ម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមឆ្នាំ២០១៧ «និស្សិតពេទ្យមិនគួរចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនក្រោយបញ្ចប់ការសិក្សាភ្លាមៗ»
វាជារឿងពិតមួយដែលថា «និស្សិតពេទ្យមិនដែលគិតថាខ្លួនឯងអាចក្លាយជាសហគ្រិនមួយរូបឡើយ»ហើយដើម្បីឆ្លើយតបនឹងផ្នត់គំនិតនេះ ជោគជ័យនៃម្ចាស់ពាន់រង្វាន់សហគ្រិនវ័យក្មេងឆ្នើមមួយរូបក្នុងឆ្នាំ២០១៧នេះ គឺ លោកទន្តបណ្ឌិត ទិត ហុងយឺ នាយកមន្ទីរពេទ្យ ទន្តសាស្ត្ររំចង់ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់។ គួរបញ្ជាក់ផងដែរថា លោកទន្តបណ្ឌិតបានបញ្ចប់ការសិក្សាផ្នែកទន្តបណ្ឌិតក្នុងឆ្នាំ១៩៩៥នៃមហាវិទ្យាល័យទន្តវទនសាស្ត្រ និងបានបន្តការសិក្សាផ្នែកដាំបង្គោលធ្មេញ និងបញ្ចប់ថ្នាក់អនុបណ្ឌិតជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Frankfurt ក្នុងប្រទេសអាឡឺម៉ង់ (២០១៤)។
ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយរូប លោកបានមើលឃើញពីចន្លោះខ្វះខាតតាំងពីពេលទើបចាប់ផ្តើមរួចទៅហើយ ជាក់ស្តែងណាស់ អុ្នកជំងឺមិនត្រូវការតែសេវាថែទាំ ឬព្យាបាលបែបបច្ចេកទេសនោះទេ ពួកគាត់ត្រូវការនូវអារម្មណ៍មួយពេញលេញតាមរយៈការបំពេញសេវាកម្មផ្សេងៗបន្ថែម។ ហេតុដូចនេះ លោកបានធ្វើការវិវឌ្ឍខ្លួន ពីអ្នកបច្ចេកទេសទៅជាសហគ្រិនដែលមានភាពជោគជ័យម្នាក់ក្នុងវិស័យសុខាភិបាល ជាពិសេសផ្នែកទន្តសាស្រ្តផ្ទាល់ ដោយលោកបានធ្វើឲ្យរំចង់មានភាពរីកលូតលាស់ទាំងគុណភាពនៃការព្យាបាល ក៏ដូចជាសេវាកម្មដោយមានការគាំទ្រពីសំណាក់ប្រជាជនទាំងក្នុង និងក្រៅប្រទេស។
សម្រាប់និស្សិតពេទ្យដែលមានបំណងបង្កើតនូវស្ថាប័នផ្តល់សេវាសុខភាពឯកជនមួយដែលមានសក្តានុពលនៅថ្ងៃអនាគត តើពួកគេគួរតែត្រៀមនូវអ្វីខ្លះ?
ខិតខំសិក្សាមុខវិជ្ជាដែលជាជំនាញរបស់ខ្លួន
ការសិក្សាក្នុងវិស័យសុខាភិបាល មិនមែនជារឿងងាយស្រួលដូចជាជំនាញដទៃទៀតនោះទេ គឺវាទាមទារឲ្យ និស្សិតយកចិត្តទុកដាក់ខ្ពស់ មានការតាំងចិត្ត និងការខិតខំស្រាវជ្រាវរបកគំហើញថ្មីៗពីជំនាញរបស់ខ្លួន ហើយការសិក្សាទ្រឹស្តីត្រូវដើរស្របគ្នានឹងការអនុវត្តជាក់ស្តែង។ ទាំងនេះក៏ជាគ្រឹះនៃការកសាងអាជីវកម្មផងដែរ ដូច្នេះត្រូវតែធ្វើវាឲ្យរឹងមាំ។
ការប្រើពេលវេលាឲ្យមានតម្លៃលើការសិក្សាជំនាញ
ការទាញយកពេលវេលាមកប្រើប្រាស់ឲ្យបានត្រឹមត្រូវ ការហ្វឹកហាត់បន្ថែមលើចំណេះជំនាញឯកទេស និងមិនត្រូវបណ្តែតបណ្តោយពេលវេលាឲ្យកន្លងហួសនោះទេ។ បន្ថែមពីនោះផងដែរ ប្អូនៗមិនគួរបណ្តែតបណ្តោយសុខភាពថមថយឡើយ ដូចជាការឧស្សាហ៍ទទួលទានជាតិអាល់កុលច្រើន ការបរិភោគអាហារមិនបានត្រឹមត្រូវជាដើម។
ការរៀនភាសាបរទេសបន្ថែម
មិនថាជាភាសាបារាំង ឬក៏អង់គ្លេសនោះទេ គឺសុទ្ធតែមានប្រយោជន៍ដល់ការសិក្សាជំនាញមួយនេះ ដោយហេតុថារាល់មេរៀនមានភាសាបរទេសស្ទើរគ្រប់ផ្នែក។ ម្យ៉ាងវិញទៀត ការចេះភាសាច្បាស់អាចឲ្យយើងមានសមត្ថភាពគ្រប់គ្រាន់ស្រាវជ្រាវអត្ថបទជំនាញខ្លួនដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាជាឱកាសទទួលបានការសិក្សាបន្តនៅក្រៅប្រទេស ដោយធ្វើឡើងតាមការប្រលងជាភាសាបរទេស។
ចៀសវាងការបើកអាជីវកម្មផ្ទាល់ខ្លួនក្រោយបញ្ចប់ការសិក្សាភ្លាមៗ
ទ្រឹស្តី និងបទពិសោធន៍ដែលទទួលបានពីការសិក្សា គឺមិនទាន់គ្រប់គ្រាន់នោះទេ ហើយនិស្សិតទើបបញ្ចប់ការសិក្សាថ្មីៗក៏មិនទាន់មានភាពឯករាជ្យលើការងារបច្ចេកទេសដែរ។ ដូច្នេះហើយ ការទទួលយកបទពិសោធន៍បន្ថែមតាមរយៈការងារនៅស្ថាប័នណាមួយជាជម្រើសដ៏ល្អ(អាចមានរយៈពេល២ ទៅ៥ឆ្នាំ) ដើម្បីឲ្យខ្លួនឯងបានយល់ដឹងពីដំណើរប្រតិបត្តិការនៃអាជីវកម្មមួយជាពិសេសនៅត្រង់ប្រតិបត្តិការប្រចាំថ្ងៃរួមមានចំណាយ ចំណូល និងកត្តាផ្សេងៗទៀត។
សម្រាប់អ្នកដែលបានត្រៀមខ្លួនរួចរាល់វិញ តើរំចង់ មានគន្លឹះអ្វីពិសេសចង់ចែករំលែកជូនដល់ពួកគាត់ដែរឬទេ?
ការចាប់ផ្តើមអាជីវកម្មពិតជាសំខាន់ ហើយក៏មិនមានភាពងាយស្រួលនោះដែរ ជាពិសេសសម្រាប់វិស័យសុខាភិបាលដែលទាមទារឲ្យមានការទទួលបានទំនុកចិត្តពីអ្នកជំងឺ ប៉ុន្តែជាមួយនឹងគន្លឹះ២ខាងក្រោមនេះ ៖
១ ទិញយកបេះដូងនៃអតិថិជន ៖ បង្កើនទំនុកចិត្តដល់អតិថិជនដោយបម្រើសេវាកម្មស្របតាមតម្រូវការរបស់ពួកគាត់ ហើយការដែលធ្វើបែបនេះបាន អតិថិជនប្រៀបបាននឹងបងប្អូន ឬមិត្តភក្តិដែលរាប់អានគ្នាច្រើនឆ្នាំ ដែលតែងតែនឹកឃើញដល់គ្នាជានិច្ច។
២ ស្មារតីបំពេញការងារជាក្រុម ៖ ក្រៅពីខ្លួនអ្នកផ្ទាល់ធ្វើការដុសខាត់នូវចំណេះដឹង និងជំនាញរបស់ខ្លួនហើយ បុគ្គលិកគ្រប់រូបគ្រប់ជាន់ថ្នាក់គួរតែបម្រើការងារដោយដើរសំដៅលើលើទស្សនវិស័យ និងគោលដៅរួម ជាមួយនឹងមានភាពរឹងមាំ ទំនុកចិត្ត និងជំនឿជាក់ ព្រមទាំងឲ្យតម្លៃគ្នាទៅវិញទៅមក។ ជាក់ស្តែងណាស់ រំចង់បានប្រមូលផ្តុំនូវក្រុមការងារដែលមានស្មារតីជាក្រុមសហការគ្នាបំពេញនូវតម្រូវការរបស់អតិថិជន។
លោកទន្តបណ្ឌិតក៏បានបន្ថែមនូវអនុសាសន៍ដែរថា «ការសិក្សាគឺមិនមានទីបញ្ចប់នោះទេ មិនថាក្នុងរូបភាពផ្សេងៗជាការអានសៀវភៅ ស្រាវជ្រាវឯកសារ ចូលរួមវគ្គសិក្សាខ្លី ឬកម្មវិធីសិក្ខាសាលានានា សុទ្ធសឹងតែជាចំណេះបន្ថែម សុទ្ធតែជួយជំរុញដល់ការអភិវឌ្ឍលក្ខណៈជាបុគ្គល ដើម្បីជាប្រយោជន៍នៃសហគមន៍ និងប្រទេសជាតិទាំងមូល»។ ជាក់ស្តែង រំចង់ក៏មាននូវមានក្លឹបសិក្សាជារៀងរាល់សប្តាហ៍ ដែលគ្រូពេទ្យទាំងអស់ធ្វើការប្រជុំពិភាក្សា និងចូលរួមចែករំលែកបទពិសោធន៍ ឬចំណេះដឹងថ្មីៗ ពីគ្នាទៅវិញទៅមកផងដែរ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។