ចំណាប់អារម្មណ៍ និស្សិតឯកទេស ថ្លើម ក្រពះ ពោះវៀន ចំពោះការជ្រើសរើសជំនាញ!
លោក រ៉ូ គីមឆាយ ជានិស្សិតឯកទេស ថ្លើម ក្រពះ ពោះវៀន ឆ្នាំទី១ជំនាន់ទី ៦ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
មូលហេតុដែលនាំឲ្យលោក ជ្រើសរើសអាជីពជាគ្រូពេទ្យ ហើយរើសយកជំនាញមួយនេះទៀតនោះ គឺជំនាញថ្លើម ក្រពះ ពោះវៀន ជាជំនាញវេជ្ជសាស្រ្តផង និងបច្ចេកទេសផង ដែលសម្បូរបែបទាំងប្រភេទជំងឺ និងទាំងវិធីសាស្ត្រព្យាបាលទៅលើប្រដាប់រំលាយអាហារដែលមានសរីរាង្គជាច្រើន។
ដើម្បីក្លាយខ្លួនជានិសិ្សតឯកទេសមួយនេះ គីមឆាយបានរៀបរាប់ថា“សំខាន់គឺការអត់ធ្មត់និងឧស្សាហ៍ព្យាយាមព្រោះថាការសិក្សាមានការលំបាក និងមានរយៈពេលយូររហូតដល់៤ឆ្នាំ បន្ថែមលើការសិក្សាបរិញ្ញាប័ត្រវេជ្ជសាស្ត្រ៦ឆ្នាំសរុបមកគឺ ១០ឆ្នាំ។ មួយវិញទៀត និស្សិត គួររៀនភាសាបារាំង និងអង់គ្លេសឲ្យបានច្រើន ដើម្បីងាយស្រួលក្នុងការធ្វើការសិក្សាស្រាវជ្រាវបន្ថែម”។
និយាយពីការលំបាកដែលលោកបានជួបក្នុងការសិក្សាមាន ការត្រូវចំណាយថវិកា កម្លាំង និងពេលវេលាច្រើន។ ក្រៅពីរៀននៅសាលាគីមឆាយ ត្រូវយកទ្រឹស្តីដែលរៀនរួចមកផ្សារភ្ជាប់ការអនុវត្ត ដោយត្រូវចុះកម្មសិក្សាតាមមន្ទីរពេទ្យ ក្រោមការជួយណែនាំពីសិស្សច្បង និងវេជ្ជបណ្ឌិតជំនាញៗ ហើយត្រូវឧស្សាហ៍អានអត្ថបទស្រាវជ្រាវថ្មីៗ ឬក៏ចូលរួមស្តាប់បទបង្ហាញរបស់វេជ្ជបណ្ឌិតជំនាញៗដើម្បីស្វែងយល់ពីរបៀបព្យាបាលថ្មីៗនិងមានប្រសិទ្ធភាពខ្ពស់។
លោកបានប្រាប់ផងដែរថា បញ្ហាក្រពះពោះវៀននេះមានជួបប្រទះច្រើនណាស់ នៅកម្ពុជាយើងពិសេសគឺជំងឺរលាកក្រពះនិងរលាកថ្លើម។ ឯការយល់ដឹងពីការថែទាំសុខភាពប្រដាប់រំលាយអាហារ នៅមានលក្ខណៈតិចតួចនៅឡើយ ហើយសេវាថែទាំសុខភាពក្រពះពោះវៀន ក៏នៅមិនទាន់មានគ្រប់គ្រាន់ដែរ។
ជាចុងក្រោយ ខ្ញុំសូមផ្តាំផ្ញើដល់អ្នកមានបព្ហាថ្លើម ក្រពះ ឬពោះវៀន ថាពួកគាត់ គួរឆាប់មកជួបគ្រូពេទ្យជំនាញ ព្រោះថាជំងឺខ្លះអាចនឹងប៉ះពាល់ដល់ជីវិត ឬក៏មានផលវិបាករ៉ាំរ៉ៃប្រសិនបើមកជួបគ្រូពេទ្យមិនទាន់ពេលវេលា។