រាល់ពេលគិត ចេះតែមានអារម្មណ៍ថា ឈឺក្បាល?
មនុស្សមួយចំនួនធំយល់ថាអាការៈឈឺក្បាលញឹកញាប់របស់ខ្លួន ជាសញ្ញានៃផលប៉ះពាល់លើប្រព័ន្ធប្រសាទ ក្នុងពេលដែលអ្នកផ្សេងទៀត ហាក់មិនចាប់អារម្មណ៍ ឬសន្និដ្ឋានថាវាជាធម្មជាតិនៃការគិតច្រើន។ ដូច្នេះ ការពិតយ៉ាងណានោះ ករណីសិក្សាខាងក្រោមនឹងបង្ហាញលោកអ្នក….
សំណួរ៖ នាងខ្ញុំអាយុ ២២ឆ្នាំ កម្ពស់១ម៉ែត្រ៦២ ទម្ងន់ ៥១គីឡូក្រាម មានមុខរបរជានិស្សិត។ អស់រយៈពេល ៣ឆ្នាំមកហើយ ខ្ញុំមានអាការៈឈឺក្បាលខាងឆ្វេង និងព្រិលភ្នែក។ ខ្ញុំធ្លាប់ទទួលបានការព្យាបាលដោយការព្យួរសេរ៉ូម និងប្រើប្រាស់ថ្នាំ។ តើខ្ញុំគួរធ្វើយ៉ាងណាចំពោះជំងឺនេះ ប្រសិនបើពេលដែលខ្ញុំគិត គឺតែងមានអារម្មណ៍ឈឺ?
ចម្លើយ៖ ដោយសារប្អូនស្រីជានិស្សិត មានការឈឺក្បាលខ្លាំងនៅពេលគិតច្រើន ហើយការព្យាបាលដោយព្យួរសេរ៉ូម និងប្រើប្រាស់ថ្នាំ គ្រាន់តែជួយសម្រួលបណ្តោះអាសន្នទេ។ ការឈឺក្បាលអស់រយៈពេល៣ឆ្នាំនេះ ប្រសិនបើតាមការវិភាគមិនមានការប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទខួរក្បាលនោះទេ ព្រោះមិនមានរោគសញ្ញាមួយចំនួនដូចជាកម្រើកដៃជើងមិនរួច ការប៉ះពាល់ដល់ភ្នែកដូចជាបិទភ្នែកមិនជិត និងអាការៈផ្សេងទៀតទេ ហើយដោយសារប្អូនមិនបានបញ្ជាក់ការឈឺចាប់ និងកម្រិតនៃការឈឺចាប់ផងដែរ។
ករណីប្អូនស្រី គួរតែរៀបចំរបៀបរស់នៅ ការគេង និងរបៀបគិតឡើងវិញ។ ការគិតឲ្យបានត្រឹមត្រូវ និងមានពេលវេលាច្បាស់លាស់អាចជួយសម្រួលប្អូនឲ្យធូរស្រាលពីការឈឺក្បាលបាន ប៉ុន្តែ គួរមកជួបវេជ្ជបណ្ឌិតជំនាញផ្នែកប្រព័ន្ធប្រសាទ និងខួរក្បាលដើម្បីពិភាក្សា ផ្តល់យោបល់បន្ថែម ធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងថាប្អូនមាន ឬក៏គ្មាន ជំងឺប្រកាំង (Migraine)។
បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ