Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

គេតែងនិយាយថា «ស្នេហាជាអារម្មណ៍ដែលមនុស្សពីរនាក់មានចំពោះគ្នាទៅវិញទៅមក» ចុះស្នេហាតែម្ខាង?មិនគិតថាថាជាស្នេហាដែរទេ៎??? វាដូចជាអយុត្តិធម៌បន្តិច ប្រសិនបើការដែលមនុស្សម្នាក់ស្រលាញ់គេតែម្នាក់ឯងមិនអាចហៅថាជា«ស្នេហា»នោះ…


តវ៉ានេះ មិនមែនដោយសារតែខ្លួនឯងជួបរឿងហ្នឹងតែមួយមុខទេ គឺថា…មកពីដឹងច្បាស់ថា «I am not alone» ដែលមិនអាចទទួលបានក្តីស្រលាញ់ពីមនុស្សដែលបេះដូងត្រូវការ។ ហើយប្រាកដណាស់ វាសេដខ្លាំង តែមិនស្លាប់ទេ គ្រាន់តែឈឺអួលៗម្តងៗ…

មិនមែនមិនដែលទប់ចិត្តទេ គឺទប់អស់ពីទប់ហើយ…រាល់លើក ពេលទៅណាមកណា ឃើញគូស្នេហ៍កៀកកើយ សាសាងស្នេហាគ្នានោះ…ជួនកាលណា៎…បេះដូងវាស្ទើរប្រេះជាចម្រៀកទៀតផង ជាពិសេសពេលម្នាក់នោះនៅជាមួយស្នេហារបស់គេ ហើយម្នាក់នោះជានរណាគេ??? សូមមិនបង្ហាញអត្តសញ្ញាណទៅចុះ ដឹងត្រឹមថាគេជាមនុស្សម្នាក់ដែលបេះដូងខ្ញុំត្រូវការ…

កន្លែងនោះ…
ដោយសារតែភ្នាល់នឹងពួកម៉ាកថានឹងលេងហ្គីតាបទ«You are the one in my life» ឲ្យវា និងស្នេហាវាច្រៀងពេលទៅដើរលេងចុងឆ្នាំនៅកោះ ក៏ត្រូវស្ពាយហ្គីតាទៅរៀនរាល់ល្ងាច…

ថ្ងៃចូលរៀនទីមួយ ក៏ស៊យយ៉ាងហ្នឹង វង្វេងសាលាមធ្យម ងំបែកកង់ម៉ូតូហ្នឹងហ្មង៎!!! ដោយសារតែទុកចិត្តGoogle Map ទើបត្រូវខកម៉ោងឡើងអស់កន្លះម៉ោង…លើកក្រោយឲ្យរាង!!!

គ្រាន់តែដាក់ជន្ទល់ម៉ូតូហើយភ្លាម បេះដូងចាប់ផ្តើតលោតញាប់ ព្រោះថា មិនដែលចូលរៀនអីម្នាក់ឯងបែបនេះនោះទេ…ហើយឡើងសុទ្ធតែប្រុសៗទៀត ព្រះអើយ!!! បើកុំតែដើម្បីឈ្នះ កុំអីសុខចិត្តនៅសម្ងំមើលដ្រាម៉ានៅផ្ទះវិញប្រសើរជាង។ បន្ទាប់ពីរកបានកន្លែងគួរសមហើយ ខ្ញុំក៏ប្រញាប់បើកសៀវភៅមេរៀនមើល ដើម្បីគេចពីការកែវភ្នែករបស់អ្នកនៅជុំវិញ

បើកចុះបើកឡើងមិនដឹងថាត្រូវចាប់ផ្តើមពីអីមកមុន បើមនុស្សមិនដឹងខ្យល់អីម៉ាតិច ពីអាហ្គីតាហ្នឹង…មិនដឹងថាគ្រូនៅណាទៀតហ្នឹងហា៎…ម្នាក់ៗឡើងអត់មាននរណាចាប់អារម្មណ៍ថាខ្ញុំកំពុងឡេឡឺសោះហ្មង គិតតែឈ្ងោកមើលសៀវភៅ ហើយដេញហ្គីតារបស់ខ្លួន…ហ៊ើយ!!!បើដឹងបែបនេះ សុខចិត្តអង្គុយរៀនតាមYoutubeវិញហា៎…

មួយសន្ទុះក្រោយមក…ក៏លឺសំឡេងហ្គីតាយ៉ាងពិរោះ គឺបទ…«មិនស្រលាញ់អូនមិនបាន» ហើយអ្នកលេងហ្នឹងឡើងសង្ហា…ការពិតទៅ មិនសូវជាស្អាតម៉ានទេ តែបានរាងសង្ហា និងទេពកោស្យលេងហ្គីតា និងច្រៀងយោង…ហើយមិនដឹងមកពីណាមកពីណីទេ ញើសឡើងជោគខ្លួន តែនៅតែសង្ហា…

អូយយយយយយយ!!! ភ្លេចខ្លួន…មិនដឹងខ្លួនឯងមុនហ្នឹងមើលគេហើយស្រមៃដល់ណាទេ ទើបបានជាគេមកអង្គុយជិតតាំងពីអង្កាល់ក៏មិនដឹង
បេះដូងលោតញាប់ម៉េះ??? ទៅបន្ទប់ទឹកសិន មុននឹងត្រូវគេចាប់បាន…
«សូមទោសដែលឲ្យចាំយូរ»
«មិនអីទេ…ទើបតែមកដល់ដែរហ្នឹង…»
«និយាយមុខឡើងសើមនៀក…ចែគាត់ប្រាប់ហើយថាយើងហ្នឹងមកអង្គុយធ្វើភ្នែកឡេងឡង់យូរគ្រាន់ហើយដែរ…ប្រឹងកុហកទៅណា???»
«គឺថា…ខំនិយាយឡើងគួរសមហើយ…»
«បាន…តោះ! ចាប់ផ្តើមរៀនវិញ»
រាល់ពេលដែលម្នាក់នោះនិយាយពន្យល់ ខ្ញុំក៏មិនហ៊ានសម្លឹងមើលភ្នែកគេដែរ…មើលបានត្រឹមចំណុចផ្សេងនៅលើមុខ រហូតដល់គេសួរថាភ្នែកសំឡេវមែនទេ??? ហាសហាហាហា…ពូកែសម្តីហ្មងអាប៉ិហ្នឹង!!! តែអីដែលសំខាន់ គឺបង្រៀនឡើងច្បាស់ៗ…លឺអ្នកជិតៗហ្នឹង លួចសរសើរពេញហ្នឹង…
តែប៉ុណ្ណេះ…ដឹងតែមានកម្លាំងចិត្តកាន់តែខ្លាំងហើយ…គិតត្រឹមនាទីនេះ…ឈ្នះចាញ់លែងសូវសំខាន់ហើយ សំខាន់មានគ្រូបង្រៀនសង្ហា ហើយពូកែទៀត

ថ្ងៃនោះ…
ដោយសារតែខំប្រឹងរៀនបន្ថែមនៅផ្ទះផង ទើបអាចលេងបទដែលប្រាថ្នាហ្នឹងបានយ៉ាងលឿន…

ពេលប៉ុន្មានអាទិត្យកន្លងមកនេះ ម្នាក់នោះ និងខ្ញុំក៏ក្លាយជាមិត្តជិតស្និទ្ធក្នុងកម្រិតមួយ ដែលពេលខ្លះ ធ្វើឲ្យខ្ញុំពិបាកបែងចែកថាតើ «យើងជាអ្វីនឹងគ្នា???»
ឆាតជាមួយគ្នាជាប្រចាំ មានអ្វីក៏ចែករំលែកគ្នា លួងលោមរាល់ពេលដែលពិបាកចិត្ត លើកទឹកចិត្តគ្រប់ពេលដែលជួបបញ្ហា ឬបាក់កម្លាំងចិត្ត…ទាំងនេះ ត្រឹមតែជាមិត្តភាពទេមែនទេ៎??? ចំណូលចិត្ត និងចំណាប់អារម្មណ៍ក៏ស្រដៀងគ្នាច្រើន

ដល់ថ្ងៃចុងក្រោយដែលមករៀន ខ្ញុំក៏ដាច់ចិត្តសួរគេថា«យើងនឹងទាក់ទងគ្នាដូចដើមទេ???» គេក៏ឆ្លើយទាំងញញឹមថា «ប្រាកដហើយ…អាប្អូន!!!» ហើយក៏លើកដៃញីសក់ខ្ញុំ (ធ្លាប់ប្រាប់ហើយ ថាខ្ញុំចូលចិត្តពេលគេញីសក់បែបហ្នឹង ហើយក៏តែងតែស្រលាញ់នរណាដែលធ្វើបែបហ្នឹងដែរ…ធ្វើចឹង ចង់ឲ្យគេលង់មែន៎???)។ 

ទើបតែថ្ងៃនោះ ទើបខ្ញុំដឹងថា គេមានសង្សារហើយ គ្រាន់តែត្រូវហ្វឹកហាត់ការងារនៅថៃ២ឆ្នាំ ហើយមូលហេតុដែលមិនមានសិស្សស្រីរៀន ព្រោះស្នេហាគេជាអ្នកហាម តែខ្ញុំក្លាយជាករណីមួយលើកលែងព្រោះតែ ឃើញខ្ញុំស្រីមិនចំស្រី ប្រុសមិនចំប្រុស ក្មេងមិនចំក្មេង ចាស់មិនចំចាស់ ទើបឲ្យរៀន…

គេណាត់ខ្ញុំញ៉ាំអីពេលល្ងាច ដើម្បីជប់លៀងការបញ្ចប់វគ្គសិក្សា…ដំបូង ខ្ញុំចង់បដិសេធ ព្រោះមិនទាន់ធ្វើចិត្តបាន ពេលដឹងលឺពីការពិតដ៏សែនឈឺចាប់ទាំងនោះ ប៉ុន្តែខ្ញុំគ្រាន់តែខ្លាចថាមិនមានឱកាសបែបនេះម្តងទៀត។ តែក៏នៅតែមិនអាចដូចដើម…ខ្ញុំមិនសូវនិយាយស្តីរហូតដល់គេក៏មិនសូវហ៊ានសួរនាំច្រើន…

ពេលនោះ
ទោះបីដឹងហើយថា គេមិនទំនេរ អារម្មណ៍របស់ខ្ញុំក៏មិនអាចផ្លាស់ប្តូរ…អ្វីៗនៅដូចដើម លើកលែងតែការជួបមុខគ្នា…មិនអាចជួបរាល់ថ្ងៃ តែយើងក៏មានឱកាសពេលសៅរ៍-អាទិត្យ ដើម្បីនិពន្ធចម្រៀង…

វាក្លាយជាការងារក្រៅម៉ោងដែលយើងទាំងពីរធ្វើរួមគ្នា…ម្យ៉ាងដែរ…ធ្វើការងារដែលខ្លួនស្រលាញ់ចូលចិត្តរហូតមក ជាមួយមនុស្សដែលតែងតែធ្វើឲ្យបេះដូងលោតញាប់…មិនជឿទេថា គេមិនដឹងថាខ្ញុំគិតយ៉ាងណាចំពោះគេ…តែក៏មិនហ៊ានបញ្ចេញ ព្រោះថាគេមានម្ចាស់ហើយ

បទដែលយើងនិពន្ធភាគច្រើនទាក់ទងនឹងសង្គម មិត្តភាព ស្នេហា និងផ្សេងៗ តែអ្វីដែលមិនអាចនិពន្ធចេញ គឺស្នេហាដែលមនុស្សពីរនាក់ស្រលាញ់គ្នា…ក៏ធ្លាប់បានសាកល្បងហើយដែរ…តែមិនចេញជារូបរាងសោះ…

ពេលមួយ…ម្នាក់នោះបានយកប៉ារ៉ូលចម្រៀងមួយឲ្យខ្ញុំមើល ដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង…គឺថា…ជាចម្រៀងស្នេហា!!! តែ…អត្ថន័យនេះដូចជាចម្លែកម៉េះ??? ចំណងជើងគឺ «តម្រូវការបេះដូង» ពេលសួរទៅថា គេថាព្យាយាមតែង ព្រោះមានគេចង់បានសម្រាប់ដាក់ក្នុងវីដេអូPre-weddingគេ

ខ្ញុំអានហើយក៏មានអារម្មណ៍ថាវាត្រូវនឹងសាច់រឿងរបស់ខ្លួន…តែប្រាកដជាមកពីគិតច្រើនខ្លួនឯង
អ្វីដែលធ្វើបាន គឺមានតែជួយកែសម្រួលតាមហ្នឹង…

ពេលនេះ…ក៏ជាលើកដំបូងដែលគេបបួលខ្ញុំថតសំឡេងសម្រាប់បទហ្នឹង…ខ្ញុំចូលតួជាខ្លាំង ព្រោះគ្រប់ពាក្យក្នុងបទចម្រៀង គឺពិតជាអ្វីដែលខ្ញុំចង់បង្ហាញពិតមែន…គេក៏ដូចគ្នាដែរ…មានអារម្មណ៍ថា បទនេះសម្រាប់យើងពីរនាក់យ៉ាងម៉េចទេ…
យើងទាំងពីរនាក់ស្រែកច្រៀងយ៉ាងសប្បាយចិត្ត…ប្រៀបដូចជាវេទិកាបង្ហាញអារម្មណ៍ដែលមានឲ្យគ្នាដែរ…ក៏ដឹងហើយថា វាជាអារម្មណ៍ដែលមានតែម្ខាង តែពិតជាមិនអាចឃាត់ចិត្តបានមែន…ក្តីសុខតិចតួចដែលខ្ញុំរីករាយនឹងទទួលរហូតមកថតចប់ភ្លាម…គេក៏ប្រញាប់រត់ទៅយកទូរស័ព្ទដូចជាមានអ្វីបន្ទាន់…

ដឹងទេ??? ជាអ្វី??? គេបើកវីដេអូcall ជាមួយនឹងស្នេហាគេតាំងពីពេលណាក៏មិនដឹង…ហើយបទចម្រៀងហ្នឹង គឺសម្រាប់Pre-weddingរបស់គេទាំងពីរហ្នឹងឯង…
ខ្ញុំមិនមានសិទ្ធប្រកាន់ ឬអន់ចិត្តឡើយ ព្រោះវាជាការងារ…ប៉ុន្តែ…ទឹកភ្នែកពេលនេះរឹងក្បាលខ្លាំងណាស់ ហូរមកមិនឈប់…ដើម្បីកុំឲ្យបែកការណ៍ គឺមានតែរត់ទៅបន្ទប់ទឹក…មិនមែនជាលើកទីមួយនោះទេ ដែលខ្ញុំយកបន្ទប់ទឹកជាកន្លែងបង្ហូរទឹកភ្នែក ហើយភាគច្រើនគឺម្នាក់នោះ ជាដើមហេតុ…គេហាក់ដូចជាមានសោរចាក់ទ្វារទឹកភ្នែករបស់ខ្ញុំអញ្ចឹង មុខចាប់ផ្តើមស្ពឹក បេះដូងក៏ឈឺអួល ដៃជើងឡើងទន់…

អ្វីៗគ្រប់យ៉ាង គឺខ្ញុំអ្នកគិតច្រើនដោយខ្លួនឯង…គិតលើសខ្លាំងពេកហើយ…
ក្តីសង្ឃឹមតូចតាចដែលប្រឹងបណ្តុះ និងលាក់ទុករហូតមក ក៏ត្រូវរលាយខ្ចាត់ខ្ចាយអស់រលីងហ្មង!!! 

ការផ្លាស់ប្តូរនោះ
ចាប់ពីពេលនោះមក ខ្ញុំព្យាយាមគេចវេស និងរក្សាគម្លាតពីគេ ហើយវាក៏ជារឿងតែម្យ៉ាងគត់ដែលខ្ញុំអាចធ្វើបាន និងជាជម្រើសល្អបំផុតដើម្បីព្យាបាលរបួសបេះដូងមួយនេះ។ តែអ្វីៗមិនងាយដូចការនិយាយនោះទេ…គ្រប់ពេលដែលឃើញម្នាក់នោះផុសជាមួយនឹងស្នេហាគេម្តងៗ ខ្ញុំប្រៀបបាននឹងតួឯកស្រីក្នុងកុនដែលទឹកភ្នែកហូរស្រក់មកពីណាខ្លះ ក៏មិនដឹង…

ដឹងថាឈឺចាប់ តែរាល់ថ្ងៃបើមិនបានមើលprofileគេម្តងទេ គឺមិនអស់ចិត្តតែម្តង…ពេលខ្លះបើកមើលឆាតដែលយើងតែងលេងជាមួយគ្នាស្ទើរតែគ្រប់នាទី ហើយក៏សើចលាយទឹកភ្នែកតែម្នាក់ឯង…អារម្មណ៍ដែលលឺសំឡេងnotificationsដែលមានឈ្មោះគេ ក៏លែងសូវមានដូចមុន ព្រោះពេលនេះ យើងនិយាយគ្នាតែពេលដែលមានរឿងការងារប៉ុណ្ណោះ…

ខ្ញុំស្ទើរតែបោះបង់ចោលការលេងហ្គីតាព្រោះតែមិនចង់នឹកឃើញដល់គេ…តែ…វាជាលេសតែមួយគត់ដែលអាចឲ្យយើងជួបគ្នាបាន…

ឱកាសនោះ
ព្រោះតែបទ«តម្រូវការបេះដូង» មានភាពពេញនិយមច្រើន ម្នាក់នោះ និងខ្ញុំក៏ត្រូវបានគេអញ្ជើញឲ្យលើកសំដែងនៅលើឆាកប្រគុំតន្រ្តីសប្បុរសធម៌នៅសាលា…បើសិនជាអាច ពិតជាចង់បដិសេធណាស់…តែមិនមានហេតុផលសមស្របអីមួយសោះ…

ជាការលើកសំដែងរួមគ្នាលើកដំបូង ក៏ប្រហែលជាលើកចុងក្រោយដែរ…

ថ្មីៗនេះ គេហាក់ដូចជាប្លែក…តែងតែសួរសុខទុក្ខ និងយកចិត្តទុកដាក់ដូចពីមុន តែសង្ស័យថាគេចង់ឲ្យការសំដែងបានល្អប៉ុណ្ណោះ។ យើងហាត់សមជាមួយគ្នាជាច្រើនដង ទាំងលើ និងក្រោមឆាក ព្រោះថាបំណាច់នឹងបង្ហាញសមត្ថភាព ត្រូវតែធ្វើឲ្យបានល្អ។ ខ្ញុំក៏ធ្លាប់ឲ្យយោបល់ថា គេគួរតែច្រៀងជាមួយស្នេហារបស់គេដែរ តែគ្រាន់តែឆ្លើយថា នាងមិនចេះច្រើនទេ…ម្យ៉ាងទៀត នាងក៏នៅថៃនៅឡើយទៀត
ឆាកដែលរៀបចំ ឡើងរ៉ូមែនទិក…នេះ…ឡើងដូចក្នុងរឿងកុនទៀតហើយ…មិនចង់រំភើបក៏មិនអាចដែរ ពេលនេះនោះ…សូមតែមួយយប់នេះទេ…សូមធ្វើតួឯកតែប៉ុន្មាននាទីនេះទេ…

ពេលវេលាក៏មកដល់…ខ្ញុំឈានជើងមួយជំហានៗលើឆាកដំបូង ឡើងញ័រអស់ហើយ តែម្នាក់នោះហាក់ដូចជាមើលដឹង ក៏ព្យាយាមជួយសម្រួលឲ្យខ្ញុំមានភាពក្លាហាន…ខែ្សភ្នែកគេ…មួយគូនោះ…នាំភាពកក់ក្តៅជាខ្លាំង…
សប្បាយ និងរំភើបពេលទស្សនិកជនស្រែកហ៊ោ…ស្នាមញញឹមរបស់ពួកគេ ធ្វើឲ្យខ្ញុំរឹតតែរឹងមាំថែមទៀត…នៅសុខៗ ស្រាប់តែមានសំឡេងស្រែកហ៊ោកាន់តែខ្លាំង ពិសេសនៅពេលដែលជិតចប់បទ…ខ្ញុំស្មានតែមានកំហុសបច្ចេកទេសអី នៅលើslide តែ…មិនមែនទេ…គឺ…

វីដេអូដែលមានរូបថតខ្ញុំ និងម្នាក់នោះ…កំពុងតែត្រូវបានបញ្ចាំងចំពោះមនុស្សរាប់រយនាក់…

ខ្ញុំស្រឡាំងកាំងភ្លាមៗ…រហូតដល់ពេលលឺសំឡេងរបស់គេ…និយាយថា

«សូមទោស!!! ដែលមិនបានផ្គត់ផ្គង់តម្រូវការបេះដូងរហូតមក…នៅត្រង់ហ្នឹងហើយ…ចាំស្តាប់មួយបទនេះចប់សិន…សឹមនិយាយគ្នា» រួចក៏ងាកទៅព្រិចភ្នែកទៅក្រោយឆាក…អ្វីដែលលឺបន្ទាប់មកទៀត គឺសំឡេងហ៊ោ និងទះដៃពីគ្រប់ជ្រុងទាំងអស់នៃសាល ក្រុមការងារក៏យកកៅអីមួយមកឲ្យខ្ញុំអង្គុយ ហើយម្នាក់នោះក៏យកហ្គីតាដែលជាមិត្តសម្លាញ់របស់គេមកចាប់ផ្តើមលេងនូវចម្រៀងដែលខ្ញុំមិនធ្លាប់លឺពីមុនមក…ប៉ុន្មានឃ្លាដំបូង ក៏ធ្វើឲ្យអ្នកស្តាប់ស្រែកហ៊ោយ៉ាងខ្លាំងទៅហើយ…លើកនេះ នៅលើslidesសុទ្ធតែជារូបថតដែលគេបានលួចថតខ្ញុំ…ទឹកភ្នែកក៏ចាប់ផ្តើមហូរឥតល្ហែទៀតហើយ 

ពិតជាភ័យណាស់…ភ័យខ្លាចថានេះគ្រាន់តែសុបិន្ត…រហូតដល់ពេលដែលគេដើរមកក្បែរ ហើយជូតទឹកភ្នែកទាំងនោះ ហើយយកដៃញីសក់ខ្ញុំដូចរាល់ដង…ហើយឃ្លាចុងក្រោយនៃបទចម្រៀង គឺ«ឲ្យម្នាក់នេះធ្វើជាអ្នកផ្គត់ផ្គង់តម្រូវការបេះដូងម្នាក់នោះ» បានទេ៎???

ខ្ញុំនៅមិនទាន់ឈប់យំនៅឡើយ តែខួរក្បាលនៅដំណើរការល្អ ហើយក៏បញ្ជាក្បាលឲ្យងក់យ៉ាងលឿន…ស្នាមថើបលើថ្ងាស និងការអោបយ៉ាងកក់ក្តៅរបស់ម្នាក់នោះ នាំឲ្យខ្ញុំយល់ថា ឱកាសនេះជាពេលវេលាដ៏មានក្តីសុខរបស់ខ្ញុំ…ទោះបីមិនទាន់ប្រាកដថានេះគ្រាន់តែជាការសំដែងបែបពញ្ញាក់អារម្មណ៍ ឬយ៉ាងម៉េច…តែបេះដូងរបស់ខ្ញុំក៏ប្រាប់ថាស្កប់ស្កល់ហើយ…

មកដល់ក្រោយឆាក ទើបគេទាញដៃខ្ញុំចេញទៅក្រៅសាលយ៉ាងលឿន…ហើយក៏ហុចទូរស័ព្ទគេមកឲ្យខ្ញុំមើលដោយមិននិយាយអ្វីទាំងអស់…គឺ…ជាprofileរបស់ស្នេហាម្នាក់នោះ…គេបានបែកគ្នាហើយ ព្រោះថាខាងស្រីមានស្នេហាថ្មី
គ្រាន់តែឃើញ…ខ្ញុំប្រញាប់ទាញថ្ពាល់ខ្លួនឯង ដើម្បីបញ្ជាក់ថានេះមិនមែនជាការយល់សប្តិ…គេសើចហើយញីសក់ខ្ញុំ និងទាញទៅអោបយ៉ាងណែន…មិនដឹងទេ…គ្រាន់តែដឹងថា…បែបហ្នឹងវាកក់ក្តៅ…

ម្នាក់នោះ
ព្រោះតែគេ…ខ្ញុំចូលចិត្តលេងហ្គីតា
ព្រោះតែគេ…ខ្ញុំស្រលាញ់ការនិពន្ធចម្រៀង
ព្រោះតែគេ…ខ្ញុំស្គាល់អ្វីទៅជាការបារម្ភពីចិត្តពិត
ព្រោះតែគេ…ខ្ញុំអាចរឹងមាំ
ព្រោះតែគេ…ខ្ញុំចេះលើកទឹកចិត្តខ្លួនឯង
ព្រោះតែគេ…ខ្ញុំឈប់ដ្រាម៉ាបែបalone
ព្រោះតែគេ…ខ្ញុំលែងបារម្ភខ្លាចគ្មានអ្នកជូតទឹកភ្នែក…

«ម្នាក់នោះជាអ្នកផ្គត់ផ្គង់តម្រូវការបេះដូងម្នាក់នេះ»

Photo Credit : Dalin Sean


អត្ថបទទាក់ទង

មើលទាំងអស់

នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំឡើងនូវកម្មវិធីមួយស្តីពី សុខភាពបេះដូង «My Heart, Your Heart» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុខភាពបេះដូង និងដើម្បីជំរុញដល់ប្រជាជនកម្ពុជាក្នុងការរស់នៅប្រកបដោយសុខភាពល្អ និងមានភាពសកម្ម។ កម្មវិធីដែលប្រព្រឹត្តឡើងពេញមួយព្រឹកនេះរួមមាន ការពិនិត្យ និងពិគ្រោះយោបល់ទាក់ទងនឹងសុខភាពបេះដូងជូនដល់សាធារណជនដែលអញ្ជើញចូលរួម ការធ្វើបទបង្ហាញ និងវេទិកាពិភាក្សាស្តីពីសុខភាពបេះដូង ក្រោមការចូលរួមពីគ្រូពេទ្យឆ្នើមពីររូបគឺ លោកសាស្ត្រាចារ្យ សុខ ជួរ វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ព្រមទាំងលោកវេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត។  ក្នុងឱកាសនេះផងដែរ លោក Robert Elliott  អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ តែងតែគាំទ្រយ៉ាងពេញទំហឹងលើការលើកកម្ពស់សុខភាព និងសុខុមាលភាព។ កម្មវិធីសុខភាពបេះដូងនាព្រឹកនេះបានផ្សារភ្ជាប់យ៉ាងល្អទៅនឹងគោលដៅរបស់យើងក្នុងការជួយធ្វើឲ្យការសម្រេចចិត្តរបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងជីវិតរបស់ពួកគាត់កាន់តែប្រសើរឡើង។ បេះដូងជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់យើង ហើយនៅពេលដែលបេះដូងមានសុខភាពល្អ គឺប្រៀបដូចជាយើងទទួលបានទ្រព្យដ៏មានតម្លៃបំផុតមួយផងដែរ។» លោក Robert បានបន្ថែមថា៖ «យើងប្តេជ្ញាក្នុងការជួយកសាងអនាគតដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងពោរពេញដោយសុខភាពល្អជូនដល់គ្រួសារកម្ពុជា។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ យើងទើបតែបានសម្ពោធជាផ្លូវការនូវអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកាលពីខែកក្កដា ឆ្នាំនេះ ដែលអត្ថប្រយោជន៍នេះផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុរហូតដល់ ១០ ម៉ឺនដុល្លាអាមេរិក សម្រាប់ស្ថានភាពជំងឺធ្ងន់ធ្ងរនានារួមទាំងជំងឺបេះដូងផងដែរ។» លោកសាស្ត្រាចារ្យ សុខ ជួរ ក៏បានមានប្រសាសន៍ដែរថា៖ «កម្មវិធីនេះមានសារសំខាន់ណាស់សម្រាប់សាធារណជនដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីសុខភាពបេះដូង និងជំងឺសរសៃឈាមបេះដូង។ ទោះបីជាជំងឺបេះដូងមិនមែនជាជំងឺឆ្លងក៏ដោយ ប៉ុន្តែវាអាចប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឲ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ការសិក្សាយល់ដឹងបន្ថែមគឺជាគន្លឹះមួយនៃការការពារពីការកើតជំងឺបេះដូង។» ដោយឡែក ទឹកប្រាក់បរិច្ចាគសប្បុរសធម៌ពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទៅកាន់សមាគមគ្រូពេទ្យបេះដូងកម្ពុជាដែលទទួលបាននាកម្មវិធីព្រឹកថ្ងៃទី ២៨ ខែតុលា នេះមានចំនួនជាទឹកប្រាក់សរុប ៥០០០ ដុល្លាអាមេរិក។ ទាក់ទងនឹងចំណុចនេះ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា៖ «ទឹកប្រាក់បរិច្ចាគសប្បុរសធម៌របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌានឹងត្រូវប្រើប្រាស់ដើម្បីជួយដល់សមាគមគ្រូពេទ្យបេះដូងកម្ពុជាក្នុងការអប់រំ និងលើកកម្ពស់ដល់ការយល់ដឹងអំពីសុខភាពបេះដូងទៅកាន់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀតទឹកប្រាក់សប្បុរសធម៌នេះនឹងជួយគាំទ្រដល់ការផ្តល់ការអប់រំបន្ថែមទៅកាន់វេជ្ជបណ្ឌិតកម្ពុជា ដូច្នេះយើងអាចជួយបង្កើនគុណភាពនៃការព្យាបាល និងអាចអនុញ្ញាតឲ្យគ្រូពេទ្យរបស់យើងផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រផងដែរ។» គួររំលឹកផងដែរថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២ និងជាទីផ្សារចុងក្រោយរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Asia Pacific Customer Service Consotium (APCSC) ដែលរួមមានពានរង្វាន់ទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំឆ្នាំ ពានរង្វាន់ភាពជាអ្នកដឹកនាំសកម្មភាពសង្គមប្រចាំឆ្នាំ និងពានរង្វាន់កិត្តិនាមក្រុមហ៊ុនឆ្នើមប្រចាំឆ្នាំ។  

ថ្ងៃមុន មាននិស្សិតពេទ្យមួយរូបបានចេញផ្សាយនូវ«បទចម្រៀងអង្រួនបេះដូងនិស្សិតពេទ្យ (Vol I)» (បើមិនទាន់អានទេ អាចចុចអាន ត្រង់នេះ បាន) !!! ក្រុមការងារ ក៏បានប្រមូលនូវមតិយោបល់ និងពាក្យណែនាំខ្លះៗរបស់ប្រិយមិត្តអ្នកអាន ជាពិសេសនិស្សិតពេទ្យដទៃទៀត ហើយចងក្រងជាវ៉ុលថ្មីនេះ... ចង់ដឹងថា វ៉ុលនេះ មានអ្វីប្លែកខ្លះ? ហើយអង្រួនបេះដូងដល់កម្រិតណានោះ? តោះ! អានខាងក្រោមជាមួយគ្នា… 1.ដាក់ Braceបេះដូង 2.មាន You, Meលែងត្រូវការ Ibuprofen 3.ជួសឈាម ជំពាក់ស្នេហ៍ 4.មានវ៉ាក់សាំងណាចាក់ឲ្យឈប់នឹកគេ? 5.សារភាពស្នេហ៍តាមវេជ្ជបញ្ជាបេះដូង 6.ត្រូវការអ្នកវាស់ចង្វាក់បេះដូង 7.ស្នេហាអូន/បង មិន resistance 8.ស្រលាញ់មនុស្សម្នាក់ មិនគិតពីក្រុមឈាម 9.ច្រណែនអ្នកថែបេះដូងYou មិនមែន Me 10.ពេលស្តារ មានគេនៅក្បែរ សែនកក់ក្តៅ 11.អូន/បង ជាVidalរបស់បង/អូន 12.ជួបស្នេហ៍ពេលរៀន Botanique 13.បានមើលត្រឹម Anatomy បង 14.ឃើញអូន/បង បង/អូនចង់លេប Para(cetamol) 15.You are my Ibu បើមានអ្វីចង់ចែករំលែកបន្ថែម អាចcommentខាងក្រោមនេះបាន បើបានច្រើន ក្រុមការងារនឹងចងក្រងជាវ៉ុលបន្ទាប់ផងដែរ…ហើយបើមានអ្នកចាប់អារម្មណ៍ចង់សរសេរជាបទចម្រៀងមែនទែននោះ កុំភ្លេចប្រាប់ដល់ក្រុមការងារឲ្យបានដឹងផង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

លក្ខណៈថា…គ្រាន់តែឃើញចំណងជើង ក៏ចង់ស្តាប់តែម្តង  នេះគ្រាន់តែជាvol 01ប៉ុណ្ណោះ…( Vol 02 ក៏នឹងមានចេញក្នុងពេលឆាប់ៗនេះហើយដែរ…) តោះ! ទៅអានលេងជាមួយគ្នា… 1. រៀនពេទ្យខ្វះស្នេហា ប្រៀបដូចដាក់ថ្នាំខ្វះដូស (dose) 2. សុំត្រឹមជាវ៉ាក់សាំងអូន/បង 3. បានទេ សុំធ្វើsupplementអូន/បង? 4. ហេតុអ្វីនឹកគេតែពេលខ្លួនឯងឈឺ? (ហៅគេថាខ្លួនឯង ហៅខ្លួនឯងថាគេ) 5. បង/អូនដាក់គ្រប់doseហើយ ម្តេចឡើយមកវិញ? 6. ស្នេហាអូន/បង គ្មានside-effect 7. សុំPassword សុំអេកូបេះដូង 8. សុំសិទ្ធិធ្វើអង់ទីក័រ 9. គ្មានអូន/បង ដូចគ្មានអុកស៊ីសែន 10. ស្តេតូខាងនេះ នឹកបេះដូងខាងនោះ 11. I think I need Vitamin U 12. ស្នេហាខុស Recepteur 13. អូន/បងជា stimulant របស់បង/អូន 14. បេះដូងអ្នកសល់ថតទំនេរទេ? 15. បេះដូងmurmurs ដោយសារអ្នក មិនមែនលំៗទេណា៎!!! បើមានអ្នកសហការ គិតរកថតបទចម្រៀងខ្លះៗជាមួយគ្នាហី? និយាយពីថា…ខំប្រមែប្រមូលគំនិតមិត្តភក្តិឡើងពេញហ្នឹង ទម្រាំតែបានប៉ុណ្ណឹងណា៎…ហើយបើមានអ្វីប្លែកជាងនេះទៀត ជួយcommentខាងក្រោមផង នឹងអាលបានធ្វើការជម្រុះ ដើម្បីចេញផ្សាយក្នុងvol 02 តែម្តង…

ជាធម្មតា ពេលដែលយើងកំពុងជិះកង់ ម៉ូតូ ឬ ដើរលេងក្នុងភ្នំពេញ យើងមិនសូវចាប់អារម្មណ៍ឃើញរូបគេគូរលើជញ្ជាំងនោះទេ។ ទាល់តែព្យាយាមរកមើលវាទើបឃើញ ដោយសារវាភាគច្រើនលាក់ខ្លួន សម្ងំនៅក្នុងប្លុកដែលមិនសូវមានមនុស្សរស់នៅ ឬនៅក្នុងផ្លូវតូចៗជាដើម។ មូលហេតុនេះហើយដែលធ្វើឲ្យសិល្បៈប្រភេទនេះខុសគេ ដោយសារយើងតែងជួបវាដោយមិនបានរំពឹងទុក ហាក់ដូចជាប្រទះឃើញរឿងសម្ងាត់មួយអញ្ចឹង។ តែបើអញ្ចឹង យើងធ្វើយ៉ាងណាទើបរកពួកវាឃើញ? អ្នកអាចធ្វើដូចពួកយើង ខ្ចប់នំចំនី និងទឹក ហើយដើររកពួកវាមួយរសៀលនៅថ្ងៃសម្រាកណាមួយ។ គ្រាន់តែបេសកកម្មដើររកពួកវាហ្នឹង ក៏សប្បាយទៅហើយ! តើអ្នកធ្លាប់បានឃើញគំនូរទាំងនេះនៅក្នុងទីក្រុងភ្នំពេញទេ? នេះតម្រុយខ្លះ៖ នៅជិតៗរាជវាំងយើងហ្នឹងឯង។ ខំប្រឹងរកមើលផ្ទះវីឡាចាស់មួយនៅលើផ្លូវសម្តេចសុធារស។ បន្ទាប់មក ដើរទៅផ្លូវ ២៤៤ និងផ្លូវតូចៗដែលនៅជិតៗនោះ។ បើរកឃើញ កុំភ្លេចផ្ញើររូបដែលអ្នកថតបានមកឲ្យយើងផង! អត្ថបទជាភាសាអង់គ្លេស ៖ Art Gallery in Your Streets  អត្ថបទដោយ ៖ Vayo -------------------------- វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa

ស្នេហាជាច្បាប់ធម្មជាតិដែលមិនថាអ្នកនៅក្នុងវិស័យណា ឋានៈណា ប្រទេសណា វ័យណា នោះទេ គឺសុទ្ធតែមិនអាចចៀសវាងបាន គ្រាន់តែមានរសជាតិ និងសាច់រឿងផ្សេងៗពីគ្នា… ក្នុងនោះផងដែរ អ្នកនៅក្នុងវិស័យសុខាភិបាលខ្លះ ក៏តែងតែចូលចិត្តប្រើពាក្យបច្ចេកទេសមកប្រើប្រាស់ដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះមនុស្សជាទីស្រលាញ់។ តែ…បើនិយាយជាមួយអ្នកនៅក្នុងវិស័យដូចគ្នា មិនអីនោះទេ តែបើអ្នកផ្សេងនោះ កុំភ្លេចបកប្រែ ឬពន្យល់ប្រាប់គេផង មិនអញ្ចឹងទេ ប្រាកដជាស្វីតតែឯងមិនខាន… ថ្ងៃមុន ទំនេរក៏searchលេងៗ ហើយក៏បានដូចចិត្តមែន…ឃ្លាខាងក្រោមនេះ ទម្រាំតែយល់ គឺថា…យកឲ្យបងប្រុស(មោទនភាពក្នុងនាមជាប្អូនរបស់វេជ្ជបណ្ឌិតមួយរូប XD) តោះ! អ្នកណាខ្លះអានយល់? ធ្លាប់ដែលនិយាយទៅកាន់នរណាអត់ហ្នឹង? អាចអានបានជាការកម្សាន្តជាមួយគ្នា.. 1.    Blood is red, Cyanosis is blue…I get Tachycardia when I think of you… 2.    I AORTA feel how much I Love you… 3.    Are you a Pleural Effusion?  Because I can’t breathe when you are around… 4.    You give me premature ventricular contractions… 5.    You make my Dopamine levels go all silly… 6.    From the AORTA to the APEX, I love you with my whole heart… 7.    You must be a red blood cell because you take the oxygen away from my lung & straight to m y heart... 8.    Are you Pulmonary Embolism? Because you take my breathe away… 9.    You must be Aphasia because you left me speechless… 10.    I need a shot of Love vaccine… 11.    I think you are suffering from a lack of Vitamin Me... 12.    Your calves must ache because you’ve been back-marching through my mind all day... 13.    Are you C-reactive protein? Cause you have acute phase... 14.    ICU in my dreams... 15.    Can I be your ophthalmologist ‘cause I can’t stop looking into your eyes... 16.    You’re the sinoatrial node of my heart. Without you, even a defibrillator won’t save me... 17.    I hope someday to be your emergency contact... 18.    I get all Kluver-Bucy around you... 19.    You must be my coronary artery because you’re wrapped around my heart... 20.    Do you have a band aid? Cos I just scraped my heart falling for you... 

ហ្វេនតារាកូរ៉េប្រាកដជាទទួលបានដំណឹងដ៏សោកសៅមួយហើយ…នោះ គឺការស្លាប់របស់តារាK-popក្នុងវ័យ២៧ឆ្នាំ ដែលជាសិល្បករដ៏ល្បីឈ្មោះ និងមានសមត្ថភាព ដែលជាសមាជិកមួយរូបនៃក្រុមតារាកូរ៉េ Shinee ដែលមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ គឺ Kim Jonghyun ក្រោយពេលដែលត្រូវបានរកឃើញសន្លប់នៅក្នុងបន្ទប់ស្នាក់នៅ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មានហេតុផលជាច្រើនដែលបណ្តាលឲ្យគ្រប់គ្នាគិតថានេះជាករណីធ្វើអត្តឃាត ជាក់ស្តែង បងស្រីរបស់គាត់បានទទួលសារដ៏រន្ធត់ពីគាត់ ដែលមានខ្លឹមសារជាភាសាអង់គ្លេសថា«It's been really hard up until now. Send me off please…» ដែលធ្វើឲ្យគាត់មានការព្រួយបារម្ភ និងផ្តល់ដំណឹង ព្រមទាំងសុំជំនួយសង្រ្គោះដល់ប្អូនប្រុសរបស់ខ្លួន… ក្រោយពីអានព័ត៌មានក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន ខ្ញុំក៏បានរកឃើញហេតុផលមួយទៀតនោះ ដែលមានបង្ហាញនៅខាងក្រោមនេះ។ វាជាខ្លឹមសារនៃសំបុត្របណ្តាំដែល Jonghyunបានផ្ញើទៅកាន់មិត្តភក្តិជិតស្និទ្ធរបស់ខ្លួន ដែលធ្លាប់បានស្តាប់ និងដឹងរឿងរ៉ាវក្នុងចិត្តរបស់ខ្លួនកន្លងមក ព្រមទាំងបានសំណូមពរឲ្យបង្ហោះពីបំណងដែលមាននៅក្នុងបណ្តាំនេះ ក្រោយពេលដែលគាត់លែងមានវត្តមាននៅលើផែនដីនេះទៀត…គួរបញ្ជាក់ផងដែរថា បណ្តាំនេះត្រូវបានបកប្រែជាភាសាខ្មែរ និងមានប្រភពមកពីអត្ថបទព័ត៌មានមួយរបស់ Sabay ។ “ខ្ញុំបានឈឺចាប់គ្រាំចិត្ត។ ជំងឺផ្លូវចិត្តបានលេបត្របាក់ខ្ញុំបន្តិចម្ដងៗរហូតដល់រូបរាងកាយខ្ញុំទាំងមូល ហើយខ្ញុំមិនអាចជម្នះនឹងវាបាន។ ខ្ញុំស្អប់ខ្លួនឯង។ ខ្ញុំបានចាប់យកការចងចាំដែលបានបែកបាក់ទាំងប៉ុន្មាន ហើយប្រឹងប្រែងផ្សារភ្ជាប់ឲ្យវាជាប់គ្នាសាជាថ្មី តែខ្ញុំមិនទទួលបានចម្លើយអ្វីទាំងអស់។ ប្រសិនបើខ្ញុំមិនអាចជួយឲ្យខ្លួនឯងដកដង្ហើមបានស្រួលដូចគេផងនោះ ខ្ញុំគួរតែឈប់ដកដង្ហើមតែម្ដងទៅ វាល្អជាង។ ខ្ញុំបានសួរខ្លួនឯង ដែលមិនអាចទទួលខុសត្រូវចំពោះខ្លួនឯងបាន។ មានតែខ្លួនខ្ញុំតែម្នាក់គត់ ខ្ញុំពិតជាឯកោខ្លាំងណាស់។ វាពិតជាងាយស្រួលណាស់បើនិយាយពីទីបញ្ចប់នោះ។ វាពិតជាពិបាកក្នុងការបញ្ចប់វា។ ខ្ញុំរស់នៅរហូតមកដល់ពេលនេះព្រោះតែការលំបាកទាំងនេះ។ ខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំចង់រត់គេច។ ត្រូវហើយ ខ្ញុំចង់រត់គេចចេញ ពីខ្លួនឯង ពីអ្នកទាំងអស់គ្នា។ ខ្ញុំបានសួរថា តើនរណានៅទីនោះ? គឺជាខ្ញុំ! គឺជាខ្ញុំទៀតហើយ! ហើយវានៅតែជាខ្ញុំដដែល។ ខ្ញុំបានសួរខ្លួនឯងថា ហេតុអីបានជាខ្ញុំនៅតែបន្តបាត់បង់ការចងចាំ? នេះក៏ព្រោះតែចរិតរបស់ខ្ញុំ ខ្ញុំយល់ហើយ ដូចនេះនៅទីបំផុតវានៅតែជាកំហុសរបស់ខ្ញុំទាំងអស់។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ ប៉ុន្តែគ្មាននរណាអើពើនោះទេ។ ពួកគេមិនដែលទាំងជួបខ្ញុំផង ពួកគេមិនដឹងថាខ្ញុំកើតនៅលើលោកនេះផង។ ខ្ញុំបានសួរខ្លួនឯងថា ហេតុអីបានជាពួកគេរស់នៅ? ពួកគេគ្រាន់តែរស់ រស់បន្តដង្ហើមទៅមុខទៀត។ បើសិនជាអ្នកទាំងអស់គ្នាសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំរើសយកការស្លាប់ ខ្ញុំនឹងឆ្លើយថា ដោយសារខ្ញុំហត់នឿយខ្លាំងពេក។ ខ្ញុំទទួលរងការប៉ះទង្គិច ហើយខ្ញុំក៏បានគិតវាយ៉ាងល្អិតល្អន់ច្បាស់លាស់បំផុតដែរ។ ខ្ញុំដឹងថាខ្ញុំមិនអាចផ្លាស់ប្ដូរការឈឺចាប់នេះឲ្យទៅជាអ្វីដែលល្អឡើងវិញបាននោះទេ។ ការឈឺចាប់ វាអ៊ីចឹងឯង វាឈឺ។ ពួកគេបានស្ដីបន្ទោសខ្ញុំ កុំឲ្យខ្ញុំធ្វើរឿងបែបនេះ ហេតុអី? ហេតុអីខ្ញុំមិនអាចបញ្ចប់រឿងមួយតាមអ្វីដែលខ្ញុំចង់ធ្វើ? ពួកគេបានប្រាប់ខ្ញុំឲ្យរកដើមហេតុនៃការឈឺចាប់របស់ខ្ញុំ។ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ ខ្ញុំឈឺចាប់ដោយសារតែខ្លួនខ្ញុំ។ វាជាកំហុសរបស់ខ្ញុំ ហើយទាំងអស់នេះព្រោះតែខ្ញុំខ្វះខាតអ្វីមួយ។ លោកគ្រូពេទ្យ នេះជាអ្វីដែលលោកចង់ឮមែនទេ? អត់ទេ ខ្ញុំមិនបានធ្វើអ្វីខុសនោះទេ។ នៅពេលដែលសំឡេងដ៏ពីរោះបានស្ដីបន្ទោសមកលើចរិតរបស់ខ្ញុំ ខ្ញុំបានគិតថា ធ្វើជាគ្រូពេទ្យស្រួលអ៊ីចឹងសោះ។ មនុស្សដែលឆ្លងកាត់ការលំបាកខ្លាំងជាងខ្ញុំ ពួកគេរស់នៅធម្មតា មនុស្សដែលទន់ខ្សោយជាងខ្ញុំ ពួកគេនៅតែទ្រាំទ្ររស់នៅបាន។ ប្រហែលវាមិនមែនជាការពិតនោះទេ គ្មាននរណាម្នាក់ពិបាក និងទន់ខ្សោយជាងខ្ញុំ ហើយនៅបន្តរស់នៅបានទៀតនោះទេ។ ខ្ញុំនៅតែសួរខ្លួនឯងថាហេតុអ្វីខ្ញុំនៅតែព្យាយាមរាប់រយដងហើយ វានៅតែមិនបានផលល្អសម្រាប់ខ្លួនឯង។ វាសម្រាប់អ្នកទាំងអស់គ្នា សូមកុំនិយាយអ្វីទាំងអស់ បើសិនជាអ្នកមិនយល់ពីវានោះ។ រកមូលហេតុ ហេតុអីបានជាខ្ញុំទទួលរងភាពឈឺចាប់? ខ្ញុំបានប្រាប់ហើយថាហេតុអ្វី។ វាពិតជាខុសខ្លាំងណាស់មែនទេដែលត្រូវឈឺចាប់ខ្លាំងដោយសាររឿងនេះ តើខ្ញុំគួរតែមានហេតុផលដូចក្នុងរឿងច្រើនជាងនេះមែនទេ? ហេតុផលច្បាស់លាស់ជាងនេះ? ខ្ញុំបានប្រាប់អ្នកហើយ។ អ្នកមិនបានស្តាប់ឮទេ? អ្វីដែលអ្នកអាចឆ្លងកាត់បាន វាមិនតាមលងបន្លាចជីវិតអ្នកនោះទេ។ តតាំងជាមួយពិភពលោកដែលមិនមែនសម្រាប់ខ្ញុំ។ ជីវិតនៃកេរ្តិ៍ឈ្មោះមិនមែនសម្រាប់ខ្ញុំ។ នេះជាហេតុផលដែលខ្ញុំឈឺចាប់។ ព្រោះតែខ្ញុំល្បីល្បាញ។ ហេតុអ្វីខ្ញុំរើសយកផ្លូវនេះ? វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់។ វាជាចម្ងល់ដែលស្ថិតនៅជាមួយខ្ញុំជារៀងរហូត។ ខ្ញុំអាចនិយាយអ្វីបាន គ្រាន់តែប្រាប់ខ្ញុំថាខ្ញុំធ្វើវាបានល្អហើយ។ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ដែលខ្ញុំប្រឹងប្រែងបានយ៉ាងនេះ។ ទោះបីជាអ្នកមិនអាចញញឹមបានតែកុំកុហកខ្ញុំពេលខ្ញុំចេញទៅ។ អ្នកធ្វើវាបានល្អណាស់ អ្នកប្រឹងប្រែងខ្លាំងណាស់។ លាហើយ។" គ្រាន់តែអានហើយ ក៏មានអារម្មណ៍ថាសោកសៅ និងយល់ដឹងថា គាត់មានបញ្ហាជាច្រើនលាក់ទុកនៅក្នុងចិត្ត… យ៉ាងណាក៏ដោយ នរណាក៏មិនអាចចៀសផុតពីបញ្ហា ដែលត្រូវតែជួបប្រទះក្នុងរូបភាពផ្សេងៗគ្នានៅក្នុងដំណើរជីវិតនោះឡើយ។ វាជាការពិត ដែលពេលខ្លះ យើងពិបាកខ្លាំង…ពិបាកធ្វើចិត្តខ្លាំង…ពេលដែលអារម្មណ៍បែបនោះ កើតមានឡើងម្តងៗក៏ធ្វើឲ្យខ្លួនឯងលែងមើលឃើញពីតម្លៃនៃជីវិត ហើយទាមទារចង់ចាកចេញពីរឿងរ៉ាវគ្រប់យ៉ាងដោយមិនប្រឹងប្រែងអំពីដំណោះស្រាយ តែបែរជាចង់បញ្ចប់នូវជីវិតរបស់ខ្លួនទៅវិញ… រាល់ពេលដែលធ្លាក់ទឹកចិត្តម្តងៗ សូមគ្រប់គ្រងខ្លួនឯងឲ្យបាន មិនថាពិបាកប៉ុណ្ណានោះទេ…ត្រូវចាំថា…ជីវិតមួយនេះ យើងម្នាក់ៗជាអ្នកគ្រប់គ្រង ជាអ្នកដឹកនាំ…សូមផ្តល់តម្លៃដលល់ការរស់នៅ បើទោះជាមានរឿងអ្វីត្រូវប្រឈមក៏ដោយ…សូមគិតថា មានឱកាសប្រឈមនឹងបញ្ហា ប្រសើរជាមិនមានសូម្បីតែឱកាស… រឹងមាំឡើងណា៎!!! ក៏មានអត្ថបទណែនាំខ្លះៗពីអាយដុល…កុំភ្លេចអាន ដើម្បីផ្តល់កម្លាំងចិត្តបន្ថែមដល់ខ្លួនឯង តាមរយៈអត្ថបទ  បាក់ទឹកចិត្ត! សម្រាប់អ្នកចង់ស្វែងយល់អំពីទំនាក់ទំនងជំងឺធ្លាក់ទឹកចិត្ត និងការធ្វើអត្តឃាត ជាមួយនឹងអ្នកឯកទេសពិគ្រោះយោបល់ផ្លូវចិត្ត និងអ្នកចិត្តសាស្រ្ត អាចអានបានតាមរយៈអត្ថបទ នេះ ប្រភពអត្ថបទបណ្តាំ ៖ Sabay News

ក្តីស្រឡាញ់កើតចេញពីចិត្ត សុខភាពកើតចេញពីការថែទាំ ពេលវេលានៅក្បែរគ្នាបានយូរប៉ុណ្ណាអាស្រ័យទៅលើការឲ្យតម្លៃលើក្តីស្រឡាញ់ពិតប្រាកដគឺ ការផ្តល់ពេលវេលា ការយកចិត្តទុកដាក់ជាប្រចាំ និងការថែទាំសុខភាព។ ទទួលបានក្តីស្រឡាញ់បែបនេះ តើមនុស្សជាទីស្រលាញ់របស់អ្នករំភើបយ៉ាងណាទៅណ៎? តែ... ត្រូវធ្វើបែបណាទៅ? វិធីសាស្ត្រងាយៗក្នុងឱកាស Pink Day ខាងមុខនេះ អ្នកអាចជូនកាដូពិសេសមួយដល់មនុស្សជាទីស្រឡាញ់របស់អ្នក ដើម្បីបញ្ជាក់ប្រាប់ថា អ្នកពិតជាស្រឡាញ់ពួកគាត់ពិតប្រាកដ ហើយកាដូនេះនឹងជាអ្នករំលឹកអ្នក ឲ្យអ្នក បង្ហាញក្តីស្រឡាញ់ទៅពួកគាត់ជាប្រចាំ។ កាដូពិសេសនោះ អាចជាអ្វី? យើងខ្ញុំសូមណែនាំ នូវម៉ាស៊ីនវាស់ជាតិស្ករឃែរសេន (Caresens) ដែលអាចឲ្យលោកអ្នកវាស់ជាតិស្ករដោយខ្លួនឯងបាន។ ឧបករណ៍នេះ មិនមែនប្រើបានតែអ្នកដែលមានជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ តាយាយ ប៉ាម៉ាក់ចាស់ៗ ក៏គួរតែមានម៉ាស៊ីនប្រភេទនេះផងដែរ ដើម្បីធ្វើការតាមដានជាតិស្ករក្នុងឈាមរបស់ពួកគាត់ ហើយអាចការពារពីជំងឺទឹកនោមផ្អែមថែមទៀត។ ពេលដែលកាដូនេះទៅដល់ដៃពួកគាត់ អ្នកត្រូវឆ្លៀតពេលនៅក្បែរពួកគាត់ យកចិត្តទុកដាក់ពួកគាត់ និងថែទាំសុខភាពគាត់ជាប្រចាំ បើទោះបីជាពួកគាត់អាចប្រើម៉ាស៊ីននេះដោយខ្លួនឯងក៏ដោយ ព្រោះនេះទើបជាក្តីស្រឡាញ់ពិតប្រាកដ។ ក្រៅពីនេះ អ្នកតមអាហារដើម្បីសម្រកទម្ងន់ ក៏ត្រូវប្រុងប្រយ័ត្នលើកម្រិតជាតិស្ករក្នុងខ្លួនគាត់ដែរ ដើម្បីឲ្យការសម្រកទម្ងន់មានប្រសិទ្ធភាព និងសុវត្ថិភាព។ ក្នុងឱកាសថ្ងៃនៃក្តីស្រលាញ់នេះ ឧបករណ៍ម៉ាស៊ីនវាស់ជាតិស្ករម៉ាក CareSens ដែលជាម៉ាស៊ីនតេស្តជាតិស្ករលេខ១ មកពីប្រទេសកូរ៉េ បានរៀបចំនូវកម្មវិធីយកម៉ាស៊ីនចាស់ប្តូរម៉ាស៊ីនថ្មី ដោយលោកអ្នកគ្រាន់តែយកម៉ាស៊ីនវាស់ជាតិស្ករណាមួយក៏បាន មកប្តូរយកម៉ាស៊ីនវាស់ជាតិស្ករថ្មីម៉ាក CareSens មួយគ្រឿងដោយឥតគិតថ្លៃ។ កម្មវិធីប្តូរនេះ មាននៅតាមបណ្តាឱសថស្ថានដៃគូទូទាំងប្រទេសរបស់យើង ដូចជា៖ រាជធានីភ្នំពេញ មាននៅ ឱសថស្ថាន អរុណរស្មីថ្មី ឱសថស្ថាន សួនសុវណ្ណ ឱសថស្ថាន HELPY ឱសថស្ថាន វិសារ ឱសថស្ថាន NORM ឱសថស្ថាន ធីតាសុភ័ក្ត្រ ឱសថស្ថាន ដេវាល់ដា ឱសថស្ថាន ឌីនីកា ឱសថស្ថាន ពន្លឺបញ្ចពណ៌ ឱសថស្ថាន មេឌីធិច ឱសថស្ថាន សុភ័ក្ត្រមិត្តសែនសុខ ឱសថស្ថាន អង្គរឧត្តម ខេត្តកំពង់ចាម ឱសថស្ថាន នាគព័ន្ធ ឱសថស្ថាន អង្គរធំ ខេត្តសៀមរាប ឱសថស្ថាន ខ្មែរ អង្គរ ឱសថស្ថាន ព្រះវិហារ ឱសថស្ថាន ព្រះវិហារ ១ ឱសថស្ថាន ព្រះវិហារ ២ ខេត្តកំពត៖​ ឱសថស្ថាន រិទ្ធិយ៉ា កាន់តែអស្ចារ្យជាងនេះទៀត Caresens នឹងចាប់ឆ្នោតជូនរង្វាន់ចំនួន៥ ដែលមួយរង្វាន់ៗ គឺ ម៉ាស៊ីនតេស្តជាតិស្ករ Caresens មួយឈុត ដោយលោកអ្នកគ្រាន់តែ Like page Caresens Glucose Meter (https://www.facebook.com/caresensglucosemeter) Share Page Caresens Glucose Meter ហើយ Inbox លេខទូរស័ព្ទ និងទីតាំងរបស់លោកអ្នក នោះលោកអ្នកនឹងអាចមានឱកាសឈ្នះរង្វាន់ដោយការចាប់ឆ្នោត។ រង្វាន់នឹងប្រកាសនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុង Page Caresens Glucose Meter។ ស្រឡាញ់សុខភាពអ្នក តេស្តឃែរសេន(Caresens) ជាប្រចាំ ------------------------------------------------------- ប្រសិនបើអ្នកមានទាន់ដឹងពីរបៀបប្រើប្រាស់ អាចសាកសួរតាមឱសថស្ថាន ដែលអ្នកជាវ ឬអានពីការប្រើប្រាស់នៅទីនេះ https://healthtime.tips/km/library/article/2167។ ហើយសម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផេកហ្វេសប៊ុកផ្លូវការរបស់យើងខ្ញុំគឺ CareSens Glucose Meter ឬតាមតំណភ្ជាប់ https://www.facebook.com/caresensglucosemeter

អតិថិជន ឬអ្នកជំងឺទាំងអស់មានសិទ្ធិទទួលបានការរក្សាអាថ៌កំបាំងនូវរាល់ព័ត៌មានទាំងអស់ (ស្ថានភាព សុខភាព រោគវិនិច្ឆ័យ សភាពជំងឺ ការព្យាបាល និងព័ត៌មានផ្ទាល់ខ្លួនដទៃទៀត សូម្បីតែក្រោយពីគាត់ស្លាប់ក៏ដោយ។ ករណីសិក្សា៖ សុភា ជាគិលានុបដ្ឋាយិកានៅមណ្ឌលសុខភាព។ ថ្ងៃមួយមានអ្នកភូមិម្នាក់ឈ្មោះនារី បានមកមណ្ឌលសុខភាព ព្រោះនាងមានជំងឺទាក់ទងនឹងសុខភាពផ្លូវភេទ បន្ទាប់ពីបានពិនិត្យរួចរាល់ និងទទួលបានការណែនាំរួចមក នារីក៏បានជម្រាបលាអ្នកគ្រូពេទ្យសុភាទៅផ្ទះ ស្រាប់តែរំពេចនោះចិន្តាដែលជាអ្នកភូមិជាមួយនារីបានមកពិនិត្យសុខភាពនៅមណ្ឌលសុខភាពដែរ ហើយក៏បានលួចសួរអ្នកគ្រូពេទ្យសុភាអំពីអាការៈរោគរបស់នារី។ សុភា ដោយយល់ថា នារី និងចិន្តាជាអ្នកភូមិជាមួយគ្នា ក៏បានប្រាប់ពីអាការៈរោគរបស់នារី ទៅចិន្តា។ ការពិត នារីនិងចិន្តាបានឈ្លោះទាស់ទែងខ្វែងគំនិតគ្នាតាំងពីយូរមកហើយពួកគេរកឱកាសដើម្បីបង្ខូចកិត្តិយសគ្នាទៅវិញទៅមក។ បន្ទាប់ពីបានដឹងអំពីសភាពជំងឺរបស់នារី ចិន្តាបាននិយាយប្រាប់អ្នកភូមិពីម្នាក់ទៅម្នាក់ថានារី មានជំងឺស្វាយ ពីព្រោះនាងបានឆ្លងជំងឺនេះ និងជាមិនដាច់សោះដោយសារនាងធ្លាប់ធ្វើជានារីរកស៊ីផ្លូវភេទកាលពីនៅជាយុវតីដោយសារបញ្ហាគ្រួសាររបស់នាងក្រីក្រពេក។ សំណួរ៖ - តើនៅក្នុងរឿងនេះ នារីបានឆ្លើយតបវិញ (មានប្រតិកម្ម) យ៉ាងណាខ្លះ? តើនាងទទួលនូវការខូចចិត្តដែរឬទេ? - តើនារីមានអារម្មណ៍ចំពោះអ្នកគ្រូពេទ្យសុភាយ៉ាងណាដែរ? - បើអ្នកគ្រូសុភាបានដឹងរឿងរ៉ាវនេះកើតឡើង តើគាត់មានអារម្មណ៍យ៉ាងដូចម្តេច? - ក្នុងនាមជាគ្រូពេទ្យ តើយើងគួរធ្វើដូចជាអ្នកគ្រូពេទ្យសុភាដែរឬទេ? តើការអនុវត្តចំពោះសិទ្ធិក្នុងការរក្សាភាពអាថ៌កំបាំងមានអ្វីខ្លះ? • អ្នកគ្រប់គ្រងមូលដ្ឋានសុខាភិបាល និងអ្នកទទួលខុសត្រូវត្រូវធានាថារាល់ឯកសារ បញ្ជី និងទិន្នន័យរបស់អតិថិជនត្រូវរក្សាទុកឲ្យបានត្រឹមត្រូវ និងនៅកន្លែងមានសុវត្ថិភាព • មូលដ្ឋានសុខាភិបាលត្រូវមានទម្រង់បែបបទការងារច្បាស់លាស់សម្រាប់អនុញ្ញាតឲ្យបុគ្គលិកសុខាភិបាលក្នុងការចូលទៅប្រើប្រាស់នូវរាល់ឯកសារបញ្ជី និងទិន្នន័យរបស់អតិថិជន • រាល់ឯកសារ ឬបញ្ជីរបស់អតិថិជនអាចដកយកបានដោយបុគ្គលិកសុខាភិបាលដែលបានចាត់តាំងត្រឹមត្រូវ • អ្នកផ្តល់សេវាត្រូវប្រើប្រាស់បណ្តាញទំនាក់ទំនងដែលធានានូវការសម្ងាត់ និងដោយមានការយល់ព្រមពីអតិថិជន • អ្នកគ្រប់គ្រងសុខាភិបាល និងអ្នកទទួលខុសត្រូវត្រូវធានាថារាល់ព័ត៌មានសម្ងាត់ទាំងអស់អាចបង្ហាញឲ្យដឹង លុះត្រាតែអតិថិជនយល់ព្រម • ប្រសិនបើមានការស្នើសុំព័ត៌មាន សម្រាប់ការងារទាក់ទងនឹងច្បាប់ការស្នើសុំនោះត្រូវធ្វើតាមរយៈលិខិតផ្លូវការ • ព័ត៌មានសម្ងាត់ស្តីពីសុខភាពរបស់អតិថិជនអាចប្រើប្រាស់ ឬបង្ហាញឲ្យដឹង (ឈ្មោះ ទីកន្លែង) ដល់អង្គភាពរដ្ឋ ឬឯកជនដែលទទួលស្គាល់ដោយច្បាប់ ឬធម្មនុញ្ញ សម្រាប់តែវិធានការនានាក្នុងកិច្ចការទប់ស្កាត់ ភយន្តរាយ • អ្នកគ្រប់គ្រងសុខាភិបាល និងអ្នកទទួលខុសត្រូវ ត្រូវធានាថារាល់ទិន្នន័យសម្ងាត់ទាំងអស់របស់អតិថិជនត្រូវបានការពារ  និងរក្សាទុកបានត្រឹមត្រូវ • សារធាតុរបស់មនុស្សដូចជា ឈាម ជាលិកា និងសរីរាង្គដទៃទៀតដែលជាប្រភពនៃព័ត៌មានរបស់អតិថិជន ត្រូវកម្ទេចចោលឲ្យបានត្រឹមត្រូវ ឬរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាព • អ្នកផ្តល់សេវាត្រូវប្រាប់អតិថិជនឲ្យដឹងពីរបៀប និងពេលវេលាដែលអាចដកយករាល់ទិន្នន័យនៅពេលដែលត្រូវការ • អ្នកផ្តល់សេវាត្រូវដឹងពីគោលបំណងនៃការប្រើទិន្នន័យរបស់អតិថិជន។ តើការទទួលខុសត្រូវ ចំពោះសិទ្ធិក្នុងការរក្សាភាពអាថ៌កំបំាងមានអ្វីខ្លះ? • អតិថិជនទទួលខុសត្រូវក្នុងការរក្សាទុកព័ត៌មានសុខាភិបាលដែលបានប្រគល់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈអនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

មនុស្សគ្រប់រូបកើតមកមានសេរីភាព ភាពស្មើគ្នា និងមានសិទ្ធិក្នុងការទទួលសេវាថែទាំព្យាបាលដោយមិនមានការប្រកាន់អំពីពូជសាសន៍ សញ្ជាតិ ពណ៌សម្បុរ សាសនា ភាសា អាយុ ភេទ ស្ថានភាពគ្រួសារ ស្ថានភាពសេដ្ឋកិច្ចស្ថានភាពសង្គម និងនិន្នាការនយោបាយឡើយ។ ជាក់ស្តែង សិទ្ធិទីមួយរបស់អ្នកជំងឺ ឬអតិថិជនក្នុងចំណោមសិទ្ធិទាំង៧នោះគឺ សិទ្ធិស្មើភាព និងសិទ្ធិមិនរើសអើងគ្រប់បែបយ៉ាង ដែលការអនុវត្តជារួម មានដូចជា៖ • ការផ្តល់សេវាប្រកបដោយគុណភាពទៅតាមស្តង់ដាជាតិដែលបានកំណត់ដល់អតិថិជន  ឬអ្នកជំងឺទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិពណ៌សម្បុរ សាសនា ភាសា អាយុ ភេទ ស្ថានភាពគ្រួសារ ស្ថានភាពសេដ្ឋកិច្ចស្ថានភាពសង្គម និងនិន្នាការនយោបាយ។ • សិទ្ធិអ្នកជំងឺស្តីពីភាពស្មើគ្នា និងសិទ្ធិមិនរើសអើងមានចែងក្នុងក្រសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត    - អ្នកផ្តល់សេវាសុខភាពមានកាតព្វកិច្ចត្រូវគោរពសិទ្ធិនេះពេញមួយអាជីពរបស់ខ្លួន    - ក្រសួងសុខាភិបាល និងមន្រី្តទទួលបន្ទុកមូលដ្ឋានសុខាភិបាល ត្រូវធ្វើឲ្យអ្នកផ្តល់សេវាសុខភាពបានយល់ដឹងនិងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត។ • ស្របតាមគោលនយោបាយវិមជ្ឈការ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវតែមានតួនាទីក្នុងការពន្យល់ឲ្យបានច្បាស់លាស់អំពីសិទ្ធិអតិថិជនដល់៖    - ប្រជាជនក្រីក្រ    - ជនងាយរងគ្រោះ    - និងផ្តល់ការគាំទ្រនៅពេលណាដែលពួកគាត់ត្រូវការ។ • ការផ្សព្វផ្សាយព័ត៌មានបន្ថែមអាចធ្វើឡើងក្រោមរូបភាព៖    - ការទំនាក់ទំនងអន្តរបុគ្គល    - យុទ្ធនាការអប់រំ    - សម្ភារបោះពុម្ព (ចែកខិត្តប័ណ្ណ ឬផ្ទាំងរូបភាព)    - ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច (វិទ្យុ ទូរទស្សន៍ និងវិបសាយ)។ • អប់រំដល់គ្រូបង្រៀនអាចមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយសិទ្ធិអតិថិជនទៅដល់សិស្សានុសិស្ស។ តើការទទួលខុសត្រូវចំពោះសិទ្ធិស្មើភាព  និងសិទ្ធិមិនរើសអើងគ្រប់បែបយ៉ាងមានអ្វីខ្លះ? ការទទួលខុសត្រូវអ្នកជំងឺត្រូវតែសកម្មខ្លួនឯងក្នុងការស្វែងយល់អំពីសិទ្ធិរបស់ខ្លួន ដែលគាត់អាចរកជំនួយបានតាមរយ៖ • គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ឬមន្ទីរពេទ្យ • ក្រុមទ្រទ្រង់សុខភាពភូមិ • បុគ្គលិកសុខភាព និងក្រុមប្រឹក្សាឃុំ/សង្កាត់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ក្រៅពីរូបសម្បត្តិ សុភាពបុរសក៏អាចនឹងមានភាពទាក់ទាញជាមួយនឹងទេពកោសល្យ និងជំនាញផ្សេងៗរបស់ខ្លួន។ ជាក់ស្តែង ការចេះចម្អិនអាហារក៏ជាមន្តស្នេហ៍ទាក់ទាញមួយបែបផងដែររបស់បុរស....កាលពី៣០ឆ្នាំមុន មនុស្សប្រុសគិតថាការចម្អិនម្ហូបអាហារ គឺជាការងាររបស់ស្រ្តី។  តែបើក្រឡេកមកមើលបុរសសម័យថ្មីវិញ ៤៣%នៃពួកគេបានបែរមករកការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះ នេះបើយោងតាមទិន្នន័យរបស់កាសែតវ៉ាស៊ីនតោនផុស។ តើមូលហេតុអ្វីបានជាបុរសភាគច្រើនផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនបែបនេះ? ការផ្លាស់ប្តូររបស់ស្រ្តី កាលពីមុនមនុស្សស្រីជាស្រ្តីមេផ្ទះ ហើយបុរសជាអ្នកប្រកបរបរផ្គត់ផ្គង់គ្រួសារ ដូចនេះស្រ្តីមានតួនាទីតែមួយគត់ គឺធ្វើការងារផ្ទះ។ ប៉ុន្តែមកទល់នឹងពេលនេះមានការផ្លាស់ប្តូរដ៏ធំមួយដោយស្រ្តីក៏មានភាពមមាញឹកក្នុងការប្រកបរបរផ្គត់ផ្គង់គ្រួសារដូចនឹងបុរសដែរ។ ទាំងនេះហើយទើបធ្វើឲ្យបុរសងាកមករកការធ្វើការងារផ្ទះដូចជាការចម្អិនម្ហូបអាហារ គឺដើម្បីជួយសម្រួលការងារស្រ្តី។ កត្តាទាក់ទងនឹងបុរសខ្លួនឯង     •បង្កើនភាពស្និទ្ធស្នាល ការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះអាចចាត់ទុកថាជាការទុកពេលវេលាឲ្យខ្លួន ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារតាមរយៈរសជាតិចេញពីទឹកចិត្តផ្ទាល់។     •សន្សំថវិកា ជាការពិតសម្រាប់ការរស់នៅម្នាក់ឯង ការទិញអាហារចម្អិនស្រាប់ពិតជាងាយ និងពេលខ្លះមានតម្លៃថោក ក៏ប៉ុន្តែភាគច្រើនក៏អាចធ្វើឲ្យប្រឈមមុខនឹងជំងឺជាច្រើនផងដែរ ដែលនឹងធ្វើឲ្យខាតថវិកាកាន់តែច្រើនឡើង។ ដោយឡែកទទួលទានម្ហូបចម្អិនស្រាប់ ត្រូវចំណាយថវិកាច្រើនដើម្បីទទួលបានបរិមាណអាហារគ្រប់គ្រាន់ និងមានទាំងគុណភាព ព្រមទាំងសុវត្ថិភាព។     •សុខភាព ប្រហែលនឹងចំណុចខាងលើ បន្ទាប់ពីចំណាយពេលធ្វើការអស់រយៈពេលពេញមួយថ្ងៃ បុរសមួយចំនួនបានជ្រើសយកការត្រឡប់មកផ្ទះដើម្បីចម្អិនអាហារសម្រាប់សុខភាព ក៏ដូចជាដើម្បីបង្កើនថាមពលឡើងវិញ និងចៀសផុតពីជំងឺផ្សេងៗផងដែរ ដោយពួកគាត់អាចកំណត់នូវបរិមាណអាហារដែលផ្ដល់ថាមពលគ្រប់គ្រាន់សម្រាប់ខ្លួនបាន។     •បង្ហាញពីភាពរឹងមាំ និងឯករាជ្យ ផ្ទុយពីការគិតថាមានតែស្រ្តីប៉ុណ្ណោះដែលត្រូវធ្វើការងារទាំងនេះ និងអាចចម្អិនអាហារដ៏មានឱជារស បុរសមួយចំនួនព្យាយាមបង្ហាញថាខ្លួនក៏អាចបង្កើតនូវឱជារសនេះដោយខ្លួនឯងដោយមិនចាំបាច់ពឹងពាក់នារីបានដែរ។     •បង្កើនភាពច្នៃប្រឌិតរបស់ខ្លួន ការចម្អិនអាហារក៏មិនខុសពីការងារដទៃដែរ ការធ្វើដោយការពេញចិត្ត និងទៅតាមចំណង់ចំណូលចិត្តនឹងនាំមកនូវគំនិតច្នៃប្រឌិតប្លែកៗជាច្រើន។ ភ្ជាប់ជាមួយស្នាដៃច្នៃប្រឌិតរបស់ពួកគេ បុរសសម័យថ្មីជាច្រើនក៏ចាត់ទុកការចម្អិនអាហារជាសិល្បៈមួយបែបដែលធ្វើឲ្យជីវិតរបស់គេមានភាពស្រស់ស្រាយបន្ថយភាពតានតឹង និងធ្វើឲ្យសុខភាពផ្លូវកាយ និងចិត្តរឹងមាំ។ ការពង្រឹងនូវចំណេះដឹងផ្នែកអាហារ ស្របពេលជាមួយនឹងការរីកចម្រើនខាងបច្ចេកវិទ្យានៃប្រព័ន្ធទំនាក់ទំនងសង្គមដូចជា​ Facebook ឬ Instagram និងការលូតលាស់វប្បធម៌នៃការអានសៀវភៅ ឬទស្សនាវដ្តីបានបង្កើនភាពងាយស្រួលក្នុងការបង្ហាញអំពីការធ្វើអាហារដែលអាចជម្រុញទឹកចិត្តបុរសៗឲ្យមានចំណង់ក្នុងការចម្អិនម្ហូបអាហារដោយពួកគាត់អាចអនុវត្តតាមការណែនាំក្នុងការចម្អិនអាហារតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។ ហើយពួកគេក៏អាចចែករំលែកស្នាដៃរបស់គេ និងលើកទឹកចិត្តដល់បុរសដទៃទៀតឲ្យចូលរួមចម្អិនម្ហូបអាហារដូចពួកគេដែរ។ សរុបមក…បុរសៗដែលបានយកការចម្អិនអាហារជាចំណង់ចំណូលចិត្តមួយ គួរតែបន្តការចូលចិត្តនេះដោយមិនចាំបាច់ខ្វល់ពីមជ្ឈដ្ឋានមួយចំនួនឡើយ ព្រោះការពិតវាជាសកម្មភាពទាន់សម័យមួយទៅវិញទេ។  រីឯអ្នកដែលមិនទាន់ចាប់អារម្មណ៍នឹងការចម្អិន ក៏គួរសាកល្បងល៎មើលថា អ្នកអាចទទួលបានអត្ថប្រយោជន៍ណាមួយក្នុងចំណោមខាងលើនេះ…ព្រោះថា…វាប្រៀបបានជាមន្តស្នេហ៍ទាក់ទាញមួយទៀតសម្រាប់សុភាពបុរសគ្រប់គ្នាផងដែរ… ដូចដែលគេតែងនិយាយតគ្នាថា «មនុស្សម្នាក់ៗមានភាពទាក់ទាញ ពេលដែលបញ្ចេញស្នាដៃ និងទេពកោសល្យរបស់ខ្លួន»…កុំលាក់បាំាងអី!!!​​បើចេះធ្វើម្ហូបអី បញ្ចេញថ្វីដៃឲ្យគេដឹងផង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

បុរសមានមិនតិចនាក់នោះទេនៅលើផែនដីនេះ ប៉ុន្តែមិនមានច្រើននោះទេដែលមានគុណសម្បត្តិដូចនឹងអ្វីដែលមិត្តនារីភាគច្រើនរំពឹងចង់បាន...តើអ្នកដឹងទេថាតើមានអ្វីខ្លះ​ដែលជាមន្តស្នេហ៍ទាក់ចិត្តមិត្តនារី? តោះ! អានបន្តទៀត ដើម្បីសិក្សាពីលក្ខណៈសម្បត្តិ៥យ៉ាងដែលត្រូវបានចាត់ទុកថាជាចំណុចដែលស្រ្តីភាគច្រើនស្រលាញ់ពេញចិត្ត... •គេជាមនុស្សស្មោះត្រង់ និងស្មោះស្ម័គ្រ ៖ មាននារីជាច្រើនបានធ្លាប់បានជួបប្រទះនឹងបុរសដែលបានក្លែងបន្លំជាសុភាពបុរស ដែលជាមេរៀនមួយធ្វើឲ្យនាងពិបាកទទួលយក និងជឿទុកចិត្តបុរសដែលនាងជួបក្រោយៗមកទៀត។ ដូច្នេះហើយ ប្រសិនបើអ្នកធ្លាប់ជាមនុស្សប្រភេទនេះមែន ត្រូវឆាប់កែខ្លួន ហើយប្រាប់នាងដោយស្មោះថា អ្នកបានកែខ្លួនហើយ ហើយត្រូវចៀសវាងដាច់ខាតនូវការបង្កើតប្រវត្តិសាស្រ្តច្រំដែល ឬរំលឹកអំពីបទពិសោធន៍កន្លងមកជាមួយនឹងគូស្នេហ៍ចាស់។   •គេជាមនុស្សដែលកំប្លែង ៖ នារីជាច្រើនចូលចិត្តបុរសដែលចេះនិយាយលាយឡំជាមួយនឹងពាក្យពេចន៍លេបខាយ និងកំប្លែងដែលអាចផ្តល់នូវភាពរីករាយក៏ដូចជាស្នាមញញឹមដល់រូបគេស្ទើរតែគ្រប់ពេលវេលា។ ហេតុនេះហើយ កុំធ្វើខ្លួនជាមនុស្សសោះកក្រោះ ដែលមិនចេះមាត់អីសោះ តែក៏កុំធ្វើជាមនុស្សដែលនិយាយច្រើនហួសដែរ។ •គេជាមនុស្សមានមហិច្ឆតា ៖ បុរសដែលមានមន្តស្នេហ៍ទាក់ទាញខ្លាំង ជាបុរសដែលមានគោលដៅ មានមហិច្ឆតា និងផែនការនៃជីវិតច្បាស់លាស់។ វាប្រៀបបាននឹងទំនុកចិត្តមួយដែលអាចឲ្យនារីមើលឃើញថា អ្នកជាមនុស្សគួរឲ្យពឹងពាក់បាន និងមានកម្លាំងចិត្តក្នុងការដើរលើផ្លូវដែលខ្លួនបានកំណត់ទុក។ នារីមិនចូលចិត្តបុរសដែលមួយថ្ងៃៗគិតតែពីអង្គុយសំកុក មិនដឹងថាអនាគតទៅ ខ្លួនធ្វើអ្វីនោះឡើយ។ •គេមានអនាម័យខ្លួនប្រាណល្អ ៖ ថ្វីត្បិតថារូបសម្បតិ្តមិនមែនជាចំណុចសំខាន់ចំពោះបុរសក៏ដោយ តែក៏អ្នកមិនអាចបណ្តោយខ្លួនឲ្យសាមញ្ញពេកនោះដែរ។ មិនចាំបាច់ដល់ថ្នាក់រៀបចំខ្លួនឲ្យដូចតារាល្បីអីនោះទេ គ្រាន់តែមានអនាម័យល្អជាប្រចាំ ដោយការប្រើប្រាស់សាប៊ូដុសខ្លួនដែលមានក្លិនតិចៗ ឬប្រើទឹកអប់ដែលមានក្លិនក្រអូបប្រហើរគួរឲ្យទាក់ទាញ ស្លៀកសំលៀកបំពាក់ដែលមានរបៀប (មិនឡូយឆាយពេក មិនចាស់គំរឹលពេក) រៀបម៉ូតសក់ឲ្យមានសណ្តាប់ធ្នាប់ សម្អាតក្រចកដៃក្រចកជើងជាដើម។   •គេជាមនុស្សមើលទៅមានអំណាច និងចេះការពារ ៖ វាការជាការពិតដែលថានារីចូលចិត្តបង្ហាញភាពឯករាជ្យរបស់ខ្លួន ប៉ុន្តែពួកគេពិតជាចូលចិត្តបុរសដែលពោរពេញដោយអំណាច និងភាពជាម្ចាស់ការលើខ្លួនឯងដែលអាចធ្វើឲ្យគេអាចពឹងផ្អែកបាន។ ក្នុងកាលៈទេសៈដែលមានរឿងហេតុ ឬគ្រោះថ្នាក់អ្វីកើតឡើង ត្រូវចេះការពារនាង ធ្វើយ៉ាងណាបំបាត់នូវអារម្មណ៍តក់ស្លុត និងព្រួយបារម្ភពីក្នុងចិត្តរបស់នាងឲ្យបាន។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពេលចំណងស្នេហាផ្អែមល្ហែមជាពេលដ៏មានន័យបំផុតសម្រាប់អ្នកមានស្នេហា ប៉ុន្តែពេលដែលមានបញ្ហាឈ្លោះគ្នាវិញតើអ្នកមានអារម្មណ៍បែបណា?  សុភាពបុរសទាំងអស់ពិតជាប្រឈមមុខច្រើនក្នុងការរករឿងទាំងរឿងតូចរឿងធំពីសមណាក់មិត្តស្រីរបស់ខ្លួនហើយជួនកាលរឿងតូចក៏ក្លាយទៅជារឿងធំនៅពេលដែរអ្នកមើលរំលង និងខកខានការរកវិធីផ្សះផ្សា។មិត្តនារីតែងតែយកចិត្តទុកដាក់និងឲ្យតម្លៃលើរបស់តូចតាចដែលបង្ហាញពួកគេអំពីសារៈសំខាន់និងតម្លែរបស់គេចំពោះអ្នក។  តើអ្នកមិនដឹងគួរធ្វើយ៉ាងណាមែនទេ?​កុំបារម្ភ…..ហេលស៍ថាម នឹងជួយដោះស្រាយកង្វល់របស់អ្នកជាមួយនិងវិធីងាយៗ៨យ៉ាងខាងក្រោម។ ១ បន្តផ្ញើសារ៖ មនុស្សស្រីមិនចង់លើកទូរស័ព្ទឬឆ្លើយតបសារមកកាន់អ្នកឡើយនៅពេលដែលគេខឹងអ្នក ប៉ុន្តែគេនៅតែរងចាំមើលសាររបស់អ្នក។ ប្រសិនបើមិនមានទេ ​កំហឹងនឹងកាន់តែធ្ងន់ធ្ងរឡើងមិនខាន។ បើអ្នកជាអ្នកខុស អ្នកត្រូវតែជាអ្នកផ្ញើរសារដោយសរសេរពាក្យថា សុំទោស ដោយបន្ថែមនូវពាក្យរ៉ូមែនទិក ផ្អែមល្ហែមនិងបញ្ជោរនាងដើម្បីឲ្យនាងបានសប្បាយចិត្ត។ មិនត្រូវអង្គុយចាំសាររបស់នាងឡើយព្រោះនាងកំពុងរងចាំអ្នក….. ២ បង្ហាញខ្លួនជាមួយកាដូ៖ កាដូនិងភ្ញាក់ផ្អើលជាមិត្តល្អបំផុតរបស់នារីៗ អ្នកអាចទៅចាំមុខផ្ទះ មុខរបងសាលារៀន ឬកន្លែងធ្វើការរបស់នាងជាមួយនិងកាដូផ្សេងៗ(ជាបាច់ផ្កាតុក្កត្តា…..) និងកាត សុំទោសដែលបង្ហាញពីទឹកចិត្តរបស់អ្នកនោះនាងនិងទុបចិត្តមិនបានហើយនឹងអត់ទោសឲ្យអ្នកមិនខាន។  ៣ កាតសុំទោស៖ មនុស្សចូលចិត្តពេលមនុស្សជាទីស្រលាញ់របស់ខ្លួនចេះបង្ហាញពីទឹកចិត្តរបស់គេដោយស្មោះនិងប្រកបដោយភាពឆ្នៃប្រឌិត។ ប្រសិនបើអ្នកទាំង២ជាគូរស្វាមីភរិយាឬស្នាក់នៅជាមួយគ្នា អ្នកអាចដាក់កាតនោះនៅក្រោមខ្នើយ នៅលើអេក្រង់កុំព្យូទ័រអេក្រង់ទូរស័ព្ទឬទ្វារទូទឹកកកជាដើម។នាងប្រាកដជាយល់ថាអ្នកស្រលាញ់នាងជាមិនខាន។  ៤ ធ្វើកាយវិការប្លែកៗ៖ ប្រសិនបើគេងងក់មិនព្រមនិយាយរកអ្នកពេលនៅក្បែរគ្នានោះ ចូលព្យាយាមរកនិងរឿងប្លែកៗឬកំប្លែងស្ងួតមកនិយាយដើម្បីផ្លាស់ប្ដួរបរិយាកាស។  ៥ ចំណាយពេលខ្លះដើម្បីប៉ះប៉ូវ៖  អ្នកគួរបង្កើតគំរោងមួយដោយរួមបញ្ចូលការទទួលទានបានអាហារនៅកន្លែងដែលនាងចូលចិត្ត មើលកុន ការប្រគំុតន្រ្តី និងសកម្មភាពផ្សេងៗទៀតដោយផ្ដោតលើចំនូលចិត្តរបស់នាង។ ហើយផ្ដល់ឲ្យនាងនូវអាទិភាពខ្ពស់ជាងរឿងផ្សេងៗទៀត។  ៦ ​និយាយបញ្ជោរ៖  ការបញ្ជោរ ទការសរសើរជាអ្វីដែលមិត្តនារីចង់លឺជាងគេ។ ព្យាយាមលើសសរសើរអំពីគុណសម្បត្តិរបស់នាងមិនថារូបកាយឬកិច្ចការងារដែលនាងបានធ្វើហើយបន្ថែមនូវអារម្មណ៏អំណរគុណសម្បត្តិរបស់អ្នកចំពោះវត្តមានរបស់នាងក្នុងបេះដូងរបស់អ្នករួមជាមួយ​នឹងទឹកចិត្តដ៏ជ្រាលជ្រៅរបស់អ្នកផងដែរ។ ការនិយាយទាំងអស់នេះនឹងធ្វើឲ្យគេបែបជាអៀន ហើយភ្លេចពីរឿងងងក់ជាមិនខាន។  ៧ ធ្វើឲ្យនាងរំភើបខ្លាំង៖ ប្រសិនបើនាងពិតជាមនុស្សសំខាន់ក្នុងជីវិត្តរបស់អ្នក ហើយជម្លោះនោះមានលក្ខណៈធ្ងន់ធ្ងរនោះ អ្នកគួរតែធ្វើកិច្ចការខ្លះដែលផ្ដល់ឲ្យនាងនូវភាពភ្ញាក់ផ្អើល។ វាអាចជាការសុំនាងរៀបការពិធីជប់លៀងមួយសម្រាប់នាង កាដូផ្ទាល់ដៃ ដែលប្រើប្រាស់ពេលវេលានិងការតាំងចិត្តមុតមាំក្នុងការធ្វើ ឬដំណើរកម្សាន្តទៅកាន់កន្លែងណាមួយតែពីរនាក់ក៏អាចជួុយសម្រួលកំហឺងឬអាការៈអន់ចិត្តរបស់នាងដែរ។  ៨ ប្រើកែវភ្នែកបរិសុទ្ធ៖ ទឹកចិត្តខាងក្នុងរបស់អ្នកអាចនិងបង្ហាញបានតាមរយៈកែវភ្នែកដ៏បរិសុទ្ធរបស់អ្នក ហេតុនេះហើយប្រើកែវភ្នែកនោះសម្លឹងមើលទៅកាន់នាង នោះនាងនឹងញញឹម ឬសើចមិនខានហើយកែវភ្នែកបែបនោះពិតជាមានភាពទាក់ទាញមែនទែន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top