-
Aug 09, 2019
|
-
5 years ago
|
-
8.6K views
សរីរាង្គត្រចៀកត្រូវបានបែងចែកជាបីរួមមានផ្នែកខាងក្រៅ កណ្តាល និងផ្នែកខាងក្នុងដែលមានតួនាទីដោយឡែកៗពីគ្នា។ ជាក់ស្តែង ផ្នែកខាងក្រៅសម្រាប់ស្តាប់ ផ្នែកកណ្តាលសម្រាប់បញ្ជូន និងផ្នែកខាងក្នុងសម្រាប់បញ្ជូនបន្តទៅកាន់ខួរក្បាល។ ចំពោះបញ្ហាមួយនៃត្រចៀកផ្នែកខាងក្រៅ ដែលហាក់ត្រូវបានសម្គាល់ឃើញថាកើតមានច្រើនស្ថិតនៅលំដាប់លេខ ២ ចំពោះប្រជាជនកម្ពុជាបច្ចុប្បន្ន នោះគឺជាការបង្ករោគដោយពពួកផ្សិត ឬភាសាបច្ចេកទេសហៅថា Otomycosis ។
កត្តាបង្កឲ្យមានផ្សិតក្នុងត្រចៀក
យោងតាមការសិក្សាទាំងក្នុង និងក្រៅប្រទេសបានបង្ហាញថាបុគ្គលដែលងាយឆ្លងមេរោគផ្សិតនៅត្រចៀករួមមាន៖
• អ្នកស្តាប់មិនឮដែលប្រើប្រាស់ឧបករណ៍ជំនួយការស្តាប់នៅត្រចៀកជាប្រចាំ
• អ្នកនិយមពាក់កាសនៅត្រចៀកស្តាប់ចម្រៀង ឬអ្វីផ្សេងៗ
• ការហែលទឹក ដូចជាកីឡាករហែលទឹក ឬអ្នកនិយមចូលចិត្តហែលទឹកក្នុងអាងហែលទឹកញឹកញាប់ ឬអ្នកហែលទឹកមិនស្អាតនៅជនបទ តាមស្រះត្រពាំងនិងប្រឡាយ
• ការសម្អាតត្រចៀក ដែលប្រើប្រាស់សម្ភារៈសម្អាតបន្តគ្នាពីម្នាក់ទៅម្នាក់ដោយមិនបានសម្លាប់មេរោគផ្សិតត្រឹមត្រូវ ឬគ្រាន់តែជូតនឹងអាល់កុលដែលមិនអាចសម្លាប់ពពួកផ្សិតបាន។ ក្រៅអំពីមូលហេតុខាងលើ ជំងឺផ្សិតនៅត្រចៀកអាចនឹងកើតមានឡើង ឬមានការវិវឌ្ឍលឿនចំពោះអ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺឆ្លងមួយចំនួនដូចជាអ្នកជំងឺអេដស៍ជាដើម។
ដំណាក់កាលនៃរោគសញ្ញាផ្សិតត្រចៀក
បន្ទាប់ពីបានឆ្លងចូលនូវពពួកផ្សិតទៅក្នុងត្រចៀកអ្នកជំងឺអាចមានលេចចេញនូវរោគសញ្ញាដូចជា រមាស់ត្រចៀក ឈឺត្រចៀក ហូរទឹករងៃ ឬហូរខ្ទុះពណ៌ប្រផេះឬខ្មៅ ពីក្នុងត្រចៀក បន្ទាប់មកអ្នកជំងឺអាចនឹងមានអាការៈហ៊ឹងត្រចៀក និងស្តាប់មិនសូវឮ។
ការធ្វើរោគវិនិច្ឆ័យបញ្ជាក់ពីវត្តមានផ្សិតត្រចៀក
ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់អំពីការបង្ករោគដោយពពួកផ្សិតនៅក្នុងត្រចៀក ឬផ្សិតត្រចៀក គ្រូពេទ្យត្រូវយកអ្នកជំងឺទៅពិនិត្យដោយម៉ាស៊ីន Endoscope ឬ Otoscope លើសពីនេះយើងអាចកៀរ ឬផ្ដិតយកទៅពិនិត្យមើលដោយឧបករណ៍មីក្រូទស្សន៍នៃមន្ទីរពិសោធន៍ (ឧបករណ៍ដែលគេយកទៅកៀរ ឬផ្ដិតនោះគឺឈើ ១ដើម នៅខាងចុងមានសំឡីដាក់ក្នុងទីបមួយបិតជិត ដែលភាសាអង់គ្លេសហៅថា Cotton swabs) ក្នុងគោលបំណងញែកឲ្យដឹងថាជាពពួកផ្សិត ឬបាក់តេរី។
ការព្យាបាលផ្សិតត្រចៀក
ក្រោយពីធ្វើរោគវិនិច្ឆ័យបញ្ជាក់ថាជាការបង្ករោគដោយពពួកផ្សិតហើយគ្រូពេទ្យនឹងធ្វើការសម្អាតត្រចៀករបស់អ្នកជំងឺឲ្យស្អាតទើបឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំ។ ប្រភេទថ្នាំទាំងនោះអាចខុសៗគ្នាតាមកម្រិតភាពធ្ងន់ ឬស្រាលរបស់អ្នកជំងឺ ដូចជា ថ្នាំតំណក់សម្រាប់បន្តក់ក្នុងត្រចៀកឈ្មោះ Clotrimazol ១% បន្តក់ម្ដង ២-៣តំណក់ ១ថ្ងៃ ២-៣ដង រយៈពេល ១៤ថ្ងៃ ឬជាថ្នាំ Fluconazol, Econazol ថ្នាំលេប Itraconazol ១០០មិល្លីក្រាម លេប ១គ្រាប់ ១ដង រយៈពេល ២សប្តាហ៍។ ប្រសិនអ្នកជំងឺពុំទទួលបានការព្យាបាលទាន់ពេលវេលា ឬព្យាបាលមិនត្រឹមត្រូវនោះផលប៉ះពាល់ធ្ងន់ធ្ងរអាចនឹងកើតមានឡើងដូចជារលាកត្រចៀក និងរហែកក្រដាសត្រចៀកប៉ះពាល់ដល់ការស្តាប់ជាដើម។
យុទ្ធសាស្ត្រការពារពីផ្សិតនៅត្រចៀក
• សម្រាប់អ្នកប្រើឧបករណ៍ជំនួយក្នុងការស្តាប់ត្រូវសម្អាតដៃ និងយកសំឡីអាល់កុលជូតឧបករណ៍មុនពេលពាក់
• ចៀសវាងការពាក់កាស ឬបើពាក់ត្រូវលាងសម្អាតដៃមុនពេលពាក់
• ចៀសវាងការប្រើសម្ភារៈមិនស្អាតលូកចូល ឬត្បារក្នុងត្រចៀក
• កាត់បន្ថយ ឬចៀសវាងការកាត់សក់ ហើយសម្អាតត្រចៀកនៅតាមហាងដែលប្រើសម្ភារៈបន្តគ្នា
• ចំពោះកីឡាករ ឬអ្នកចូលចិត្តហែលទឹក ត្រូវការពារកុំឲ្យត្រចៀកប៉ះផ្ទាល់ជាមួយទឹក ដោយប្រើឧបករណ៍ពាក់ត្រចៀកពេលហែល ឬពាក់មួកបិតដល់ត្រចៀកជាដើម។
សម្រាប់អ្នកប្រកបវិជ្ជាជីវសុខាភិបាល សូមត្រួតពិនិត្យឲ្យបានម៉ត់ចត់ ឬបញ្ជូនអ្នកជំងឺមកកាន់ផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់កដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ថាបង្កពីផ្សិតឬបាក់តេរី មុនពេលផ្តល់វេជ្ជបញ្ជាដល់អ្នកជំងឺ។ ចំពោះប្រជាជន សូមកុំព្យាយាមយកសម្ភារៈ ឬឧបករណ៍ណាមួយមកត្បារ ឬកេះក្នុងត្រចៀកដាច់ខាត ហើយសូមមកប្រឹក្សាជាមួយគ្រូពេទ្យឯកទេសត្រចៀកច្រមុះ បំពង់ក។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត កៅ សែ នាយផ្នែកត្រចៀក ច្រមុះ បំពង់កនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ