តាំង ចាន់ណារ៉ុង «ចំណេះដឹងផ្នែកជំងឺផ្លូវកាយ និងផ្លូវចិត្ត សុុុទ្ធតែមិនអាចខ្វះមួយណាបាន»
«បើធ្វើការជាមួយនឹងឯកទេសដែលខ្លួនស្រលាញ់ អញ្ចឹងគួរតែសប្បាយចិត្តនឹងធ្វើវា ដូចខ្ញុំចឹងដែរ» នេះជាការអះអាងរបស់យុវនិស្សិត តាំង ចាន់ណារ៉ុង ដែលជានិសិត្សឯកទេសផ្នែកវិកលវិទ្យា ជំនាន់ទី១១ ឆ្នាំទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានជម្នះនូវបំណងរបស់គ្រួសារជាអ្នករកស៊ី រហូតបានឈានជើងចូលសាលាពេទ្យតាមក្តីប្រាថ្នា។
គ្រាន់តែលឺពាក្យថា«វិកលវិទ្យា» តើនឹកគិតដល់អ្វីមុនគេដែរ? មិនថាពីមុនធ្លាប់គិតបែបណា ឬមានរូបភាពយ៉ាងណាខ្លះមកលើផ្នែកនេះ អត្ថបទខាងក្រោមនេះនឹងបង្ហាញជូនមិត្តអ្នកអាននូវរឿងរ៉ាវជាច្រើនអំពីឯកទេសវិកលសាស្រ្ត…
តើការចូលរៀនពេទ្យដំបូង មានភាពលំបាកបែបណាខ្លះទៅ?
ការចាប់ផ្តើមដំបូងក្រោយពេលប្រលងជាប់ ប្រាកដណាស់វាពិតជាមានភាពលំបាកពីមួយឆ្នាំទៅមួយឆ្នាំ ហើយការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យរឹតតែពិបាក ព្រោះវាទាមទារឲ្យខិតខំបន្ថែមទាំងការរៀននៅសាលា ទាំងការរៀននៅមន្ទីរពេទ្យតាមរយៈការចុះអនុវត្តផ្ទាល់ និងការរៀនតាមរយៈសៀវភៅ ឬអ៊ិនធឺណែត ជាដើម។ ចំណែក ភាសាបារាំងនិងអង់គ្លេស ក៏ត្រូវរៀនបន្ថែម ដើម្បីមានភាពងាយស្រួល ក្នុងការមើល អាន និងយល់ ពីមេរៀន ឬជំងឺនីមួយៗ។
ហេតុអ្វីបានជាសម្រេចជ្រើសរើសយកផ្នែកឯកទេសវិកលវិទ្យា ( ជំងឺផ្លូវចិត្ត) នេះ?
វាមិនមែនជារឿងចៃដន្យនោះទេ តែវាជាគោលទៅតាំងពីខ្ញុំនៅជានិស្សិតវេជ្ជសាស្រ្តឆ្នាំទី៤មកម្ល៉េះ។ ឆ្លងកាត់ការសិក្សាមុខវិជ្ជាវិកលវិទ្យា( Psychiatry ) នៅឆ្នាំទី៤ ទី៥ និងទី៦ និងការចុះកម្មសិក្សាផ្នែកវិកលវិទ្យា នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត វាកាន់តែធ្វើឲ្យខ្ញុំចង់ដឹង ចង់លឺ ចង់ឃើញ ឲ្យស៊ីជម្រៅរៅនៅក្នុងផ្នែកនេះកាន់តែខ្លាំង។
តើការសិក្សាផ្នែកវិកលសាស្ត្រនេះមានលក្ខណៈពិសេសបែបណាខ្លះ?
ការសិក្សាផ្នែកវិកលវិទ្យានេះ ក៏ដូចជាផ្នែកផ្សេងទៀតដែរ វាទាមទារឲ្យមានភាពអំណត់អត់ធ្មត់ តស៊ូ ព្យាយាម និងការចុះកម្មសិក្សានៅមន្ទីរពេទ្យ រួមទាំងការសិក្សាផ្នែកទ្រឹស្ដីនៅសាលាឲ្យបានទៀងទាត់ ជាពិសេសត្រូវចេះស្វែងរកចំណេះដឹងបន្ថែមទៀត តាមប្រព័ន្ធinternet ឬសៀវភៅវេជ្ជសាស្រ្តនានា ដើម្បីដើរទាន់វេជ្ជសាស្រ្តនៃប្រទេសជឿនលឿន។
ប៉ុន្តែលក្ខណៈពិសេសមួយនៃផ្នែកវិកលវិទ្យានេះ គឺវាមានភាពខុសគ្នាខ្លះៗទៅតាមជាតិសាសន៍ និង ប្រពៃណីនៃប្រជាជននីមួយៗ។ ឧទាហរណ៍ថា មនុស្សម្នាក់គាត់បានលឺសំលេងប្លែកៗ ឬមើលឃើញអ្វីប្លែកៗដែលអ្នកដទៃមើលមិនឃើញ។ បើតាមវិទ្យាសាស្រ្ត ឬ ប្រទេសនៅអឺរ៉ុប គេគិតថាជារោគសញ្ញា ឬជំងឺសរសៃប្រសាទ( psychotic symptoms ) ប៉ុន្តែបើតាមប្រពៃណីក្នុងប្រទេសយើង ឬប្រទេសខ្លះដូចជាថៃ ចិន នោះ គេគិតថាជាភាពធម្មតា ជាអ្នកមានបុណ្យបារមី ឬមានអ្នកតាមកកាន់។
តើការសិក្សាផ្នែកវិកលសាស្ត្រនេះ តើមានភាពលំបាក និងឧបសគ្គអ្វីខ្លះ?
-ការយល់ដឹងពីទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរ និងជំនឿរបស់ប្រជាជន ៖ នេះជាបញ្ហាចោទមួយ ដែលត្រូវធ្វើការវែកញែក និងចែកឲ្យដាច់ថា តើមនុស្សម្នាក់ដែលមកនៅពីមុខ ឬមកពិគ្រោះជំងឺ មានភាពធម្មតា ឬមិនធម្មតា? ហើយក៏ត្រូវនិយាយពន្យល់វែកញែកទៅកាន់គាត់ ឬក្រុមគ្រួសារគាត់បែបណា? ថាគាត់មានជំងឺផ្លូវចិត្ត ឬអត់? ដោយផ្អែកលើទ្រឹស្ដីវិទ្យាសាស្រ្ត និងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។
-បញ្ហាភាសាបរទេស ៖ រាល់ទ្រឹស្ដីអ្នកប្រាជ្ញ រោគសញ្ញានៃជំងឺ និង សៀវភៅនានា សុទ្ធសឹងជាភាសាអង់គ្លេសទាំងអស់ ហេតុដូចនេះ ត្រូវបន្តការរៀនបំប៉នភាសាបន្ថែម ដើម្បីងាយអាន ងាយស្វែលយល់ឲ្យកាន់តែស៊ីជម្រៅ។
ក្រៅពីការសិក្សានៅសាលា តើមានសកម្មភាពអ្វីខ្លះ ដែលនិសិ្សតផ្នែកវិកលសាស្ត្រគួរធ្វើ ដើម្បីឲ្យការសិក្សា និងការងារនាពេលអនាគតទទួលបានជោគជ័យ?
-ខិតខំត្រងត្រាប់ស្ដាប់លោកគ្រូអ្នកគ្រូ និងសាស្រ្តាចារ្យ ពន្យល់ណែនាំទាំងនៅសាលាក្តី ទាំងនៅមន្ទីរពេទ្យក្តី
-គោរពពេលវេលា ការចុះកម្មសិក្សាអនុវត្តន៍ជាក់ស្ដែងនៅមន្ទីរពេទ្យ
-យកចិត្តទុកដាក់ក្នុងការដកស្រង់យកបទពិសោធន៍ដែលទទួលបានពីពេលចុះកម្មសិក្សានៅមន្ទីរពេទ្យ ដែលនឹងជួយឲ្យមានគ្រឹះសមល្មមសម្រាប់ធ្វើការងារនាពេលអនាគត
-ដឹងពីប្រពៃណីទំនៀមទម្លាប់អរូបីនៃប្រជាជនខ្មែរកាន់តែច្រើន ដើម្បីចេះថ្លឹងថ្លែងពីកម្រិតធ្ងន់ធ្ងររបស់ជំងឺ។
បន្ថែមពីលើជំនាញរឹងដែលទទួលបានពីសាលា តើនិស្សិតផ្នែកវិកលសាស្ត្រគួរមានជំនាញអ្វីខ្លះទៀត សម្រាប់ការប្រកបវិជ្ជាជីវៈមួយនេះ?
-ជំនាញ និងចំណេះដឹងខ្លះៗទាក់ទងនឹងជំងឺផ្លូវកាយដែលអាចឲ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺធ្ងន់ធ្ងរ ក្រៅតែពីជំងឺផ្លូវចិត្ត
-ជំនាញក្នុងការទំនាក់ទំនង ៖ ពាក្យសម្តីនិយាយស្ដីគួរតែជាសម្តីលើកទឹកចិត្ត ( ក្នុងករណីអ្នកជំងឺត្រូវការការលើកទឹកចិត្ត ឬធ្លាក់ទឹកចិត្ត ) និងនិយាយច្បាស់ៗ ងាយស្ដាប់ ងាយយល់ (វាល្អសម្រាប់អ្នកជនបទ ឬមានការសិក្សាទាប )។
-ការគិត ៖ ការគិត( គិតមុននិយាយចេញមកក្រៅនៅមុខអ្នកជំងឺ ឬក្រុមគ្រួសារគាត់ ) ដែលនឹងអាចឲ្យយើងជៀសផុតពីការនិយាយដែលជះឥទ្ធិពលអាក្រក់ដល់អ្នកជំងឺ ដែលពេលខ្លះវាអាចស្មើនឹងពាក្យថា « មាក់ងាយមាក់ថោក ជាន់ពន្លិចបន្ថែម»
-ការសង្កេត ៖ អាចជួយឲ្យយើងដឹងបានខ្លះៗ ថាតើអ្វីដែលអ្នកជំងឺ ឬក្រុមគ្រួសារគាត់និយាយ ជាពាក្យពិត ឬកុហក? ថាតើគាត់មានទំនុកចិត្តលើយើង ឬអត់? ជាពិសេស គឺការសង្កេតទៅលើអ្នកជំងឺកាចៗមួយចំនួន ដែលអាចបង្កគ្រោះថ្នាក់ដល់យើង ព្រោះអារម្មណ៍របស់ពួកគាត់មិនទៀងទាត់ទេ។
តើការងារប្រភេទនេះបានជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវចិត្តដែរឬទេ? តើមានវិធីសាស្ត្រក្នុងការការពារជាមុនអ្វីខ្លះ?
ផលប៉ះពាល់ វាតែងតែមានគ្រាន់តែតិច ឬច្រើន។ ដើម្បីចៀសវាង និងការពារខ្លួនខ្ញុំ គឺដាច់ខាតមិនយកអារម្មណ៍និង ព័ត៌មានរបស់អ្នកជំងឺ មកគិតពេលនៅក្រៅមន្ទីរពេទ្យ ឬ ម៉ោងធ្វើការឡើយ។ បើយើងបណ្តោយឲ្យអារម្មណ៍ទាំងនោះតាមយើងជាប់នៅពេលទំនេរ នោះយើងនឹងងាយធ្លាក់ទៅក្នុងវិបត្តិនៃបញ្ហាផ្លូវចិត្តជាក់ជាមិនខាន។ វិធីសាស្រ្តផ្សេងទៀត រួមមានដូចជាការហាត់ប្រាណ ដើរលេង អានសៀវភៅ និងជួបជុំមិត្តនិយាយគ្នាលេង សុទ្ធតែអាចធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ។
តើនិស្សិតវិកលសាស្ត្រនឹងអាចចូលរួមចំណែកបែបណាខ្លះក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាយើង?
ការថែរក្សាការពារ និង ព្យាបាលសុខភាពផ្លូវចិត្តប្រជាជនកម្ពុជាទាំងពេលបច្ចុប្បន្ន និងនាពេលអនាគ ដោយការចុះទៅតាមសហគមន៍ ពន្យល់ណែនាំពីមូលហេតុផ្សេងៗដែលអាចឲ្យកើតមានជំងឺ វិធីដោះស្រាយ ឬការតទល់នឹងបញ្ហាដោយរបៀបណា ព្រមទាំងការព្យាបាល ដោយប្រើថ្នាំ និងពន្យល់ណែនាំពីការប្រព្រឹត្តទៅនៃថ្នាំ ផលរំខាន ...
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ