Menu

សិទិ្ធក្នុងការរក្សាភាពអាថ៌កំបាំង


សិទិ្ធក្នុងការរក្សាភាពអាថ៌កំបាំង

អតិថិជន ឬអ្នកជំងឺទាំងអស់មានសិទ្ធិទទួលបានការរក្សាអាថ៌កំបាំងនូវរាល់ព័ត៌មានទាំងអស់ (ស្ថានភាព សុខភាព រោគវិនិច្ឆ័យ សភាពជំងឺ ការព្យាបាល និងព័ត៌មានផ្ទាល់ខ្លួនដទៃទៀត សូម្បីតែក្រោយពីគាត់ស្លាប់ក៏ដោយ។

ករណីសិក្សា៖
សុភា ជាគិលានុបដ្ឋាយិកានៅមណ្ឌលសុខភាព។ ថ្ងៃមួយមានអ្នកភូមិម្នាក់ឈ្មោះនារី បានមកមណ្ឌលសុខភាព ព្រោះនាងមានជំងឺទាក់ទងនឹងសុខភាពផ្លូវភេទ បន្ទាប់ពីបានពិនិត្យរួចរាល់ និងទទួលបានការណែនាំរួចមក នារីក៏បានជម្រាបលាអ្នកគ្រូពេទ្យសុភាទៅផ្ទះ ស្រាប់តែរំពេចនោះចិន្តាដែលជាអ្នកភូមិជាមួយនារីបានមកពិនិត្យសុខភាពនៅមណ្ឌលសុខភាពដែរ ហើយក៏បានលួចសួរអ្នកគ្រូពេទ្យសុភាអំពីអាការៈរោគរបស់នារី។ សុភា ដោយយល់ថា នារី និងចិន្តាជាអ្នកភូមិជាមួយគ្នា ក៏បានប្រាប់ពីអាការៈរោគរបស់នារី ទៅចិន្តា។ ការពិត នារីនិងចិន្តាបានឈ្លោះទាស់ទែងខ្វែងគំនិតគ្នាតាំងពីយូរមកហើយពួកគេរកឱកាសដើម្បីបង្ខូចកិត្តិយសគ្នាទៅវិញទៅមក។ បន្ទាប់ពីបានដឹងអំពីសភាពជំងឺរបស់នារី ចិន្តាបាននិយាយប្រាប់អ្នកភូមិពីម្នាក់ទៅម្នាក់ថានារី មានជំងឺស្វាយ ពីព្រោះនាងបានឆ្លងជំងឺនេះ និងជាមិនដាច់សោះដោយសារនាងធ្លាប់ធ្វើជានារីរកស៊ីផ្លូវភេទកាលពីនៅជាយុវតីដោយសារបញ្ហាគ្រួសាររបស់នាងក្រីក្រពេក។

សំណួរ៖
- តើនៅក្នុងរឿងនេះ នារីបានឆ្លើយតបវិញ (មានប្រតិកម្ម) យ៉ាងណាខ្លះ? តើនាងទទួលនូវការខូចចិត្តដែរឬទេ?
- តើនារីមានអារម្មណ៍ចំពោះអ្នកគ្រូពេទ្យសុភាយ៉ាងណាដែរ?
- បើអ្នកគ្រូសុភាបានដឹងរឿងរ៉ាវនេះកើតឡើង តើគាត់មានអារម្មណ៍យ៉ាងដូចម្តេច?
- ក្នុងនាមជាគ្រូពេទ្យ តើយើងគួរធ្វើដូចជាអ្នកគ្រូពេទ្យសុភាដែរឬទេ?

តើការអនុវត្តចំពោះសិទ្ធិក្នុងការរក្សាភាពអាថ៌កំបាំងមានអ្វីខ្លះ?
• អ្នកគ្រប់គ្រងមូលដ្ឋានសុខាភិបាល និងអ្នកទទួលខុសត្រូវត្រូវធានាថារាល់ឯកសារ បញ្ជី និងទិន្នន័យរបស់អតិថិជនត្រូវរក្សាទុកឲ្យបានត្រឹមត្រូវ និងនៅកន្លែងមានសុវត្ថិភាព
• មូលដ្ឋានសុខាភិបាលត្រូវមានទម្រង់បែបបទការងារច្បាស់លាស់សម្រាប់អនុញ្ញាតឲ្យបុគ្គលិកសុខាភិបាលក្នុងការចូលទៅប្រើប្រាស់នូវរាល់ឯកសារបញ្ជី និងទិន្នន័យរបស់អតិថិជន
• រាល់ឯកសារ ឬបញ្ជីរបស់អតិថិជនអាចដកយកបានដោយបុគ្គលិកសុខាភិបាលដែលបានចាត់តាំងត្រឹមត្រូវ
• អ្នកផ្តល់សេវាត្រូវប្រើប្រាស់បណ្តាញទំនាក់ទំនងដែលធានានូវការសម្ងាត់ និងដោយមានការយល់ព្រមពីអតិថិជន
• អ្នកគ្រប់គ្រងសុខាភិបាល និងអ្នកទទួលខុសត្រូវត្រូវធានាថារាល់ព័ត៌មានសម្ងាត់ទាំងអស់អាចបង្ហាញឲ្យដឹង លុះត្រាតែអតិថិជនយល់ព្រម
• ប្រសិនបើមានការស្នើសុំព័ត៌មាន សម្រាប់ការងារទាក់ទងនឹងច្បាប់ការស្នើសុំនោះត្រូវធ្វើតាមរយៈលិខិតផ្លូវការ
• ព័ត៌មានសម្ងាត់ស្តីពីសុខភាពរបស់អតិថិជនអាចប្រើប្រាស់ ឬបង្ហាញឲ្យដឹង (ឈ្មោះ ទីកន្លែង) ដល់អង្គភាពរដ្ឋ ឬឯកជនដែលទទួលស្គាល់ដោយច្បាប់ ឬធម្មនុញ្ញ សម្រាប់តែវិធានការនានាក្នុងកិច្ចការទប់ស្កាត់ ភយន្តរាយ
• អ្នកគ្រប់គ្រងសុខាភិបាល និងអ្នកទទួលខុសត្រូវ ត្រូវធានាថារាល់ទិន្នន័យសម្ងាត់ទាំងអស់របស់អតិថិជនត្រូវបានការពារ  និងរក្សាទុកបានត្រឹមត្រូវ
• សារធាតុរបស់មនុស្សដូចជា ឈាម ជាលិកា និងសរីរាង្គដទៃទៀតដែលជាប្រភពនៃព័ត៌មានរបស់អតិថិជន ត្រូវកម្ទេចចោលឲ្យបានត្រឹមត្រូវ ឬរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាព
• អ្នកផ្តល់សេវាត្រូវប្រាប់អតិថិជនឲ្យដឹងពីរបៀប និងពេលវេលាដែលអាចដកយករាល់ទិន្នន័យនៅពេលដែលត្រូវការ
• អ្នកផ្តល់សេវាត្រូវដឹងពីគោលបំណងនៃការប្រើទិន្នន័យរបស់អតិថិជន។

តើការទទួលខុសត្រូវ ចំពោះសិទ្ធិក្នុងការរក្សាភាពអាថ៌កំបំាងមានអ្វីខ្លះ?
• អតិថិជនទទួលខុសត្រូវក្នុងការរក្សាទុកព័ត៌មានសុខាភិបាលដែលបានប្រគល់។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈអនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង