ដំណាក់កាល និងរោគសញ្ញានៃជំងឺមហារីកពោះវៀនធំ
ជំងឺមហារីកពោះវៀនធំមិនមានលក្ខណៈខុសគ្នាពីជំងឺមហារីកដទៃទៀតនោះទេដោយហេតុថាជំងឺតែងតែស្តែងមានឡើងជាដំណាក់កាល និងទាមទារឲ្យមានការធ្វើរោគវិនិច្ឆ័យដែលវាជាលក្ខខណ្ឌចាំបាច់ត្រូវធ្វើឡើងមុនឈានចូលដល់ការព្យាបាល។
ដំណាក់កាលជំងឺមហារីកពោះវៀនធំ
•ដំណាក់កាល ០ (កោសិកាមហារីកនៅមួយកន្លែង)៖
កោសិកាមហារីកមានវត្តមាននៅក្នុងស្រទាប់ជ្រៅ (mucosa) នៃពោះវៀនធំ និងចុងពោះវៀនធំ។
•ដំណាក់កាល I ៖
កោសិកាមហារីកបានរាលដាលដល់ជញ្ជាំងខាងក្នុងនៃពោះវៀនធំនិងចុងពោះវៀនធំប៉ុន្តែពុំរីកលូតលាស់ទៅក្រៅជញ្ជាំងពោះវៀនធំ និងចុងពោះវៀនធំនោះទេ។
•ដំណាក់កាល II ៖
កោសិកាមហារីកចាប់ផ្តើមបន្តការលូតលាស់កាន់តែជ្រៅនៅជញ្ជាំងពោះវៀនធំ និងចុងពោះវៀនធំ។ វាអាចនឹងលុកលុយដល់កោសិកានៅក្បែរផ្សេងទៀត ប៉ុន្តែមិនទាន់អាចប៉ះពាល់ដល់ក្រពេញទឹករងៃ (lymph nodes) នៅឡើយ។
•ដំណាក់កាល III ៖
កោសិកាមហារីកបានរាលដាលដល់ក្រពេញទឹករងៃ (lymph nodes)ដែលនៅក្បែរប៉ុន្តែមិនទាន់ទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។
•ដំណាក់កាល IV ៖
កោសិកាមហារីកបានរាលដាលទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ដូចជា ថ្លើម ឬសួតជាដើម។
ការស្តែងចេញនូវរោគសញ្ញាមហារីកពោះវៀនធំ
រោគសញ្ញានៃជំងឺមហារីកពោះវៀនធំដែលទាមទារឲ្យមានការពិគ្រោះជំងឺជាចាំបាច់រួមមានដូចជា៖
•ភាពប្រែប្រួលនៃការបន្ទោរបង់ (ទល់លាមកឬរាក)
•មានអាការៈបញ្ចេញចោលមិនអស់បន្ទាប់ពីការបន្ទោរបង់រួច
•មានឈាមក្នុងលាមក (ពណ៌ក្រហមក្រម៉ៅ ឬខ្មៅ) ហើយលាមកមានសភាពតូចខុសធម្មតា
•មានខ្យល់ធ្វើឲ្យឆ្អល់ ឬរមួលពោះជាញឹកញាប់ មានអារម្មណ៍ណែន ឬហើមពោះ
•ស្រកទម្ងន់
•មានអាការៈចុះខ្សោយ
•ចង្អោរ ឬក្អួត
•តឹងនៅក្នុងពោះ
•កង្វះជាតិដែកដោយមិនដឹងមូលហេតុ (ថយចុះគោលិកាឈាមក្រហម និងជាតិដែកក្នុងឈាម)។
ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកពោះវៀនធំ
ប្រសិនអ្នកមាននូវរោគសញ្ញានិងលទ្ធផលនៃការពិនិត្យជាបឋមពាក់ព័ន្ធនឹងជំងឺមហារីកពោះវៀនធំនោះការពិនិត្យត្រូវធ្វើឡើងជាបន្តបន្ទាប់ដោយអ្នកត្រូវបានសាកសួរពីប្រវត្តិផ្ទាល់ខ្លួនក្រុមគ្រួសាររួមទាំងការប្រើប្រាស់នូវវិធីសាស្រ្តសម្រាប់ធ្វើរោគវិនិច្ឆ័យមួយចំនួនទៀតដូចជា៖
១ ការឆ្លុះពោះវៀនធំ (colonoscopy) ៖
ជាវិធីសាស្រ្តអនុញ្ញាតឲ្យអ្នកជំនាញធ្វើការពិនិត្យផ្នែកខាងក្នុងនៃពោះវៀនធំ និងចុងពោះវៀនអំឡុងពេលអ្នកជំងឺត្រូវបានសណ្តំ។ បំពង់ថ្លាមួយត្រូវបានស៊កចូលទៅក្នុងចុងពោះវៀនធំនិងពាសពេញពោះវៀនធំទាំងអស់ ដើម្បីរកមើល Polyps និងដុំមហារីក។ តាមរយៈដំណើរការនេះគេអាចធ្វើការកាត់ចេញដុំ polyps (Fig.4) ឬកាត់ផ្នែកខ្លះនៃដុំមហារីក។
២ ការកាត់ដុំមហារីកមកពិនិត្យ(Biopsy)៖
ជាការកាត់ចេញផ្នែកខ្លះនៃជាលិកាយកមកពិនិត្យដោយប្រើប្រាស់microscope។វិធីសាស្រ្តនេះមានប្រសិទ្ធភាពក្នុងការវិនិច្ឆ័យឲ្យបានកាន់តែច្បាស់ពីវត្តមាននៃជំងឺមហារីកពោះវៀនធំ។បន្ថែមពីនេះដុំមហារីកដែលបានកាត់ចេញនឹងត្រូវបានបន្តយកទៅវិភាគក្នុងមន្ទីរពិសោធន៍ដើម្បីរកមើលប្រភេទហ្សែន និងប្រូតេអ៊ីនជាក់លាក់មួយ (វិភាគម៉ូលេគុលដុំមហារីក)។
៣ ការវិភាគឈាម៖
ដោយសារជំងឺមហារីកពោះវៀនធំបង្កឲ្យមានការហូរឈាមក្នុងពោះវៀននិងចុងពោះវៀនទើបធ្វើឲ្យអ្នកជំងឺអាចស្ថិតក្នុងស្ថានភាពខ្វះឈាម។ការវិភាគរកមើលចំនួននៃគោលិកាឈាមក្រហមនេះជាការបញ្ជាក់ថាមានវត្តមានការហូរឈាមកើតឡើងចំណែកការវិភាគឈាមមួយបែបទៀត គឺធ្វើឡើងក្នុងគោលដៅរកវត្តមាននៃអង់ទីហ្សែនcarcinoembryonic(CEA)។ ដោយសារការកើនឡើងនៃអង់ទីហ្សែនប្រភេទនេះ បង្ហាញថាមានការរីករាលដាលនៃកោសិកាមហារីកទៅកាន់ផ្នែកផ្សេងនៃរាងកាយ យ៉ាងណាមិញ ការវិភាគនេះមិនមែនសម្រាប់តែជំងឺមហារីកពោះវៀនធំតែមួយនោះទេ។
៤ ការវិភាគតាមរយៈរូបភាព (Imagine tests)
- វិធីសាស្រ្ត Ultrasonography៖
ជាការប្រើរលកសំឡេង (មិនមែនអ៊ិចរ៉េ) បង្កើតឲ្យមានរូបភាពផ្នែកខាងក្នុងនៃសរីរាង្គដើម្បីរកមើលដំណើររាលដាលនៃដុំមហារីក។ រលកសម្លេងថតឆ្លុះចុងពោះវៀនធំនេះ (Endorectal ultrasound)តែងត្រូវបានប្រើប្រាស់សម្រាប់កំណត់ពីកម្រិត និងជម្រៅនៃដុំមហារីកនិងសម្រាប់បន្តការរៀបចំផែនការសម្រាប់ការព្យាបាល។យ៉ាងណាមិញវិធីសាស្រ្តនេះមិនទាន់អាចរកមើលការប៉ះពាល់ដល់ក្រពេញទឹករងៃ និងទីតាំងអាងត្រគាកនៅឡើយ។
- ការថតសួត (Chest X-ray)៖
ជាការថតមើលរចនាសម័្ពន្ធក្នុងរាងកាយដោយប្រើប្រាស់កាំរស្មីក្នុងកម្រិតទាប។វាអាចជួយក្នុងការស្វែងរកកោសិកាមហារីកដែលបានរាលដាលដល់សរីរាង្គសួត។
- វិធីសាស្រ្ត Computed tomography (CT-scan)៖
ជាការបង្កើតរូបភាពរាងកាយក្នុងកម្រិត 3Dដោយប្រើប្រាស់អុិចរ៉េដើម្បីថតពីគ្រប់ផ្នែកខុសៗគ្នា។កុំព្យូទ័រនឹងធ្វើការបញ្ចូលគ្នានៃ គ្រប់រូបភាពទាំងអស់ឲ្យបានកាន់តែច្បាស់ពីភាពមិនប្រក្រតី និងទំហំរបស់ដុំមហារីក។ ពេលខ្លះអ្នកជំងឺត្រូវបានផ្តល់ឱសថប្រភេទ contrastmedium ក្នុងទម្រង់ជាគ្រាប់ឬការចាក់តាមសរសៃវ៉ែនជាមុនដើម្បីបង្កើននូវកម្រិតគុណភាពនៃរូបភាពបន្ថែមទៀត។វិធីសាស្រ្ត CT-scan នេះអាចរកមើលការរាលដាលនៃដុំមហារីកទៅកាន់សួត ថ្លើម និងសរីរាង្គផ្សេងៗ។
- វិធីសាស្រ្ត Magnetic resonance imaging (MRI)៖ ជាការប្រើដែនម៉ាញេទិច (មិនមែនX-ray)ដើម្បីទទួលបានរូបភាពនៃសារពាង្គកាយ។វិធីសាស្រ្ត MRI អាចប្រាប់ពីទីតាំងនៃការលូតលាស់ដុំមហារីកបានយ៉ាងល្អ និងអាចវាស់ពីទំហំនៃដុំមហារីកកាន់តែច្បាស់ ដោយតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ឱសថ (contrast medium) តាមការចាក់តាមសរសៃវ៉ែន ឬក្នុងទម្រង់ជាគ្រាប់ជាមុនសិន។
- វិធីសាស្រ្ត Positron emission tomography (PET-scan)៖ ក៏ជាវិធីបង្កើតឲ្យមានរូបភាពនៃសរីរាង្គ និងជាលិកាខាងក្នុងនៃរាងកាយ តាមរយៈការប្រើប្រាស់វិទ្យុសកម្មក្នុងទម្រង់ជាសារធាតុស្កររួចត្រូវបានចាក់បញ្ចូលទៅក្នុងរាងកាយ។សារធាតុស្ករប្រភេទនេះតែងត្រូវបានចាប់យកដោយកោសិកាដែលប្រើប្រាស់ថាមពលច្រើនជាងគេហើយដោយសារកោសិកាមហារីកមានទំនោរប្រើប្រាស់ថាមពលច្រើនដូចនេះវាត្រូវបានស្រូបយកសារធាតុវិទ្យុសកម្មបង្កើតឲ្យមានរូបភាពឡើង ប៉ុន្តែវាមិនទាន់អាចអនុវត្តលើអ្នកជំងឺមហារីកពោះវៀនធំទាំងអស់នោះទេ។
បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យបានបញ្ចប់ការព្យាបាលនឹងត្រូវធ្វឡើងជាបន្តបន្ទាប់ក្នុងករណីលទ្ធផលបានបង្ហាញពីភាពវិជ្ជមាននៃជំងឺមហារីកពោះវៀនធំហើយការព្យាបាលនោះទៀតសោតត្រូវមានលក្ខខណ្ឌសមរម្យទៅតាមដំណាក់កាល និងស្ថានភាពរបស់ជំងឺ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក ចំពោះកូនក្មេង និងមហារីកទូទៅដែលសព្វថ្ងៃជាប្រធានផ្នែកមហារីក នៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ