កំហុស ៨ យ៉ាងអំពីរបបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ការយល់ច្រឡំជាច្រើនអំពីជំងឺទឹកនោមផ្អែម ត្រូវបានលើកឡើងនៅក្នុងសង្គមមនុស្សទូទៅ និងសូម្បីតែអ្នកជំងឺក៏ដូចជាក្រុមគ្រួសាររបស់ពួកគេផ្ទាល់ដែលក្នុងនោះកំហុសអំពីទំនាក់ទំនងរវាងអាហារនិងជាតិស្ករក្នុងឈាមជាមូលហេតុដ៏សំខាន់នៃការបរាជ័យក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ខាងក្រោមជាកំហុស ៨យ៉ាងអំពីរបបអាហារនិងជំងឺទឹកនោមផ្អែមដែលតែងតែកើតមានជាញឹកញាប់។
1. ការបរិភោគស្ករច្រើន ជាមូលហេតុនៃការកើតជំងឺទឹកនោមផ្អែម៖
ការបរិភោគស្ករច្រើនតែម្យ៉ាង មិនអាចបង្កជាជំងឺទឹកនោមផ្អែមឡើយ ប៉ុន្តែវាអាចជាកត្តាជំរុញនៃជំងឺក្នុងករណីខ្លះ។ គួរបញ្ជាក់ថា ជំងឺទឹកនោមផ្អែមប្រភេទ១ អាចបង្កឡើងដោយកត្តាហ្សែន និងកត្តាដែលយើងមិនដឹងណាមួយ រីឯជំងឺទឹកនោមផ្អែមប្រភេទ២ បង្កឡើងដោយកត្តាហ្សែន និងកត្តាប្រឈមមួយចំនួនទៀត រួមទាំងកត្តារស់នៅប្រចាំថ្ងៃ។
ក្រៅពីនោះ ការលើសទម្ងន់ ឡើងសម្ពាធឈាមអាយុលើសពី៤៥ឆ្នាំនិងភាពមិនសូវសកម្មជាដើមសុទ្ធតែជាកត្តាអាចជំរុញឲ្យមានជំងឺទឹកនោមផ្អែម។ ដូចនេះ ស្របពេលដែលអ្នកចៀសវាងការញ៉ាំស្ករច្រើន ការរក្សាបែបផែនរស់នៅប្រកបដោយផាសុកភាព និងការតាមដានសុខភាពទៀងទាត់ក៏ជាកត្តាសំខាន់ផងដែរ។
2. អ្នកជំងឺទឹកនោមផ្អែម មិនអាចបរិភោគអាហារមានជាតិស្ករបានឡើយ៖
ដរាបណាជាតិស្ករក្នុងអាហារស្ថិតក្នុងកម្រិតសមស្របនិងមានការរួមផ្សំនឹងការហាត់ប្រាណអ្នកជំងឺនៅតែអាចបរិភោគអាហារទាំងនោះបាន។ផ្ទុយទៅវិញ ការហាមឃាត់ខ្លួនឯងពេក អាចនាំឲ្យអ្នកជំងឺចង់បរិភោគកាន់តែខ្លាំង និងញ៉ាំកាន់តែច្រើននៅពេលមានឱកាស។ ទោះយ៉ាងណា អ្នកគួរតែបរិភោគវាក្នុងកម្រិតតិចតួច និងរួមផ្សំជាមួយអាហារសុខភាពដទៃ ជាពិសេសគឺប្រូតេអុីន ដើម្បីជួយពន្យឺតការរំលាយ និងការជ្រៀបចូលទៅក្នុងឈាមនៃជាតិស្ករ។ សរុបមក អ្នកគួរចៀសវាងបរិភោគអាហារដែលមានស្ករតែឯង និងត្រូវបរិភោគក្នុងកម្រិតតិចល្មម។
3. អ្នកអាចបរិភោគអាហារដែលមិនមានជាតិស្ករ(SUGAR-FREE) បានតាមចិត្ត៖
អាហារជាច្រើននៅលើទីផ្សារជាអាហារគ្មានជាតិស្ករ ឬ SUGAR-FREE ក៏ប៉ុន្តែអាហារទាំងនោះនៅតែអាចមានសារធាតុដទៃទៀតដូចជាសារធាតុធាត់ឬខ្លាញ់(fat)កាល់ឡូរីនិងសូម្បីតែជាតិកា-បូហាយដ្រេតដែលអាចបំលែងជាជាតិស្ករក្នុងឈាមបាន។ដូចនេះអ្នកនៅតែត្រូវពិនិត្យនិងជ្រើសរើសអាហារទាំងនោះឲ្យបានត្រឹមត្រូវដោយការមើលស្លាកអាហារូបត្ថម្ភ និងប្រើប្រាស់ក្នុងកម្រិតត្រឹមត្រូវ។
4. ម្សៅ ផ្លែឈើ និងអាហារដែលមានកាបូហាយដ្រេត គឺជាសត្រូវរបស់ជំងឺទឹកនោមផ្អែម៖
កាបូហាយដ្រេតមិនមែនជាសត្រូវរបស់អ្នកជំងឺទឹកនោមផ្អែមទេ តែប្រភេទ និងបរិមាណរបស់វាដែលអ្នកបរិភោគ គឺជាអ្វីដែលអ្នកជំងឺត្រូវពិចារណា។
ជម្រើសកាបូហាយដ្រេតដែលល្អគឺពពួកដែលមានសន្ទស្សន៍ជាតិស្ករ(GI)ទាបដោយសារវាអាចជះឥទ្ធិពលដល់ជាតិស្ករក្នុងឈាមយឺតជាងពពួកមាន GI ខ្ពស់។កាបូហាយដ្រេតដែល GI ទាបមាន នំបុ័ងធញ្ញជាតិ សណ្តែក និងស្ពៃក្រៀម បន្លែដែលមិនសូវមានជាតិម្សៅដូចជា ផ្ទី ប្រូខូលី និងប៉េងប៉ោះជាដើម។ ដោយឡែក អាហារម្សៅនិងផ្លែឈើដែលមានជាតិកាបូហាយដ្រេតក៏អាចបញ្ចូលក្នុងរបបអាហាររបស់អ្នកជំងឺបានផងដែរដរាបណាវាស្ថិតក្នុងកម្រិតសមសម្យ។ អ្នកគួរជ្រើសរើសម្សៅដែលមានជាតិសរសៃខ្ពស់ ដូចជាផាស្តា នំបុ័ងធញ្ញជាតិ អង្ករ ដំឡូង ពោតជាដើម។
5. ការប្រើប្រាស់ថ្នាំទឹកនោមផ្អែម អាចឲ្យអ្នកជំងឺបរិភោគបានដោយមិនបាច់តម៖
ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម ទាមទារឲ្យមានការប្រើប្រាស់ថ្នាំបានត្រឹមត្រូវតាមការណែនាំ រួមជាមួយនឹងរបបអាហារសមស្រប និងប្រកបដោយសុខភាពក៏ដូចជាកត្តារស់នៅផ្សេងៗទៀតដែលមានន័យថាអ្នកជំងឺមិនអាចបរិភោគតាមចិត្តចង់ដោយសារតែបានប្រើប្រាស់ថ្នាំហើយនោះទេ។ផ្ទុយទៅវិញ ការបរិភោគមិនបានសមស្រប អាចរារាំងដល់ប្រសិទ្ធភាពរបស់ថ្នាំបានវិញទៀតផង។ទោះយ៉ាងណា អ្នកតែងតែអាចស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានចម្ងល់អំពីការសម្របសម្រួលរបបអាហារ និងការប្រើប្រាស់ថ្នាំ។
6. ការរំលងអាហារនៅពេលណាមួយ ឬរំលងយូរម៉ោង៖
ការរំលង ឬមិនបរិភោគអាហារនៅពេលណាមួយនឹងផ្តល់ផលមិនល្អ មិនថាចំពោះអ្នកជំងឺទឹកនោមផ្អែម ឬអ្នកគ្មានជំងឺឡើយ។ នៅពេលអ្នករំលងអាហារ ថ្លើមនឹងបំលែងជាតិស្ករពីគ្លីកូហ្សែនដែលស្តុកទុកស្របពេលដែលរាងកាយបញ្ចេញនូវអ័រម៉ូនcortisolដោយសារស្ត្រេសពីការមិនបរិភោគ។
កត្តាទាំងនេះត្រូវបានបង្ហាញថា អាចធ្វើឲ្យមានការកើនជាតិស្ករក្នុងឈាមច្រើនជាងអាហារមួយពេលទៅទៀត។ ដូចនេះ អ្នកជំងឺគួរព្យាយាមបរិភោគអាហារតូចៗរៀងរាល់ ៣ ទៅ ៤ម៉ោងម្តងដើម្បីជំរុញមេតាបូលីសរាងកាយ ការពារការកើនឡើង និងធ្លាក់ចុះខ្លាំងនៃជាតិស្ករក្នុងឈាម ព្រមទាំងដុតបំផ្លាញជាតិខ្លាញ់ផងដែរ។
7. អ្នកជំងឺទឹកនោមផ្អែមអាចប្រើប្រាស់ស្ករសិប្បនិម្មិតបានច្រើនតាមចិត្ត៖
ស្ករសិប្បនិម្មិតភាគច្រើន មានរសជាតិផ្អែមជាងស្ករធម្មតា និងមានកាល់ឡូរីទាបរហូតអាចផាត់ចោលបាន ព្រមទាំងអាចធ្វើឲ្យអ្នកប្រើប្រាស់វាតិចជាងស្ករធម្មតាផងដែរ។ ថ្វីត្បិតតែ សុវត្ថិភាពក្នុងការប្រើប្រាស់ស្ករប្រភេទនេះ នៅតែត្រូវបានលើកយកមកពិភាក្សា ក៏ប៉ុន្តែមានប្រភេទស្ករមួយចំនួនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់រួចមកហើយ ក្នុងនោះរួមមាន Saccharin, Aspartame, AcesulfamePotassium, Sucralose, Stevia ជាដើម។
ទោះជាស្ករសិប្បនិម្មិត នៅតែត្រូវបានណែនាំឲ្យប្រើប្រាស់ជំនួសស្ករធម្មតា តែអ្នកក៏ត្រូវចងចាំផងដែរថា ស្ករប្រភេទនេះក៏មានផ្ទុកនូវកាបូហាយដ្រេតក្នុងបរិមាណតិចតួច ដែលទាមទារឲ្យអ្នករក្សាការប្រើប្រាស់ក្នុងកម្រិតសមរម្យជានិច្ច។
8. អ្នកជំងឺទឹកនោមផ្អែមអាចបរិភោគទឹកឃ្មុំជំនួសស្ករបានធម្មតា៖
ទាំងទឹកឃ្មុំ និងស្ករធម្មតា សុទ្ធតែអាចបង្កើនជាតិស្ករក្នុងឈាមបាន តែដោយសារទឹកឃ្មុំមានរសជាតិផ្អែមជាង ដូចនេះ យើងអាចប្រើវាក្នុងបរិមាណតិចជាងបើធៀបនឹងស្ករ។ ទោះយ៉ាងណា ដោយសារទឹកឃ្មុំក៏មានកាបូហាយដ្រេត និងកាល់ឡូរីច្រើនជាងស្ករបន្តិចផងដែរ ដូចនេះ ភាពខុសគ្នានៃឥទ្ធិពលរបស់វាលើជាតិស្ករក្នុងឈាមមានតិចតួចប៉ុណ្ណោះ ដែលមានន័យថាការប្រើប្រាស់វាក៏ទាមទារឲ្យមានកម្រិតសមរម្យដូចស្ករធម្មតាផងដែរ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ