ហាត់ប្រាណហើយហេតុអ្វីទម្ងន់មិនស្រក?
ធ្វើលំហាត់ប្រាណជាប្រចាំ តែទម្ងន់ខ្លួននៅតែគ្មានភាពប្រែប្រួល នេះប្រហែលជាបញ្ហាមួយតែងចោទ និងធ្វើឲ្យគោលដៅនៃការសម្រកទម្ងន់ត្រូវបានបរាជ័យដែលជារឿងគួរឲ្យធុញទ្រាន់ និងអាចឈានដល់ដំណាក់កាលដែលសម្រេចថានឹងបោះបង់ចោល។ប៉ុន្តែ មុនពេលអ្នកសម្រេចចិត្តថានឹងបន្តរស់នៅជាមួយការឡើងទម្ងន់ជារៀងរហូតអ្នកគួរសង្កេតមើលឡើងវិញពីកត្តាផ្សេងទៀតដែលបង្អាក់ការសម្រកទម្ងន់របស់អ្នកក្រៅពីការធ្វើលំហាត់ប្រាណ។
កំហុសឆ្គងក្នុងការហាត់
ប្រហែលវាជាហេតុផលមួយដែលគួរឲ្យធុញទ្រាន់បំផុតដែលទម្ងន់ខ្លួនហាក់មិនស្រកទាល់តែសោះ បើទោះបីអ្នកប្រឹងប្រែងហាត់ប្រាណជាប្រចាំក៏ដោយ ប៉ុន្តែអ្វីដែលនៅពីក្រោយពីប្រសិទ្ធភាពនៃលំហាត់ប្រាណដែលអ្នកមិនបានដឹងនោះ គឺការជ្រើសរើសប្រភេទលំហាត់ប្រាណ ឬកីឡាណា ដែលស័ក្តិសមសម្រាប់ការបន្ថយទម្ងន់ និងទៅតាមតម្រូវការបុគ្គលម្នាក់ៗ។ ជាក់ស្តែង បុគ្គលមួយចំនួនមានទំនោរធ្វើលំហាត់ប្រាណដោយគ្រាន់តែការដើរ ឬរត់សាមញ្ញ និងមិនបានហ្វឹកហាត់សាច់ដុំ ដូច្នេះចៀសវាងចំណាយពេលដោយឥតប្រយោជន៍ អ្នកគួរសិក្សាជាមុន ឬអាចស្វែងរកការណែនាំពីសំណាក់អ្នកជំនាញក្នុងការចាប់ផ្តើមលំហាត់ប្រាណណាមួយដែលល្អសម្រាប់ខ្លួនអ្នក។
ហាត់ប្រាណហួសកម្រិត
ប្រសិនអ្នកធ្វើលំហាត់ប្រាណច្រើន នោះការដុតបំផ្លាញកាល់ឡូរីក៏ស្ថិតក្នុងកម្រិតច្រើនហួសប្រមាណ (លើសពី ១២០០កាល់ឡូរីក្នុងមួយថ្ងៃ) ដែលមិនអំណោយផលដល់ការហាត់នោះទេ វាបែរជានាំឲ្យរាងកាយអ្នកបង្កើនតម្រូវការអាហារក្នុងទម្រង់ជាខ្លាញ់ ដើម្បីអាចបន្តផ្តល់ថាមពលសម្រាប់ការបំពេញមុខងារប្រចាំថ្ងៃទៅវិញ។ ជារួមអ្នកគួរហាត់ប្រាណក្នុងកម្រិតមួយដែលរាងកាយអាចទទួលយកបាន និងជាប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់។
កើនឡើងទម្ងន់សាច់ដុំ
ស្របពេលដែលជាតិខ្លាញ់ត្រូវបានដុតបំផ្លាញតាមរយៈការហាត់ប្រាណ ខ្លួនប្រាណអ្នកក៏អាចកំពុងតែបង្កើននូវទម្ងន់នៃសាច់ដុំ (ភាពហាប់ណែន) ដែលធ្វើឲ្យអ្នកយល់ថាទម្ងន់ខ្លួនប្រាណហាក់គ្មានភាពប្រែប្រួល។ យ៉ាងណាមិញ ការកើនឡើងនេះមិនត្រូវបានចាត់ចូលជាបញ្ហាក្នុងការសម្រកទម្ងន់នោះទេ ដរាបណាអ្នកអាចធ្វើការគ្រប់គ្រងបានចំពោះជាតិខ្លាញ់ដែលមាននៅក្នុងខ្លួន។ យកល្អ អ្នកគួរធ្វើការហាត់ដើម្បីបំផ្លាញជាតិខ្លាញ់ ជាជាងព្រួយបារម្ភពីទម្ងន់នៃសាច់ដុំ។
ប៉ះប៉ូវតាមការញ៉ាំ
ប្រសិនអ្នកបន្តការញ៉ាំក្នុងកម្រិតដែលខ្ពស់ជាង ចំនួនកាល់ឡូរីដែលអ្នកបានដុតបំផ្លាញបន្ទាប់ពីការហាត់ប្រាណ នៅក្រោមហេតុផលដែលអ្នកចង់ផ្តល់រង្វាន់ ឬប៉ះប៉ូវសម្រាប់ការប្រឹងប្រែងរបស់អ្នកនោះ វាជាកំហុសឆ្គងមួយ បណ្តាលឲ្យបាត់បង់គោលដៅក្នុងការសម្រេចបានការស្រកទម្ងន់។ ដូច្នេះ កុំឲ្យការប្រឹងប្រែងប្រែជាអាសាបង់ អ្នកគួរចៀសវាងបរិភោគអាហារទៅតាមការចង់បាន តែជំនួសមកវិញនូវរបបអាហារ ដែលជាពពួកប្រូតេអ៊ីន បន្លែ ផ្លែឈើនិងបង្កើនការញ៉ាំទឹកបន្ថែមឲ្យបានច្រើន។
មិនបានគ្រប់គ្រងស្រេ្តស
ពិតណាស់លំហាត់ប្រាណជារឿងល្អតែទាមទារការអត់ធ្មត់ខ្ពស់ ដែលវាអាចជាកត្តាបង្កភាពស្រេ្តសទៅលើរាងកាយរបស់អ្នកទៅវិញ។ ប្រសិនការហាត់ប្រាណត្រូវបានចាត់ទុកជាបន្ទុកបន្ថែមពីលើការបំពេញការងារប្រចាំថ្ងៃរបស់អ្នក នោះប្រាកដណាស់អ្នកនឹងមិនអាចស្រកទម្ងន់ទៅតាមការរំពឹងទុកនោះទេ ដោយវាអាចធ្វើឲ្យអ្នកផ្លាស់ប្តូរមិនត្រឹមតែការញ៉ាំនោះទេ ថែមទាំងបាត់បង់គុណភាពនៃការគេងផងដែរ។ ជាទូទៅការគេងមិនបានគ្រប់គ្រាន់អាចនាំឲ្យអ្នកញ៉ាំកាន់តែច្រើន ជាពិសេសចំពោះអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ដែលវាអាចប៉ះពាល់ដល់ការសម្រកទម្ងន់របស់អ្នក។
កុំបោះបង់ការតាំងចិត្ត បើទោះបីលទ្ធផលហាក់មិនទាន់ផ្តល់ឲ្យ ពីព្រោះការហាត់ប្រាណជាចំណែកមួយតែប៉ុណ្ណោះ ក្នុងការបំពេញគោលដៅរបស់អ្នកសម្រាប់ការសម្រកទម្ងន់ ដោយអ្នកត្រូវយកចិត្តទុកដាក់ផងដែរទៅលើរបបអាហារ របៀបរបបរស់នៅ និងផ្លូវចិត្តក្នុងការបន្តដំណើរទៅមុខ។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ