៧វិធី ជៀសវាងការឡើងទម្ងន់ដោយសារតែបរិភោគរាល់ពេលអផ្សុក

តើអ្នកឩស្សាហ៍បរិភោគអាហារសម្រន់ រាល់ពេលដែលអ្នកធុញទ្រាន់ដែរទេ? តើអ្នកតែងតែដើរទៅកាន់ចង្រ្កានបាយ​ ឬចំណីចំណុកខ្លះៗ ពេលមើលទូរទស្សន៍ ហើយចំពេលផ្សាយស្ព៉តពាណិជ្ជកម្មដែរទេ? មិត្តអ្នកអានភាគច្រើនប្រាកដជាមានទម្លាប់បែបនេះមិនខាន ហើយប្រហែលជាឡើងទម្ងន់ដោយមិនដឹងខ្លួនផងដែរ។ ហេតុផលនៃការបរិភោគមិនចេះចប់នេះក៏ព្រោះដោយសារតែមានអារម្មណ៍ធុញជាជាងព្រោះតែឃ្លាន។ ​ហេតុដូចនេះហើយ ដើម្បីជៀសវាងការបន្តឡើងទម្ងន់ដោយសារលក្ខខណ្ឌបែបនេះ សូមធ្វើការសាកល្បងនូវវិធីទាំង៧ខាងក្រោមទាំងអស់គ្នា ៖

· ងើបដើរចេញក្រៅ ៖ ការងើបដើរចេញទៅក្រៅយូរម្តងៗនឹងជួយបន្លប់អ្នកពីការនឹកឃ្លានដោយសារតែមិនមានអីធ្វើ​។ ព្យាយាមដើរឆ្លងហាងលក់ទំនិញផ្សេងៗដោយមិនយកប្រាក់តាមខ្លួន នោះនឹងអាចបន្ថយការទិញចំណីចំណុកដែលមានកាឡូរីខ្ពស់ ពេលដែលអ្នកឆ្លងកាត់។

· ទទួលទានទឹក ៖ មនុស្សភាគច្រើនយល់ច្រលំការស្រេកទឹកនឹងការឃ្លាន។ មុននឹងទទួលទានចំណីចំណុកផ្សេងៗ សាកល្បងទទួលទានទឹកជាមុនសិន  ហើយចាំមួយសន្ទុះ។ ពេលនោះអារម្មណ៍ឃ្លាននឹងបាត់ទៅវិញ។ ភេសជ្ជៈដទៃក៏មានអត្ថប្រយោជន៍ដែរ​ តែទឹកបរិសុទ្ធមានប្រសិទ្ធភាព និងប្រសើរជាងដោយវានឹងបំពេញជាតិទឹកក្នុងខ្លួនដោយមិនបន្ថែមកាឡូរីអ្វីបន្ថែមឡើយ។

· អង្គុយទទួលទានអាហារ ៖ ការអង្គុយទទួលទានពេលឈរធ្វើឲ្យអ្នកមិនមានអារម្មណ៍ថាខ្លួនឯងមិនមែនកំពុងបរិភោគឡើយ នោះនឹងធ្វើអ្នកញ៉ាំបានកាន់តែច្រើន និងភ្លេចគិតពីកាឡូរី។

· ធ្វើកិច្ចការហត្ថកម្មផ្សេងៗ ៖ មនុស្សខ្លះអផ្សុកពេក ទំនេរដៃមិនដឹងធ្វើអ្វីក៏ទាញយកចំណីមកដាក់ក្នុងមាត់។ តែដើម្បីជៀសវាងបាន រាល់ពេលដែលខ្លួនចាប់ផ្តើមនឹកឃើញចង់ទំពារអ្វីនោះ អ្នកគួរទាញយកក្រណាត់ចាក់រូប ក្រងខ្សែដៃ ឬប្រកបកិច្ចការផ្សេងៗដែលអ្នកចូលចិត្ត។ នោះដៃរបស់អ្នកនឹងរវល់ ហើយជំនួសឲ្យការឡើងទម្ងន់នោះ អ្នកនឹងមានសមិទ្ធផលសម្រាប់បង្ហាញដល់មិត្តភក្តិទៀតផង។

· កុំទទួលទានចំណីពេលកំពុងមើលទូរទស្សន៍ ៖ ក្រោយពេលដែលបើកទូរទស្សន៍មើលហើយ មនុស្សយើងទម្លាប់ទាញចំណីកំប៉ិកកំប៉ុកដាក់ចូលមាត់មិនឈប់។ ហេតុនេះហើយ សាកល្បងធ្វើការងារផ្សេងៗដែលនាំឲ្យដៃរវល់ ដូចជាការអានសៀវភៅជាដើម។

· ធ្វើខ្លួនឯងឲ្យរវល់ ៖ សាកសួរខ្លួនឯងមើលថា តើអ្នកទទួលទានដោយសារតែអ្នកធុញទ្រាន់? គ្មានអ្វីធ្វើ? ចម្លើយភាគច្រើន គឺមកពីទំនេរពេក ដូច្នេះហើយ សាករកការងារឲ្យខ្លួនឯងធ្វើ ដូចជាការអានសៀវភៅ ការអានកាសែត ទស្សនាវដ្តី។ល។

· រៀបចំកន្លែងជុំវិញខ្លួនឲ្យមានរបៀប ៖​ ក្រៅពីការធ្វើការងារហត្ថកម្ម អ្នកក៏អាចបន្លប់ខ្លួនឯងជាមួយនឹងការរៀបចំទូខោអាវ ទូដាក់សៀវភៅ តុរៀន តុធ្វើការ ផ្ទះបាយ បន្ទប់គេង បន្ទប់ទឹក ផងដែរ។

មុននឹងរកអាហារសម្រាប់ទទួលទាន ត្រូវសួរខ្លួនឯងបញ្ជាក់សិនថាតើ ខ្លួនឯងពិតជាឃ្លានមែន ឬដោយសារតែខ្លួនឯងទំនេរពេកទេ។ ការបរិភោគអាហារសម្រន់ ឬចំណីចំណុកបែបនេះ អាចនឹងក្លាយជាទម្លាប់មួយដែលនាំឲ្យសារពាង្គកាយរបស់អ្នកកើនឡើងនូវបរិមាណកាឡូរីជាច្រើន។ ហេតុនេះ ត្រូវទទួលទានអាហារដែលឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីកុំឲ្យឆាប់ឃ្លាន។ អ្វីដែលអ្នកគួរធ្វើ គឺបន្លប់ជាមួយនឹងការងារផ្សេងៗ ដើម្បីកុំឲ្យដៃទំនេរ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Related Word


Comment