ជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច?
លើសសម្ពាធឈាមគឺជាលក្ខខណ្ឌមួយដែលតែងកើតមានញឹកញាប់លើអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ជាការពិតគ្មានអំណះអំណាងណាមួយដែលអាចបញ្ជាក់ថា ជំងឺនេះមានទំនាក់ទំនងយ៉ាងណាជាមួយគ្នា ហើយកើតតាំងពីពេលណាមួយនោះឡើយ។ ការលើសខ្លាញ់ លើសជាតិស្ករនិងលើសសម្ពាធឈាមហាក់ដូចជាលេចឡើងទន្ទឹមគ្នាប៉ុន្តែគេមិនអាចបែងចែកបានថាមួយណាលេចចេញមុនបានទេ។ វាត្រូវបានជឿថា ភាពធាត់ហួស របបអាហារសម្បូរជាតិខ្លាញ់ហូបប្រៃ បារី ស្រា និងការរស់នៅអសកម្មភាពសុទ្ធតែរួមចំណែកដល់ការកើតជំងឺទាំងពីរខាងលើ។ សព្វថ្ងៃ អ្នកជំងឺប្រភេទនេះត្រូវបានជួបជាញឹកញាប់ និងមានការកើនឡើងជាលំដាប់ពី១ឆ្នាំទៅ១ឆ្នាំ ប្រហែល ៤០% រហូតដល់ឆ្នាំ២០៤០ ដែលស្របទៅនឹងការលូតលាស់នៃសង្គម និងសេដ្ឋកិច្ច។
មូលហេតុ និងកត្តាជំរុញ
អ្នកជំងឺអាចនឹងមានហានិភ័យខ្លាំង ក្នុងការកើតជំងឺទឹកនោមផ្អែមរួមជាមួយជំងឺលើសសម្ពាធឈាមដោយសារ៖
•កត្តាពូជ
•កត្តាជនជាតិ
•កត្តាអាយុ៖ លើសពី៤៥ឆ្នាំ
•ចូលចិត្តញ៉ាំប្រៃ ផ្អែម
•មិនទម្លាប់ហាត់ប្រាណ លើសទម្ងន់ ឬធាត់ហួស
•មានប្រវត្តិជក់បារី
•ផឹកស្រាច្រើន។
ក្រៅពីនេះ ក៏នៅមានកត្តាជំរុញផ្សេងទៀត ដូចជា ការប្រើប្រាស់ថ្នាំ ពិសេសថ្នាំប្រឆាំងការរលាក ពពួក Corticoids (Prednisolone, Dexamethasone….) និងជំងឺក្រពេញអ័រម៉ូនមួយចំនួន។
រោគសញ្ញាស្តែងចេញ
ដោយហេតុថាភាគច្រើននៃអ្នកជំងឺលើសសម្ពាធឈាមមិនមានលេចចេញរោគសញ្ញាគួរឲ្យកត់សម្គាល់ឡើយ លុះត្រាតែអ្នកជំងឺបានវាស់សម្ពាធឈាម (ជាធម្មតា រាល់ពេលទៅជួបគ្រូពេទ្យ)។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺមួយចំនួនដែលមានជំងឺទាំងពីរខាងលើ អាចស្តែងចេញនូវសញ្ញាផ្សេងៗគ្នាក្នុងចំណោមសញ្ញាខាងក្រោម៖
•វិលមុខ
•ស្រវាំងភ្នែក
•អស់កម្លាំង ល្ហិតល្ហៃ
•ស្រេកទឹក ផឹកទឹកច្រើនខុសធម្មតា
•នោមច្រើន
•ក្រហាយចុងជើងដៃ ហើយអាចស្ពឹក
•ឈឺក្បាល រួយក
•ញ័រទ្រូង និងណែនទ្រូង…។
ការធ្វើរោគវិនិច្ឆ័យ
ជាដំបូងការធ្វើរោគវិនិច្ឆ័យគឺត្រូវពឹងលើរោគសញ្ញានិងកំណត់ត្រារបស់គិលានុបដ្ឋាកដែលមានដូចជា ការវាស់សម្ពាធឈាម ជីពចរ និងជាតិស្ករ។ បន្ថែមពីនេះ អ្នកជំងឺតម្រូវឲ្យបូមឈាមជាមូលដ្ឋានដើម្បីធ្វើការត្រួតពិនិត្យលើមុខងារតម្រងនោម (Urea, Creatinine, Electrolyte) ក្នុងគោលបំណងតាមដានផលប៉ះពាល់ទៅលើតម្រងនោម និងត្រួតពិនិត្យកម្រិតជាតិខ្លាញ់ (Total Cholesterol, Triglyceride, LDL, HDL) ដើម្បីគណនាហានិភ័យលើសរសៃឈាមបេះដូង។ ក្រៅពីនេះ អ្នកជំងឺត្រូវត្រួតពិនិត្យលើមុខងារថ្លើម Transaminase ធ្វើកំហាប់ស្ករHbA1c អាចធ្វើតេស្តមុខងារក្រពេញទីរ៉ូអីុតTSH ពិនិត្យទឹកនោម ដើម្បីមើលថា មានប្រូតេអីុន (Proteinuria) និងជាតិឈាម នៅក្នុងទឹកនោម (Hematuria) ឬទេ និងវាស់ចង្វាក់បេះដូង (EKG) ផងដែរ ដើម្បីរកមើលថាមានបេះដូងរីក ខាងឆ្វេង ឬដើរខុសចង្វាក់ សញ្ញាស្ទះសរសៃឈាមបេះដូង និងឡើងជាតិប៉ូតាស្យូម។
ការព្យាបាល
ក្រោយពីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ អ្នកជំងឺត្រូវប្រើប្រាស់ឱសថរួមគ្នាតាមវេជ្ជបញ្ជា៖
ឱសថសមស្របចំពោះអ្នកជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ជាជម្រើសទីមួយគឺ ACEi (Enalapril, Lisinopril, Perindopril…) ឬARBi (Losartan, Irbesartan, Telmisartan….) ត្រូវបានប្រើដើម្បីការពារ ឬពន្យារការរវិវឌ្ឍនៃជំងឺតម្រងនោម(Diabetic Nephropathy), ហើយអាចប្រើជាមួយថ្នាំផ្សេងទៀតដូចជា Calcium Chanel Blocker (Amlodipine, Nifedipine, Nicardipine,…), Beta-Blocker (Atenolol, Bisoprolol, Carvedilol, Metoprolol…) និងពពួកថ្នាំបញ្ចុះទឹកនោម Thiazide Diuretic(Indapamide,Hydrochlorothiazide)។ក្នុងពេលជាមួយគ្នាអ្នកជំងឺត្រូវប្រើប្រាស់រួមជាមួយឱសថព្យាបាលជំងឺទឹកនោមផ្អែម លើសខ្លាញ់ទៅតាមគោលការណ៍ណែនាំ។
ផលវិបាក
ការសិក្សាបង្ហាញថាអ្នកជំងឺដែលមានទាំងជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមអាចនឹងមានផលវិបាកទ្វេដង លើសរីរាង្គសំខាន់ៗចំនួន៤៖
•ប៉ះពាល់ដល់បេះដូងអាចឲ្យគាំងបេះដូង (Heart Attack)
•ប៉ះពាល់លើសរសៃឈាមខួរក្បាល (Stroke) អាចឲ្យអ្នកជំងឺស្លាប់មួយចំហៀងខ្លួន ជំងឺឆាប់ភ្លេចភ្លាំង (Alzheimer’s disease និង Dementia)
•ប៉ះពាល់លើតម្រងនោម (Nephropathy) ធ្វើឲ្យហើមជើង ទឹកចូលសួត ស្លេកស្លាំង អាចនឹងលាងឈាម
•ប៉ះពាល់ដល់បាតភ្នែក (Retinopathy) ធ្វើឲ្យបែកសរសៃឈាម ឬហើមបាតភ្នែក និងអាចឲ្យខ្វាក់ភ្នែកបាន។
ការការពារ
ដើម្បីការពារខ្លួនពីការកើតឡើងរួមគ្នានៃជំងឺទាំងពីរនេះត្រូវចៀសវាងនូវកត្តាហានិភ័យដែលបានរៀបរាប់ខាងលើ និងធ្វើតាមការណែនាំដូចខាងក្រោម៖
•គ្រប់គ្រងជាតិស្ករ ឬសម្ពាធឈាម និងជាតិខ្លាញ់ឲ្យបានល្អ តាមរយៈពិសាថ្នាំ និងមកតាមណាត់ឲ្យបានទៀងទាត់
•កាត់បន្ថយការញ៉ាំប្រៃ (អំបិល៣-៤ក្រាមក្នុងមួយថ្ងៃ) ព្យាយាមកុំបន្ថែមទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ឬទឹកជ្រលក់…លើតុ
•កាត់បន្ថយជាតិផ្អែម និងសាច់ ឬទឹកដោះគោដែលមានជាតិខ្លាញ់ច្រើន
•បញ្ឈប់ការជក់បារី
•បន្ថយការញ៉ាំស្រា៖ បុរសអាចផឹកស្រាបាន២កែវ ខ្នាតក្នុងមួយថ្ងៃ (~២កំប៉ុងស្រាបៀរធម្មតា,១០០ម.លស្រាទំពាំងបាយជូរ) រីឯស្រ្តីអាចផឹកបាន១កែវ
•គេងឲ្យបានគ្រប់គ្រាន់ ៧-៨ម៉ោងក្នុងមួយថ្ងៃ
•ញ៉ាំអាហារដើម្បីសុខភាពល្អ ដូចជា បន្លែបៃតង ផ្លែឈើដែលសម្បូរជាតិប៉ូតាស្យូម
•ហាត់ប្រាណឲ្យបានទៀងទាត់តាមការណែនាំរបស់សមាគទឹកនោមផ្អែមអាមេរិក(ADA)អ្នកជំងឺគួរហាត់ប្រាណឲ្យបានយ៉ាងហោចណាស់១៥០នាទីក្នុងមួយសប្តាហ៍បើជាការដើរគួរដើរឲ្យលឿននិងខ្លាំតាមដែលអាចធ្វើបាន។ ការហាត់ប្រាណជួយបន្ថយសម្ពាធឈាម ជាតិស្ករ ខ្លាញ់ អាចពង្រឹងសាច់ដុំបេះដូងនិងបន្ថយភាពរឹងនៃសរសៃឈាមអាកទែដែលកើតឡើងលើមនុស្សវ័យចំណាស់។
•គ្រប់គ្រងទម្ងន់រាងកាយឲ្យបានល្អ
•កុំរំលងអាហារពេលព្រឹក។
ទោះបីជាគ្មានរោគសញ្ញាណាមួយស្តែងចេញក៏ដោយ ប្រសិនបើជាមនុស្សចាស់មានអាយុលើសពី៤0ឆ្នាំចាំបាច់ត្រូវតាមដានសុខភាពជាប្រចាំផ្ទាល់ខ្លួនម្នាក់ៗ យ៉ាងតិចមួយដងក្នុងមួយឆ្នាំ យោងតាមក្រុមកិច្ចការបង្ការរបស់សហរដ្ឋអាមេរិកឆ្នាំ2015 (USPSTF)។ ករណីកំពុងប្រឈមនឹងជំងឺទាំងនេះ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ ដើម្បីមើលផលប៉ះពាល់នៃសរីរាង្គផ្សេងធ្វើការគ្រប់គ្រង និងស្តារស្ថានភាពនៃជំងឺឲ្យបានប្រសើរប្រកបដោយប្រសិទ្ធភាព។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ