ជានិស្សិតពេទ្យមិនមានT-Shaped Skills ដូចមិនសម...
ជាការពិតណាស់រៀនពេទ្យតែមួយមុខគឺរវល់ខ្លាំងណាស់ ចុះមានពេលឯណាទៅគិតពីរឿងដទៃទៀតនោះ ខំរៀនតែពេទ្យឲ្យពូកែទៅបានហើយ។ តើអ្នកធ្លាប់បានគិតពីពាក្យមួយឃ្លានេះដែរឬទេ?
នៅក្នុងសម័យកាលនេះបើសិនជាអ្នកចេះតែមួយជំនាញនោះអ្នកប្រហែលជាមានការលំបាកបន្តិចហើយដើម្បីចូលចុះជាមួយអ្នកដទៃក្នុងសង្គម។ ប្រាកដជាមានអ្នកអានមួយចំនួនមិនយល់ស្របជាមួយនឹងការនិយាយបែបនេះទេ។ ប៉ុន្តែបើអ្នកជានិស្សិតពេទ្យ ហើយចង់ធ្វើខ្លួនឲ្យបានកាន់តែប្រសើរជាងនេះទៅទៀត អ្នកគួរតែអភិវឌ្ឍនូវជំនាញរាងជាអក្សរ T (T-shaped skills)។ តើអ្វីទៅជា T-shaped skills?
T-shaped skills គឺសំដៅលើជំនាញ២ដែលរួមមាន ជំនាញឯកទេស (Specialization skill) និងជំនាញទូទៅ (Generalization skill)។ នៅត្រង់ចំណុចនេះមានន័យថា ជួរឈរនៃអក្សរ T គឺសំដៅលើជំនាញឯកទេសពោលគឺការរៀនពេទ្យនេះតែម្ដង យើងត្រូវខិតខំប្រឹងប្រែងសម្រួចនូវជំនាញមួយនេះឲ្យបានច្បាស់ ព្រោះថាវាគឺជាជំនាញគោលរបស់យើង។ រីឯជួរដេកនៃអក្សរ T សំដៅលើជំនាញទូទៅគឺការរៀនសូត្រស្រូបយកនូវចំណេះដឹងទូទៅឲ្យបានច្រើន។
ចំពោះអត្ថបទនេះ យើងនឹងផ្តោតសំខាន់តែទៅលើជំនាញទូទៅទេ។ ខាងក្រោមនេះគឺជាការរៀបរាប់បន្ថែមទាក់ទងនឹងជំនាញទូទៅ ហើយយើងត្រូវធ្វើដូចមេ្តចខ្លះទើបអាចធ្វើពង្រឹងនូវជំនាញមួយនេះបាន។
1. ការចូលរួមក្នុងសកម្មភាពសង្គម៖ និស្សិតពេទ្យយើងមួយចំនួនធំពុំសូវមានការចូលរួមក្នុងសកម្មភាពសង្គមនោះទេ ព្រោះពួកគេមិនចង់ចំណាយពេលវេលារបស់ពួកគេទៅធ្វើអ្វីក្រៅពីខិតខំរៀនពេទ្យទេ។ ផ្ទុយទៅវិញ ការចូលរួមនៅក្នុងសកម្មភាពសង្គមផ្សេងៗបានផ្ដល់ជាផលប្រយោជន៍ជាច្រើនដល់យើង។ ក្រៅពីជំនាញដែលអ្នកបានរៀននៅសាលា អ្នកអាចអនុវត្តផ្ទាល់នូវជំនាញផ្សេងៗដូចជាជំនាញក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍ និងការចាប់យកឱកាសផ្សេងៗ។ អ្នកគួរតែចូលរួមក្នុងកម្មវិធីផ្សេងៗ ឬការធ្វើការងារស្ម័គ្រចិត្តមួយចំនួនដើម្បីស្គាល់មនុស្សឲ្យបានច្រើន បង្កើនទំនាក់ទំនង និងប្រមូលយកនូវបទពិសោធន៍ជីវិតក៏ដូចជាចំណេះដឹងផ្សេងៗជាច្រើនទៀត។
2. ការអាន៖ និស្សិតពេទ្យយើងមួយចំនួនដូចជាមានភាពស្មោះស្ម័គ្រខ្លាំងជាមួយសៀវភៅពេទ្យ ពួកគេពុំដែលចំណាយពេលខ្លះដើម្បីអានសៀវភៅផ្សេងក្រៅពីសៀវភៅពេទ្យឡើយ។ តើមាននិស្សិតពេទ្យប៉ុន្មានភាគរយដែលអានសៀវភៅក្រៅពីសៀវភៅពេទ្យ? អ្នកគួរតែចំណាយពេលវេលាមួយចំនួនដើម្បីអាននូវអត្ថបទផ្សេងៗ ចំណេះដឹងទូទៅ ព័ត៌មានក្នុងនិងក្រៅប្រទេស និងសៀវភៅអភិវឌ្ឍខ្លួនឯង (Self-improvement books) មួយចំនួន ដើម្បីពង្រឹងនូវចំណេះដឹងទូទៅ និងជំនាញទន់ (Soft Skill) របស់អ្នក។ ឧទាហរណ៍ តើអ្នកធ្លាប់អង្គុយជុំគ្នាជាមួយមិត្តភក្តិរបស់អ្នកហើយពួកគេចាប់ផ្តើមជជែកពីនេះពីនោះមិនចេះចប់ រីឯអ្នកវិញបានត្រឹមអង្គុយចាំស្ដាប់ពួកគេនិយាយគ្នាដោយមិនបានបញ្ចេញយោបល់សូម្បីតែមួយម៉ាត់ទេ? មូលហេតុនោះគឺអ្នកមិនចេះអ្វីក្រៅពីពេទ្យឡើយ ហើយពួកគេក៏មិនងាយប្តូរប្រធានបទទៅជជែកពីពេទ្យដែរ ព្រោះថាពួកគេពុំមានចំណេះដឹងអំពីពេទ្យនោះទេ។ ដូច្នេះក្នុងករណីនេះអាចសបញ្ជាក់បានថាចំណេះដឹងទូទៅក៏បានដើរតួនាទីយ៉ាងសំខាន់សម្រាប់និស្សិតពេទ្យដែរ។
សរុបមកវិញ វាគឺជាការល្អមួយដែលអ្នកអាចផ្តោតអារម្មណ៍ខិតខំរៀននូវមុខវិជ្ជាពេទ្យនេះឲ្យបានពូកែ ក៏ប៉ុន្តែអ្នកក៏មិនគួរមើលរំលងហើយមិនយកពេលវេលាខ្លះដើម្បីទទួលយកការយល់ដឹងអំពីបញ្ហាក្រៅពីពេទ្យដែរ។