វេលាជួបជុំ…
មមាញឹកខ្លាំងណាស់មែនទេ? រកតែពេលគេងក៏មិនបានគ្រប់គ្រាន់? គម្លាតជាមួយនឹងមនុស្សដែលធ្លាប់ជិតស្និទ្ធក៏ហាក់ដូចជាឆ្ងាយទៅៗ??? មិនថាមិត្តភក្តិធ្លាប់រាប់អាន ឬសូម្បីតែក្រុមគ្រួសារ?
You are not alone…មានមនុស្សតិចនោះទេ ដែលកំពុងតែប្រឹងដុតដៃដុតជើង សម្រេចនូវក្តីស្រមៃរបស់ខ្លួន ដើម្បីសុភមង្គលខ្លួនផ្ទាល់ និងមនុស្សដែលខ្លួនស្រលាញ់…
សួរតាមត្រង់ណា៎…តើញ៉ាំអាហារជុំគ្រួសារញឹកញាប់ដែរឬទេ? តើជួបជុំមិត្តភក្តិចាស់ៗញឹបញាប់ប៉ុណ្ណាដែរ?
វេលាក្នុងមួយថ្ងៃ នរណាក៏មានតែ២៤ម៉ោងដែរ តែមានចាប់អារម្មណ៍ទេថា អ្នកខ្លះហាក់ដូចជាលែងមានរសជាតិជីវិតអស់រលីង…ហត់ក៏ហត់…ខកចិត្តក៏ខកចិត្ត…ជួនកាល ជោគជ័យហើយក៏មិនមានអារម្មណ៍ថាសប្បាយចិត្តទៀត…លក្ខណៈថា…ជីវិតប្រែជាសាបឈឹងតែម្តង
ស្របពេលជាមួយគ្នាដែរ អ្នកខ្លះហាក់ដូចជាសមប្រកបដល់ហើយ…ជោគជ័យគ្រប់រឿងតែម្តង…ទាំងការសិក្សា ការងារ និងមុខជំនួយ ហើយស្នេហាក៏ផ្អែមល្អែមទៀត… ដឹងទេថាមកពីអី?
ហេតុផលមួយក្នុងចំណោមនោះ គឺតុល្យភាព…គេចេះបែងចែកពេលវេលាសម្រាប់គ្រប់ផ្នែកទាំងអស់នៃជីវិត…មិនមែនងប់ងល់តែមួយរឿងនោះទេ
ក្នុងមួយឆ្នាំដែលមាន៣៦៥ថ្ងៃហ្នឹង…តើមានបុណ្យឈប់សម្រាកធំៗប៉ុន្មានដង? គឺមានមិនច្រើននោះទេ…តែពេលខ្លះ ឡើងរវល់ដល់ថ្នាក់មិនចង់ឈប់សោះ…តែកាលៈទេសៈដែលគេគ្រប់គ្នាឈប់អស់ នៅធ្វើការតែម្នាក់ឯងក៏មិនកើត…ចឹងហើយ មានតែឈប់ដែរ…
ពេលខ្លះ ក៏ឈប់តែមាត់ទេ តែចិត្ត និងគំនិតគិតគូរដល់ការងារមិនឈប់…ខ្លួនទៅលេងផ្ទះ ឬស្រុកកំណើត តែអារម្មណ៍នៅជាមួយកុំព្យូទ័រ និងឯកសារការងារឯណោះ…
កុំចឹងអីណា៎…វេលាជួបជុំសមាជិកគ្រួសារបានក្លាយជាឱកាសមួយកម្រណាស់ទៅហើយ បើមានម្តងៗហើយ តែមិនព្រមចាប់វាយកផង…តើនឹងសង្ឃឹមអីទៀត? រយៈប៉ុន្មានថ្ងៃ ស្មើនឹងប៉ុន្មានម៉ោងតែប៉ុណ្ណោះ …តើអាចទេ? ទុករឿងរ៉ាវដែលប្រឈមមុខរាល់ថ្ងៃមួយឡែក ហើយចំណាយពេល និងអារម្មណ៍ទាំងស្រុងជាមួយក្រុមគ្រួសារ???
មិនថាកម្មវិធីតូច ឬធំ…សង្ឃឹមថាអ្នកនឹងអាចធ្វើបាន…ជួនកាល គ្រាន់តែការញ៉ាំអាហារមួយពេលជុំគ្នាក៏គ្រប់គ្រាន់ទៅហើយ…
ត្រូវចងចាំថា…យើងមិនអាចមើលឃើញពីអនាគតនោះទេ…ឱកាសដែលមាននៅក្នុងឆ្នាំនេះ មិនប្រាកដថាមាននៅឆ្នាំក្រោយទៀតទេ…សមាជិកខ្លះក៏ត្រូវរៀបការចេញទៅមានគ្រួសារ ឬតាមចាប់ក្តីស្រមៃរបស់ខ្លួននៅជ្រុងណាមួយនៃពិភពលោកនេះ…ហើយខ្លះទៀត ក៏ដល់ពេលដែលត្រូវចាកចេញទៅដោយមិនអាចត្រលប់…
ទាន់ឱកាសនៅមាន…ចំណាយពេលខ្លះជាមួយពួកគាត់ក្នុងឱកាសពិសេសនេះ
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ