Menu

ជំងឺទឹកដក់ក្នុងភ្នែក និង ការថែទាំ


ជំងឺទឹកដក់ក្នុងភ្នែក និង ការថែទាំ

តាមរយៈការសិក្សារបស់អង្គការសុខភាពពិភពលោកបានបង្ហាញថាករណីពិការភ្នែកដោយសារជំងឺទឹកដក់ក្នុងភ្នែកមានរហូតដល់ទៅជាង ១២.២% ត្រូវនឹងលំដាប់ទី២ ក្នុងចំណោមមូលហេតុនៃភាពពិការភ្នែកបន្ទាប់ពីជំងឺភ្នែកឡើងបាយ។  ព្រមជាមួយនឹងការកើតមានជាញឹកញាប់នេះ សភាពធ្ងន់ធ្ងរនៃជំងឺដែលអាចបណ្តាលឲ្យឈានដល់ការបាត់បង់គំហើញ ធ្វើឲ្យជំងឺទឹកដក់ក្នុងភ្នែកកាន់តែទាមទារនូវការប្រុងប្រយ័ត្នខ្ពស់ផងដែរ។

ដូចម្តេចដែលហៅថា ជំងឺទឹកដក់ក្នុងភ្នែក?
ជាទូទៅ សម្ពាធភ្នែករបស់មនុស្សយើងមានក្រោម២១មីលីម៉ែត្របារ៉ត។ ដោយឡែក ទឹកដក់ក្នុងភ្នែក (Glaucoma)មានន័យថាសម្ពាធនៅក្នុងភ្នែកមានលើសពី ២១ មីលីម៉ែត្របារ៉ត និងមានជំងឺសរសៃអុបទិកឌីសខូចខាត កើនឡើង (Progressive optic neurophathy) ដែលទាំងនេះបង្កឲ្យគំហើញ និងទំហំនៃគំហើញថយចុះ។

ជំងឺទឹកដក់ក្នុងភ្នែក មានមូលហេតុបណ្តាលមកពីអ្វី?
ធម្មតា ការផលិតទឹកក្នុងភ្នែករបស់យើង (Aqueous humour) ចាប់ផ្តើមចេញពីគល់ប្រស្រីភ្នែក (Ciliary body) ដែលជាកន្លែងផលិត បន្ទាប់មកវាហូរមកបន្ទប់ផ្នែកខាងក្រោយ រួចបន្តមកបន្ទប់ភ្នែកខាងមុខ  ហើយត្រូវបានស្រូបចេញតាមចម្រោះ Trabecular Meshwork និងបន្តចេញមកតាម បំពង់តូច (Schlemm's canal) ហើយចុងបញ្ចប់ជ្រាបតាមសរសៃវ៉ែន (Episcleral  vein) ដំណើរការនេះបង្កើតជាតុល្យភាពរវាងការផលិតនិងការស្រូបចេញដែលធ្វើឲ្យសម្ពាធទឹកធម្មតាក្នុងភ្នែករបស់យើងមាក្រោម២១មីលីម៉ែត្របារ៉ត។  ដោយឡែក ជំងឺទឹកដក់ក្នុងភ្នែក បណ្តាលមកពីការបាត់តុល្យភាពរវាងការផលិត និងការស្រូបចេញនៃទឹកក្នុងភ្នែក   ដែលកើតឡើងជាពិសេសដោយសារការបិទផ្លូវទឹកនៅកន្លែងស្រូបចេញ(Trabecular Meshwork)  នាំឲ្យទឹកដែលផលិតក្នុងភ្នែកចេញមិនរួច និងកើនបរិមាណនៅក្នុងនោះបណ្តាលឲ្យសម្ពាធកើនរហូតលើសពី ២១ មីលីម៉ែត្របារ៉ត។

កត្តាអ្វីខ្លះអាចនាំឲ្យមានការប្រឈមនឹងជំងឺទឹកដក់ក្នុងភ្នែក?
ជំងឺនេះចែកចេញជាពីរប្រភេទគឺ ប្រភេទមុំបិទ និងមុំបើក   ដែលអាចកើតមានជាញឹកញាប់លើមនុស្សទាំងពីរភេទ ដោយក្នុងនោះក៏រួមមានកត្តាប្រឈមមួយចំនួនទៀតដូចជា៖
- មានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ
-  ប្រវត្តិគ្រួសារធ្លាប់មានជំងឺទឹកដក់ក្នុងភ្នែក (អាចបង្កើនការប្រឈមរហូតដល់ ១០%)
-  ជំងឺមួយចំនួនដែលអាចបង្កើនការប្រឈមនេះរួមមាន ជំងឺភ្នែកឡើងបាយ ជំងឺទឹកនោមផ្អែម ជំងឺស្ទះសរសៃឈាមនៅបាតភ្នែក ( CRVO )ដែលអាចបង្កើតជាសរសៃឈាមថ្មីតូចៗពាសលើកន្លែងចម្រោះ ធ្វើឲ្យបិទផ្លូវទឹកចេញ, ភ្នែក Hyperopia (ប្រស្រីភ្នែក ឬបន្ទប់ផ្នែកខាងមុខរាក់ដែលបង្កើតជាមុំបិទ) ភ្នែកម្ញ៉ូបខ្ពស់ (ប្រស្រីភ្នែកជ្រៅឬបន្ទប់ផ្នែកខាងមុខជ្រៅ) ជាដើម
- ជំងឺផ្សេងៗទៀតទាក់ទងនឹងការលូតលាស់ខុសប្រក្រតីពីកំណើត  ដែលមានន័យថាអាចមានការវិវឌ្ឍជាជំងឺទឹកដក់ក្នុងភ្នែក តាំង ពីកំណើតផងដែរ។

តើជំងឺទឹកដក់ក្នុងភ្នែកអាចផ្តល់ជារោគសញ្ញាអ្វីខ្លះ?
យើងអាចបែងចែករោគសញ្ញាទៅតាមប្រភេទនៃជំងឺទឹកដក់ក្នុងភ្នែកនីមួយៗ៖
១.ប្រភេទមុំបិទ ជាទូទៅផ្តល់ជារោគសញ្ញាស្រួចស្រាវ (ភ្លាមៗ) និងរ៉ាំរ៉ៃ ដែលក្នុងនោះរួមមាន៖
- ភ្នាសភ្នែកឡើងក្រហម
- ឈឺចុកចាប់នៅក្នុងភ្នែកខ្លាំង
-  គំហើញមានការចុះថយយ៉ាងគំហុក
-  ប្រស្រីភ្នែករីកធំ
-  កញ្ចក់ភ្នែកហើម
-  សម្ពាធទឹកឡើងខ្ពស់ដែលធ្វើឲ្យអ្នកជំងឺឈឺចុកចាប់មួយចំហៀងក្បាល និងមានអាការៈដូចជាក្អួតចង្អោរ ឡេះឡះនៅក្នុងភ្នែកស្ទើរទ្រាំមិនបាន។

គួរបញ្ជាក់ថា ចំពោះទឹកដក់ក្នុងភ្នែកប្រភេទមុំបិទនេះ ច្រើនតែកើតនៅពេលអ្នកជំងឺមានអារម្មណ៍ក្តុកក្តួល សោកសៅ  ឬកើតទុក្ខ ហើយបង្កឲ្យមានការឈឺចាប់  ស្រវាំភ្នែក  និងរោគសញ្ញាផ្សេងទៀត ដែលនាំឲ្យអ្នកជំងឺត្រូវតែស្វែងរកជំនួយពីគ្រូពេទ្យ។

២.ប្រភេទមុំបើក ជាទូទៅច្រើនឲ្យសញ្ញារ៉ាំរ៉ៃ (កើតបន្តិចម្តងៗ) ដែលក្នុងនោះរួមមាន៖
- ភ្នាសភ្នែកឡើងក្រហមតិចតួច   ឬពេលខ្លះភ្នាសភ្នែកសធម្មតា
- មានការចុកអួលភ្នែកបន្តិចបន្តួច ដែលធ្វើឲ្យអ្នកជំងឺមិនមានការចាប់អារម្មណ៍
- គំហើញ និងទំហំគំហើញមានការថយចុះបន្តិចម្តងៗដោយមិនដឹងខ្លួន។
ដោយសារតែរោគសញ្ញារ៉ាំរ៉ៃដែលធ្វើឲ្យអ្នកជំងឺមិនសូវចាប់អារម្មណ៍ ទើបអ្នកជំងឺច្រើនតែទៅជួបគ្រូពេទ្យនៅពេលឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ដែលអាចនឹងហួសពេលក្នុងការទប់ស្កាត់ភាពពិការភ្នែកទៅហើយ។

តើជំងឺទឹកដក់ក្នុងភ្នែកត្រូវធ្វើរោគវិនិច្ឆ័យយ៉ាងដូចម្តេច?
តាមរយៈរោគសញ្ញាដែលបានរៀបរាប់ដូចខាងលើ រួមជាមួយនឹងការធ្វើរោគវិនិច្ឆ័យផ្សេងៗទៀតដោយវេជ្ជបណ្ឌិតឯកទេសភ្នែក ទើបអាចនាំឲ្យឈានដល់ការសន្និដ្ឋានថាជាជំងឺទឹកដក់ក្នុងភ្នែប្រភេទណាមួយ ដោយក្នុងនោះរួមមាន៖
• ការវាស់គំហើញ៖ គំហើញថយចុះ និងទំហំដែនគំហើញរួមតូច
• ការវាស់សម្ពាធទឹកក្នុងភ្នែក៖ សម្ពាធទឹកកើនឡើងលើសពី ២១ មីលីម៉ែត្របារ៉ត
• ការពិនិត្យសរសៃបាតភ្នែក៖ សរសៃអុបទិក ឌីសពីខួរក្បាលខូងដូចបាតខ្ទះ (ទំហំធំចាប់ពី០.៧%)
• ការពិនិត្យប្រភេទមុំ  (បិទ ឬបើក) និងការពិនិត្យដោយឧបករណ៍ផ្សេងៗទៀត។

តើជំងឺទឹកដក់ក្នុងភ្នែកត្រូវព្យាបាលយ៉ាងដូចម្តេច?
ការព្យាបាលចំបាច់ត្រូវធ្វើឡើងដើម្បីរក្សាគំហើញដែលនៅសេសសល់ឲ្យនៅគង់វង្ស ជាមួយនឹងគោលបំណងដើម្បីទាញឲ្យសម្ពាធទឹកថយចុះក្រោម ២១ មីលីម៉ែត្របារ៉ត។ ជាទូទៅ ការព្យាបាលមាន ៣ ដំណាក់កាល៖
១ ការព្យាបាលដោយឱសថ៖
ការប្រើប្រាស់ថ្នាំបន្តក់ដែលមានសកម្មភាពទប់កុំឲ្យផលិតទឹកនៅក្នុងភ្នែកច្រើនពេកនិងប្រភេទមួយទៀតសម្រាប់បង្កើនការស្រូបទឹកចេញពីក្នុងភ្នែកដើម្បីឲ្យសម្ពាធទឹកថយចុះ។ អ្នកជំងឺត្រូវបន្តការប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់   និងទៅតាមការណាត់ជួបរបស់គ្រូពេទ្យ។

២ ការព្យាបាលដោយកាំរស្មីឡេស័រ៖
- ប្រភេទមុំបិទ៖ កាំរស្មីត្រូវបានបាញ់ដើម្បីឲ្យគល់ប្រស្រីមានប្រហោង (L-PI)។ ក្នុងករណីនេះ កាលណាគល់ប្រស្រីបិទ ទឹកនឹងឡើងទៅតាមប្រហោងនោះទៅសង្កត់ប្រស្រីឲ្យចុះមក និងធ្វើឲ្យមុំបើកមកវិញ។
- ប្រភេទមុំបើក៖ កាំរស្មីត្រូវបានបាញ់ត្រង់កន្លែងចម្រោះ  (Laser Trabeculoplasty)ដើម្បីឲ្យចម្រោះនោះបើក និងធ្វើការឡើងវិញក្នុងការស្រូបទឹកចេញ។
- សរសៃបាតភ្នែក៖ ឡេស័រក៏ត្រូវបានបាញ់ទៅលើសរសៃបាតភ្នែក ជាពិសេសចំពោះអ្នកដែលមានការស្ទះសរសៃបាតភ្នែក(ដោយសារមានការបែកសរសៃឈាម ដែលបន្ទាប់មកនាំឲ្យមានការកកើតជាសរសៃឈាមថ្មីៗទៅពាសនៅត្រង់កន្លែងចម្រោះចេញ និងធ្វើឲ្យស្ទះ)។

៣ ការព្យាបាលដោយការវះកាត់ (Glaucoma Filtration Surgery)៖
ជាការបង្កើតផ្លូវទឹក (Trabeculectomy) ដើម្បីឲ្យមានផ្លូវចេញ។ នេះជាជម្រើសចុងក្រោយនៃការព្យាបាលដើម្បីទប់ស្កាត់ការឡើងសម្ពាធទឹកក្នុងភ្នែក និងរក្សាគំហើញកុំឲ្យវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរឬពិការភ្នែកទាំងស្រុង។ ក្នុងករណីដែលមិនបានទទួលការព្យាបាលបានទាន់ពេលវេលា អ្នកជំងឺអាចប្រឈមនឹងភាពពិការភ្នែកអស់មួយជីវិត  ដោយសារតែសរសៃបាតភ្នែក និងដែនគំហើញត្រូវបានខូចខាតទាំងស្រុង និងមិនអាចស្តារឡើងវិញបាន។

ដោយឡែក សម្រាប់អ្នកជំងឺដែលទទួលការព្យាបាលបានត្រឹមត្រូវ អាចរក្សាគំហើញដែលនៅសេសសល់ឲ្យបានគង់វង្សរយៈពេលយូរ កុំឲ្យវិវឌ្ឍទៅរកការខូចខាតទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ គំហើញដែលបានបាត់បង់ដោយសារជំងឺទឹកដក់ក្នុងភ្នែកហើយក៏មិនអាចស្តារឲ្យមកដូចធម្មតាវិញដែរ។

តើគួរធ្វើការតាមដាន និងការថែទាំយ៉ាងណាខ្លះបន្ទាប់ពីព្យាបាល?
ដោយសារជំងឺទឹកដក់ក្នុងភ្នែកទាមទារឲ្យមានការព្យាបាលពេញមួយជីវិត ដូចនេះ ក្រោយពីបានទទួលការព្យាបាលរួច ក៏តម្រូវឲ្យអ្នកជំងឺធ្វើការតាមដានឲ្យបានទៀងទាត់ជាមួយនឹងគ្រូពេទ្យភ្នែកផងដែរ (រៀងរាល់មួយទៅពីរខែម្តងទៅតាមការណាត់)។  

ជាទូទៅ ការតាមដានរួមមានការពិនិត្យសំខាន់ៗដូចជា  សម្ពាធទឹក  ដែនគំហើញ និងភាពខូងនៃសរសៃបាតភ្នែកអុបទិកឌីស។ការតាមដាននេះធ្វើឡើងដើម្បីប្រាកដថាថ្នាំដែលកំពុងប្រើប្រាស់នៅមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺ ឬត្រូវធ្វើការកែតម្រូវផ្សេងៗ។ ចំពោះការព្យាបាលដោយឡេស័រ  និងវះកាត់ក៏តម្រូវឲ្យមានការតាមដានដូចគ្នា ដើម្បីចៀសវាងការវិវឌ្ឍណាមួយដូចជា ការបិទជិតទៅវិញនៃផ្លូវទឹកដែលបានវះកាត់ ឬបាញ់ឡេស័ររួចហើយ ដែលក្នុងករណីនេះ ការព្យាបាលនឹងឈានដល់ដំណាក់កាលមួយទៀតគឺ Tubing ដែលជាការប្រើប្រាស់ Tube implant ដើម្បីបឺតស្រូបទឹកចេញ។  

ដោយឡែក ចំពោះការថែទាំអំឡុងពេល  និងក្រោយពេលព្យាបាលតម្រូវឲ្យអ្នកជំងឺត្រូវធ្វើការបន្តក់ថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា ធ្វើការតាមដានតាមការណាត់ជួបរបស់គ្រូពេទ្យ ភ្នែក  និងអាចប្រើប្រាស់ឱសថជំនួយសរសៃបាតភ្នែកបន្ថែមដើម្បីទប់ស្កាត់ការវិវឌ្ឍ និងការខូចខាតរបស់សរសៃបាតភ្នែកផងដែរ។

តើជំងឺទឹកដក់ក្នុងភ្នែកអាចការពារបានតាមរបៀបណា?
ការការពារអាចធ្វើទៅបានចំពោះតែជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបិទប៉ុណ្ណោះ ដោយជាទូទៅការបាញ់កាំរស្មីឡេស័រត្រូវបានប្រើប្រាស់ ដើម្បី ការពារចំពោះអ្នកដែលមានភ្នែក Hyperopi(ប្រស្រីភ្នែករាក់ឬមុំត្បៀត)។ ចំពោះប្រភេទមុំបើកជាទូទៅអាចទាក់ទងនឹងតំណពូជដែលមិនអាចធ្វើការការពារបានឡើយ ក៏ប៉ុន្តែវាអាចទប់ស្កាត់កុំឲ្យមានការវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរបានដោយការព្យាបាលតាំងពីដំណាក់កាលដំបូង។  

ដូចនេះ ចំពោះអ្នកមានកត្តាប្រឈម   ឬរោគសញ្ញាណាមួយដូចរៀបរាប់ខាងលើ  ឬមិនទាន់មានរោគសញ្ញាដំបូង  ពិសេសអ្នកមានប្រវត្តិគ្រួសារទាក់ទងនឹងជំងឺភ្នែក   គួរមកពិនិត្យភ្នែក ជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែកឲ្យបានរៀងរាល់ ៦ខែ ទៅ ១ឆ្នាំម្តងដើម្បីទប់ស្កាត់និងចៀសវាងភាពពិការភ្នែកឲ្យបានទាន់ពេលវេលា។

បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត  គង់ ពិសិដ្ឋ អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានដេប៉ាតឺម៉ង់អគារចក្ខុរោគ ព្រមទាំងជានាយកមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share:

អត្ថបទទាក់ទង