តើសញ្ញាណាខ្លះបញ្ជាក់ថាបញ្ហារាករបស់អ្នក បណ្តាលមកពីបាក់តេរី?
ក្នុងចំណោមនិយមន័យជាច្រើន រាកអាចសំដៅដល់ការបន្ទោបង់លាមកចាប់ពី ៣ដងក្នុងមួយថ្ងៃ ឬជាការបន្ទោបង់ញឹក និងច្រើនជាងធម្មតា។ ប្រសិនបើការរាកបន្តកើតមានតិចជាង ១៤ថ្ងៃ ត្រូវបានហៅថាការរាកស្រួចស្រាវ (Acute diarrhea) តែបើបន្តច្រើនពី ១៤ ដល់ ៣០ថ្ងៃ ត្រូវបានហៅថា ការរាក (Persistent diarrhea) និងបើលើសពី ៣០ថ្ងៃ ហៅថាការរាករ៉ាំរ៉ៃ (Chronic diarrhea)។
ជំងឺរាកមានមូលហេតុច្រើនយ៉ាងរួមទាំង មេរោគ អាល្លែកហ្ស៊ីជាមួយសារធាតុណាមួយ ឱសថមួយចំនួន អាល់កុល ឬស្រា ជំងឺក្រពះពោះវៀនរ៉ាំរ៉ៃមួយចំនួន អ្នកជំងឺដែលបានទទួលការវះកាត់ពោះវៀន អ្នកជំងឺមហារីក និងទឹកនោមផ្អែមជាដើម។ ដោយឡែក ចំពោះការរាកដែលបង្កឡើងដោយមេរោគ (Infectious diarrhea) ដែលត្រូវបានជួបប្រទះជាញឹកញាប់ អាចបែងចែកបន្តទៀតបានជា ការរាកដោយបាក់តេរី ការរាកដោយវីរុស និងការរាកដោយប៉ារ៉ាស៊ីត។ ចំពោះកូនក្មេង មូលហេតុនៃការរាកភាគច្រើនគឺបង្កឡើងដោយវីរុស តែមូលហេតុចម្បងនៃការរាកចំពោះមនុស្សធំ ត្រូវបានដឹងថាគឺជាពពួកបាក់តេរី។ ដូចនេះ ការស្វែងយល់អំពីការរាកដោយបាក់តេរី គឺពិតជាសំខាន់ណាស់។
ប្រភេទបាក់តេរីបង្ករោគ
គួរបញ្ជាក់ថា ប្រភេទបាក់តេរីដែលងាយបង្កឲ្យមាន ករណីរាកច្រើនជាងគេ អាចមានការប្រែប្រួល បន្តិចបន្តួចទៅតាមប្រភពព័ត៌មាន និងអាយុអ្នកជំងឺ ដោយក្នុងនោះរួមមានពពួក Salmonella,Shigella, Campylobacter និងStaphylo coccus aureus ជាដើម។ ក្រៅពីនោះ ពពួក Clostridium perfringens, Clostridium difficile, Vibrio cholera, Yersinia, Listeria និង E-coli ក៏ជាមូលហេតុបង្កបញ្ហារាកផងដែរ។ តាមរយៈ ស្ថិតិស្រង់ពីរបាយការណ៍ Pediatric disease journal 2011 នៃមន្ទីរពេទ្យកុមារជាតិ បានបង្ហាញថាបញ្ហារាកលើកូនក្មេង ភាគច្រើន គឺបង្កដោយវីរុស តែក្នុងនោះពពួកបាក់តេរី E-Coliក៏ទទួលខុសត្រូវក្នុងការបង្កជំងឺរាក ២០% ផងដែរ។
អ្នកងាយប្រឈមនឹងជំងឺរាក
• កូនក្មេង
• អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ (អ្នកមានជំងឺអេដស៍ជាដើម)
• អ្នកធ្វើដំណើរ
• អ្នកប្រើប្រាស់ថ្នាំផ្សះច្រើន។
រោគសញ្ញានៃជំងឺរាកដោយបាក់តេរី
រោគសញ្ញាត្រូវបានចែកចេញជា ៣ទម្រង់៖
• ទម្រង់រាក Choleriform៖ ជាការរាកចេញតែទឹក និងភាគច្រើនមិនមានគ្រុនក្តៅទេ ដែលជាទូទៅត្រូវបានស្គាល់ថាជា Cholera syndrome ឬអាសន្នរោគ។ ចលនការនៃទម្រង់រាកនេះ គឺទាក់ទងនឹងជាតិពុល (Toxin) ដែលបញ្ចេញដោយ បាក់តេរីទៅភ្ញោចឲ្យមានការបញ្ចេញជាតិទឹក ឬមានបញ្ហាមិនអាចស្រូបទឹកបាន។ ពពួកបាក់តេរីដែលបណ្តាលឲ្យរាកក្នុងទម្រង់នេះច្រើនជាងគេគឺ E-coli(Escherichia coli), Enterotoxinogene (ETEC) និងStaphylococcus aureus។ ទម្រង់នេះផងដែរ ត្រូវបានឃើញកើតមានភាគច្រើនចំពោះអ្នកធ្វើដំណើរ។
• ទម្រង់ Dysenteric (រាកមួល)៖ សំដៅដល់បញ្ហារាកដែលធ្វើឲ្យអ្នកជំងឺច្រើនឈឺមួលនៅក្នុងពោះ និងចង់តែបន្ទោបង់ តែពុំសូវមានលាមកចេញ មកទេ។ ទម្រង់រាកនេះអាចសម្គាល់ដោយ លាមកអមជាមួយសម្បោរ ឬលាយឈាម និងអាការៈក្តៅខ្លួន។ ចលនការរបស់វា គឺទាក់ទងនឹងការទៅប៉ះពាល់ផ្ទាល់របស់មេរោគជាមួយនឹងជញ្ជាំងពោះវៀន ដែលធ្វើឲ្យខូចខាតផ្ទៃពោះវៀនតែម្តង (Ente-roinvasive)។ បាក់តេរីដែលបណ្តាលឲ្យរាកក្នុងទម្រង់នេះគឺ Shigella, Salmonella, Helicobacter pylori, Enteroinvasive, E-coli ជាដើម។ ទម្រង់រាក Dysenteric នេះ ច្រើន ជាប្រភេទជំងឺរាកកើតមានម្តងម្កាល តែធ្ងន់ធ្ងរ និងកើតរាតត្បាតនៅតាមតំបន់ (Epidemic diarrhea)។
• ទម្រង់ចម្រុះ (Mix syndrome)៖ ជាករណីរួមផ្សំគ្នារវាងទម្រង់ទាំងពីរ ដែលដំបូងគឺមានការកើតឡើងជាទម្រង់លាមកទឹក (Cholera) បន្ទាប់មកគឺទម្រង់លាយសម្បោរ (Dysenteric) ហើយវាបង្កឡើងច្រើនជាងគេដោយ Clostridium difficile។ ករណីនេះ ជាញឹកញាប់អាចកើតមានឡើងចំពោះអ្នកដែលប្រើប្រាស់ថ្នាំផ្សះ។
ការធ្វើរោគវិនិច្ឆ័យសមស្រប
ការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងដូចតទៅ៖
• Orientation clinic៖ ជាការធ្វើរោគវិនិច្ឆ័យលើរោគសញ្ញាគ្លីនិក ដើម្បីកំណត់ទម្រង់នៃបញ្ហារាកបន្ទាប់មក គឺការថ្លឹងថ្លែងលើភាពធ្ងន់ធ្ងរនៃជំងឺតាមរយៈការមើលទៅលើកម្រិតនៃការខ្សោះជាតិទឹកកម្រិតរាតត្បាតមេរោគក្នុងឈាម និងរកមើលស្ថានភាពជំងឺផ្សេងៗដែលអាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់។
• Orientation epidemiologic៖ ជាការកំណត់ថាករណីរាកជាការរាកជាក្រុម ឬរាកតែឯង។ ប្រសិនជាការរាកជាក្រុម គេនឹងធ្វើការស្វែងយល់ពីតំបន់ដែលមានការរាតត្បាត និងមូលហេតុបង្ក។
• Orientation microbiologic៖ ចុងក្រោយគឺការស្វែងរកមេរោគបង្កតែម្តង តាមរយៈ Microbiologic tests។
ការព្យាបាលជំងឺរាកដោយបាក់តេរី
ជាទូទៅ ជំងឺរាកដែលបង្កដោយបាក់តេរី ច្រើនតែ ជាប្រភេទស្រួចស្រាវ ដែលងាយនឹងជាសះស្បើយក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ទោះយ៉ាងណា ដើម្បីចៀសវាងនូវផលវិបាកផ្សេងៗ ការព្យាបាលនឹងតម្រូវឲ្យធ្វើឡើងដោយ៖
• ការបង្គ្រប់ជាតិទឹកឡើងវិញ (យកល្អគឺទឹក អូរ៉ាលីត ឬអាចលាយទឹក ១លីត្រ ជាមួយស្ករ៦ស្លាបព្រាកាហ្វេ និងអំបិល កន្លះស្លាបព្រាកាហ្វេ) ជាពិសេសក្នុងករណីរាក Choleriform (រាកសុទ្ធតែទឹក) ដែលធ្វើឲ្យបាត់ជាតិទឹកច្រើន
• ការឆាប់បង្គ្រប់សារធាតុចិញ្ចឹមពីអាហារមកវិញដើម្បីបង្កើនកម្លាំង និងទ្រទ្រង់រាងកាយ
• ការប្រើប្រាស់ថ្នាំទប់រាក (ឧ. Imodium) ប្រសិនបើអ្នកជំងឺរាកខ្លាំង
• ការប្រើប្រាស់ថ្នាំសម្រាប់កាត់បន្ថយការឈឺចុកមួលក្នុងពោះ ក្នុងករណីរាកមួល (Dysenteric diarrhea)
• ការប្រើប្រាស់ថ្នាំផ្សះទៅតាមមេរោគបង្ក (ឧ.Tetracycline (Tetracycline, Doxycycline), Macrolide (Erythromycin, Azithromycin…), Quinolone (Ciprofloxacin…), Cotrim (Sulfamethoxazole + Trimethoprim))។ គួរបញ្ជាក់ថា ជាទូទៅ ការរាកប្រភេទ Choleriform មិនត្រូវការប្រើប្រាស់ថ្នាំផ្សះទេ ដោយសារវាច្រើនបង្កដោយវីរុសលើកលែងករណីជាការរាកអាសន្នរោគ (Cholera) រីឯការរាក Dysenteric ច្រើនត្រូវការថ្នាំផ្សះ ដោយសារវាច្រើនបង្កដោយបាក់តេរី
• ការប្រើប្រាស់ថ្នាំ ប្រ៊ីប៊ីយ៉ូទិក និងប្រូប៊ីយ៉ូទិក (ឧ. Bioflore) ច្រើនប្រើក្នុងករណីរាកក្រោយពីការប្រើប្រាស់ថ្នាំផ្សះ
• ក្រៅពីនោះ ក៏អាចមានការបន្ថែមជាតិស័ង្កសី ចំពោះអ្នកជំងឺរាកផងដែរ ដើម្បីឆាប់បានជាសះស្បើយ។
ក្នុងករណីមិនបានទទួលការព្យាបាលត្រឹមត្រូវទាន់ពេលវេលា នោះអ្នកជំងឺរាកអាចទទួលផលវិបាក ធ្ងន់ធ្ងរដូចជា ការខ្សោះជាតិទឹកខ្លាំង និងការរាតត្បាតរបស់មេរោគក្នុងឈាម (Septicemia)ដែលសុទ្ធតែអាចបង្កឲ្យគ្រោះថ្នាក់ដល់ស្លាប់។
ការការពារជំងឺរាកដោយបាក់តេរី
• ប្រកាន់នូវរបៀបរបបក្នុងការរស់នៅស្អាត ដូចជាការហូបស្អាត ផឹកស្អាត ជាពិសេសគឺការលាងសម្អាតដៃឲ្យបានត្រឹមត្រូវ
• រក្សាអនាម័យជារួមដូចជា ការរក្សាទឹកស្អាតសម្រាប់ប្រើប្រាស់រួមគ្នា និងការគ្រប់គ្រងបង្គន់អនាម័យសាធារណៈឲ្យបានល្អជាដើម
• លាងសម្អាតចំណីអាហារមុនបរិភោគ ឬដាក់ឲ្យបរិភោគ
• ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ថ្នាំផ្សះ។ល។
ប្រសិនបើអ្នកជំងឺជួបនឹងបញ្ហារាក សូមស្វែងរកការព្យាបាលជាមួយគ្រូពេទ្យឲ្យបានឆាប់រហ័ស ចៀសវាងគ្រោះថ្នាក់ដោយកត្តាណាមួយ ឬយ៉ាងហោចណាស់នៅអំឡុងពេលរង់ចាំការព្យាបាល សូមកុំភ្លេចការបង្គ្រប់ជាតិទឹកឡើងវិញឲ្យបានត្រឹមត្រូវ និងចៀសវាងការប្រើប្រាស់ថ្នាំផ្តេសផ្តាសដោយខ្លួនឯង ពិសេសគឺពពួកថ្នាំផ្សះ ដែលវាអាចធ្វើឲ្យប្រឈមនឹងការស៊ាំថ្នាំ ក៏ដូចជាប្រឈមនឹងបញ្ហារាកផងដែរ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេស ថ្លើម ក្រពះ ពោះវៀន និងមានតួនាទីជានាយផ្នែកជំងឺប្រព័ន្ធរំលាយអាហារ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ