់ និង សរសេរឲ្យមានរបៀបរៀបរយ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ