គួរជូនកាដូអ្វីដល់មនុស្សពិសេសក្នុងថ្ងៃខួបកំណើត?
ទឹកចិត្តស្រលាញ់មិនអាចបញ្ជាក់បានតាមតែពាក្យបីម៉ាត់ថា«អាយលបយូ» ដែលគេតែងនិយមនិយាយនោះទេ ហើយក៏មិនគួរបង្ហាញតែក្នុងឱកាស ឬថ្ងៃណាមួយពិសេសនោះដែរ។ យ៉ាងណាមិញ ប្រសិនបើអ្នកបានបំពេញកាតព្វកិច្ចជាម្ចាស់ចិត្តដ៏ល្អម្នាក់ជាប្រចាំ និងជារៀងរាល់ថ្ងៃហើយ សម្រាប់ថ្ងៃពិសេសប្រចាំឆ្នាំរបស់មនុស្សម្នាក់ៗ លោកអ្នកក៏គួរតែត្រៀមនូវអ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីបន្ថែមនូវកម្រិតនៃភាពផ្អែមល្អែមដល់ចំណងស្នេហារបស់អ្នក និងគេបានមួយកម្រិតទៀត។ និយាយដល់ចំណុចនេះ មិត្តអ្នកអានខ្លះប្រហែលជាចម្ងល់ និងមានការរារែកចិត្តថាមិនដឹងគួរជូនកាដូបែបណា ឬធ្វើរឿងអ្វីខ្លះ សម្រាប់ម្ចាស់បេះដូងរបស់អ្នកហើយមែនទេ? កុំបារម្ភអីណា...ហេលស៍ថាម ក៏បានធ្វើការសម្រិតសម្រាំងយកប្រភេទកាដូដ៏មានតម្លៃ និងអត្ថន័យខ្លឹមសារដែលអ្នកអាចធ្វើការពិចារណា ពេលធ្វើការសម្រេចជ្រើសរើសកាដូសម្រាប់ជូនទៅកាន់ម្ចាស់ចិត្តរបស់អ្នក ៖
ម្ហូបដែលគេចូលចិត្ត ៖ ថ្វីត្បិតថាការចម្អិនដោយផ្ទាល់មាត់មានលក្ខណៈរ៉ូមែនទិក និងផ្អែមល្អែមជាងកពិតមែន តែប្រសិនបើលោកអ្នកមិនជឿជាក់លើថ្វីដៃធ្វើម្ហូបរបស់ខ្លួនទេ គួរកុំខ្ជះខ្ជាយពេលវេលាអី។ ជាគូសេ្នហ៍នឹងគ្នា ចំណង់ចំណូលចិត្តរបស់គ្នាជាពិសេសប្រភេទម្ហូបអាហារ ជារឿងដែលមិនអាចមើលរំលងឡើយ។ ប្រសិនបើក្នុងថ្ងៃពិសេស ហើយអាចទទួលទានអាហារដែលខ្លួនពេញចិត្ត និងចង់ញ៉ាំានោះ នរណាមិនសប្បាយចិត្ត?
កំណត់ត្រាពេលវេលាផ្អែមល្អែម៖ ភាពរ៉ូមែនទិក និងភ្ញាក់ផ្អើលនឹងមានកាន់តែខ្លាំងទៀត ប្រសិនបើអ្នកអាចចំណាយពេលខ្លះក្នុងការរៀបចំវីដេអូ ឬសៀវភៅមួយ ដែលកត់ត្រានូវពេលវេលាកន្លងមកដែលអ្នកទាំងពីរបាននៅចំណាយជាមួយគ្នា (អាចជ្រើសយករូបថតណាដែលបង្កប់នូវអត្ថន័យ និងអនុស្សាវរីយ៍ជ្រាលជ្រៅដែលបានដក់ជាប់ក្នុងចិត្តរបស់អ្នក ហើយសរសេរបន្ថែមនូវទឹកចិត្ត ក៏ដូចជាអារម្មណ៍ដែលខ្លួនមានចំពោះគេ)។ វាមិនត្រឹមតែបង្ហាញពីជម្រៅបេះដូងរបស់អ្នកទេ វាថែមទាំងបង្កប់នូវភាពស្មោះត្រង់ និងអត់ធ្មត់របស់អ្នកផងដែរ។
របស់បញ្ចាំចិត្ត៖ វាអាចជាគ្រឿងអលង្ការ (ចិញ្ចៀន ខ្សែក ខ្សែដៃ...)ដែលមានឆ្លាក់ឈ្មោះ ឬសញ្ញាផ្សេងៗដែលបញ្ជាក់អំពីចំណងស្នេហ៍របស់អ្នកទាំងពីរ។ ហើយវាក៏អាចជាបន្តោងសោរ ឬវត្ថុផ្សេងទៀតដែលអ្នកគិតថានឹងធ្វើឲ្យគេនឹកឃើញដល់អ្នក រាល់ពេលដែលមើលឃើញវា។ ម្យ៉ាងវិញទៀត វាក៏កាន់តែពិសេសថែមមួយកម្រិតទៀត ប្រសិនបើអ្នកអាចធ្វើវាឡើងដោយដៃផ្ទាល់តែម្តង។
របស់គូស្នេហ៍៖ វាអាចនឹងស្រដៀងនឹងរបស់បញ្ចាំចិត្ត តែរបស់គូស្នេហ៍គឺចាំបាច់ថា អ្នក និងគេប្រើប្រាស់វត្ថុដូចគ្នាជាគូនឹងគ្នា។ ភាគច្រើនជាអាវយឺត គ្រឿងអលង្ការ កែវទឹក ស្រោមទូរស័ព្ទ។ល។ វត្ថុបែបនេះ អ្នកដទៃគ្រាន់តែឃើញហើយ គឺដឹងថាអ្នកមានដៃគូស្នេហាហើយ។
របស់ដែលគេទទូចចង់បាន៖ វាហាក់ដូចជាចាស់គំរិលបន្តិច ដោយសារតែអ្នកប្រហែលជាជួបប្រទះនឹងរូបភាពបែបនេះច្រើននៅក្នុងរឿងភាគស្នេហាផ្សេងៗ ប៉ុន្តែវានៅតែជាទង្វើមួយដែលនាំនូវភាពសប្បាយរីករាយ និងរំភើបចិត្តដល់គេ ដោយសារតែគេមិនត្រឹមតែបានកាដូពីមនុស្សជាទីស្រលាញ់នោះទេ ហើយក៏បានទទួលរបស់ដែលខ្លួនប្រថ្នាចង់បានជាយូរផងដែរ។
ពិធីជប់លៀងជាមួយនឹងមិត្តភក្តិរបស់គេ៖ កុំព្យាយាមទាមទារពេលវេលានៅតែពីរនាក់ ហើយខកខានពេលដែលត្រូវមានកម្មវិធីជាមួយនឹងក្រុមគ្រួសារ ឬមិត្តភក្តិរបស់គេ។ អ្នកអាចនឹងក្លាយជាដៃគូស្នេហាម្នាក់ដែលអាត្មានិយម ហើយប្រៀបបាននឹងឈ្លើងទាមជាប់នឹងគ្នា រកតែបេះមិនចេញ។ បើគេមានកម្មវិធីជប់លៀងជាមួយនឹងមិត្តរួមការងារ មិត្តរួមថ្នាក់ ឬក្រុមគ្រួសារ អ្នកក៏អាចកំដរគេទៅជាមួយគ្នា ឬក៏ពេលខ្លះរួមសហការជាមួយនឹងពួកគេ ដើម្បីរៀបចំទស្សនីយភាពភ្ញាក់ផ្អើលសម្រាប់រូបគេផងដែរ។ ទង្វើបែបនេះក៏អាចនឹងបន្ថែមក្រេឌីតក៏ដូចជាពិន្ទុដល់ខ្លួនអ្នកក្នុងនាមជាសង្សារល្អមួយរូបផងដែរ។
ពេលវេលា៖ ដៃគូស្នេហាខ្លះក៏មិនទាមទារអ្វីច្រើនក្រៅពីពេលវេលាមួយរយៈដែលអាចចំណាយនៅជាមួយគ្នាតែពីរនាក់ទៅកាន់កន្លែងដែលខ្លួនចូលចិត្ត ធ្វើរឿងដែលខ្លួនចង់ធ្វើ។ វាពិតជារឿងដែលគួរឲ្យអន់ចិត្ត និងសោកស្តាយបំផុតប្រសិនបើនៅក្នុងថ្ងៃដ៏ពិសេសតែមួយប្រចាំឆ្នាំរបស់ខ្លួន តែមិនមានវត្តមានមនុស្សពិសេសនៅក្បែរ។ បើទោះជាជួបគ្នារាល់ថ្ងៃ ឬស្រលាញ់គ្នាខ្លាំងយ៉ាងណា ក៏គង់តែមានអារម្មណ៍អន់ចិត្តនឹងគ្នាដែរ។
«ពេលខ្លះ លោកអ្នកអាចនឹងលឺគេនិយាយពីនេះពីនោះថាកាដូខ្លះមិនគួរជូនគ្នានោះទេដោយសារតែអាចនឹងធ្វើឲ្យចំណងស្នេហ៍បែកបាក់ ប៉ុន្តែប្រសិនបើអ្នកទាំងពីរនាក់ពិតជាស្រលាញ់គ្នាដោយស្មោះ ហើយជាគូព្រេងនឹងគ្នាពិតមែននោះ កាដូអ្វីក៏ដោយក៏នៅតែប្រផ្នូលល្អ និងនាំមកនូវរឿងល្អៗដល់ទំនាក់ទំនងរបស់អ្នកទាំងពីរដែរ។ មានតែអ្នកចង់បែកទេ ដែលប្រឹងរកលេសនេះរកលេសនោះ ហើយក៏ចាប់ផ្តើមបន្ទោសរឿងគ្រប់យ៉ាង ឲ្យតែខ្លួនឯងបានរួចខ្លួន។ យ៉ាងណាក៏ដោយ កុំដោយសារតែពាក្យសម្តីរបស់គេ ធ្វើឲ្យខ្លួនឯងពិបាក...ស្នេហាពិត សំខាន់លើទឹកចិត្តស្មោះត្រង់ឲ្យគ្នា...មិនចឹងហី???តែអ្នកក៏មិនអាចបោះបង់អបិយជំនឿចោលទាំងស្រុងដែរ»
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។