ឧស្សាហ៍ឈឺក្បាល និង ផ្តាសាយជាប្រចាំ?
Q : ខ្ញុំបាទអាយុ២០ឆ្នាំ កម្ពស់១ម៉ែត្រ៧២ ទម្ងន់៦១គីឡូក្រាម តាំងពីអាយុ១០ឆ្នាំមក តែងមានរោគសញ្ញាឈឺក្បាល និងផ្តាសាយចាប្រចាំ ដែលភាគច្រើនបានប្រើប្រាស់ថ្នាំព្យាបាលពពួកPanadol។ ខ្ញុំចង់សួរថាបញ្ហាខាងលើបណ្តាលមកពីអ្វី? តើគួរមានវិធានការបែបណា ដើម្បីទប់ស្កាត់បាន?
A : ចំពោះករណីប្អូន វាមិនមែនជាជំងឺផ្តាសាយនោះទេព្រោះផ្តាសាយមិនបង្កក្នុងរយៈពេលយូរឆ្នាំបែបនេះឡើយ ដូច្នេះប្អូនប្រហែលជាអាចច្រឡំជាមួយអាល្លែកហ្ស៊ីច្រមុះ ព្រោះជំងឺផ្តាសាយមានការធូរស្បើយទៅវិញយ៉ាងយូរណាស់១អាទិត្យទៅ១០ថ្ងៃ។ តាមការសន្និដ្ឋាន បញ្ហារបស់ប្អូនអាចបង្កមកពីមូលហេតុ ២យ៉ាង៖
១-ប្អូនមានបញ្ហាអាល្លែកហ្ស៊ីច្រមុះ
២-បញ្ហាច្រមុះវៀចឆ្អឹងពីកំណើតដែលប្អូនមិនបានដឹង ព្រោះបញ្ហានេះអាចលេចចេញរោគសញ្ញានៅអាយុណាមួយ។
ហេតុដូចនេះ ប្រសិនជាអាការៈរបស់ប្អូនបង្កដោយមូលហេតុទី១ គឺអាល្លែកហ្ស៊ី គឺត្រូវដឹងពីកត្តាបង្កឲ្យបានច្បាស់លាស់ ហើយចៀសវាងប៉ះពាល់ជាមួយសារធាតុបង្កអាល្លែកហ្ស៊ីរួមផ្សំជាមួយការប្រើប្រាស់ថ្នាំត្រឹមត្រូវ។ រីឯមូលហេតុទី២វិញ គឺត្រូវមកទទួលការព្យាបាលធ្វើឆ្អឹងឲ្យមកត្រង់វិញ ដែលគេហៅថា Septoplasty។
បកស្រាយដោយ ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ