រវល់យ៉ាងហ្នឹងហើយនៅតែពូកែហើយមានប្រជាប្រិយភាពទៀត
ជានិសិ្សតពេទ្យឆ្នាំទី៦ និងជាជំនាន់ទីមួយនៃកម្មវិធីសិក្សាអន្តរជាតិ(PI) នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងទើបតែបញ្ចប់ការសិក្សាបរិញ្ញាបត្រភាសាបារាំងនៅវិទ្យាស្ថានភាសាបរទេស(IFL) ហើយសព្វថ្ងៃនេះជាគ្រូបង្រៀនភាសាបារាំងក្រៅម៉ោងនៅ IFL លោក ណុប ពិសាល ជានិស្សិតមួយរូបដែលត្រូវបានមហាជន ជាពិសេសនិស្សិតពេទ្យជាច្រើនបានស្គាល់តាមរយៈការបង្ហាញខ្លួនជាពិធីករនៅក្នុងកម្មវិធីមួយចំនួនរបស់សាលាដែលលោកបាន និងកំពុងសិក្សា ព្រមទាំងស្ថាប័នមួយចំនួនផងដែរ។
ដើម្បីជាការចែករំលែកនូវបទពិសោធន៍ដល់ជំនាន់ក្រោយ ហេលស៍ថាម ក៏បានសម្ភាសន៍រូបលោកផ្ទាល់តែម្តង សម្រាប់ជាប្រយោជន៍ដល់សិស្សនិស្សិតផ្សេងៗដែលមានបំណងចង់ស្គាល់ពីរូបលោកកាន់តែច្បាស់។
ហេលស៍ថាម ៖ អ្វីទៅជា PI?
ពិសាល៖ PI ជាកម្មវិធីពិសេសមួយដែលនិស្សិតត្រូវឆ្លងកាត់ការប្រលងភាសាអង់គ្លេស និងភាសាបារាំង ហើយបេក្ខភាព៦០នាក់ដែលមានពិន្ទុខ្ពស់ជាងគេនឹងត្រូវបានជ្រើសរើស។ សម្រាប់ PIនេះ គឺមានវគ្គសិក្សាភាសាទាំងពីរខាងលើបន្ថែមតែនិស្សិតក៏ត្រូវបង់ប្រាក់បន្ថែមផងដែរ ព្រមជាមួយនឹងសិក្ខាសាលា ឬសន្និសីទផ្សេងៗដែលមានការចូលរួមពីសំណាក់សាស្រ្តាចារ្យមកពីសហភាពអឺរ៉ុប អាមេរិច កាណាដា និងបណ្តាប្រទេសជាច្រើន។
ជារៀងរាល់ខែ សន្និសីទមានប្រហែលពី១ទៅ២សប្តាហ៍ហើយរៀងរាល់ថ្ងៃសុក្រ តែងតែមាន conference ដែលរៀបឡើងដោយសាស្រ្តាចារ្យជនជាតិខ្មែរ ដោយមានរៀបចំនូវសំណួរ-ចម្លើយសាកសួរ ដើម្បីជាការត្រៀមខ្លួនប្រលងឯកទេស។
ច្បាប់វិន័យទៀតសោតក៏មានលក្ខណៈតឹងរឹងផងដែរ សូម្បីតែពេលម៉ោងចូលរៀនក៏ដោយ។ វគ្គសិក្សាពិសេសមួយទៀត ជាការធ្វើត្រាប់តាម (stimulation) ដែលត្រូវបានបង្ហាត់បង្ហាញដោយសាស្រ្តាចារ្យជាច្រើនជាតិសាសន៍ដែលបានបង្រៀននូវសិល្បៈនិងវិធីសាស្រ្តក្នុងការនិយាយប្លែកៗពីគ្នា។
ហេលស៍ថាម ៖ បើចង់រៀន PI ត្រូវតៀមអ្វីខ្លះ?
ពិសាល៖ និស្សិតគួរតែត្រៀមចំណេះដឹងផ្នែកភាសាឲ្យបានខ្លាំងសមស្របនឹងមូលដ្ឋានគ្រឹះរឹងមាំផ្នែកវេជ្ជសាស្រ្តរួចហើយព្រោះដូចដែលលើកឡើងខាងលើ គឺការសិក្សាត្រូវធ្វើឡើងជាមួយនឹងគ្រូមកពីប្រទេស
ក្រៅ។
ហេលស៍ថាម៖ ធ្លាប់តែនៅខេត្តជាកូនប្រុសដែលស្រណុក ចុះពេលមកនៅភ្នំពេញបានរៀនសូត្រអ្វីខ្លះ?
ពិសាល៖ ការផ្លាស់ប្តូរទាំងស្រុងពីកូនប្រុសម្នាក់ដែលស្ទើរតែមិនចាំបាច់ធ្វើអ្វីទាំងអស់ មកក្លាយជាបុគ្គលម្នាក់ដែលត្រូវរ៉ាប់រងនូវកិច្ចការជាច្រើនដោយខ្លួនឯងជាពិសេសការមើលថែទាំផ្ទះ និងការរៀបចំចម្អិននូវម្ហូបអាហារសម្រាប់ទទួលទាន។
បើទោះជារស់នៅជាមួយនឹងបងស្រីក៏ពិតមែន តែម្នាក់ៗសុទ្ធតែមានកាលវិភាគមមាញឹករៀងខ្លួន។ និយាយរួមទៅ រសជាតិជីវិតគ្រប់បែបយ៉ាងក៏ត្រូវបានស្គាល់ និងភ្លក្សអស់ហើយក្នុងពេលដែលមកសិក្សានៅទីក្រុងភ្នំពេញនេះ។ ទាំងនេះជាមេរៀនជីវិតដែលត្រូវបានផ្តល់ឲ្យដោយលោកអ្នកមានគុណទាំងពីរតាមរយៈការព្យាយាមមិនទម្រើស ហើយឲ្យរៀនរស់ដោយខ្លួនឯង។
ហេលស៍ថាម៖ បើលំបាកយ៉ាងនេះ ប្រាកដណាស់នឹងមានពេលខ្លះមានអារម្មណ៍ថាបាក់ទឹកចិត្ត តើមានអ្វីដែលជម្រុញចិត្តឲ្យពុះពាររហូតមក?
ពិសាល៖ ពេលដែលលំបាក ឬបាក់ទឹកចិត្តម្តងៗ អ្វីដែលនឹកគិតដល់មុនគេ គឺឳពុកម្តាយដែលខិតខំប្រឹងប្រែងមែនទែនជារៀងរាល់ថ្ងៃ មិនថាមានការងារធ្ងន់ធ្ងរ ឬមមាញឹកយ៉ាងណាក៏នៅតែស្មារតីជម្នះជានិច្ច ដើម្បីតែកូនរបស់ខ្លួន គឺរូបលោកទាំងពីរស៊ូទ្រាំទទួលរងនូវបន្ទុកគ្រប់យ៉ាងដោយមិនឲ្យកូនខ្វល់ខ្វាយចិត្តនោះឡើយ។
ជាការពិតណាស់ រាល់ពេលដែលហត់នឿយខ្លាំង ឬលែងមានកម្លាំងចិត្ត ខ្ញុំតែងតែនឹកគិតដល់ពួកគាត់មុនគេដោយនឹកគិតដល់ទិដ្ឋភាពដែលរូបលោកទាំងពីរតស៊ូប្រឹងដើម្បីកូន ព្រោះថាគាត់ទាំងពីរនាក់មានបន្ទុកធ្ងន់
ជាងយើងខ្លាំងណាស់។
ហេលស៍ថាម ៖ និស្សិតគួរធ្វើបែបណាខ្លះ ដើម្បីក្លាយជានិស្សិតពេទ្យឆ្នើមមួយរូប?
ពិសាល ៖ កត្តាចម្បង គឺបុគ្គលតែម្តង ចាំបាច់ណាស់ត្រូវឲ្យប្រាកដថាខ្លួនឯងពិតជាស្រលាញ់នូវជំនាញ ឬឯកទេសមួយហ្នឹងពិតមែន។ បន្ទាប់មក គឺមិនអាចខ្វះបានឡើយនូវការលើក និងជម្រុញទឹកចិត្តពីសំណាក់គ្រួសារ។ កត្តាទី៣ គឺសាលារៀន សិស្សច្បង និងសាស្រ្តាចារ្យតាមរយៈការចែករំលែកបទពិសោធន៍របស់ពួកគាត់ និងការស្វែងរកប្រភពឯកសារបន្ថែមទៀត។
ហេលស៍ថាម ៖ តើប្រជាប្រិយភាពរបស់ពិសាលដល់សព្វថ្ងៃនេះ បណ្តាលមកពីកត្តាអ្វីខ្លះ?
ពិសាល៖ បើតាមខ្ញុំគិត ចំណុចពិសេសដែលធ្វើឲ្យខ្ញុំមានប្រជាប្រិយភាពទាំងក្នុងចំណោមនិស្សិត សាស្រ្តាចារ្យ និងជាពិសេសអ្នកជំងឺ គឺទេពកោសល្យក្នុងការប្រើប្រាស់វោហាស័ព្ទក្នុងការប្រាស្រ័យទាក់ទងព្រមទាំងសណ្តានចិត្តជួយដល់អ្នកដទៃដោយមិនប្រកាន់ខ្លួន ឬពេលវេលា។
ជាក់ស្តែងណាស់ ក្នុងនាមជាគ្រូពេទ្យម្នាក់ចាំបាច់ត្រូវមានសិល្បៈក្នុងការនិយាយស្តី ដើម្បីធ្វើយ៉ាងណាឲ្យអ្នកជំងឺមានជំនឿជាក់ ក៏ដូចជាទំនុកចិត្តលើខ្លួន។
ការធ្វើការងារស្ម័គ្រចិត្តក្នុងតួនាទីជាពិធីករនៅក្នុងកម្មវិធីធំៗមួយចំនួនទាំងនៅវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាក៏ចូលរួមចំណែកក្នុងការកសាងប្រជាប្រិយភាពផងដែរ ហើយក៏បានស្គាល់ដល់ខាងរាជរដ្ឋាភិបាល ឬទូតផងដែរ។
លើសពីនេះទៅទៀត ខ្ញុំក៏ត្រូវបានគេស្គាល់ច្រើនតាមរយៈការជួយបង្ហោះស្វែងរកជំនួយតាមប្រព័ន្ធបណ្តាញសង្គមផ្សេងៗ ដើម្បីជួយដល់អ្នកជំងឺដែលជួបប្រទះនឹងបញ្ហាសុខភាពតែគ្មានលទ្ធភាពផងដែរ។
ហេលស៍ថាម៖ តើមានសារអ្វីជូនដល់និស្សិតពេទ្យជំនាន់ក្រោយ ឬអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលដែរឬទេ?
ពិសាល៖ សំណូមពរសម្រាប់និស្សិតពេទ្យគ្រប់រូបគឺកុំប្រកាន់ ឬរើសអើងគ្នារវាងសាលា និងសាលាសិស្សច្បង និងសិស្សប្អូនឡើយ មិនថាជានិស្សិតឆ្នាំណា មកពីសាលាណា មានឯកទេស ឬគ្មានឯកទេស គឺសុទ្ធតែអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលដូចគ្នា។
សារជាពិសេសជូនដល់បុគ្គលគ្រប់គ្នាដែលបម្រើការងារក្នុងវិស័យសុខាភិបាល សូមឲ្យប្រើប្រាស់ពាក្យសម្តីក្នុងការនិយាយស្តីប្រកបដោយក្រមសីលធម៌ និងចាត់ទុកអ្នកជំងឺ ដូចជាសមាជិកក្នុងគ្រួសាររបស់ខ្លួន។
ម្យ៉ាងវិញទៀត ក៏គួរតែមានការយោគយល់ចំពោះកម្រិតវប្បធម៌របស់អ្នកជំងឺមួយចំនួន ជាពិសេសអ្នកដែលមកពីជនបទផងដែរ។ រាល់ពេលដែលមានមតិរិះគន់ មិនមែនចេះតែឆ្លើយតបទាំងកំហឹងនោះទេ សំខាន់ត្រូវឆ្លុះបញ្ចាំងមកលើខ្លួនឯងវិញជាមុន ហើយធ្វើការកែប្រែខ្លួន។