ឧបករណ៍ថ្មីមួយសម្រួលការគេងរបស់អ្នកជំងឺស្ទះផ្លូវដង្ហើម
ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញពីភាពជោគជ័យនៃការព្យាបាលជំងឺស្ទះផ្លូវដង្ហើមពេលគេង (Sleep Apnea) ដែលធ្វើឡើងនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Hiroshima។ ជាមួយការប្រើប្រាស់រូបភាព 3D គេអាចវាស់បានពីប្រសិទ្ធភាពនៃឧបករណ៍ដែលមានសមត្ថភាពទៅធ្វើការបើកផ្លូវដង្ហើមតាមរយៈឲ្យអ្នកជំងឺគេងរាបស្មើ ហើយការស្រាវជ្រាវនេះទទួលបានការចូលរួមពីសំណាក់ទន្តពេទ្យ និងវេជ្ជបណ្ឌិត។
លទ្ធផលនៃការព្យាបាលថ្មីនេះរួមមានម៉ាស៊ីន Continuous positive airway pressure (CPAP) ដែលជាម៉ាសម៉្យាងបំពាក់លើអ្នកជំងឺសម្រាប់បញ្ចូលសម្ពាធខ្យល់នៅពេលយប់ និងឧបករណ៍បំពាក់ក្នុងមាត់ (Oral appliance)។ ប្រភេទឧបករណ៍បំពាក់ក្នុងមាត់ (Oral appliance) ត្រូវបានបង្កើតឡើងពីផ្នែកសោភ័ណភាពមាត់ធ្មេញនៃមន្ទីរពេទ្យសាកលវិទ្យាល័យ Hiroshima ដែលអាចជួយសម្រួលដល់អ្នកជំងឺស្ទះផ្លូវដង្ហើមពេលគេងកម្រិតស្រាល និងមធ្យម។ ឧបករណ៍នេះមានប្រសិទ្ធភាពក្នុងការរុញឆ្អឹងអញ្ចាញទៅខាងមុខ ដើម្បីបង្កើនទំហំផ្លូវដង្ហើមសម្រាប់សម្រួលដល់ដំណើរការខ្យល់ចេញចូលនៅខាងក្រោយនៃមាត់ ហើយមិនមានការប៉ះពាល់ទៅដល់ធ្មេញ និងប្រែប្រួលលើទម្រង់មុខនោះទេ។
តាមរយៈវេជ្ជបណ្ឌិត Ueda បានបង្ហាញថាឧបករណ៍នេះគឺអាចប្រៀបបានទៅនឹងវ៉ែនតាដែលអ្នកពាក់ដើម្បីមើលឲ្យបានច្បាស់ ដោយជាក់ស្ដែងអ្នកក៏ត្រូវពាក់ឧបករណ៍នេះជាប្រចាំផងដែរ ប្រសិនអ្នកចង់គេងឲ្យបានស្កប់ស្កល់ហើយការសិក្សានេះទៀតសោតបានបង្ហាញពីប្រសិទ្ធភាពនៃការព្យាបាល ដោយយើងសង្ឃឹមថានឹងមានការសហការជាបន្តទៀតរវាងទន្តពេទ្យ និងវេជ្ជបណ្ឌិតសម្រាប់វិធីសាស្រ្តព្យាបាលដទៃទៀត។
គួរបញ្ជាក់ផងដែរ ជំងឺស្ទះផ្លូវដង្ហើម ជាលក្ខខណ្ឌបណ្តាលមកពីសាច់ដុំបំពង់កសម្រាកដែលធ្វើឲ្យរួមតូចនៃផ្លូវដង្ហើមអំឡុងពេលគេង ដែលស្ដែងមានសញ្ញាដូចជា ស្រមុក ឈ្លក់ ឬដង្ហក់ជាដើម។ អ្នកជំងឺស្ទះផ្លូវដង្ហើមពេលគេងកម្រិតស្រាលទៅមធ្យមតែងមានអាការៈល្ហិតល្ហៃជាប្រចាំ និងបាត់បង់ការប្រមូលផ្តុំអារម្មណ៍ ចំណែកករណីធ្ងន់ធ្ងរអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ។
ឯកសារយោង៖
https://www.eurekalert.org/pub_releases/2019-04/hu-toa041619.php
https://www.sciencedaily.com/releases/2019/04/190416093729.htm
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ