សារធាតុបំប៉នសំខាន់ៗសម្រាប់សុខភាពស្ត្រីនៅអំឡុងពេល និងក្បែរអស់រដូវ
បម្រែបម្រួលដែលកើតមានឡើងនៅដំណាក់កាលអស់រដូវ និងក្បែរអស់រដូវរបស់ស្ត្រី សុទ្ធសឹងតែអាចចូលរួមផ្តល់ឲ្យស្ត្រីនូវបទពិសោធន៍អាក្រក់ជាច្រើនដែលជះឥទ្ធិពលដល់គុណភាពជីវិត។ ដូចនេះ ការថែទាំដែលជាក់លាក់ គួរតែត្រូវបានធ្វើឡើងដើម្បីទ្រទ្រង់ផាសុកភាពក្នុងពាក់កណ្តាលជីវិតក្រោយរបស់ពួកគាត់។
ការគាំទ្រផ្នែកផ្លូវចិត្ត ការធ្វើលំហាត់ប្រាណ របបអាហារ ក៏ដូចជាឱសថបំប៉នជាដើម ត្រូវបានពិចារណាក្នុងការរួមបញ្ចូលជាចាំបាច់ជាមួយនឹងការព្យាបាលចំពោះស្ត្រីអស់រដូវ។ តួយ៉ាង ជម្រើសនៃឱសថបំប៉នមួយចំនួន ត្រូវបានលើកយកមកពិភាក្សាជាបន្តបន្ទាប់ទាក់ទិននឹងការជួយគាំទ្រយ៉ាងប្រសើរដល់ការព្យាបាលដោយអ័រម៉ូន ក៏ដូចជាការកាត់បន្ថយរោគសញ្ញារំខាន និងការប្រឈមនឹងបញ្ហាសុខភាពជាច្រើនទៀតនៅពេលអស់រដូវ ជាពិសេសឱកាសក្នុងការកាត់បន្ថយកម្រិតអ័រម៉ូនដែលត្រូវប្រើប្រាស់ផងដែរ។
1. សារធាតុចម្រាញ់ពីតែបៃតង (Green Tea Extract)
តែបៃតងត្រូវបានដឹងថាជាប្រភពដ៏សំខាន់មួយនៃសារធាតុ Phytochemicals (រួមមានខ្សែស្រឡាយមួយចំនួននៃពពួក Catechins ដែលក្នុងនោះសម្បូរជាងគេគឺ Epigallocatechin Gallateឬ EGCG) ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា បើប្រៀបទៅនឹងតែខ្មៅ និងតែអ៊ូឡុង។ ក្រៅពីនោះ តែបៃតងក៏មានផ្ទុកសារធាតុពោរ-ពេញដោយអត្ថប្រយោជន៍ជាច្រើនទៀត ដែលធ្វើឲ្យវាត្រូវបានប្រើប្រាស់ក្នុងការការពារជំងឺមហារីកច្រើនប្រភេទ ជំងឺបេះដូង រាក់ស៊ីធ្មេញលើសទម្ងន់ ទឹកនោមផ្អែម និងបង្កើនប្រព័ន្ធការពាររាងកាយ។ គុណប្រយោជន៍របស់វាក៏ត្រូវបានបង្ហាញយ៉ាងគួរឲ្យកត់សម្គាល់ចំពោះស្ត្រីអស់រដូវផងដែរ តាមរយៈការថយចុះនៃបរិមាណជាតិខ្លាញ់ (Triglycerides ឬ TC) និងកូឡេស្តេរ៉ុល (LDL-C) ក្នុងឈាម។ ក្រៅពីនោះ វាក៏ដើរតួយ៉ាងប្រសើរក្នុងការគ្រប់គ្រងទម្ងន់ទៀតផង។
2. សារធាតុ Isoflavones ក្នុងសណ្តែកសៀង (Soy Isoflavones)
Isoflavones ដែលសម្បូរនៅក្នុងសណ្តែកសៀង ត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់ Phytoestrogensដោយសាររចនាសម្ព័ន្ធរបស់វាប្រហែលនឹងអ័រម៉ូនអឺស្ត្រូសែនដែលមានក្នុងខ្លួនរបស់យើង ដែលធ្វើឲ្យវាអាចមានលទ្ធភាពទៅភ្ជាប់នឹងរេស៊ិបទ័ររបស់អឺស្ត្រូសែនបាន និងអាចផ្តល់នូវឥទ្ធិពលដូចទៅនឹងអឺស្ត្រូសែនធម្មជាតិ។ ហេតុនេះហើយ វាត្រូវបានប្រើប្រាស់ជាពិសេសសម្រាប់ស្រ្តីអស់រដូវ ជាមួយនឹងឥទ្ធិពលកាត់បន្ថយរោគសញ្ញានៃការអស់រដូវ មហារីកសុដន់ មហារីកស្បូន ជំងឺប្រព័ន្ធសរសៃឈាមបេះដូង ឆ្អឹង និងបញ្ហាជាច្រើនទៀតដែលស្ត្រីអស់រដូវអាចរងគ្រោះ។ សារធាតុនេះក៏អាចប្រើប្រាស់បានចំពោះកូនក្មេងនិងមនុស្សជំទង់ ដោយពុំមានផលប៉ះពាល់ទៅលើការលូតលាស់របស់ពួកគេឡើយ។ ក្រៅពីនោះ Soy Isoflavones ក៏អាចបញ្ចេញនូវសកម្ម-ភាពការពារកោសិកាប្រសាទ ដែលមានសារប្រយោជន៍ដល់ការលូតលាស់ប្រាជ្ញាស្មារតីអាកប្បកិរិយា និងការបន្តពូជទៀតផង។
3.លីកូប៉ែន (Lycopene)
Lycopene គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានអានុភាពបំផុត ដែលត្រូវបានជ្រើសរើសក្នុងការប្រើប្រាស់សម្រាប់ស្ត្រីអស់រដូវក្នុងការបញ្ចេញចោលនូវពពួករ៉ាឌីកាល់សេរីដែលបង្កើតជាអុកស៊ីតកម្មនៅក្នុងរាងកាយ។ គួរបញ្ជាក់ថា ការថយចុះស្របពេលជាមួយគ្នានៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងអ័រម៉ូនអឺស្ត្រូសែនក្នុងរាងកាយរបស់យើងទៅតាមអាយុ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផលវិបាកពីរោគសញ្ញានៃការអស់រដូវ ក៏ដូចជាបញ្ហាសុខភាពជាច្រើនទៀតរបស់ស្រ្តីដូចជា ជំងឺបេះដូង និងពុកឆ្អឹងជាដើម។ ក្រៅពីនោះ Lycopene ក៏មានសកម្មភាពប្រឆាំងនឹងមហារីក និងការកកខ្លាញ់នៅសរសៃឈាមអាកទែរ(Antiatherogenic) ក៏ដូចជាចូលរួមក្នុងការសម្របសម្រួលអន្តរកម្មរវាងកោសិកា បម្រែបម្រួលអ័រម៉ូន និងប្រព័ន្ធភាពស៊ាំ ព្រមទាំងការខូចខាតនូវចង្វាក់មេតាបូលីសផងដែរ។
4. វីតាមីនសេ (Vitamin C)
ការសិក្សាបានបង្ហាញថា អាស៊ីតអាស្កូបប៊ិច ឬវីតាមីនសេ ជាសារធាតុដ៏សំខាន់សម្រាប់ការកកើតនៃកោសិកាឆ្អឹង ដោយសារតែវាជាអ្នកភ្ញោចProcollagen ដែលជំរុញឲ្យមានការផលិតកូឡាជែន (collagen) និងភ្ញោចសកម្មភាពរបស់ Alkaline phosphatase ដែលជាធាតុសម្គាល់របស់កោសិកាឆ្អឹងថ្មីៗ ក៏ដូចជាការពារការរសាត់នៃឆ្អឹងដែលជាមូលហេតុនៃការពុកឆ្អឹងផងដែរ។ ដោយឡែក ចំពោះស្ត្រីអស់រដូវដែលមានកង្វះនូវអ័រម៉ូនអឺស្ត្រូសែន សម្ពាធនៃអុកស៊ីត-កម្មគឺជាកត្តាដ៏ចម្បងមួយដែលធ្វើឲ្យមានការថយចុះនូវភាពយឺតនៃសរសៃឈាម និងជំរុញឲ្យមានការប្រឈមនឹងជំងឺសរសៃឈាមបេះដូង។ វីតាមីនសេ ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អមួយដែលត្រូវបានប្រើប្រាស់ក្នុងការចូលរួមជំរុញមុខ-ងាររបស់ជញ្ជាំងសរសៃឈាម (Endothelial function) និងរក្សាលំនឹងកូឡេស្តេរ៉ុល (Cholesterol homeostasis) ជាពិសេសចំពោះស្ត្រីដែលមានកត្តាប្រឈមនឹងជំងឺសរសៃឈាមបេះដូង។
5. កាល់ស្យូម (Calcium)
តម្រូវការកាល់ស្យូមនឹងមានការកើនឡើងចំពោះស្ត្រីក្នុងវ័យអស់រដូវ ឬនៅពេលស្ត្រីបាត់បង់នូវអ័រម៉ូនអឺស្ត្រូសែន។ គួរបញ្ជាក់ថា ការស្រូបចូលរបស់កាល់ស្យូមនៅពោះវៀននឹងថយចុះជាលំដាប់ផងដែរទៅតាមអាយុ (នៅអាយុ ៦៥ឆ្នាំ ការស្រូបនេះនឹងថយចុះរហូតដល់ ៥០% បើប្រៀបនឹងវ័យជំទង់)។ ដោយសារតែហេតុការណ៍នេះ ស្ត្រីអស់រដូវត្រូវបានប៉ាន់ប្រមាណថាមានការប្រឈមខ្ពស់ទៅនឹងការបាក់បែកឆ្អឹងដោយសារជំងឺពុកឆ្អឹង។ កាល់ស្យូម អាចបង្កើននូវអានុភាពនៃការធ្វើលំហាត់ប្រាណចំពោះស្ត្រីអស់រដូវ ព្រមទាំងមានសកម្មភាពជំរុញប្រសិទ្ធភាពនៃការព្យាបាលដើម្បីកាត់បន្ថយការបាត់បង់ឆ្អឹង។ ដូចនេះការប្រើប្រាស់កាល់ស្យូមក្នុងកម្រិតសមរម្យគឺជាគន្លឹះយ៉ាងសំខាន់រួមបញ្ចូលក្នុងការព្យាបាលនានាសម្រាប់អ្នកជំងឺដែលមានជំងឺពុកឆ្អឹង។កម្រិតប្រើប្រាស់មិនលើសពី២,៥០០ មីលីក្រាមក្នុងមួយថ្ងៃនៃកាល់ស្យូមតាមរយៈអាហារ និងឬ អាហារបំប៉ន ត្រូវបានបញ្ជាក់ថាមានសុវត្ថិភាពសម្រាប់អ្នកមានសុខភាពល្អទូទៅ។
បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃគ្លីនិកលុច្ស
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ