ការឈានជើងឆ្ពោះទៅរកបំណងប្រាថ្នាជាគ្រូពេទ្យរោគស្រ្តី
«ឮ ១០ដងមិនស្មើបានឃើញម្ដង ឃើញ១០ដង មិនស្មើបានធ្វើម្ដង» ពីរៀមច្បងម្នាក់នៅក្នុងវិស័យវេជ្ជសាស្ត្រ ផ្នែករោគស្រ្តី។ ទោះយ៉ាងណា មុននឹងឈានដល់ការសាកល្បងផ្ទាល់នូវបទពិសោធន៍នេះ អ្នកក៏គួរតាមដាននូវការចែករំលែកល្អៗអំពីរៀមច្បងដែលបានឆ្លងកាត់មុន ផងដែរទើបជាការប្រសើរ។
សូមណែនាំឲ្យស្គាល់ កញ្ញា វ៉ាន់ សិរីវឌ្ឍនា
ជាកូនស្រីច្បង នៅក្នុងចំណោមបងប្អូន ៤នាក់ និងជាអតីតនិស្សិតអាហារូបករណ៍មុខជំនាញផ្នែកវេជ្ជសាស្រ្ដនៅសាកលវិទ្យាល័យសុខាភិបាល និងមុខជំនាញផ្នែកច្បាប់នៅសាកលវិទ្យាល័យកម្ពុជា ហើយក៏ជានិស្សិតឯកទេសផ្នែកសម្ភពបរិហាវិទ្យា និងរោគស្រ្ដីផងដែរក្រោយពីឆ្លងកាត់ ការប្រឡងជាប់ជាស្ថាពរនូវការជ្រើសរើសឲ្យចូលរៀនបន្តផ្នែកឯកទេសរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាលនាឆ្នាំ២០១៥។
កម្លាំងជំរុញចិត្តក្នុងការជ្រើសរើសមុខជំនាញរោគស្រ្តី
ការសម្រេចចិត្តជ្រើសរើសជំនាញមួយនេះមិនមែនជារឿងចៃដន្យ ឬជាការចង់បានតាមមិត្តភក្ដិឡើយ។ កត្តាសំខាន់ពីរយ៉ាងដែលជំរុញឲ្យចាប់ យកជំនាញមួយនេះគឺ ទី១ ដោយសារតែការស្រលាញ់របស់ខ្លួន និងទី២ គឺជាការជំរុញពីក្រុមគ្រួសារ។ ដោយឡែក ដោយសារតែសង្កេតឃើញថា ខ្លួនឯងផ្ទាល់តែងតែយកចិត្តទុកដាក់ខ្លាំងចំពោះរាល់មេរៀនដែលទាក់ទងនឹងជំនាញនេះខ្លាំងដូចជា ការអានមេរៀនទុកមុនជានិច្ច ការតាមដាន ក៏ដូចជាភាពសកម្មនៅរាល់ពេលម៉ោងបង្រៀនរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជាសាស្រ្ដាចារ្យនៅក្នុងថ្នាក់ និងការសាកសួរនូវរាល់ ចម្ងល់ក្រោយពេលបញ្ចប់ការបង្រៀន ជាពិសេសរាល់ពេលទំនេរ សកម្មភាពដែលមិនសូវខកខានគឺ ការស្វះស្វែងរកសៀវភៅ និងឯកសារ អានបន្ថែមក្នុងបណ្ណាល័យឬតាមរយៈអ៊ីនធឺណែតដើម្បីបំពេញការយល់ដឹងបន្ថែមទាក់ទងនឹងជំនាញដដែលនេះហើយ ទើបមុខជំនាញនេះ ត្រូវបានជ្រើសរើសជាជំនាញនៅថ្ងៃអនាគត។ ចំពោះកត្តាទី២គឺជាកត្តាគ្រួសារ ដែលជាផ្នែកមួយ យ៉ាងសំខាន់ក្នុងដំណើរជីវិតប្រចាំថ្ងៃ និងជីវិតសិក្សារហូតដល់សព្វថ្ងៃ។ អាចនិយាយបានថា ការងារប្រចាំថ្ងៃរបស់ពួកគាត់រវល់យ៉ាងណាក៏ដោយ ក៏លោកឪពុក និងអ្នកម្តាយ របស់ខ្ញុំតែងតែឆ្លៀតពេលយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនៗ និងជាមគ្គទេសក៍ត្រួសត្រាយផ្លូវដើររបស់កូនៗដោយមិនបង្ខិតបង្ខំ។ ផ្ទុយទៅវិញ ពួកគាត់តែងតែយកចិត្តទុកដាក់ចំពោះកូនៗពោរពេញទៅដោយការស្រលាញ់ និងការលើកទឹកចិត្តគ្រប់ពេល។
ដំណើរឆ្ពោះទៅរកការសម្រេចគោលដៅជាគ្រូពេទ្យរោគស្រ្តី
ជាធម្មតា ដើម្បីសម្រេចគោលដៅអ្វីមួយដែលយើងប្រាថ្នាចង់បានមិនមែនជាការងាយស្រួលស្រាប់ហើយ ឧបសគ្គតែងតែកើតមានជានិច្ច មុនពេលទៅដល់គោលដៅមួយនោះ។ ចំពោះគោលដៅនេះផ្ទាល់ ក៏មានការជួបប្រទះនឹងការលំបាកជាច្រើនដូចគ្នា មិនថាជាការសម្រប ខ្លួនទៅនឹងបរិយាកាសការងារ ព្រមទាំងការយកទ្រឹស្ដីមកអនុវត្តជាមួយអ្នកជំងឺជាក់ស្ដែងនៅក្នុងមន្ទីរពេទ្យ ដែលប្រៀបប្រដូចបាននឹងពាក្យ មួយឃ្លាដែលគេតែងនិយាយថា «ឮ ១០ដងមិនស្មើបានឃើញម្ដង ឃើញ១០ដង មិនស្មើបានធ្វើម្ដង»។
បទពិសោធន៍ជាគន្លឹះនៃការដើរទៅមុខដោយជោគជ័យ
តាមរយៈការឆ្លងកាត់ភាពលំបាក និងឧបសគ្គកន្លងមក មានគំនិតយោបល់មួយចំនួនអាចក្លាយទៅជាទុនទុកចែករំលែកដល់ប្អូនៗ ជំនាន់ក្រោយដែលកំពុងចាប់យកជំនាញមួយនេះ។ ចំណុចចម្បង គឺភាពឈ្លាសវៃក្នុងការបត់បែនតាមកាលៈទេសៈ ជាពិសេសការ សម្របខ្លួនទៅនឹងបរិយាកាសការងារនៅមន្ទីរពេទ្យ។ សំខាន់ជាងនេះទៅទៀតគឺ ការចេះលើកទឹកចិត្តខ្លួនឯងរាល់ពេលដែលជួបបញ្ហាទាក់ទង នឹងការប្រលង ឬកំឡុងពេលចុះកម្មសិក្សានៅមន្ទីរពេទ្យ។ សុខភាព ក៏ជាកត្តាមួយដែលមិនអាចមើលរំលងដូចគ្នា ព្រោះការចុះខ្សោយសុខភាព អាចនឹងបណ្តាលឲ្យងាយឆ្លងជំងឺផ្សេងៗ។ ម្យ៉ាងទៀត ការនឿយហត់ ការគេងមិនបានស្កប់ស្កល់ ក៏អាចនឹងជួបប្រទះក្នុងកំឡុងពេលថ្ងៃយាម ផងដែរ។ បន្ថែមពីនេះ កុំភ្លេចរំលឹកខ្លួនឯងគ្រប់ពេលថាឱកាសនៃការក្រេបយកទាំងចំណេះទ្រឹស្ដី និងការអនុវត្ត យើងទាំងអស់គ្នានឹងទទួលបាន បើទោះជាពេលនេះមិនទាន់មានឱកាស តែពេលក្រោយៗនឹងមានឱកាស ព្រោះគ្មាននរណាម្នាក់អាចបង្អាក់ការចង់ចេះចង់ដឹងរបស់យើងបាន ឡើយ ដរាបណាយើងខ្លួនឯងមិនបោះបង់វាចោល។
ពេលទំនេរគឺពេលវេលារបស់អ្នក និងអនាគត
សម្រាប់ពេលទំនេរពីការសិក្សា និងការចុះកម្មសិក្សា ការរៀនបន្ថែមផ្នែកភាសាបរទេសដូចជាភាសាបារាំង និងភាសាអង់គ្លេសក៏ជាកត្តាមួយ ដែលមិនគួរមើលរំលងដាច់ខាត ព្រោះឯកសារដែលរៀននៅក្នុងថ្នាក់ និងឯកសារដែលស្រាវជ្រាវក្នុងអ៊ីនធឺណែត ព្រមទាំងសៀវភៅមួយចំនួន សរសេរឡើងជាភាសាបរទេស។ ស្របពេលដែលបច្ចុប្បន្ន ពិភពលោកមានទំនោរទៅរកសកលរូបនីយកម្ម ដូច្នេះភាសាជាយានមួយយ៉ាងសំខាន់ ក្នុងការប្រាស្រ័យទាក់ទងគ្នា ដូចជាការចូលរួមសិក្ខាសាលាអន្តរជាតិ ឱកាសការងារ និងឱកាសទទួលបានអាហារូបករណ៍នៅបរទេស។ មិនត្រឹមតែប៉ុណ្ណោះ ការសិក្សាឲ្យចេះកាន់តែច្បាស់ និងប្រកបដោយទំនុកចិត្តផ្នែកជំនាញវេជ្ជសាស្រ្ដ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ការយល់ដឹង ឲ្យបានកាន់តែទូលំទូលាយផ្នែកចំណេះដឹងទូទៅ សង្គម វប្បធម៌ សេដ្ឋកិច្ច នយោបាយជាតិ និងអន្តរជាតិជាផ្នែកមួយដែលយើងមិនអាចព្រងើយ កន្តើយបានឡើយ។
កំណត់យ៉ាងច្បាស់នូវក្តីប្រាថ្នាទៅថ្ងៃអនាគតរួចជាស្រេច
ក្រោយពេលបញ្ចប់ការសិក្សា បំណងពីរដែលសំខាន់សម្រាប់អនាគត ក្នុងនោះដំបូងគឺជាការទទួលបានការងារមួយដែលសមរម្យដើម្បីមាន ឱកាសយកជំនាញដែលជាការស្រលាញ់នេះទៅជួយព្យាបាលដល់អ្នកជំងឺកម្ពុជាទាំងអស់។ បន្ទាប់ពីនោះ គឺជាការចែករំលែកចំណេះដឹងដែលបាន រៀនសូត្រ និងអនុវត្តកន្លងមកដល់ប្អូនៗជំនាន់ក្រោយ ជាពិសេសការផ្ដល់ឱកាសក្នុងការអនុវត្តឲ្យបានច្រើន និងការលើកទឹកចិត្តឲ្យពួកគាត់ ក្លាយជាគ្រូពេទ្យដែលប្រជាជនកម្ពុជាផ្ដល់ទំនុកចិត្តឲ្យបានទាំងអស់គ្នា។
"ជាការផ្តាំផ្ញើដល់ប្អូនៗដែលមានបំណងចង់ចូលរៀនផ្នែកនេះម្តងទៀត គឺទី ១ សូមយកចិត្តទុកដាក់លើមេរៀនទ្រឹស្ដី និងស្រាវជ្រាវបន្ថែមដែលវា ទាំងនោះជាមូលដ្ឋានគ្រឹះ ដើម្បីអាចប្រលងជាប់បាន ទី២ សូមឆ្លៀតពេលខ្លះចុះកម្មសិក្សាផ្នែកជំនាញដែលខ្លួនមានបំណងចង់បានដើម្បីជា ដើមទុននៅពេលខ្លួនក្លាយទៅជានិស្សិតឯកទេស និងអាចចៀសពីការលំបាកខ្លះផងដែរ។ ទី៣ អ្វីៗគ្រប់យ៉ាងផ្ដើមចេញពីការស្រលាញ់ និង ការជំរុញរបស់មនុស្សសំខាន់ជុំវិញខ្លួន ដូច្នេះការខិតខំសម្រេចគោលដៅនឹងសម្រេចបាន។ ជាទីបញ្ចប់ ត្រូវខិតខំបង្កើនសមត្ថភាពទាំងអស់គ្នា ដើម្បីទទួលបានទីផ្សារការងារ និងជំនឿចិត្តពីអ្នកជំងឺក្នុងកាលៈទេសៈដែលប្រទេសមានទំនោរទៅរកសមាហរណកម្មក្នុងតំបន់បែបនេះ។"
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។