Menu

សុវត្ថិភាពអាហារសម្រាប់កុមារ និងទារក


សុវត្ថិភាពអាហារសម្រាប់កុមារ និងទារក

ជំងឺបណ្តាលមកពីចំណីអាហារ ជាបញ្ហាសុខភាពធ្ងន់ធ្ងរមួយដែលងាយនឹងបង្កផលប៉ះពាល់ដល់សុខភាពកុមារក្រោមអាយុ 10 ឆ្នាំ ជាពិសេសចំពោះទារកទើបកើត។ ទារកទើបកើត និងកុមារតូចៗងាយរងគ្រោះដោយសារជំងឺនេះ ដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេមិនមានភាពខ្លាំងគ្រប់គ្រាន់ ដើម្បីប្រឆាំងនឹងការឆ្លងមេរោគដោយបាក់តេរីដែលមាននៅក្នុងអាហារ និងជាមូលហេតុដែលអ្នកម្តាយគ្រប់រូបគួរតែយកចិត្តទុកដាក់បន្ថែមទៀតនៅពេលរៀបចំអាហារសម្រាប់ពួកគេ។ ខាងក្រោមនេះ ជាគន្លឹះសំខាន់ៗក្នុងការការពារ និងរៀបចំចំណីអាហារឲ្យមានសុវត្ថិភាពសម្រាប់ពួកគេ។

១. អនាម័យចំណីអាហារ
ជំហានដំបូង នៃការការពារសុវត្ថិភាពចំណីអាហារសម្រាប់ពួកគេ គឺការលាងសម្អាតដៃរបស់អ្នកឲ្យបានត្រឹមត្រូវមុន និងក្រោយរៀបចំចំណីអាហារ។ ពពួកបាក់តេរីបានរាលដាលលើចំណីអាហាររបស់កុមារ និងទារកក្រោយពេលអ្នកបានប៉ះពាល់វត្ថុមិនស្អាតដូចជា សត្វចិញ្ចឹម (លាមក ទឹកនោម...) សាច់ឆៅជាដើម។ ការលាងសម្អាតដៃជួយកាត់បន្ថយកម្រិតរីករាលដាលនៃពពួកបាក់តេរី និងអាចជួយទប់ស្កាត់ជំងឺផ្សេងៗដែលបណ្តាលមកពីចំណីអាហារមិនស្អាត។

២. ការប្រើប្រាស់ និងរក្សាទុកចំណីអាហារ
ការពារសុខភាពកូនរបស់អ្នកដោយអនុវត្តចំណុចសំខាន់ដទៃទៀតក្នុងការរៀបចំ និងប្រើប្រាស់ចំណីអាហារ៖
•អនុវត្តតាមការណែនាំរបស់ផលិតផលមានដូចជា ការរៀបចំដបមុននឹងដាក់បំពេញម្សៅទឹកដោះគោ ឬទឹកដោះគោ ការផ្ទៀងផ្ទាត់មើលកាលបរិច្ឆេទប្រើប្រាស់ដែលមានបិទនៅផ្នែកណាមួយនៃផលិតផលជាដើម។
•សម្រាប់ផលិតផលថ្មី អ្នកគួរត្រួតពិនិត្យលើគម្របបិទការពាររបស់ផលិតផលនីមួយៗ។ សូមកុំប្រើប្រាស់ផលិតផលនោះ ប្រសិនបើមិនមានការបិទជិតល្អ មានការបាក់បែក ឬច្រោះនៅលើគំរបផលិតផល។
•ប្រើទឹកសាប៊ូជាមួយទឹកក្តៅ ដើម្បីលាងសម្អាតឧបករណ៍ធ្វើម្ហូបអាហារ និងប្រដាប់ប្រដាប្រើប្រាស់ (រួមបញ្ចូលទាំងគម្របដប) ដែលមានទំនាក់ទំនងជាមួយអាហាររបស់ទារក។ លាងជម្រះម្តងទៀតឲ្យបានល្អជាមួយទឹកក្តៅ បន្ទាប់ពីលាងសាប៊ូរួច។
•នៅពេលធ្វើដំណើរ អ្នកគួររក្សាដប និងអាហារផ្សេងទៀតនៅក្នុងកន្លែងត្រជាក់ហើយស្ងួត។ អ្នកមិនត្រូវប្រើប្រាស់ទឹកដោះគោដែលលាយហើយ និងអាហារដែលមិនបានរក្សាទុកក្នុងទូទឹកកក ឬនៅក្រៅមជ្ឈដ្ឋានក្តៅលើសពីពីរម៉ោងនោះឡើយ។ 

៣. ការរក្សាទុកទឹកដោះម្តាយ
ការរក្សាទុកទឹកដោះម្តាយ គឺសំខាន់ណាស់ក្នុងការថែរក្សាគុណភាពពិសេសរបស់ទឹកដោះម្តាយ។
•ប្រសិនបើទឹកដោះម្តាយត្រូវការប្រើប្រាស់ក្នុងរយៈពេល ៣ ទៅ ៥ថ្ងៃ អ្នកត្រូវរក្សាទុកវាក្នុងទូទឹកកក។ ទឹកដោះម្តាយនឹងកកបើអ្នកមិនបានប្រើប្រាស់វា ប៉ុន្តែវានៅមានគុណភាពជាអតិបរមាពី ៣ ទៅ៦ខែក្នុងទូទឹកកក។ ជាការចំណាំមួយ អ្នកក៏គួរសរសេរលើដបពីកាលបរិច្ឆេទថ្ងៃដាក់ និងថ្ងៃផុតកំណត់។
•អ្នកគួររក្សាទុកក្នុងផ្នែកខាងក្នុងនៃទូទឹកកក មិនមែននៅទ្វារនៃទូទឹកកកនោះទេ ពីព្រោះថាផ្នែកដែលក្តៅបំផុតនៃទូទឹកកកគឺទ្វារ។ ដូច្នេះ វាអាចធ្វើឲ្យទឹកដោះម្តាយបាត់បង់គុណភាពផងដែរ។ 

៤. ការសង្គ្រោះបន្ទាន់
ការបង្ការ ជាកត្តាសំខាន់ដែលរក្សាសុខភាពកូនរបស់អ្នកពីការចម្លងរោគ។ បើទោះជាយ៉ាងណា បញ្ហានេះនៅតែអាចកើតមានក្នុងជីវិតប្រចាំថ្ងៃ។ រោគសញ្ញាគួរឲ្យកត់សម្គាល់រួមមានដូចជា មានឈាមមកជាមួយការរាគ ក្តៅខ្លួនក្នុងរយៈពេលវែង ថយចុះចំណង់ការបរិភោគ ក្អួត ។ល។ ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាខាងលើ អ្នកគួរប្រញាប់នាំពួកគេទៅជួបពិនិត្យជាមួយវេជ្ជបណ្ឌិតឲ្យបានឆាប់រហ័ស ព្រោះថាមានតែវេជ្ជបណ្ឌិតទេ ទើបអាចធ្វើរោគវិនិច្ឆ័យរោគសញ្ញាជំងឺបានត្រឹមត្រូវ និងមានការព្យាបាលដែលល្អបំផុតសម្រាប់ពួកគេ។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង