ការប្រឈមនឹងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃអំឡុងពេលមានផ្ទៃពោះ
តាមការរាយការណ៍បង្ហាញថា ជំងឺផ្លូវដង្ហើមគឺជាមូលហេតុសំខាន់ ធ្វើឲ្យមានការកើនឡើងនូវការមានជំងឺ និងការស្លាប់ចំពោះស្រ្តីមានផ្ទៃពោះ។ អំឡុងពេលមានផ្ទៃពោះ ប្រព័ន្ធផ្លូវដង្ហើមរបស់ស្រ្តីមានការផ្លាស់ប្តូរទាំង សរីរវិទ្យា និងកាយវិភាគវិទ្យាយ៉ាងខ្លាំង រួមជាមួយការផ្លាស់ប្តូរផ្នែករូបរាងកាយ និងផ្លូវចិត្តផង អាចរំខានដល់ដំណើរការនៃប្រព័ន្ធផ្លូវដង្ហើមដែលប៉ះពាល់ មិនត្រឹមទៅលើសុខភាពរបស់ស្រ្តី តែក៏គ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃផងដែរ។
តើអំឡុងពេលមានផ្ទៃពោះមានការផ្លាស់ប្តូរអ្វីខ្លះលើផ្លូវដង្ហើម?
បម្រែបម្រួលអ័រម៉ូន ជានិច្ចកាលអាចប៉ះពាល់ទៅដល់ផ្លូវដង្ហើមផ្នែកខាងលើរបស់ស្រ្តី នេះដោយសារតែការពង្រីកខ្លួនរបស់ស្បូន ជាមួយនឹងការលូតលាស់ របស់ទារក ព្រមទាំងសកម្មភាពអ័រម៉ូនផងនោះ ធ្វើឲ្យទីតាំងប្រអប់ទ្រូងរបស់ស្ត្រីត្រូវបានផ្លាស់ប្តូរ។ ខ្យល់ដកដង្ហើមចេញចូលរបស់ស្រ្តី ត្រូវបានកើនឡើង ក្នុងត្រីមាសដំបូងនៃការមានផ្ទៃពោះ បន្ទាប់មកវានឹងក្លាយជាធម្មតាវិញ។ ការកើនឡើងនូវខ្យល់ចេញចូលនេះ (hyperventilation)
បណ្តាលឲ្យចង្វាក់បេះដូងរបស់ស្រ្តីអាចត្រូវបានកើនឡើង ហើយប្រសិនបើវានៅតែបន្តកើនឡើងរហូតដល់ពេលសម្រាល វានឹងធ្វើឲ្យមានការពិបាក ក្នុងការសម្រាលកូន និងអាចជាមូលហេតុនៃជំងឺព្រាយក្រឡាភ្លើង ដែលជាការឡើងសម្ពាធឈាមក្នុងពេលសម្រាលផងដែរ។
តើជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃណាខ្លះ ដែលច្រើនកើតចំពោះស្រ្តីមានផ្ទៃពោះ?
រោគសញ្ញានៃជំងឺផ្លូវដង្ហើមធម្មតាដែលតែងកើតឡើងញឹកញាប់់បំផុតលើស្ត្រី ភាគច្រើន ធ្វើឲ្យស្ត្រីខ្លួនឯងមិនចាប់អារម្មណ៍ ហើយធ្វើការងារជាធម្មតា ដែលទង្វើនេះ ពិតជាមានឥទ្ធិពលមិនល្អដល់ស្រ្តី និងកូន។
ជំងឺរ៉ាំរ៉ៃដែលអាចជួបប្រទះរួមមាន៖
• ជំងឺពិបាកដកដង្ហើម
អំឡុងពេលមានផ្ទៃពោះ ការពិបាកដកដង្ហើមគឺជារឿងទូទៅមួយ ដែលប្រហែលជា៦០% នៃស្ត្រីធ្លាប់មានអាការៈនេះ ដោយសារការប្រឹង ក្រៅពីនេះគឺជាករណី ពិបាកដកដង្ហើមនៅពេលសម្រាក។ ករណីទាំងនេះគឺត្រូវបានដឹងដែរថា ជាការពិបាកដកដង្ហើមធម្មតារបស់ស្ត្រីមានផ្ទៃពោះ ដែលអាការៈនេះ នឹងថយចុះទៅវិញ តាមពេលវេលា និងមិនរំខានដល់ជីវិតឡើយ ក៏ប៉ុន្តែ ប្រសិនបើស្រ្តីជួបវិបត្តិនេះញឹកញាប់ គួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
• ជំងឺហឺត
ជំងឺហឺត ត្រូវបានរាយការណ៍ថា ជាជំងឺដែលកើតឡើងញឹកញាប់បំផុតចំពោះស្ត្រីមានផ្ទៃពោះ។ បើមានរោគសញ្ញាណាមួយនៃជំងឺហឺតអំឡុងពេលមានផ្ទៃពោះ ពិសេសនៅសប្តាហ៍ទី២៤ ដល់ទី៣៦ វាអាចនឹងកាន់តែពិបាក។ ការមានផ្ទៃពោះ គឺជាមូលហេតុមួយ ដែលធ្វើឲ្យជំងឺហឺតរឹតតែវិវឌ្ឍ ហើយទារកដែលកើតមក នឹងមានជំងឺនេះកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត។ ការតឹងទ្រូង ពិបាកដកដង្ហើម ដកដង្ហើមឮសូរ ក្អកញឹកញាប់ និងពិបាកគេង គឺជាសញ្ញាបញ្ជាក់ថា ជាជំងឺហឺត។ ការគ្រប់គ្រងជំងឺហឺតក្នុងពេលមានផ្ទៃពោះ គឺការចៀសវាងនូវមូលហេតុបង្កមួយចំនួន បញ្ឈប់ការជក់បារី និងចៀសវាងការក្អួតចង្អោរញឹកញាប់ ដោយការញ៉ាំអាហារតិច ហើយយឺតៗ។
• Cystic Fibrosis
Cystic Fibrosis ជាជំងឺទាក់ទងនឹងហ្សែន ដែលវាមានផលប៉ះពាល់បំផុតទៅលើសួត និងលំពែង។ ប្រសិនបើមានជំងឺនេះក្នុងកម្រិតស្រាល របបអាហារគ្រប់គ្រាន់ អាចជួយស្ត្រីឲ្យធន់បាននៅអំឡុងពេលមានផ្ទៃពោះ។ បើស្ត្រីមានផ្ទៃពោះដែលកំពុងមានជំងឺ Cystic Fibrosis គួរតែត្រូវបានសង្កេត និងតាមដានឲ្យបានល្អបំផុត។
• ជំងឺរលាកទងសួត
កាលណារលាកទងសួតពេលមានផ្ទៃពោះ វានឹងឲ្យទៅជារលាកសួត ព្រោះតម្រូវការបរិមាណឧស្ម័នអុកស៊ីហ្សែនមិនអាចនាំទៅដល់ទារកក្នុងផ្ទៃបាន ជាហេតុ អាចឲ្យទារក សម្រាលមុនកំណត់ និងមិនគ្រប់គីឡូក្នុងអត្រាខ្ពស់បំផុត។ ករណីគ្រុនក្តៅ រួមជាមួយរលាកទងសួតពេលមានផ្ទៃពោះ អាចបង្កើននូវឱកាស វិវឌ្ឍជា Spina bifida អាចឲ្យទារកស្លាប់បាន។
• ខ្សោយផ្លូវដង្ហើម
មិនញឹកញាប់ ប៉ុន្តែ អ្នកជក់បារីមានអត្រាខ្ពស់បំផុត ចំពោះបញ្ហាខ្សោយផ្លូវដង្ហើមនេះ ដែលជាការពិបាកផ្លាស់ប្តូរឧស្ម័នក្នុងសរសៃឈាមតូចៗនៃសួត។ ការពិគ្រោះយោបល់ និងការត្រួតពិនិត្យ មានសារសំខាន់យ៉ាងខ្លាំងពីព្រោះ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ពិតជាពិបាកដោះស្រាយក្នុងពេលមានផ្ទៃពោះ ហើយជាទូទៅ ការពិនិត្យសុខភាពអ្នក មុន និងក្នុងពេលមានផ្ទៃពោះ ជាជម្រើសល្អបំផុត។ បន្ថែមពីលើនេះទៀត ចំពោះស្ត្រីមានជំងឺហឺត ឬជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃផ្សេងទៀតស្រាប់ គួរតែបង្កើនការប្រុងប្រយ័ត្នបន្ថែមទៅលើស្ថានភាពរបស់ខ្លួន ដើម្បីអាចរកវិធានការក្នុងការព្យាបាលយ៉ាងមានប្រសិទ្ធភាព។
អត្ថបទនេះនាំមកជូនដោយ Dr. Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby's Center។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។