និស្សិតឆ្មបម្នាក់សំណូមពរថា«សូមកុំយកមនុស្សមួយក្ដាប់ មកវាយតម្លៃឆ្មបទាំងអស់អី…»
តើនរណាដែលនៅក្បែរស្ត្រីមានផ្ទៃពោះច្រើនជាងគេ មុន និងក្រោយពេលសម្រាល បន្ទាប់ពីក្រុមគ្រួសារ? ចម្លើយ គឺប្រាកដជា ឆ្មប ជាមិនខាន…តើអ្នកបានដឹងច្រើនប៉ុណ្ណាដែរអំពី«ការសិក្សា និងការងារជាឆ្មប»?
តោះ! ស្វែងយល់ជាមួយគ្នា…តាមរយៈការចែករំលែកបទពិសោធណ៍របស់កញ្ញា លឿង ផូស្រីណុច ដែលបានបញ្ចាប់ថ្នាក់បរិញ្ញាប័ត្រឆ្មប និងសព្វថ្ងៃកំពុងបម្រើការងារនៅគ្លីនិកឯកជនមួយកន្លែងផងដែរ…
មូលហេតុដែលសម្រេចចិត្តយកជំនាញឆ្មប
ដោយសារការស្រលាញ់តាំងពីក្មេង ជាពិសេសចង់ជួយស្ត្រីមានផ្ទៃមានពោះឲ្យរួចពីគ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាជួយពួកគាត់ឲ្យយល់ពីសេវាសុខាភិបាលនាពេលបច្ចប្បន្ន ដើម្បីកុំឲ្យមានជំនឿលើធ្មបបុរាណ និងអបិយជំនឿរច្រើនពេក។
លក្ខណៈពិសេសនៃការសិក្សាផ្នែកឆ្មប
វាមានភាពខុសប្លែកពីជំនាញផ្សេងដោយសារឆ្មប គឺត្រូវស្ថិតនៅក្បែរស្ត្រីជាម្តាយច្រើនជាងអ្នកផ្សេងបន្ទាប់ពីគ្រួសាររបស់ពួកគាត់ ជាពិសេសនៅពេលសម្រាល ។ នៅពេលដែលមានបញ្ហា ស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែមករកឆ្មបមុនគេ ដើម្បីជួយឲ្យធូរស្រាលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
លក្ខណៈសម្បតិ្ដដែលនិស្សិតឆ្មបគួរមាន ដើម្បីទទួលបានជោគជ័យ
មិនខុសគ្នាពីមុខវិជ្ជាផ្សេងប៉ុន្មាននោះទេ តែអ្វីដែលចាំបាច់នោះគឺ ត្រូវមានភាពអំណត់អត់ធ្មត់។ ក្រៅពីការប្រឹងប្រែងរៀនសូត្រ និងបំពេញកិច្ចការងារ និស្សិតឆ្មបត្រូវអត់ទ្រាំ ព្រោះពេលខ្លះ មិនបានគេងគ្រប់គ្រាន់ទេនៅពេលយប់បើសិនជាចំវេនយាម។ ម្យ៉ាងទៀត បើថ្ងៃខ្លះ ត្រូវជួបជាមួយនឹងអ្នកជំងឺអុកឡុកទៀត គឺរឹតតែត្រូវទ្រាំ។
ឧបសគ្គចម្បងនៃការសិក្សាជំនាញនេះ
-ត្រូវច្បាស់ថាខ្លួនឯងអាចជួយស្ត្រីមានផ្ទៃពោះម្នាក់នោះពីគ្រោះថ្នាក់ដែរឬទេ ? បើសិនជាអាច គឺ ជួយដោយវិធីណា?
-បន្ទាប់ពីសម្រាលកូនហើយ តើផ្លូវចិត្តស្ត្រីបានប្រសើរឡើងវិញហើយឬនៅ ?
សំណួរទាំងនេះហើយដែលតែងតែផុសនៅក្នុងខួរក្បាលរបស់ខ្ញុំ ហើយវាក៏ជាឧបសគ្គដែរ ហើយខ្ញុំអាចជំនះវាបានដោយការខំប្រឹងប្រែងរៀនសូត្រ និងទៅអនុវត្តផ្ទាល់នៅតាមមន្ទីរពេទ្យនោះឯង ដោយព្យាយាមត្រងត្រាប់ស្តាប់ និងសង្កេតមើលពីសកម្មភាពរបស់បុគ្គលិកទាំងនោះថាតើមានអ្វីខ្លះដែលគួរប្រព្រឹត្តតាម ហើយអ្វីខ្លះដែលមិនគួរ?
ការងារដែលនិស្សិតឆ្មបអាចធ្វើបាន
បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាចធ្វើការតាមគ្លីនិកឯកជន ក្រុមហ៊ុន និងអង្គការផ្សេងៗជាច្រើន ហើយបើសិនជាអាចប្រលងក្របខ័ណ្ឌចូលបម្រើការងាររដ្ឋកាន់តែប្រសើរ ។
ឆ្នាំដែលសប្បាយ និងពិបាកជាងគេ
ឆ្នាំសិក្សាដែលសប្បាយជាងគេសម្រាប់ខ្ញុំ គឺគ្មានទេ ព្រោះគ្រប់ឆ្នាំ គឺសប្បាយទាំងអស់ ដោយសារមានមិត្តភក្ដិ រួមថ្នាក់យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក មិនដែលឈ្លោះគ្នានោះទេ។ ចំណែកឆ្នាំដែលពិបាកបំផុត គឺឆ្នាំដំបូង ដែលត្រូវរៀនពាក្យបច្ចេកទេសថ្មីៗជាច្រើនដែលមិនធ្លាប់ស្គាល់ ឬលឺពីមុនមក ជាពិសេសវាជាភាសាបរទេសទៀតផង។ ឈានចូលដល់ឆ្នាំទី៤ គឺរឹតតែពិបាក ព្រោះមានកាតព្វកិច្ចជាច្រើនត្រូវបំពេញ រួមមាន ត្រូវទៅស្ដារនៅពេទ្យផង ធ្វើសារណាផង ត្រៀមប្រលងចេញផង ហើយសំនួរមិនតិចទេ ថែមទាំងមានប្រលង អនុវត្តជំនាញតិចនិកទៀតផង…
អត្ថន័យនៃការងារជាឆ្មប
ការងារ ឬអាជីពនេះពិតជាមានន័យធំធេងណាស់សម្រាប់ខ្ញុំ ព្រោះវាបានផ្ដល់ឲ្យខ្ញុំនូវចំណេះដឹងជាច្រើនទាក់ទងនឹងស្ត្រី មិនថាសុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទនោះទេ ដែលសុទ្ធតែមានសារសំខាន់សម្រាប់ជីវិតរបស់មនុស្សទូទៅ។ ហើយខ្ញុំក៏អាចដឹងថាស្ត្រីមានផ្ទៃពោះភាគច្រើនត្រូវការអ្វី? ចូលចិត្តអ្វី? ហើយអ្វីដែលល្អសម្រាប់គាត់?។
ខ្លះៗអំពីឆ្មប
«ឆ្មប ចូលចិត្តប្រើពាក្យសម្តីអសុរោះ»
ទាក់ទងនឹងសម្ដីអសុរោះ វាអាចជាការពិត ហើយក៏អាចជារឿងមិនពិតដែរ ព្រោះសម្ដីមិនល្អភាគច្រើនលេចលឺពីឆ្មបចាស់ៗ ដោយសារតែពួកគាត់ហត់ពេក មានអ្នកជំងឺច្រើន មិនបានគេងគ្រប់គ្រាន់ ឬដោយសារកត្តាចរិតលក្ខណៈរបស់បុគ្គលជាដើម ។ ដោយឡែក ក៏នៅមានឆ្មបមួយចំនួនដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌ មានវិជ្ជាជីវៈជាគ្រូពេទ្យម្នាក់ដែរ ហើយយើងមិនអាចយកមនុស្សមួយក្ដាប់ មកវាយតម្លៃឆ្មបទាំងអស់នោះទេ។
«ការងារឆ្មប គ្រាន់តែបង្កើតកូនឲ្យគេតែប៉ុណ្ណោះ»
មិនពិតនោះទេ ពួកគាត់មានតួនាទីថែទាំស្ត្រី អប់រំចាប់តាំងពីមិនទាន់មានផ្ទៃពោះរហូតដល់សម្រាលរួច ក្នុងរយៈពេលជាច្រើនសប្ដាហ៍ ដោយត្រូវធ្វើការអប់រំអំពីចំណុចគួរយល់ដឹងជាច្រើនរួមមានដូចជា របបអាហារ បែបបទនៃការរស់នៅ សុខភាពផ្លូវភេទ ផ្លូវចិត្ត និងរឿងជាច្រើនទៀត។
សំណូមពរ និងសារជូនដល់មិត្តអ្នកអាន
-អ្នកអាចស្អប់ចំពោះអ្នកដែលប្រើពាក្យពេចន៍ និងកាយវិការមិនសមរម្យដាក់អ្នក តែសូមកុំស្អប់ ឬរិះគន់មនុស្ស ឬពេទ្យដែលល្អ សូមមេត្តាប្រើគំនិតបែបត្រិះរិះវិនិច្ឆ័យដោយប្រើវិចារណញាណខ្លូនឯង។ ពិតជាសូមចិត្តកុំចេះតែហៃអើតាមគ្នា ឃើញគេជេរ ក៏ជេរតាមគេ ហើយខ្ញុំសូមអ្នកគិតថា «គ្រប់ការងារទាំងអស់មិនថាវិស័យណានោះទេ គឺតែងតែមានមនុស្សល្អ និងអាក្រក់ជានិច្ច» ។
-បើបងប្អូនសិស្សនិស្សិតដែលមានបំណងចង់ចូលរៀនមុខជំនាញនោះ ឬមុខជំនាញផ្សេងក៏ដោយ សូមបងប្អូនពិចារណាថា «តើប្អូនស្រលាញ់ដោយខ្លូនឯង ឬឪពុកម្ដាយបង្ខំ?»។ បើប្អូនស្រលាញ់ជំនាញនេះ គឺត្រូវប្រឹងប្រែងរៀនសូត្រ និងទៅអនុវត្តនៅមន្ទីរពេទ្យឲ្យបានខ្ជាប់ខ្ជួន ព្រោះការរៀនជំនាញនេះ បើមិនទៅធ្វើ គឺមិនចេះនោះទេ។ ជាចុងបញ្ចប់ សូមជួយប្រើប្រាស់ភាសា កាយវិការ និងឥវិយាបថឲ្យល្អ ដើម្បីឲ្យអ្នកជំងឺ ក៏ដូចជាស្ត្រីមានផ្ទៃពោះមានការទុកចិត្តមកលើយើង និងលុបបំបាត់ពាក្យថា«ពេទ្យឆ្មប សម្ដីមិនល្អ»។ល។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ