ជម្រើសនៃការព្យាបាលជំងឺមហារីកពោះវៀនធំ
ការព្យាបាលជំងឺមហារីកពោះវៀនធំនៅតែទាមទារអនុវត្តឡើងតាមវិធីសាស្រ្តផ្សេងៗបើទោះបីភាគរយនៃអត្រាការរស់រាន់មានជីវិត ៥ឆ្នាំពឹងផ្អែកលើដំណាក់កាលនៃជំងឺតួយ៉ាង៖
•ដំណាក់កាលទី I៖ ក្នុងអត្រាច្រើនជាង ៩០%
•ដំណាក់កាលទី II៖ ក្នុងអត្រា ៧០% - ៨៥%
•ដំណាក់កាលទី III៖ ក្នុងអត្រា ២៤% - ៥៩%
•ដំណាក់កាលទី IV៖ ក្នុងអត្រាតិចជាង ៥%
វិធីសាស្រ្តនៃការព្យាបាលជំងឺ
ការព្យាបាលជំងឺមហារីកពោះវៀនធំពឹងផ្អែកលើទីតាំងនៃមហារីកនិងដំណាក់កាលជំងឺនីមួយៗ។សម្រាប់ដំណាក់កាលដំបូង ការព្យាបាលអាចធ្វើឡើងដោយការកាត់ចេញនូវជាលិកាមហារីក និងកែប្រែសុខភាពឡើងវិញ ចំណែកគោលបំណងចម្បងនៃការព្យាបាលចំពោះជំងឺក្នុងដំណាក់កាលធ្ងន់ធ្ងរគឺផ្តោតសំខាន់ទៅលើការថែទាំ(ដើម្បីបង្កើនគុណភាពជីវិតរបស់អ្នកជំងឺដោយគ្រប់គ្រងការឈឺចាប់ និងភាពគ្មានផាសុកភាព) ជាជាងការព្យាបាល។
ជម្រើសនៃការព្យាបាលនៃជំងឺមហារីកពោះវៀនធំអាចធ្វើឡើងតែឯងឬរួមបញ្ចូលគ្នាពីវិធីសាស្រ្តទាំងបួនខាងក្រោមដូចជា៖
1- ការវះកាត់ (ជាជម្រើសការព្យាបាលដែលពេញនិយម)
ក្នុងដំណាក់កាលដំបូងនៃជំងឺការកាត់ចេញនៅទីតាំងផ្ទាល់អាចធ្វើឡើងអំឡុងពេលថតឆ្លុពោះវៀន(colonoscopy)ដើម្បីយកចេញនូវដុំ polypឬដុំមហារីកតូចៗ។ប្រសិនដុំមហារីកមានសភាពធំត្រូវទាមទារឲ្យមានការកាត់ផ្នែកខ្លះនៃពោះវៀនធំដែលមានដុំមហារីកតាមរយៈការវះកាត់ដោយចំហ ឬវិធីសាស្រ្តទំនើបដោយប្រើប្រាស់ឧបករណ៍ជំនួយជាប្រព័ន្ធកាមេរ៉ា និងឧបករណ៍តូចៗសម្រាប់ចាក់បញ្ចូលហៅថា Laparoscopic surgery។ ការវះកាត់បែបនេះ គឺដើម្បីយកចេញនូវជាលិកាដែលមានដុំមហារីក ជាលិកាដែលនៅក្បែរ និងក្រពេញទឹករងៃ (lymph nodes) បន្ទាប់មកនឹងមានការភ្ជាប់សារជាថ្មីនូវចុងកោសិកាពោះវៀនដែលមានសុខភាពល្អ។
ក្នុងករណីចុងពោះវៀនត្រូវការពេលមួយរយៈសម្រាប់ជាសះស្បើយឬអ្នកជំនាញមិនអាចធ្វើការភ្ជាប់ពោះវៀនធំឡើងវិញ នោះការចោះចុងពោះវៀននឹងត្រូវធ្វើឡើង (Colostomy)។ ដំណើរការនេះជាការបើកចុងពោះវៀនហៅថាstomaនៅលើ ពោះដើម្បីអនុ-ញ្ញាតឲ្យកាកសំណល់ពីពោះវៀនធំអាចស្តុកទុកក្នុងថង់ដែលបានដាក់បញ្ចូល(Colostomy bag)។ ការដាក់បញ្ចូល colostomy bag អាចធ្វើឡើងជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍ ដែលបញ្ហានេះនឹងត្រូវធ្វើការបកស្រាយក្នុងទស្សនាវដ្តីហេលស៍ថាមនៅលេខក្រោយ។
2- ការព្យាបាលបែបគីមី (Chemotherapy)
ជាការប្រើឱសថប្រឆាំងមហារីកដើម្បីសម្លាប់កោសិកាមហារីក។ឱសថធ្វើការជ្រាបចូលទៅក្នុងចរន្តឈាមនិងមានឥទ្ធិពលទៅលើកោសិកាមហារីកពេញរាងកាយ ដោយគេអាចប្រើប្រាស់ក្រោមទម្រង់ជាការលេប ឬចាក់តាមសរសៃវ៉ែន។
3- ការព្យាបាលឲ្យចំគោលដៅ (Targeted Cancer Therapy)
សម្រាប់ជំងឺមហារីកពោះវៀនធំដែលបានរាលដាលគួរទទួលបានការព្យាបាលជាប្រភេទឱសថ ឬសារធាតុដែលទៅបញ្ឈប់ការលូតលាស់ និងការរីករាលដាលនៃមហារីក ដោយវាមានសកម្មភាពទៅរំខានដល់ម៉ូលេគុលពិសេសសម្រាប់ការលូត
លាស់ និងរាលដាលនៃដុំមហារីក។
4- ការព្យាបាលដោយកាំរស្មី (Radiation therapy)
ជាការប្រើប្រាស់កាំរស្មីកម្រិតខ្ពស់ក្នុងការសម្លាប់កោសិកាមហារីកដោយវាមានឥទ្ធិពលតែនៅលើតំបន់ដែលមានកោសិកាមហារីកប៉ុណ្ណោះ។ជាទូទៅការព្យាបាលដោយកាំរស្មីអាចធ្វើឡើងអំឡុងពេលជាមួយគ្នានៃការព្យាបាលបែបគីមីហើយវាអាចអនុវត្តសម្រាប់ការព្យាបាលជំងឺមហារីកចុងពោះវៀនធំផងដែរ។ ការព្យាបាលដោយកាំរស្មីត្រូវបានចែកចេញជាពីរ៖
•ខាងក្រៅ (External)៖ ជាការប្រើប្រាស់ម៉ាស៊ីនដើម្បីបញ្ចូលកាំរស្មីទៅកាន់តំបន់នៃជំងឺ។
•ខាងក្នុង (Internal)៖ បញ្ចូលសារធាតុកាំរស្មីតាមរយៈការសកបញ្ចូលទៅតំបន់មហារីក ដោយប្រើប្រាស់ ម្ជុល បំពង់ ខ្សែ និងម្ជុល Catheter។
ផលវិបាកនៃជំងឺ
ផលវិបាកនានានៃជំងឺមហារីកពោះវៀនធំអាចនឹងកើតឡើងមានសភាពធ្ងន់ធ្ងរនិងទាមទារការព្យាបាលឲ្យបានទាន់ពេលវេលា មុនពេលបញ្ហាមួយចំនួនស្តែងចេញដូចជា៖
•ស្ទះពោះវៀន (ផ្នែកខ្លះ ឬទាំងអស់)
•ហូរឈាមក្នុងពោះវៀន
•ខ្វះឈាម (ថយចុះកម្រិតអេម៉ូក្លូប៊ីន) ដោយសារតែមានការហូរឈាមក្នុងក្រពះ
•ដាច់រហែកពោះវៀន (ដាច់រហែកផ្នែកជញ្ជាំងពោះវៀននៅតំបន់មហារីក)។
ការស្វែងរកការពិនិត្យឲ្យបានឆាប់រហ័សពីវេជ្ជបណ្ឌិតផ្នែកមហារីកឬគ្រូពេទ្យវះកាត់ខាងពោះវៀនជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការបញ្ចៀសបញ្ហាដែលអាចនឹងកើតមានឡើងតាមការរៀបរាប់ខាងលើ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ