កាតព្វកិច្ច៩យ៉ាងដែលគូស្វាមីភរិយាថ្មីថ្មោងត្រូវគិតគូរ
«មានគូស្នេហ៍ខ្លះមានសំណាង និងភព្វព្រេងវាសនាបានរួមរស់ជាមួយគ្នា មិនត្រឹមតែក្នុងឈ្មោះជាគូសង្សារប៉ុណ្ណោះទេ តែក៏បានឈានដល់រសជាតិជីវិតជាមិត្ត១០០ឆ្នាំដែលបានក្រាបក្បាលដល់កន្ទេលសំពះផ្ទឹម ដោយមានការទទួលស្គាល់ជាផ្លូវការពីសំណាក់ក្រុមគ្រួសារទាំងសងខាង។ ទំនាក់ទំនងក្នុងនាមជាសង្សារ និងប្តីប្រពន្ធមានចំណុចច្រើនដែលមានលក្ខណៈខុសប្លែកពីគ្នា ដែលអ្នកត្រូវយកចិត្តទុកដាក់ និងគិតដល់។ ក្នុងនាមគូស្វាមីមួយរូប អ្នកត្រូវតែមានចរិតឫកពារមទម្យ និងចាស់ចិត្តចាស់គំនិត ព្រមទាំងមានភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីប្រឈមនឹងបញ្ហាជាច្រើនដែលអាចនឹងកើតមាន។ ចំណងអាពាហ៍ពិពាហ៍នាំអ្នកទៅកាន់ពិភពថ្មីមួយ ហើយអ្នកខ្លួនឯងផ្ទាល់ត្រូវតែត្រៀមខ្លួនរូចជាស្រេច ក្នុងការប្រឈមនឹងរឿងរ៉ាវផ្សេងៗនៅក្នុងជីវិតក្រោយអាពាហ៍ពិពាហ៍ជាមួយនឹងដៃគូជីវិតរបស់អ្នក។» ហេលស៍ថាម នឹងធ្វើការបង្ហាញត្រួសៗនូវចំណុច៩យ៉ាង ដែលអ្នកតែត្រៀមចិត្តត្រៀមកាយ ៖
បញ្ហាហិរញ្ញវត្ថុ ៖ ខុសស្រលះពីជីវិតនៅលីវ ក្រោយពីរៀបការហើយ អ្នកត្រូវធ្វើការប្រឹក្សាក៏ដូចជាពិភាក្សាជាមួយនឹងដៃគូរបស់អ្នកជាមុនសិន មុននឹងសម្រេចចិត្តធ្វើការចំណាយលើអ្វីមួយ។ ដោយសារតែអ្នកទាំងពីរនឹងត្រូវរ៉ាប់រងនូវកាតព្វកិច្ចធំៗជាច្រើនទៀតនាពេលអនាគត ជាពិសេសការទិញផ្ទះ និងការកសាងគ្រួសារថ្មីមួយទៀត ដែលទាមទារឲ្យអ្នកត្រូវមានផែនការត្រឹមត្រូវ ជាពិសេសការបម្រុងទុកនូវហិរញ្ញវត្ថុរបស់អ្នក។ ការសន្សំសំចៃ ជាកិច្ចការមួយដែលចាំបាច់ជាងគេ ហើយអ្នកត្រូវតែគ្រប់គ្រងចំណាយ និងចំណូលរបស់ខ្លួនឲ្យបានម៉ត់ចត់។ ម្យ៉ាងវិញទៀត អ្នកត្រូវតែមានភាពស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ដោយចៀសវាងដាច់ខាងនូវការលាក់លៀម ឬកិបគេងប្រាក់។
ការយោគយល់គ្នា ៖ អ្នកគួរតែមានការស្វែងយល់ពីដៃគូរបស់អ្នកឲ្យបានច្បាស់ ឲ្យដូចជាស្គាល់ខ្លួនឯង ហើយត្រូវតែចាំគាំទ្រគេគ្រប់កាលៈទេសៈទាំងអស់។ បើទោះជាអ្នកបានចំណាយពេលយូរគ្រាន់ ដើម្បីធ្វើការស្វែងយល់ពីគ្នាយូរគ្រាន់ហើយ មុននឹងរៀបការក៏ដោយ ជីវិតក្រោយអាពាហ៍ពិពាហ៏ជាឱកាសដែលអ្នកនឹងធ្វើការរៀនសូត្រពីគ្នាបានពេញលេញ។ អ្នកត្រូវតែធ្វើការមនុស្សម្នាក់ដែលនឹងស្ថិតនៅក្រោយពីខ្នងជានិច្ច មិនថាក្នុងពេលបែបណា អ្នកនឹងឈរនៅខាងគេហើយផ្តល់កម្លាំងចិត្តដល់គេជានិច្ច។
ការកសាងគ្រួសារថ្មី ៖ ការកសាងគ្រួសារត្រង់នេះ គឺសំដៅដល់ការមានបុត្រសម្រាប់បន្តពូជពង្សវង្សត្រកូល។ អ្នកគួរតែសម្រេចចិត្តយកកូន នៅពេលមួយដែលអ្នកទាំងពីរត្រៀមខ្លួនរួចរាល់។ អ្នកមិនត្រូវគេចតែខ្លួនឯង ហើយសម្រេចចិត្តតែម្នាក់ឯងនោះទេ។ ដោយសារតែការមានបុត្រនឹងបង្កើននូវកាតព្វកិច្ច និងទំនួលខុសត្រូវដ៏ច្រើនលើសលប់ដែលអ្នកនឹងត្រូវរ៉ាប់រង ហេតុនេះហើយអ្នកត្រូវធ្វើការសម្រេចចិត្តជាមួយនឹងប្តី ឬប្រពន្ធរបស់អ្នក ដោយធ្វើការគិតគូរក៏ដូចជាពិចារណាឲ្យបានល្អិតល្អន់។
ការសម្រេចចិត្ត ៖ អ្នកទាំងពីរត្រូវមានទំនួលខុសត្រូវ និងចំណែកស្មើគ្នាក្នុងការសម្រេចចិត្ត។ ហើយអ្វីដែលអ្នកត្រូវចៀសវាងដាច់ខាតនោះ គឺមិនត្រូវធ្វើសម្រេចចិត្តលើរឿងអ្វីមួយដែលដៃគូរបស់អ្នកមិនយល់ព្រមនោះទេ ព្រោះថាការផ្តល់សិទ្ធិស្មើគ្នារវាងអ្នកទាំងពីរអាចជាគន្លឹះមួយដែលនាំឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកបានស្ថិតស្ថេរ។ ជាមួយគ្នានេះដែរ អ្នកមិនគួរលំអៀង ឬសម្របតាមគេ១០០% ឬគ្រប់ពេលនោះទេ ហើយក៏មិនគួរដាច់អហិង្កាប្រកែកថាខ្លួនឯងគិតត្រូវរហូតនោះដែរ គឺអ្នកត្រូវធ្វើចិត្តជាកណ្តាល មិនរឹងរូសពេក ហើយក៏មិនស្រួលពេក។ បើអ្នកធ្វើចិត្តខ្លាំងពេកនោះ ទៅថ្ងៃមុខគេនឹងមានអារម្មណ៍ថាគេមិនស្មើអ្នក ហើយបើស្រួលពេក គេនឹងយល់ថាអ្នកងាយនឹងធ្វើបាប ឬអូសទាញ ហើយក៏បង្កជារឿងមិនល្អទៅអនាគតផងដែរ។
គ្រួសារថ្មី និងធំជាងមុន ៖ ក្រោយពីរៀបការហើយ មិនត្រឹមតែអ្នកទាំងពីរប៉ុណ្ណោះទេ ដែលមានការផ្លាស់ប្តូរ សូម្បីតែគ្រួសារទាំងសងខាងរបស់អ្នកក៏ត្រូវរួមរស់ជាមួយគ្នាដែរ។ អ្នកត្រូវបើកចិត្តឲ្យទូលាយក្នុងការចុះសម្រុងនឹងគ្រួសារគេ ហើយគេក៏ត្រូវចុះសម្រុងដូចគ្នាជាមួយនឹងគ្រួសាររបស់អ្នក។ វាអាចនឹងមានការឈ្លោះប្រកែក ឬទាស់ទែងគ្នាដំបូង តែក្រោយមក អ្នកនឹងអាចសម្របខ្លួន ហើយធ្វើការបន្ស៊ាំខ្លួនជាមិនខាន។
ការសម្របខ្លួន ៖ ស្រដៀងនឹងចំណុចខាងលើដែរ បើទោះជាអ្នកទាំងពីរធ្លាប់បានសិក្សាពីគ្នាហើយ មុនពេលរៀបការហើយក៏ដោយ ការរួមរស់ក្នុងជីវិតជាប្តីប្រពន្ធ នឹងតម្រូវឲ្យអ្នករស់នៅក្បែរគ្នា ហើយជិតស្និទ្ធិជាងមុន។ នៅពេលដែលអ្នកសម្រេចចិត្តថានឹងចែករំលែកពាក់កណ្តាលជីវិតរបស់អ្នកជាមួយនឹងនរណាម្នាក់នោះ អ្នកត្រូវតែត្រៀមខ្លួនរួចជាស្រេចជាមួយនឹងការសម្របខ្លួន ក៏ដូចជារៀបចំខ្លួនឲ្យរួចរាល់ ដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកមានក្តីសុខក្សេមក្សាន្តជារៀងរហូត។ ពេលខ្លះ មានរបស់មួយចំនួនដែលអ្នកត្រូវលះបង់ ដើម្បីដៃគូរបស់អ្នក ហើយអ្នកក៏មិនគួរស្តាយក្រោយដែរ។
ការផ្តល់ពេលវេលាឲ្យគ្នា ៖ ការផ្តល់ពេលវេលាសម្រាប់សា្វមី ឬភរិយារបស់អ្នកជាកាតព្វកិច្ចមួយដ៏ចាំបាច់ផងដែរ។ ប្រសិនបើអាពាហ៍ពិពាហ៍របស់អ្នកត្រូវបានរៀបចំឡើងដោយឳពុកម្តាយនោះ អ្នកចាំបាច់ត្រូវចំណាយពេលវេលាច្រើនជាមួយគ្នា ដើម្បីធ្វើការស្វែងយល់ពីគ្នា។ វាអាចនឹងមានភាពទើសទាល់ច្រើន ដោយសារតែអ្នកទាំងពីរជាមនុស្សថ្មីចំពោះគ្នា ដូចនេះហើយ មានតែពេលវេលានៅជាមួយគ្នាទេ ដែលជួយឲ្យអ្នកអាចបន្ស៊ាំខ្លួន និងចុះសម្រុងនឹងគ្នារហូតដល់អ្នកទាំងពីរប្រាកដក្នុងចិត្តថា មិនថាមានអ្វីកើតឡើង អ្នកនឹងរួមរស់ជាមួយគ្នា និងធ្វើដំណើរឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងទាំងអស់គ្នា។ បើទោះជាមានការមមាញឹកនឹងការងារ ឬការប្រកបរកស៊ីក៏ដោយ ពេលវេលាសម្រាប់អ្នកទាំងពីរ និងក្រុមគ្រួសារត្រូវតែមានច្រើន ជាពិសេសការទទួលទានអាហារជុំគ្នា។ អ្នកអាចនឹងមើលរំលងឱកាសមួយចំនួន តែអ្នកត្រូវចាំថាសុភមង្គលមិនមែនកើតមានដោយឯកឯងនោះទេ អ្នកត្រូវរួមដៃគ្នាបង្កើតពេលវេលាល្អៗជាមួយគ្នាឲ្យបានច្រើន។
ការរៀបចំផែនការ ៖ ការរៀបចំគម្រោង ឬផែនការផ្សេងៗក៏ដើរតួនាទីសំខាន់ផងដែរ។ មុននឹងសម្រេចថាធ្វើកិច្ចការអ្វីមួយ អ្នកត្រូវតែមានផែនការច្បាស់លាស់ មិនថារឿងតូចតាច ឬធំនោះទេ។ ជាក់ស្តែង សូម្បីតែការទិញវត្ថុអ្វីម្យ៉ាង ឬគម្រោងដំណើរកំសាន្តទៅកន្លែងណាមួយក៏ដោយ។ អ្វីៗគ្រប់យ៉ាងត្រូវតែបានត្រៀមរួចស្រេចជានិច្ច។ អ្នកទាំងពីរត្រូវតែធ្វើការពិភាក្សាជាមួយគ្នា ហើយជ្រើសរើសជម្រើសមួយដែលល្អសម្រាប់ទាំងអស់គ្នា។ ប្រសិនបើអ្នកទើបតែជួយប្រទះនឹងឫកពាថ្មីប្លែករបស់ដៃគូ ដែលអ្នកមិនធ្លាប់បានឃើញពីមុនមក អ្វីដែលអ្នកអាចធ្វើបាន គឺប្រើប្រាស់ពេលវេលា ដើម្បីធ្វើការសម្របខ្លួន ដែលវាទាមទារនូវការអត់ធ្មត់ និងការតាំងចិត្ត។ ក្នុងករណីមានបញ្ហាអ្វី អ្នកក៏ត្រូវតែនិយាយចេញមក ដើម្បីស្វែងរកដំណោះស្រាយជាមួយគ្នា ជាជាងការលាក់ទុក ហើយគុំគួនក្នុងចិត្ត។
«សរុបសេចក្តីមក គូស្វាមីភរិយាថ្មីមួយគួប្រៀបបាននឹងគូកនក្នុងការប្រកួតប្រជែងមួយ ហើយពានរង្វាន់ធំ គឺសុភមង្គល។ ហេតុនេះហើយ អ្នកទាំងពីរត្រូវចាប់ដៃគ្នា រួមទាំងកាយ និងចិត្ត ដើរឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន។ បើទោះជាមានរឿងហេតុអ្វីកើតឡើងក៏ដោយ ក៏ត្រូវតែគាំទ្រ និងលើកទឹកចិត្តគ្នាជានិច្ច…»
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។